ពលរដ្ឋរស់នៅទំនប់៩៤ជិតព្រលានយន្តហោះថ្មីក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងអំពីការបណ្តេញចេញពីលំនៅដ្ឋាន ដោយលើកឡើងថាសន្តិសុខរបស់ក្រុមហ៊ុនតែងតែមកដើរល្បាតទាំងយប់ទាំងថ្ងៃ។
ពលរដ្ឋឲ្យដឹងថាសន្តិសុខបានឲ្យពួកគេរុះរើផ្ទះចេញ បើទោះបីជាអាជ្ញាធរខេត្តបានធានាជាមួយប្រជាពលរដ្ឋថា មិនមានអ្នកណាហ៊ានបង្ខំពលរដ្ឋឲ្យចេញពីតំបន់នោះក្តី។ ពលរដ្ឋទាំងនោះបានស្នើយ៉ាងទទូចទៅអភិបាលខេត្ត ឲ្យបើកវេទិកាសាធារណៈមួយ ដើម្បីបញ្ជាក់អំពីគម្រោងព្រលានយន្តហោះថ្មីនេះ។
អ្នកស្រី ជាង សុភាព អាយុ៦០ឆ្នាំ ប្រាប់វីអូអេថាអ្នកស្រីព្រួយចិត្តយ៉ាងខ្លាំង នៅពេលដែលសន្តិសុខរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មី OCIC របស់លោកឧកញ៉ា ពុង ឃាវសែ បានចុះមកភូមិរបស់អ្នកស្រី ដើរបាញ់ថ្នាំពណ៌ បង់លេខតាមខ្នងផ្ទះប្រជាពលរដ្ឋ និងឲ្យពលរដ្ឋខ្លះរុះរើលំនៅដ្ឋាន បើទោះបីជាពលរដ្ឋបានទៅជួបអភិបាលរងខេត្តកណ្តាលកាលពីសប្តាហ៍មុន។ ពេលនោះ អភិបាលរងខេត្តកណ្តាលម្នាក់ដែលជួបជាមួយប្រជាពលរដ្ឋដែលជាអ្នកតវ៉ា បានប្រាប់ពួកគាត់ថា មិនមានអ្នកណាហ៊ានបណ្តេញពលរដ្ឋឡើយ។
អ្នកស្រី សុភាព បញ្ជាក់ថា កាលពីថ្ងៃ២ ខែមករា ឆ្នាំ២០២៣ សន្តិសុខរបស់ក្រុមហ៊ុន OCIC ប្រមាណ៣០នាក់ បានចុះមកភូមិរបស់អ្នកស្រី ដោយប្រាប់ពលរដ្ឋម្នាក់ឲ្យរុះរើផ្ទះ ដែលប្រក់ពីស័ង្កសី។ អ្នកស្រីបន្តថា សន្តិសុខក្រុមហ៊ុននេះបានដើរល្បាតភូមិអ្នកស្រី ជារៀងរាល់ថ្ងៃមិនថាយប់ មិនថាថ្ងៃ ដែលធ្វើឲ្យពលរដ្ឋពិបាកចេញទៅធ្វើការ ឬរកស៊ី ព្រោះខ្លាចសន្តិសុខព្រលានយន្តហោះ រុះរើផ្ទះចោល។ អ្នកស្រីបន្ថែមថា មិនទាន់មានដំណោះស្រាយសម្រាប់ដីស្រែចម្ការដែលធ្លាប់អាស្រ័យផល ផងឥឡូវមកមានបញ្ហាដីលំនៅដ្ឋានដែលកំពុងរស់នៅបច្ចុប្បន្នទៀត។
អ្នកស្រីថ្លែងថា៖ «សូម្បីដី៤០០ហិកតាជាង មិនទាន់ដោះស្រាយឲ្យពួកខ្ញុំផង ហើយឥឡូវមកវិវាទដីធ្លី ពួកខ្ញុំកំពុងនៅលើទំនប់ ដែលប្រឡាយពួកខ្ញុំជីករែកមកតាស។ ខ្ញុំមិនមែនរស់នៅលើទឹកដីអ្នកណា មួយឯណា...។ ហើយទីពីរ ចង់សួរថា ពួកគាត់ជាអ្នកណា ដែលគាត់ដាក់ឈ្មោះថា ព្រលាន អ៊ីចឹង?ចុះខ្ញុំជាអ្នកណានៅទីនេះ? ចង់សួរថា ឧទាហរណ៍ថាឪពុកម្តាយ ខ្ញុំមានហើយ តើ! ហើយចាំបាច់យកព្រលានធ្វើម៉ែឪរបស់ខ្ញុំធ្វើអីទៀត?អ៊ីចឹងលោកព្រលានចង់ធ្វើម៉ែ ធ្វើឪខ្ញុំ តើលោកជាអ្នកណា?»
