ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រស់​នៅ​ស្រុក​កណ្តាល​ស្ទឹង​​ស្នើ​ឱ្យ​អាជ្ញាធរ​ទទួល​ស្គាល់​ដី​ពួកគេ​តាម​ផ្លូវ​ច្បាប់ ​ខណៈ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ​


រូបភាព​ទិដ្ឋភាព​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​របស់​រាជធានី​ភ្នំពេញ នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល កាល​ពី​ឆ្នាំ ២០២១។
រូបភាព​ទិដ្ឋភាព​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​របស់​រាជធានី​ភ្នំពេញ នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល កាល​ពី​ឆ្នាំ ២០២១។

ប្រជា​ពលរដ្ឋ​រស់​នៅ​លើ​ទំនប់​៩៤ ​ជិត​ព្រលាន​យន្ត​ហោះ​ថ្មី​ ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ បាន​ស្នើ​ទៅអភិបាល​ខេត្ត​កណ្តាល​ឱ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ថា ពួក​គាត់រស់​នៅ​ខុស​ច្បាប់ ​នៅ​គ្រា​ដែល​ពួកគាត់​កំពុង​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ។​

ពួកគាត់​បន្តទាម​ទារឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ ​និងផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ដល់​ពួក​គាត់។​

​លោក ​ស៊ុន សំបូរ​ អាយុ​៣៩​ឆ្នាំ ​ពល​រដ្ឋ​ម្នាក់រស់​នៅ​លើ​ទំនប់​៩៤ ​សម្តែង​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង ​នៅ​ពេល​ឮ​ថា​ អភិបាល​ខេត្ត​កណ្តាល​បាន​លើក​ឡើង​កាល​ពី​កន្លង​ទៅ​ថា ​ប្រជា​ពល​រដ្ឋ​នៅ​ទំនប់​៩៤​នេះ​រស់​នៅ​អនា​ធិបតេយ្យ ​និង​ខុស​ច្បាប់។ ​លោក​អះអាង​ថា ​លោក​រស់​នៅ​ទីនោះ​យូរ​ឆ្នាំ​មក​ហើយ​ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ភូមិ​ឃុំ ​មាន​សៀវភៅ​ស្នាក់​នៅ​ អត្ត​សញ្ញាណ​បណ្ណ​ និង​បណ្ណ​បោះឆ្នោត។ ​ដូច្នេះ​លោក​ថា​ ប្រជាពលរដ្ឋ​មិន​បាន​រស់​នៅ​ដោយ​ខុស​ច្បាប់ ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​

កសិករអ្នក​ដាំ​បន្លែ​លក់​នៅ​ទំនប់​៩៤​រូប​នោះ​ប្រាប់​វីអូអេ​ថា៖ ​«ពួក​ខ្ញុំ​ចង់​ឱ្យ​រាជ​រដ្ឋាភិបាល​ជួយ​ប្រទានកម្ម​ដី​ដែល​ពួក​ខ្ញុំ​រស់​នៅ​ហ្នឹង​ ឱ្យ​មក​ពួក​ខ្ញុំ​ដែល​រស់​នៅ​សព្វ​ថ្ងៃ​ ហើយ​ស្នើ​សុំ​ប្លង់​កម្ម​សិទ្ធិ​ ចង់​រស់​នៅ​កន្លែង ​អ៊ីចឹង។ ​ហើយ​ស្នើ​សុំ​ឱ្យ​អភិបាល​ខេត្ត​បញ្ឈប់​កាន់​ចោទ​ប្រកាន់​មក​លើ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​៩៤​ថា ​រស់​នៅ​សំណង់​អនា​ធិប​តេយ្យ​ សំណង់​ខុស​ច្បាប់»។​

