គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តបេក្ខជនបីនាក់សម្រាប់ជំនួសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដែលបានលាលែង ដើម្បីជាការតវ៉ានឹងការរំលាយគណបក្សសង្គ្រោះជាតិ។
លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិបានបញ្ជាក់នៅក្នុងលិខិតមួយនៅថ្ងៃព្រហស្បតិ៍នេះថាបេក្ខជនទាំងបីនាក់មានលោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ីនប៉ិច លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា។
បេក្ខជនទាំងបីរូបត្រូវឆ្លងកាត់ការអនុម័តយល់ព្រមដោយសភាជាតិដោយសំឡេងភាគច្រើនដាច់ខាតសិនមុននឹងក្លាយជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ឌឹម សុវណ្ណារុំ មិនបានបញ្ជាក់អ្វីនៅឡើយទេ នៅពេលវីអូអេទាក់ទងដោយរង់ចាំការបោះឆ្នោតអនុម័តពីរដ្ឋសភាសិន។
អតីតអនុប្រធានមួយរូប និងសមាជិកពីររូប ដែលជាកូតាគណបក្សសង្គ្រោះជាតិបានសម្រេចលាលែង កាលពីសប្តាហ៍មុនដោយពួកគេមិនយល់ស្របនឹងការរំលាយគណបក្សសង្គ្រោះជាតិតាមអំណាចសាលក្រមតុលាការកំពូល និងយកអាសនៈតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំសង្កាត់ទៅបែងចែកឱ្យគណបក្សដទៃ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសមាជិកចំនួន៩រូបដែលកើតឡើងក្រោមការព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣។
លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានលាលែងបានប្រាប់VOAថា ការជ្រើសរើសនេះគឺជា ការរំលោភមាត្រា ៦នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកថា នៅពេលនោះគឺ មានគណបក្សចំនួនពីរហើយការជ្រើសរើសផ្អែកតាមរូបមន្ត ៤+៤+១ ដែលមានន័យថា បួននាក់មកពីគណបក្សកាន់អំណាចបួននាក់មកពីគណបក្សមិននៅក្នុងរដ្ឋាភិបាល និងមួយរូបមកពីអង្គការសង្គមស៊ីវិលហើយនៅពេលឥឡូវនេះមានគណបក្សបួននៅក្នុងសភា ដូច្នេះត្រូវតែធ្វើវិសោធនកម្មជាមុនសិន។
លោក រ៉ុង ឈុន បានបន្ថែមថា៖ «បើមិនធ្វើវិសោធនកម្មទេគឺ រំលោភហើយអាចហៅថា រំលោភបូក»។
យ៉ាងណាក៏ដោយមាត្រា ១១នៃច្បាប់នេះបានផ្តល់សិទ្ធិឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាជ្រើសរើសបេក្ខជនជំនួសក្នុងករណីដែលគណបក្សនយោបាយខកខានមិនដាក់បេក្ខជនតាមកាលកំណត់ចំនួន៥ថ្ងៃ។
លោក រ៉ុង ឈុន បញ្ជាក់បន្ថែមថា៖ «មាត្រា១១ផ្តល់សិទ្ធិមែនតែមិនអាចរំលោភមាត្រា៦ទេ»៕