ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំពាក្យ​រដ្ឋ​សភា​ថ្លែង​ការពារ​ប្រធាន​សភា​​ប្រឆាំង​ការ​ចោទ​ប្រកាន់​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ


លោក​ ឈាង វុន​ អ្នក​នាំពាក្យ​នៃ​រដ្ឋ​សភា​ជាតិ។
លោក​ ឈាង វុន​ អ្នក​នាំពាក្យ​នៃ​រដ្ឋ​សភា​ជាតិ។

លោក​ឈាង វុន​ អ្នក​នាំពាក្យ​នៃ​រដ្ឋ​សភា​ជាតិ​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ថ្លែង​ការពារ​លោក​ហេង សំរិន ​ប្រធាន​រដ្ឋសភា​ជាតិ​ ដែល​បាន​បដិសេធ​ មិន​បញ្ជូន​លិខិត​របស់​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាលផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជា​បណ្តោះ​អាសន្ន​ ដោយ​ឲ្យ​រង់ចាំ​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​រដ្ឋ​សភា​ លោក​ឈាង វុន​បាន​មាន​ប្រសាសន៍ថា​ លោក​អ៊ុំ សំអាន​កំពុង​ជ្រៀត​ជ្រែក​ការងារ​របស់​ស្ថាប័ន​នីតិ​ប្រតិបត្តិ ​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដោយ​បាន​ចោទ​អ្នក​តំណាង​រាស្រ្ត​មកពី​បក្ស​ប្រឆាំង​រូប​នេះ​ថា ​បាន​ធ្វើ​ខុស​នីតិ​វិធី​ក្នុង​ការ​ស្នើឲ្យ​មាន​ការ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​នេះ​ ពីព្រោះ​អ្នក​តំណាង​រាស្រ្ត​មាន​សិទ្ធិ​ត្រឹម​តែ​តាំង​សំណួរ​ប៉ុណ្ណោះ។​

«មាត្រា​៩៦​ហ្នឹងគឺ​ច្បាស់ណាស់ចែង​ថា​ តំណាង​រាស្រ្ត​មាន​សិទ្ធិ​ដាក់​សំណួរ​ទៅ​រាជ​រដ្ឋាភិបាល។​ សំណួរ​នេះ​ត្រូវ​សរសេរ​ជា​លាយ​ល៍ក្ខណ៍​អក្សរ ​ប្រគល់​តាម​រយៈ​ប្រធាន​រដ្ឋ​សភា។ ​ឯកសារ​របស់​គាត់​នេះ​សរសេរ​ជា​លាយ​ល័ក្ខណ៍​អក្សរ​ហើយ​ ក៏​ប៉ុន្តែ​បើ​យើង​អាន​ខ្លឹម​សារ​នៃ​ឯកសារ​គាត់​ វាមិន​មែន​ដាក់​សំណួរ»។

លោក​ឈាង វុន​ អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​និយាយថា ការ​ចោទ​ប្រកាន់​របស់​លោក​អ៊ុំ សំអាន​ អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិលើ​លោក​ហេង​ សំរិន​នោះ​គឺ​ជា​ទង្វើ​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ។​ ​លោក​បាន​បន្ថែម​ថា៖​

«ការណ៍​ដែល​ចោទ​ប្រកាន់​សម្តេច​ប្រធាន​មិន​គោរព​រដ្ឋ​ធម្មនុញ្ញ​ ហើយ​រឿង​ហ៊ាន​រហូត​ដល់​ប្រកូក​ប្រកាស់​រក​ប្តឹង​សម្តេច​ប្រធាន​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដែល​ខ្លួនគាត់​សោះ​ជាអ្នក​ធ្វើ​ខុស​នឹងរដ្ឋ​ធមុ្មនុញ្ញ​នោះ ​គឺ​មិន​សម​ជា​អ្នក​តំណាង​រាស្រ្ត​នៅ​ក្នុង​បរិបទ​ថ្មី​នៃ​នយោបាយ​កម្ពុជា​ទេ»។​