អ្នកស្រីបន្ថែមថា៖ «បើលោកមកឃោរឃៅ អ៊ីចឹង ប្រជាជនកាន់តែភ័យខ្លាច រួញខ្លួនដូចអណ្តើកអ៊ីចឹង រាល់ថ្ងៃ។ ហើយពួកគាត់[សន្តិសុខព្រលានយន្តហោះ]ដូចមៀម ដូចទីទុយ យប់ក៏ដើរ ថ្ងៃក៏ដើរល្បាត។ [បើ]សង្គ្រាម [គឺ] សង្គ្រាម ឯណា ហើយ? ខ្ញុំចង់សួរប៉ុណ្ណឹង ថាគាត់ជាអ្នកណា?»
អ្នកស្រីស្នើឲ្យអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បើកវេទិកាសាធារណៈឲ្យបានលឿន ក្នុងការពន្យល់អំពីគម្រោងព្រលានយន្តហោះថ្មីដើម្បីឲ្យពលរដ្ឋបានស្ងប់ចិត្ត។ អ្នកស្រីបញ្ជាក់ថាប្រសិនបើរដ្ឋត្រូវការដីនៅតំបន់៩៤នេះ គួរតែមានការដោះដូរដីសមរម្យដល់ប្រជាពលរដ្ឋ។
អ្នកស្រីថ្លែងថា៖ «ស្នើអភិបាលខេត្ត សូមអភិបាលខេត្តឲ្យយោបល់មកពួកខ្ញុំ ឲ្យដំណឹងមកពួកខ្ញុំដែលមកនៅទីនេះបានសេចក្តីសុខផង ព្រោះខ្ញុំនៅតាំងពីអាយុ៣២ឆ្នាំ។ ឥឡូវខ្ញុំដល់ខ្ញុំ៦០ឆ្នាំគត់...និយាយរួមពីឆ្នាំ១៩៩១...។ ហើយខ្ញុំនៅទីនេះមុន ដំបូងមានតែ៩០គ្រួសារទេ អត់ច្រើនទេ ។ ប៉ុន្តែដល់ពេលយូរទៅៗ ប្រជាជននៅខាងក្រៅ គាត់លក់ណាណីអ៊ីចឹងមក គាត់មកទិញដីហ្នឹងគ្រាន់ធ្វើផ្ទះ ធ្វើអីអ៊ីចឹង។ ចុះហេតុអី? មូលហេតុអី? បានជាគាត់មិនចង់ឲ្យប្រជាជនយើងហ្នឹងសាងសង់ផ្ទះតូចតាចហ្នឹងគ្រាន់នៅ ព្រោះគ្នា ទម្រាំសន្សំលុយហ្នឹងបានមក បែកពីម្តាងឪពុកអីមក ដល់ពេលរួចមករស់នៅកន្លែងហ្នឹងដើម្បីស្វែងរកកន្លែងសុខខ្លួនឯង គ្រាន់តែឲ្យគាត់សុខផងមិនបានហ្ហេ?បើសន្តិភាព ហើយហ្នឹង»។
ចំណែកអ្នកស្រី រ៉េត ពៅ អាយុ៤៨ឆ្នាំ ដែលរស់នៅក្នុងភូមិជាមួយអ្នកស្រី ជាង សុភាព ដែរនោះ ក៏ព្រួយបារម្ភដូចគ្នាផងដែរ។ អ្នកស្រីចង់ឲ្យអភិបាលខេត្តបើកវេទិកាសាធារណៈ ពន្យល់ប្រជាពលរដ្ឋឲ្យបានច្បាស់ ថា ពលរដ្ឋអាចរស់នៅទំនប់៩៤នេះបាន ឬចង់ដោះដូរលំនៅដ្ឋានពលរដ្ឋទៅកន្លែងណាផ្សេង?
