ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​ខេត្ត​កណ្តាល​តវ៉ា ​ខណៈ​​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ​ដោយសារ​គម្រោង​សាង​សង់​ព្រលាន​យន្តហោះ​ថ្មី


ប្រជាពលរដ្ឋរស់នៅជិតព្រលានយន្តហោះថ្មី OCIC ត្រឡប់ទៅផ្ទះវិញ ក្រោយជួបជាមួយមន្ត្រីសាលាខេត្តកណ្តាលរួចរាល់ ទាក់ទងការស្នើសុំឱ្យអាជ្ញាធរបញ្ជាក់អំពីការបង់លេខវៀងតាមផ្ទះរបស់ពួកគេ ដែលព្រួយបារម្ភដល់ការបណ្តេញចេញ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)
ប្រជាពលរដ្ឋរស់នៅជិតព្រលានយន្តហោះថ្មី OCIC ត្រឡប់ទៅផ្ទះវិញ ក្រោយជួបជាមួយមន្ត្រីសាលាខេត្តកណ្តាលរួចរាល់ ទាក់ទងការស្នើសុំឱ្យអាជ្ញាធរបញ្ជាក់អំពីការបង់លេខវៀងតាមផ្ទះរបស់ពួកគេ ដែលព្រួយបារម្ភដល់ការបណ្តេញចេញ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

ប្រជា​ពល​រដ្ឋ​ប្រមាណ ​២០០ ​នាក់ ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​ខេត្ត​កណ្តាល ​ដោយ​ទាម​ទារ​ឱ្យ​អភិបាល​ខេត្ត​កណ្តាល​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ទាក់​ទង​ការ​បាញ់​ថ្នាំ​ពណ៌​បង់​លេខ​រៀង​ នៅ​តាម​ខ្នង​ផ្ទះ​របស់​ពួកគេ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន ​នៅ​ថ្ងៃ​ណា​មួយ។​

ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ ដោយ​ហេតុ​ថា​ ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​តាឡុង ​ដែល​កំពុង​មាន​វិវាទ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី​ OCIC ​របស់​លោក​ឧកញ៉ា ​ពុង ឃាវសែ ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ​រង​ការ​បណ្តេញ​ចេញ​រួច​ទៅ​ហើយ។​

ប្រជា​ពលរដ្ឋដែល​រស់​នៅ​ក្នុង​ភូមិ​អំពៅ​ព្រៃ ឃុំ​កណ្តោក​ ស្រុក​កណ្តាល​ស្ទឹង​ និង​ភូមិ​អាចម៍​កុក​ សង្កាត់​កំពង់​សំណាញ់ ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ម៉ូតូ ​និង​រថយន្ត​ឈ្នួល ​មក​កាន់​សាលា​ខេត្ត​កណ្តាល ​នៅ​ថ្ងៃ​អង្គារ​ ដើម្បី​ស្នើ​សុំ​អភិបាល​ខេត្ត​កណ្តាល​ លោក ​គង់ សោភ័ណ្ឌ​ បើក​វេទិកា​សាធារណៈ​ ដើម្បី​បញ្ជាក់​អំពី​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ ព្រម​ទាំង​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ក្នុង​ភូមិ​សាស្រ្ត​របស់​ពួក​គេ។​

លិខិត​ស្នើ​សុំ​ ចុះ​ថ្ងៃទី​ ២៧​ ខែ​ធ្នូ​ ដែល​មាន​ស្នាម​មេដៃ​ប្រជា​ពល​រដ្ឋ​ទាំង​ពីរ​ភូមិ​នោះ​ដាក់​ទៅ​អភិបាល​ខេត្ត​កណ្តាលនោះ​ ឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​ប្រជា​ពលរដ្ឋ​ស្នើ​សុំ​នេះ​ គឺ​ដោយ​សារ​តែ​មាន​បុគ្គលិក​របស់​ព្រលាន​យន្តហោះ​ និង​អាជ្ញាធរ​មូលដ្ឋាន​ចម្រុះ​បាន​មក​បង់​លេខ​ផ្ទះ​ ស្រង់​ទិន្ន​ន័យ​ប្រជា​ពលរដ្ឋ​ និង​ដាក់​ឱសាន​វាទ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​រុះ​រើ​ផ្ទះ​ ជាពិសេស​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​មិន​ឱ្យ​សាង​សង់​លំនៅដ្ឋាន​លើ​ដី​របស់​ពួក​គេ ​ដោយ​គ្មាន​មូល​ហេតុ។​