ចំណែក​អ្នកស្រី ​សុខ ចិន្តា ​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​រស់​នៅ​តំបន់​ទំនប់​៩៤​នេះ​ដែរ ​ប្រាប់​វីអូអេ​ថា៖​ «ដី​ដែល​ខ្ញុំ​រស់​នៅ​គឺ​មាន​លិខិត​ស្នាម​ទិញ​លក់ ​មាន​ឯកសារ​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លី ​អ៊ីចឹង​ណា៎​បង។ ​និយាយ​ទៅ​ ខ្ញុំ​ទើប​តែ​ទិញ​ហ្នឹង​ ឆ្នាំ​២០១៩​ដែរ ​ហើយ​ខែ​មួយ​ ២០១៩​ ខ្ញុំ​ថ្មី ​[ប្រជា​ពលរដ្ឋ​ថ្មី]»។​

ស្រ្តី​ដែល​ជា​អ្នក​លក់​ដូរ​ និង​ជា​អ្នក​ដាំ​បន្លែ​ដែរ ​បន្ថែម​ទៀត​ថា​ មក​ដល់​ពេល​នេះ​ អាជ្ញាធរ​ក៏​ដូច​ជា​ខាង​ភូមិ​ឃុំ ​មិន​ទាន់​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ។

ផែនទី​ស្រុក​កណ្តាល​ស្ទឹង​នៅ​តំបន់​ព្រលាន​យន្តហោះ​ថ្មី ត្រូវ​បាន​បញ្ចាំងក្នុង​កិច្ចប្រជុំដោះស្រាយ​វិវាទ​ដី​ធ្លីដាច់​ដោយឡែក​មួយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៣​។ (ហ្វេសប៊ុក/ក្រសួង​រៀបចំ​ដែនដី​)
ផែនទី​ស្រុក​កណ្តាល​ស្ទឹង​នៅ​តំបន់​ព្រលាន​យន្តហោះ​ថ្មី ត្រូវ​បាន​បញ្ចាំងក្នុង​កិច្ចប្រជុំដោះស្រាយ​វិវាទ​ដី​ធ្លីដាច់​ដោយឡែក​មួយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៣​។ (ហ្វេសប៊ុក/ក្រសួង​រៀបចំ​ដែនដី​)

លោក គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត​កណ្តាល ​ថ្លែង​ថា​ អាជ្ញាធរ​នឹង​បន្ត​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «បើ​សិន​ជាគាត់​រស់​នៅ​តាម​ចំណីប្រឡាយ​ ព្រែក​ ឬ​ខ្នង​ទំនប់​ ការ​ស្នាក់​នៅរបស់​លោក​ទាំង​អស់ ​ប្រជា​ជន​ទាំង​អស់​គឺ​យើង​ចេះ​តែ​រួម ​ការ​រួម​សុខ រួម​ទុក្ខ​ជា​មួយ​គាត់​ទេ។ ​តែ​យើង​ធ្វើ​តាម​ច្បាប់ ​ជា​បណ្ណ​កម្ម​សិទ្ធិ​នោះ​គឺ​មន្ទីរ ​អង្គភាព ​ក៏​ដូច​ជា​ខេត្ត​ មិន​ផ្ដល់​បណ្ណ​ជា​កម្ម​សិទ្ធិ​ទេ ​អាហ្នឹង​គឺ​អ៊ីចឹង​ណា៎។ ​ប៉ុន្តែ​ការ​រស់​នៅ​កន្លង​មក​នោះ ​ វា​ចេះ​តែ​អធ្យាស្រ័យ​ដល់​គាត់​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដើម្បី​ឱ្យ​គាត់​រក​កន្លែង។​ ប៉ុន្តែ​យើង​នឹង​រួម​ធ្វើ​ការ​ដោះ​ស្រាយ​ជា​មួយ​គាត់​ត​ទៅ​ទៀត។​ យើង​មិន​បោះ​បង់​កិច្ចការ​នេះ​ចោល​ទេ»។​

លោក ​វណ្ណ សុផាត ​អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ជំរុញឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ និងឆ្លើយ​តប​ទៅ​នឹង​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ។​
លោក​បញ្ជាក់​ថា៖ ​«ទាក់​ទង​នឹង​ការ​រស់​នៅ​លើ​ទំនប់​ហ្នឹង​ បើទោះ​បី​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ក៏​ដោយ​ ដែល​លោក​អភិបាល​ខេត្ត​ចោទ​ប្រកាន់​ថា​ អ៊ីចឹង​ក៏​ដោយ​ ប៉ុន្តែ​ការ​រស់​នៅ​របស់ពួក​គាត់​ មក​ធ្វើ​ការ​រស់​នៅ​ជា​យូរ​ណាស់មក​ហើយ​ ​ហើយ​ក៏​មិន​មែន​ការ​រស់​នៅ​ដោយ​ឯក​ឯង​ ចេះ​តែ​មក​ធ្វើ​ផ្ទះ​ធ្វើ​សម្បែង​អីនៅ​ហ្នឹង​ ដោយ​មិន​មាន​ការ​ដឹង ​ឮ​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ ក៏​ដូច​ជា​អាជ្ញាធរ​ថ្នាក់​ស្រុក​ហ្នឹង​ទេ ​គឺ​សុទ្ធ​តែ​មាន​ការ​ដឹង​ឮ​ទាំង​អស់»។​

លោក​បន្ថែម​ថា៖ «បើ​សិនជា​ចោទ​ប្រកាន់​ពួក​គាត់​អ៊ីចឹង​គឺ​តាំង​ពី​ដំបូង​ឡើយ​គឺ​អាជ្ញាធរ​ត្រូវ​មាន​ការ​ហាម​ឃាត់​គាត់​ អត់​ឱ្យ​គាត់​មក​នៅ​ ត្រូវ​ពន្យល់​ប្រាប់​គាត់​ ​ណែនាំ​គាត់​ថា​ អាហ្នឹង​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ ការ​រស់​នៅ​នៅ​ហ្នឹង​ជា​ការ​រស់​នៅ​ខុស​ច្បាប់​អ៊ីចឹង។​ អាហ្នឹង​ត្រូវ​អ៊ីចឹង។ ​ប៉ុន្តែ​បើសិន​ជា​គាត់​មក​រស់​នៅ​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​របស់​ដែល​គាត់​ជា​អភិបាល​ខេត្ត​ ជា​អភិបាល​ស្រុក​ ជា​អាជ្ញាធរ​មូល​ដ្ឋាន​ទៅ​ហើយ​ ស្រាប់​តែ​មក​ដល់​ពេល​មាន​បញ្ហា​កើត​មាន​ឡើង​ មាន​ការ​ចោទ​ប្រកាន់​ ចង់​ឱ្យ​គាត់​រើ​ចេញ​អ៊ីចឹង​ ទៅ​ជា​ចោទ​ប្រកាន់​ថា​ ពួកគាត់​រស់​នៅ​ដោយ​ខុស​ច្បាប់​លើ​ដី​សាធារណៈ​របស់​រដ្ឋ​អ៊ីចឹង​ អាហ្នឹង​មាន​ន័យ​ថា​ ការ​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ទំនប់​៩៤ ​ចុះ​ថ្ងៃ​ទី​៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ ​ប្រជា​ពលរដ្ឋ​ប្រមាណ​៤៧៣​គ្រួសារ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ​ព្រោះ​តែ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះ​ថ្មី ​ដែល​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០១៩។​

គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ OCIC ​កំពុង​សាង​សង់​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ១.៥០០​លាន​ដុល្លារ​អាមេរិក ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល។ ​បច្ចុប្បន្ន​នេះ​ ក្រុម​ហ៊ុន​នេះ​ក៏​កំពុង​មាន​វិវាទ​ដីធ្លី​ជា​មួយ​ពល​រដ្ឋ​ ដែល​រស់​នៅ​ក្នុង​ឃុំ​មួយ​ចំនួន ​ក្នុង​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះ​ថ្មី​នោះ​ផង​ដែរ​ ​ទាក់​ទង​នឹង​ការ​ផ្តល់​សំណង​ដីធ្លី​ ដែល​ពលរដ្ឋ​ថា ​ក្រុមហ៊ុន​ផ្តល់​តម្លៃ​ទាប ​ដែល​ពួកគេ​មិន​អាច​ទទួល​យក​បាន៕​

XS
SM
MD
LG