ប្រជាពលរដ្ឋជិត៣០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ ស្នើសុំជាថ្មីឱ្យអភិបាលខេត្តកណ្តាលធ្វើអន្តរាគមន៍ឱ្យកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។
ប្រជាពលរដ្ឋជិត៣០០នាក់នោះ តំណាងឱ្យប្រជាពលរដ្ឋ៥៣៨គ្រួសារ រស់នៅតំបន់៩៤ ស្ថិតក្នុងភូមិអំពៅព្រៃ ភូមិស្វាយព្រៃ និងភូមិជ្រៃយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អ្នកស្រី អួង ស៊ីម ពលរដ្ឋរស់នៅភូមិអំពៅព្រៃ អះអាងប្រាប់អ្នកសារព័ត៌មាននៅខាងមុខសាលាខេត្តកណ្តាលនៅថ្ងៃទី២៤ ខែមេសានេះថា អ្នកស្រីបានរស់នៅលើដីទំហំ១០ម៉ែត្រ គុណនឹង២០ម៉ែត្រ ដែលស្ថិតក្នុងគម្រោងព្រលានយន្តហោះថ្មីនោះជាង២០ឆ្នាំមកហើយ។ អ្នកស្រីថា អ្នកស្រី និងពលរដ្ឋទាំងជាង៥០០គ្រួសារ ស្នើសុំអភិបាលខេត្តកណ្តាលដោះស្រាយឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង ផ្តល់បណ្ណកម្មសិទ្ធិ និងកាត់ដីរបស់ពួកគាត់ចេញពីគម្រោងព្រលានយន្តហោះថ្មី។
អ្នកស្រីប្រាប់វីអូអេថា៖ «គាត់ [ប្រជាពលរដ្ឋ] រស់នៅអត់មានប្លង់កម្មសិទ្ធិអីទេ ក៏ប៉ុន្តែគាត់រស់នៅមានសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ បញ្ជីជាតិ ប័ណ្ណបោះឆ្នោត គាត់មានឯកសារហ្នឹងសម្គាល់ថាគាត់រស់នៅស្របច្បាប់។ អ៊ីចឹងការរស់នៅស្របច្បាប់នេះ ខ្ញុំគឺចង់មកសុំទាមទារគាត់ [អភិបាលខេត្តកណ្តាល] ដើម្បីដូចថាពួកខ្ញុំរស់នៅស្របច្បាប់អ៊ីចឹង ដើម្បីឱ្យគាត់ផ្តល់ប័ណ្ណកម្មសិទ្ធិ ហើយកន្លែងណាដែលខ្ញុំទទួលយកបាន។ បើកន្លែងណាគាត់ឱ្យខ្ញុំមិនទទួលយកបាន គឺពួកខ្ញុំអត់ទៅទេ»។
អ្នកស្រីបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋមិនទទួលបានដំណោះស្រាយពីខាងខេត្តទេ នោះប្រជាពលរដ្ឋនឹងប្តឹងតវ៉ាបន្តទៅក្រសួងដែនដី និងខុទ្ធកាល័យនាយករដ្ឋមន្រ្តី។
ចំណែកលោក ស៊ុន សំបូរ ពលរដ្ឋដែលមានដីក្នុងភូមិអំពៅព្រៃដែរនោះ ប្រាប់ VOA ថា ពលរដ្ឋ ចង់ឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង មិនចង់បានសំណងនោះទេ ។
លោកថ្លែងថា៖ «ពួកខ្ញុំអត់ចង់មានជាការដោះដូរអីទេ ពួកខ្ញុំចង់រស់នៅផ្ទាល់ ដោយសារមានបងប្អូនប្រជាពលរដ្ឋគាត់រស់នៅតាំងពី២០-៣០ឆ្នាំមកហើយ ដល់អ៊ីចឹងកូនចៅគាត់រស់នៅទីហ្នឹង ហើយការរៀនសូត្រអីក៏ជិតសាលារៀន មន្ទីរពេទ្យ»។
ក្រុមហ៊ុន OCIC របស់លោក ពុង ខៀវសែ កំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលគេស្គាល់ឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» មានតម្លៃជាទឹកប្រាក់ប្រមាណ ១,៥០០ លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណជា២,៦០០ហិកតា ស្ថិតក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយការប្រមូលផ្តុំដោយមានកាន់បដារ និងលិខិតស្នើសុំនៅខាងមុខសាលាខេត្តកណ្តាលបានបន្តិច មន្រ្តីសាលាខេត្តបានហៅឱ្យប្រជាពលរដ្ឋទាំងជិត៣០០នាក់ ដែលមានទាំងកុមារតូចៗផង ចូលក្នុងសាលសាលាខេត្តដើម្បីប្រជុំ។ នៅមុនការចាប់ផ្តើមប្រជុំ មន្រ្តីសាលាខេត្តបានដេញអ្នកសារព័ត៌មានដែលកំពុងស្ថិតក្នុងសាលប្រជុំនោះចេញ ដោយប្រាប់ថា សាលាខេត្តមិនបានអញ្ជើញឱ្យចូលរួម។