លោក​ឈាង វុន​បាន​ថ្លែង​ការពារ​លោក​ហេង សំរិន​ ​ក្រោយ​ពី​ក្រុម​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ជំទាស់​១២​រូប​បាន​ដាក់​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ដើម្បី​ស្នើសុំ​ការ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ភាគីកម្ពុជា​ និងវៀតណាម និង​សុំ​ការ​ពន្យល់​អំពី​ការ​ដោះ​ដូរ​ដី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរនេះ។​ ​ កាលពី​ថ្ងៃ​អង្គារ​ លោក​ហេង​ សំរិន​បាន​ចេញ​លិខិត​បដិសេធ​មិន​បញ្ជូន​លិខិត​នេះ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ទេ​ បន្ទាប់ពី​លោក​ទទួល​បាន​លិខិត​នេះ​ជិត​មួយ​សប្តាហ៍។​

លោក​អ៊ុំ សំអានបាន​ប្រាប់​វីអូអេ​ថា ​លោក​ទទួល​យក​ការ​បកស្រាយ​របស់​លោក​ឈាង វុន​មិន​បាន​ទេ​ ដោយ​លោក​បាន​បញ្ជាក់​ថា​ បើមាន​ការ​សម្រប​សម្រួល​បញ្ជូន​លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ នោះ​ក្រុម​អ្នក​តំណាង​រាស្រ្ត​នឹង​មិន​ប្តឹង​លោក​ហេង សំរិន​នោះ​ទេ ​តែ​បើ​មិន​មាន​ការ​សម្រប​សម្រួល​យ៉ាង​ដូច្នេះ​ទេ ​លោក​នឹង​ប្តឹង​លោក​ហេង សំរិន​ដដែល។​

«ប៉ុន្តែ​បើ​សម្រប​សម្រួល​ថា​ អត់​ឲ្យ​ខ្ញុំ​ប្តឹង​អត់​បាន​ទេ​ អាហ្នឹង។​ ពួក​ខ្ញុំ​កំពុង​ពិភាក្សា​ជាមួយ​អ្នក​តំណាង​រាស្រ្ត​ដទៃ​ទៀត​ ដើម្បី​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ»។​

លោកកែម ឡី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​សង្គម​ ឲ្យ​ដឹង​ថា​ ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​បាន​ធ្វើ​ឲ្យ​ខូច​មុខមាត់​រដ្ឋសភា​ជាតិ​ និង​មិន​បាន​ផ្តល់​ផល​ចំណេញ​អ្វី​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ ដោយ​ហេតុថា យន្តការ​ទំនាក់​ទំនង​គួរ​ត្រូវ​បាន​ពង្រឹង​ឲ្យ​បាន​ប្រសើរ​នៅ​ក្នុង​រដ្ឋ​សភា។​

«បើ​មាន​បញ្ហា​អី​ យើងអាចហៅ​គ្នា​ប្រជុំ​ ជជែក​ ដាក់​ផែនការ​ប្រចាំ​ឆ្នាំ។ ​មាន​យន្តការ​ជជែកច្បាស់​លាស់​ទៅ​ ខ្ញុំ​គិត​ថា​ ទទួល​ជោគជ័យ​ហើយ។ ហើយ​ជាទូទៅ​ វប្បធម៌​បាច​ទឹក​ដាក់​គ្នា​ជា​សាធារណៈ​ហ្នឹង ​វាមិន​សូវ​ជា​គប្បី​ប៉ុន្មាន​ទេ»។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ឡើង​កំដៅសារ​ជា​ថ្មី​ បន្ទាប់​ពី​វៀតណាម​បាន​ជីក​ស្រះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​នៅ​ក្នុងខេត្ត​រតនគីរី​ និង​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​ជាប់​ព្រំដែន​ខេត្ត​កណ្តាល​ ដែល​ជា​ចំណុច​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នោះ។ ​ការ​មិន​ចុះ​សម្រុង​គ្នា​ចំពោះ​ការ​ជីក​ស្រះ​នេះបាន​នាំ​ឲ្យ​ភាគី​ទាំងពីរ​វៀតណាម​និង​កម្ពុជា​អង្គុយ​ចរចា​គ្នា​រយៈពេល​បី​ថ្ងៃ​កាល​ពី​ដើម​ខែ​កក្កដា​នេះ​ តែ​លទ្ធផល​នៃ​ការ​ចរចា​នោះ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឱ្យ​ដឹង​ជា​សាធារណៈ​ទេ។​