លិខិត​នោះ​បញ្ជាក់​ថា៖ ​«ន័យ​ដូច​មាន​ចែង​ក្នុង​កម្មវត្ថុ​ និង​មូល​ហេតុ​ខាង​លើ សូម​ឯក​ឧត្តម​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល​ [លោក​ គង់ សោភ័ណ្ឌ]​ មេត្តា​រៀប​ចំ​វេទិកា​សាធារណៈ​ ដើម្បី​ពន្យល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិសាស្ត្រ​ខាង​លើ ​[ភូមិ​អំពៅ​ព្រៃ ឃុំ​កណ្តោក​ ស្រុក​កណ្តាល​ស្ទឹង​ និង​ភូមិ​អាចម៍​កុក​ សង្កាត់​កំពង់​សំណាញ់ ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល] និង​សាធារណជន​ឱ្យ​យល់​បាន​ច្បាស់​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ និង​សាធារណ​ជន​បាន​ចូល​រួម​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​តំបន់​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ ប្រកប​ដោយ​តម្លាភាព ​និង​យុត្តិធម៌​ ព្រម​ទាំង​និរន្តភាព​នៃ​ការ​អភិវឌ្ឍ​សព្វ​ជ្រុង​ជ្រោយ»។​

នៅ​ពេល​ពលរដ្ឋ​មក​ដល់​ខាង​មុខ​សាលា​ខេត្ត​កណ្តាល មន្ត្រី​សាលា​ខេត្ត​បាន​ហៅ​ពួក​គេ​ឱ្យ​ចូល​ក្នុង​សាលា​ខេត្ត​ដើម្បី​ប្រជុំ​ពិភាក្សា​ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ និង​ក្រុម​អ្នក​សារ​ព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្តាប់​ទេ។

ពលរដ្ឋ​ម្នាក់​ រស់​នៅ​ភូមិ​អំពៅ​ព្រៃ ​ឃុំ​កណ្តោក​ ស្រុក​កណ្តាល​ស្ទឹង ​អ្នកស្រី ​ប៉ុត ចាន់សុផាននី​ ដែល​អះអាង​ថា​បាន​រស់​នៅ​ទី​នោះ​រយៈពេល ​២០ ​ឆ្នាំ​មក​ហើយ បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ចេញ​ពី​ប្រជុំ​ជាមួយ​អភិបាល​រង​ខេត្ត​កណ្តាល​លោក ​នូវប៉េង​ ច័ន្ទតារា​ ថា​ សាលា​ខេត្ត​ថាមិន​បាន​ដឹង​អំពី​បុគ្គលិក​ក្រុមហ៊ុន​ ដើរ​បាញ់​ថ្នាំ​បង់​លេខ​រៀង​តាម​ខ្នង​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ទាំង​ពីរ​ភូមិ​នោះ​ទេ។​

អ្នកស្រី​បន្ថែម​ថា​ អភិបាល​រង​ខេត្ត​កណ្តាល​ដែល​បាន​ជួប​ប្រជុំ​ជាមួយ​ប្រជា​ពលរដ្ឋ​បាន​យល់​ព្រម​តាម​សំណើ​របស់​ប្រជា​ពលរដ្ឋ ដោយ​ថា​ នឹង​រៀបចំ​វេទិកា​សាធារណៈ​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​ ២០២៣ ​ខាង​មុខ​ ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​ពេល​វេលាបាន​នៅ​ឡើយ​ទេ។ ​

អ្នក​ស្រី​បន្ត​ថា អភិបាល​រង​ខេត្ត​កណ្តាល​ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ ដោយ​លោក​ថា មិន​មាន​អ្នក​ណា​រង​ការ​បណ្តេញ​ចេញ ​ឬ​រុះរើ​ផ្ទះ​សម្បែង​ណាមួយ​នៅ​ទី​នោះ​ទេ។ ប៉ុន្តែ​អ្នក​ស្រី​ថា​ ទាល់​តែ​មាន​ការ​រៀបចំ​វេទិកា​សាធារណៈ ​និង​មាន​ការ​បញ្ជាក់​ពី​អភិបាល​ខេត្ត ​លោក ​គង់ សោភ័ណ្ឌ​ ដោយ​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី​ដល់​ពលរដ្ឋ​ ទើប​ប្រជា​ពលរដ្ឋ​ស្ងប់​ចិត្ត។​