ក្រោយបញ្ចប់កិច្ចប្រជុំជាមួយសាលាខេត្ត លោក ស៊ុន សំបូរ ពលរដ្ឋដែលបានចូលរួមក្នុងកិច្ចប្រជុំនោះលើកឡើងថា អភិបាលរងខេត្តពីរូប គឺលោក នូវ ប៉េងច័ន្ទតារា និងលោក ណុប ដារ៉ា ប្រាប់ថា លោក គង់ សោភ័ណ្ឌ ដែលជាអភិបាលខេត្ត កំពុងមានបេសកកម្មនៅក្រៅប្រទេស។ លោក ស៊ុន សំបូរ ថា អភិបាលរងខេត្តទាំងពីរបានទទួលយកលិខិតដែលជាសំណើរបស់ពលរដ្ឋ និងប្រាប់ឱ្យទៅសាលាខេត្តម្តងទៀតនៅសប្តាហ៍ក្រោយ។
កាលពីចុងខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋបានដាក់លិខិតសុំអន្តរាគមន៍ទៅសាលាខេត្តកណ្តាលម្តងរួចមកហើយ ដោយក្រុមប្រជាពលរដ្ឋអះអាងថា មន្រ្តីសាលាខេត្តបានទទួលយកលិខិត តែមិនមានដំណោះស្រាយណាមួយឡើយ។
អភិបាលរងខេត្តកណ្តាល លោក ណុប ដារ៉ា ប្រាប់ VOA ថា នៅរសៀលថ្ងៃនេះ លោកបានប្រាប់ឱ្យប្រជាពលរដ្ឋត្រឡប់ទៅវិញ និងរង់ចាំការជូនដំណឹងពីការជួបប្រជុំពេលក្រោយ ដោយសារមិនមានវត្តមានរបស់អភិបាលខេត្ត។
លោកថ្លែងថា៖ «ដោយសារឯកឧត្តមអភិបាលខេត្តលោកអត់ទំនេរ លោកជាប់រវល់បេសកកម្មនៅខាងក្រៅ អ៊ីចឹងលោកអត់ទាន់បានទទួលព័ត៌មាន ហើយអ៊ីចឹងក៏ខ្ញុំបានជម្រាបប្រជាពលរដ្ឋគាត់អញ្ជើញត្រឡប់ទៅវិញ ចាំឯកឧត្តមអភិបាលខេត្តលោកអញ្ជើញមកដល់វិញ ខ្ញុំនឹងរាយការណ៍ជូនលោក»។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ធ្លាប់ប្រាប់វីអូអេកាលពីខែមករា ឆ្នាំ២០២៣ថា សំណង់នៅទំនប់៩៤ គឺជាសំណង់អនាធិបតេយ្យ ដែលពលរដ្ឋរស់នៅមិនមានរបៀបរៀបរយធ្វើ ឱ្យប៉ះពាល់ដល់ផ្លូវទឹក ឬស្ទះផ្លូវទឹក។ លោកបន្ថែមនាពេលនោះថា លោកកំពុងរកវិធីសាស្ត្រដោះស្រាយតាមរយៈការលើកទឹកចិត្ត តែមិនមែនជាសំណងដោះដូរដី ហើយមិនមានការកំណត់លក្ខខណ្ឌអ្វីនោះទេ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត លើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅទំនប់៩៤ ថ្វីត្បិតតែមិនមានប័ណ្ណកម្មសិទ្ធិ ប៉ុន្តែពួកគេរស់នៅអាស្រ័យផល ដែលលោកថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ក្នុងករណីនេះ។
លោកថ្លែងថា៖ «ពួកគាត់ដែលរស់នៅក្នុងតំបន់ហ្នឹងជាដីដែលគាត់បង្កបង្កើនផល គាត់រស់នៅជាដីភោគៈ គាត់អត់មានប័ណ្ណមានអីទេ ហើយអាជ្ញាធរលោករឹតត្បិតពួកគាត់ហ្នឹងនៅពេលដែលអត់មានប័ណ្ណអត់មានអី គាត់ថាអាហ្នឹងជាដីមិនស្របច្បាប់។ តែតាមពិតដីពួកគាត់ជាដីភោគៈអាស្រ័យផល។ អាហ្នឹងដូចប្តីប្រពន្ធ មិនទាន់មានអេតាស៊ីវិល មិនទាន់មានកូនចៅ ក៏គេចាត់ទុកថាជាប្តីប្រពន្ធរបស់គាត់ដែរ»។
លោកបន្តថា ក្នុងករណីរបស់ពលរដ្ឋនៅទំនប់៩៤ដែលប៉ះពាល់ពីគម្រោងព្រលានយន្តហោះថ្មីនេះ ហាក់មិនឃើញអាជ្ញាធរមានឆន្ទៈក្នុងការដោះស្រាយនោះទេ។
ចាប់តាំងពីក្រុមហ៊ុន OCIC ប្រកាសសាងសង់ព្រលានយន្តហោះថ្មីកាលពីឆ្នាំ២០១៨មក
វិវាទដីធ្លីជាមួយពលរដ្ឋជាច្រើនឃុំក្នុងតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនោះក៏កើតមានដោយសារការផ្តល់សំណងដែលពលរដ្ឋអះអាងថា មិនសមនឹងតម្លៃទីផ្សារ៕