ថ្មីៗ​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ចេញ​លិខិត​ជា​បន្ត​បន្ទាប់​ទៅកាន់សហគមន៍​អន្តរជាតិ​ក្នុង​គោល​បំណង​ស្វះ​ស្វែងរក​កិច្ច​សហការ​ផ្តល់​ឯកសារផែនទី​របស់​ប្រទេស​កម្ពុជា​ ដើម្បី​យក​មក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​លើការ​បោះ​បង្គោល​ព្រំដែន​រវាង​ភាគីកម្ពុជា​ និងវៀតណាម។​

ទាក់​ទិន​នឹង​ការប្តឹង​លោក​ហេង សំរិន​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​ថា​ ​ឈប់​ប្រើវប្បធម៌​សន្ទនា​ផង​ដែរ​ ​ ប្រសិន​បើ​លោក​អ៊ុំ សំអាន​និង​តំណាង​រាស្រ្ត​ឯទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​ចចេស​ប្តឹងលោក​ហេង សំរិនទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។​ ភ្ជាប់​ជាមួយ​រឿង​នេះ​ លោក​សង្ស័យ​ថា​ លោក​សម រង្ស៊ីកំពុង​តែ​ប្រើ​ល្បិច​ ដោយលោក​បាន​និយាយ​ថា​ ​លោក​សម រង្ស៊ី​ដើរ​ជា​តួស្លូត​ និង​កូន​ចៅ​របស់​លោក​ជា​តួកាច។​

«មាន​សញ្ញា​នៃ​ការ​សង្ស័យ​ថា​ ក្រែងលោ​ឯក​ឧត្តម​សម រង្ស៊ីដើរ​តួ​ស្លូត​ជាមួយ​ហ៊ុន សែន​ ហើយ​ទុក​មនុស្ស​មួយ​ចំនួន​ឲ្យ​បំផ្លាញ​ តាម​របៀប​តួកាច។​ នេះ​ជា​សញ្ញា​បញ្ជាក់។​ បើ​បែប​នេះ​ដែរ​ អ្ហេ ​OK! ​បាន!​ ហ៊ុន សែន​ទទួល​បាន​ទាំង​អស់!​ ក្បាច់​រាំមួយ​ណាក៏​បាន។ ក្បាច់​សន្ទនា​ក៏​បាន​ ក្បាច់​វ៉ៃគ្នា​ក៏​បាន។​ ប៉ុន្តែ​អា​ក្បាច់​វ៉ៃ​គ្នា​ហួស​សម័យ​ហើយ។​ កុំ​វ៉ៃ​គ្នា​អី​ទៀត។​ អានយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ អា​នយោបាយ​សង​សឹក​គ្នា​ អា​នយោបាយ​ប៉ែង​ជើង​គ្នា​ ល្មម​បញ្ចប់​ហើយ។​ ទៅ!​ ចប់​ទៅ!»។​

ឆ្លើយ​តប​នឹង​ការ​លើកឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ លោក​អ៊ុំ​ សំអាន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ដែរ​ថា​ ការ​រៀប​ចំ​ប្តឹង​លោក​ហេង សំរិន​មិន​ប៉ះពាល់​ដល់​ត្រួយថ្មី​នៃ​វប្បធម៌​សន្ទនា​នេះ​ទេ​ ហើយ​ថា ​ ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​លោក​គឺ​ស្រប​តាម​គោល​ការណ៍​សង្គម​ប្រជា​ធិបតេយ្យ៕

XS
SM
MD
LG