អ្នកស្រីថ្លែងថា៖ «ចង់ឲ្យចៅហ្វាយខេត្ត បើកវេទិកា[សាធារណៈ]ឲ្យឆាប់ៗ ចង់ដឹងថាដោះដូរអ្វី [ឬ]ធ្វើអីក៏ដោយ ចង់ថា ព្រមពៀងថាឲ្យសមរម្យ...ធ្វើម៉េចដោះដូរជាដីធ្លីឲ្យសមរម្យ[ដល់]ប្រជាពលរដ្ឋមក។ បើកវេទិកាឲ្យឆាប់ៗ»។
ប្រជាពលរដ្ឋផ្សេងទៀត ដែលរស់នៅទំនប់៩៤ ហើយដែលបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានរបស់វីអូអេ ក៏បានលើកឡើងស្រដៀងគ្នានេះ ដោយចង់ឲ្យមានការបើកវេទិកាឲ្យបានឆាប់ពន្យល់អំពីគម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ។ ពលរដ្ឋទាំងនោះ ចង់ឲ្យអាជ្ញាធរផ្តល់ប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ពួកគេផងដែរ។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋរស់នៅទំនប់៩៤ប្រមាណ២០០នាក់ ដែលរស់នៅក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រមូលផ្តុំគ្នានៅខាងមុខសាលាខេត្តកណ្តាល ដោយទាមទារឲ្យអភិបាលខេត្តកណ្តាលបញ្ជាក់ឲ្យបានច្បាស់ទាក់ទងការបាញ់ថ្នាំពណ៌បង់លេខរៀង នៅតាមខ្នងផ្ទះរបស់ពួកគេ ដែលជាហេតុធ្វើឲ្យពួកគេព្រួយបារម្ភអំពីការបណ្តេញចេញពីលំនៅដ្ឋាន នៅថ្ងៃណាមួយ។
ពួកគេមានការព្រួយបារម្ភ ដោយហេតុថាប្រជាពលរដ្ឋរស់នៅភូមិតាឡុង ដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មី OCIC របស់លោកឧកញ៉ា ពុង ឃាវសែ ក្នុងស្រុកកណ្តាលស្ទឹង រងការបណ្តេញចេញរួចទៅហើយ។ ប្រជាពលរដ្ឋអះអាងថា អភិបាលរងខេត្តកណ្តាលដែលបានជួបប្រជុំជាមួយប្រជាពលរដ្ឋបានយល់ព្រមតាមសំណើរបស់ប្រជាពលរដ្ឋ ដោយថា នឹងរៀបចំវេទិកាសាធារណៈនៅក្នុងខែមករា ឆ្នាំ ២០២៣ នេះ ប៉ុន្តែមិនទាន់អាចកំណត់ពេលវេលាបាននៅឡើយទេ។
វីអូអេបានព្យាយាមសុំការបញ្ជាក់តាមទូរស័ព្ទពីលោក ពុង ឃាវសែ ដែលជាម្ចាស់ក្រុមហ៊ុន OCIC ប៉ុន្តែមិនទាន់ទាក់ទងបានទេនៅថ្ងៃអង្គារនេះ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា រដ្ឋបាលខេត្តនឹងហៅពលរដ្ឋមកជួបជុំនៅសាលាខេត្តជំនួសវិញ ប៉ុន្តែមិនទាន់អាចបញ្ជាក់ពេលវេលាឡើយ។
លោក បញ្ជាក់ថា សំណង់នៅទំនប់៩៤ ជាសំណង់អនាធិបតេយ្យ ហើយពលរដ្ឋរស់នៅមិនមានរបៀបរៀបរយ ដែលលោកថា វាប៉ះពាល់ដល់ផ្លូវទឹក ឬស្ទះផ្លូវទឹក ដែលលោកកំពុងរកវិធីសាស្ត្រដោះស្រាយតាមរយៈការលើកទឹកចិត្ត ដោយមិនមែនជាសំណងដោះដូរដី ហើយមិនមានការកំណត់លក្ខខណ្ឌអ្វីនោះទេ។
លោកថ្លែងថា៖ «ការដោះដូរមានលក្ខខណ្ឌអីបង? សំណង់អានាធិបតេយ្យទៅមានលក្ខខណ្ឌម៉េច? អានេះ សុទ្ធតែរកវិធីសមរម្យសម្រួលទឹកចិត្ត... ទៅធ្វើវេទិកាខុសច្បាប់ ស្រែកតែមួយម៉ាត់ខុសបាត់ហើយ យល់ទេអ៊ីចឹង? អ៊ីចឹងបានគេអត់ធ្វើវេទិកាសាធារណៈទេ។ គេធ្វើការងារពិភាក្សាគ្នា ដំណោះស្រាយ។ អាជ្ញាធរខិតខំដោះស្រាយ ក្នុងនាមអាជ្ញាធរជាម៉ែជាឪ កុំឲ្យបងប្អូនយើងមានបញ្ហាលំបាក។ អ៊ីចឹងកន្លែងនៅសិន នៅបណ្តោះអាសន្ន ហើយគេខិតខំទំនាក់ទំនងដោះស្រាយទៀត។ បើធ្វើវេទិកាសាធារណៈដាច់មួយម៉ាត់ហ្នឹងហើយ។ តែខុសច្បាប់ យើងធ្វើម៉េចឲ្យត្រូវច្បាប់បាន»។
ភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល គឺនៅជាប់គ្នា និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីព្រលានយន្តហោះថ្មី OCIC។ ប្រជាពលរដ្ឋទាំងពីរភូមិ មានប្រមាណ៥០០គ្រួសារ ដែលបានរស់នៅទីនោះ ដោយផ្ទះខ្លះសាងសង់ពីស័ង្កសី ខ្លះធ្វើពីឈើជាដើម។ ហើយពលរដ្ឋនៅតំបន់នេះប្រកបមុខរបរបេះត្រកួន នេសាទត្រី និងលក់ដូរនៅតាមផ្ទះ។ ពលរដ្ឋខ្លះអះអាងថា ពួកគេបានរស់នៅទីនោះយូរមកហើយចន្លោះពី ២០ ឆ្នាំទៅ៣០ ឆ្នាំ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត កត់សម្គាល់ថា ពលរដ្ឋខ្លះ ដែលរស់នៅស្រុកកណ្តាលស្ទឹង ដែលមានវិវាទជាមួយក្រុមហ៊ុន ហើយមានប្លង់កាន់កាប់ស្របច្បាប់ ក៏នៅតែមិនអាចទទួលបានសំណងសមរម្យ។ ដូច្នេះលោកថា រដ្ឋាភិបាលត្រូវតែគិតគូរអំពីសិទ្ធិរស់រានរបស់ប្រជាពលរដ្ឋ ឲ្យស្របទៅនឹងច្បាប់ដែលមានចែង។
លោកថ្លែងថា៖ «ក្នុងច្បាប់ភូមិបាល និងច្បាប់អស្សាមិករណ៍ ទាំងរដ្ឋធម្មនុញ្ញ គឺបានចែងច្បាស់អំពីសិទ្ធិមានដីធ្លី និងលំនៅដ្ឋាន។ អ៊ីចឹងក្នុងករណីណាមួយដែល រដ្ឋត្រូវការអីៗ គឺត្រូវមានការដោះដូរ ឬមួយត្រូវមានសំណងដើម្បីឲ្យប្រជាពលរដ្ឋប្រកបមុខរបរក្នុងនាមជាមនុស្សក្នុងនាមជាពលរដ្ឋខ្មែរដូចគេដូចឯង មិនមែនបានន័យថា ចោទថាពួកគាត់រស់នៅដោយខុសច្បាប់ហើយ ស្រាប់តែបណ្តេញពួកគាត់ចេញ យកទៅចោលនៅកន្លែងណា ទីតាំងកន្លែងណាផ្សេងទៀត។ សួរថា អាហ្នឹងជាតួនាទីរបស់រដ្ឋដែរ? ព្រោះតួនាទីរដ្ឋត្រូវពិនិត្យមើល និងធានានូវសុខទុក្ខរបស់ប្រជាពលរដ្ឋ»។
គួរបញ្ជាក់ថាក្រុមហ៊ុន OCIC កំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលគេស្គាល់ឈ្មោះមួយផ្សេងទៀតថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» មានតម្លៃជាទឹកប្រាក់ប្រមាណ ១.៥០០ លានដុល្លារអាមេរិក ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បច្ចុប្បន្ននេះ ក្រុមហ៊ុននេះក៏កំពុងមានវិវាទដីធ្លីជាមួយពលរដ្ឋ ដែលរស់នៅក្នុងឃុំមួយចំនួន ក្នុងតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនោះផងដែរ ដែលទាក់ទងនឹងការផ្តល់សំណងដីធ្លី ដែលពលរដ្ឋថា ក្រុមហ៊ុនឲ្យថោកត្រឹម ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីលើទីផ្សារចន្លោះពី ៥០ដុល្លារទៅ ១០០ ដុល្លារ។ ពលរដ្ឋថា មិនអាចទទួលយកបានតាមតម្លៃដែលក្រុមហ៊ុនផ្តល់ឲ្យនោះទេ៕