ផ្ទះរបស់ពលរដ្ឋនៅក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)
ផ្ទះរបស់ពលរដ្ឋនៅក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី​ថ្លែង​ថា៖​ «លោក​ឯក​ឧត្តម​ [អភិបាល​រង ​ដែល​ប្រជុំ​ជាមួយ​ពល​រដ្ឋ]​ម៉ិញ ​គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​ទទួល​ដឹង​ឮ​ហើយ​ [ហើយ]​ គាត់​ទទួល​សំណើ​ពី​ប្រជាជន​ហើយ​ ​គឺ​គ្មាន​ការ​រុះរើ​ទេ​ [ដោយ] ខាង​ព្រលាន​[យន្តហោះ​ថ្មី] ​គ្មាន​សិទ្ធិ​មក​ឱ្យ​ប្រជាជន​រុះរើ​ទេ»។​

បើ​តាម​អ្នកស្រី ​ប៉ុត ចាន់​សុផាននី កាល​ពី​ថ្ងៃ​ទី​ ២៤​ ខែ​វិច្ឆិកា បុគ្គលិក​សាង​សង់​ព្រលាន​យន្តហោះ​ថ្មី​របស់​ក្រុម​ហ៊ុន ​OCIC ​បានដើរ​បាញ់​ថ្នាំ បង់​លេខ​រៀង​លើ​ផ្ទះ​ប្រជាពលរដ្ឋ​រស់​នៅ​ទាំងពីរ​ភូមិ​នោះ​ ដោយ​មិន​បាន​បញ្ជាក់​មូល​ហេតុ​ឱ្យ​បាន​ច្បាស់​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ។​

អ្នកស្រី​បន្ថែម​ថា៖ ​«ខ្ញុំ​មាន​ការ​បារម្ភ​ដូច​គ្នា​[ទៅ​នឹង​អ្នក​ភូមិ​តាឡុង]​ ដូច​ថា​ បើ​គាត់​ឱ្យ​រុះ​រើ​មែន​ ថា​ឱ្យ​ពួក​ប្អូន​ទៅ​នៅ​ឯណា?​ ហើយ​ការ​រុះរើ​ ប្អូនៗ​មួយៗ ​[ម្នាក់ៗ]​ សុទ្ធ​តែ​ជំពាក់​គេ​ទាំង​អស់។​ ពួក​ប្អូន​អត់​ចង់​ទៅ​ណា​ទេ។​ ពួក​ប្អូន​គឺ​ចង់​នៅ​កន្លែង​ហ្នឹង​...»។​

ចំណែក​ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​អាចម៍​កុក​ សង្កាត់​កំពង់​សំណាញ់ ​ក្រុង​តាខ្មៅ ​អ្នក​ស្រី ​ង៉ុយ សំណាង​ អាយុ​ ៣១ ​ឆ្នាំ​ ដែល​បាន​អះអាង​ថា​រស់​នៅ​ភូមិ​នេះ​ជាង​ ២០ ​ឆ្នាំ​ ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​ដូច​គ្នា។​

អ្នក​ស្រី​ថ្លែង​ថា៖​ «ភ័យ​ខ្លាច​ណាស់!​ បង​ ខ្លាច​ថា ​ដូច​ពួក​គាត់​[អ្នក​ភូមិ​តាឡុង]​ដែរ​ ...​មាន​ការ​បារម្ភ​ អ៊ីចឹង​បាន​ស្នើ​ឱ្យ​អភិបាល​ខេត្ត​ទៅ​បើក​វេទិកា​ឱ្យ​ពួក​ខ្ញុំ​បាន​ដឹង ឱ្យ​មាន​ទំនុក​ចិត្ត​ ភាព​កក់​ក្តៅ​អី​ខ្លះ​ កុំ​ឱ្យ​ពួក​គាត់​ភ័យ​ខ្លាច»។​

នៅ​ពេល​វីអូអេ​ទាក់ទង​តាម​ទូរសព្ទ អភិបាល​រង​ខេត្ត​កណ្តាល ​លោក​ នូវ​ប៉េង ច័ន្ទតារា​ សុំ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​អ្វី​នោះ​ទេ​ ដោយ​លោក​ថា​ សាលា​ខេត្ត ​នឹង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ។ ​វីអូអេ​ក៏​មិន​ទាន់​អាច​ទាក់​ទង​លោក ​ពុង ឃាវសែ ​ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ OCIC តាម​ទូរសព្ទ​បាន​ដែរ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

ភូមិ​អំពៅ​ព្រៃ ​ឃុំ​កណ្តោក​ ស្រុក​កណ្តាល​ស្ទឹង​ និង​ភូមិ​អាចម៍​កុក​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​ គឺ​នៅ​ជាប់​គ្នា ​និង​មាន​ចម្ងាយ​ប្រមាណ​ ៥ ​គីឡូ​ម៉ែត្រ ​ពី​ព្រលាន​យន្តហោះ​ថ្មី​ OCIC។ ប្រជា​ពល​រដ្ឋ​ទាំង​ពីរ​ភូមិ ​មាន​ប្រមាណ​ ៥០០​ គ្រួសារ​ ដែល​បាន​រស់​នៅ​ទី​នោះ ​ដោយ​ផ្ទះ​ខ្លះ​សាង​សង់​ពី​ស័ង្កសី ​ខ្លះ​ធ្វើ​ពី​ឈើ​ជា​ដើម។ ហើយ​ពល​រដ្ឋ​នៅ​តំបន់​នេះ​ប្រកប​មុខ​របរ​បេះ​ត្រកួន​ នេសាទ​ត្រី ​និង​លក់​ដូរ​នៅ​តាម​ផ្ទះ។ ពល​រដ្ឋ​ខ្លះ​អះអាង​ថា ​ពួក​គេ​បាន​រស់​នៅ​ទីនោះ​យូរ​មក​ហើយ​ចន្លោះ​ពី​ ២០ ​ឆ្នាំ​ទៅ​ ៣០ ​ឆ្នាំ។​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​យី សុខសាន្ត ​យល់​ថា​ រដ្ឋាភិបាល ​និង​អាជ្ញាធរ​ត្រូវ​តែ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ណា​មួយ ​និង​ត្រូវ​បញ្ជាក់​ប្រាប់​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ដឹង​ច្បាស់​លាស់​អំពី​គម្រោង​អភិវឌ្ឍន៍​នានា។​

លោក​ថ្លែង​ថា៖ ​«ប្រសិន​បើ​រាជ​រដ្ឋាភិបាល​ ចង់​ធ្វើ​ការ​អភិវឌ្ឍ ​គាត់ត្រូវ​សិក្សា​អំពី​ផល​ប៉ះពាល់​ ហើយ​នឹង​ដំឡើង​ប៉ាណូ ​ស្លាក​ធំៗ​ថា ​តើ​ការ​សាង​សង់​នេះ​ រយៈពេល​ប៉ុន្មាន​ឆ្នាំ? ឱ្យ​ទៅ​ក្រុម​ហ៊ុន​ណា? ក្រុមហ៊ុន​ឈ្មោះ​អី? ធ្វើ​ដើម្បី​អី? ចំណុច​ហ្នឹង​ហើយ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​បញ្ជាក់»។​

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​ OCIC កំពុង​សាង​សង់​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី​ ដែល​គេ​ស្គាល់​ឈ្មោះ​មួយ​ផ្សេង​ទៀត​ថា​ «អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តា​ខ្មៅ» ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​ ១.៥០០​ លាន​ដុល្លារ​អាមេរិក ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល។

បច្ចុប្បន្ន​នេះ​ ក្រុម​ហ៊ុន​នេះ​ក៏​កំពុង​មាន​វិវាទ​ដីធ្លី​ជា​មួយ​ពល​រដ្ឋ​ ដែល​រស់​នៅ​ក្នុង​ឃុំ​មួយ​ចំនួន ក្នុង​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះ​ថ្មី​នោះ​ផង​ដែរ​ ដែល​ទាក់​ទង​នឹង​ការ​ផ្តល់​សំណង​ដីធ្លី​ ដែល​ពលរដ្ឋ​ថា​ ក្រុមហ៊ុន​ឱ្យ​ថោក​ត្រឹម​ ៨ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ខណៈ​តម្លៃ​ដីលើ​ទីផ្សារ​ចន្លោះ​ពី​ ៥០ដុល្លារ​ទៅ​ ១០០ ​ដុល្លារ​ ដែល​ពល​រដ្ឋ​ថា​មិន​អាច​ទទួល​យក​បាន​នូវ​តម្លៃ​របស់​ក្រុម​ហ៊ុន​ផ្តល់​ឱ្យ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG