ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​សុំ​ផែនទី​ពី​អ.ស.ប.​ដើម្បី​ផ្ទៀង​ផ្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​

  • នៅ វណ្ណារិន

មន្រ្តី​ជំនាញ​នៃ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ ​បង្ហាញ​ទីតាំង​នៃ​តំបន់​ដែល​មាន​ការផ្ទុះ ​អំពើ​ហិង្សា​ក្បែរ​​ព្រំដែន​កម្ពុជា​និង​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​អាទិត្យ​​សប្តាហ៍​មុន​ នៅ​ក្នុង​​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ ​(នៅ​ វណ្ណារិន​/VOA​)​

លោក ​ហ៊ុន សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ញើ​លិខិត​ពិសេស​មួយ​ទៅ​លោក​បាន់ គីមូន​ (Ban Ki-moon) អគ្គ​លេខាធិការអង្គការ​សហ​ប្រជាជាតិ​ ដើម្បី​សុំ​ខ្ចី​ផែនទី​ផ្លូវការ​ ដែល​ដាក់​តម្កល់នៅ​អង្គការ​សហ​ប្រជាជាតិ សម្រាប់ផ្ទៀង​ផ្ទាត់​ជា​មួយ​ផែនទី​ដែល​កំពុង​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​សព្វថ្ងៃ។​ ​នេះ​បើ​យោង​តាម​លិខិត​ផ្ទាល់​របស់​លោក ​ហ៊ុន សែន​ដែល​ផ្ញើ​ចេញ​កាល​ពី​ថ្ងៃ​ច័ន្ទ។​

ការ​ស្នើ​សុំនេះ​គឺ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគ​តិច​នៅរដ្ឋ​សភា​ចោទ​ថា រដ្ឋបាល​លោក​ហ៊ុន សែន​កំពុង​ប្រើ​ប្រាស់​ផែនទី​ចម្លង និង​មិន​ផ្លូវការ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម ​និង​មាន​ការ​បាត់បង់​ទឹកដី​កម្ពុជា។​

នៅ​ក្នុង​សារ​លិខិត​មួយ​ដែល ​VOA ​ទទួល​បាន​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​សរសេរ​លិខិត​ផ្ញើ​ទៅ​កាន់​លោក​បាន់ គីមូន​ (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិដោយ​បាន​ស្នើ​សុំ​ខ្ចី​ផែនទី​ដើម​ទាំង​អស់​ ខ្នាត​១​ភាគ​១០០.០០០ ​ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្រ្ត​ឥណ្ឌូចិន​ ហើយ​ផែនទី​នេះ​ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ​ចាប់​តាំងពី​ឆ្នាំ​១៩៦៤​ ដោយ​ព្រះ​បាទព្រះ​បរម​រតនកោដ្ឋ​ នរោត្តម ​សីហនុ។​

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់ផង​ដែរ​ថា​ ផែនទី​ដើម​នេះ​មាន​សារៈ​សំខាន់​សម្រាប់កម្ពុជា​«ក្នុង​ការរៀបចំ​ និង​ការអនុវត្ត​ការងារ​របស់​ខ្លួន​ក្នុង​ការ​កំណត់​បោះ​បង្គោល​ព្រំ​ដែន​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា​និង​ប្រទេស​ជិត​ខាង​ ក៏​ដូច​ជា​ក្នុង​គោល​បំណង​បញ្ចៀស​ និង​បញ្ចប់​នូវ​ការ​ញុះញង់​បង្កើត​ស្មារតី​ជាតិ​និយម​ជ្រុល ហើយ​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នៅ​ក្នុង​ចំណោម​សាធារណ​មតិ​ជាតិ​ និង​អន្តរជាតិ»។​

លោក​ហ៊ុន សែន​បាន​សរសេរ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​ «ខ្ញុំ​សូម​ស្នើ​ឯក​ឧត្តម​អគ្គ​លេខាធិការ​មេត្តា​អនុញ្ញាត​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​ផែនទី​ដើម​ទាំង​អស់​ ដែល​កម្ពុជា​បាន​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ​នោះដើម្បី​យក​មក​ប្រើប្រាស់ផ្ទៀង​ផ្ទាត់​បញ្ជាក់អំពី​ភាព​ត្រឹមត្រូវ​ពិតប្រាដក​ជាមួយ​ដែនទី​ដែល​រាជ​រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​សម្រាប់​កំណត់​ព្រំដែន​គោក​ និង​ព្រំដែន​ទឹក»។​

កាល​ពី​ចុងខែ​មិថុនា​កន្លង​ទៅ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១០​នាក់​បាន​រង​របួស​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​សកម្មជន​ព្រំដែន​កម្ពុជា​ជាមួយ​នឹង​អាជ្ញាធរ​វៀតណាម​ក្នុង​ពេល​ក្រុម​សកម្មជន​ព្រំដែន​កម្ពុជា​ព្យាយាម​ទៅ​ពិនិត្យ​មើល​ចំណុច​ព្រំដែន​ ដែល​សង្ស័យ​ថា​ មាន​ភាពមិន​ប្រក្រតី​នោះ។​ ​ក្នុង​ចំណោម​អ្នក​រង​របួស​មានលោក​រៀល​ ខេមរិន្ទ្រ​ អ្ន​ក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក ​អ៊ុំ ​សំអាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ធ្វើ​ការ​តស៊ូ​មតិ​រឿង​បញ្ហា​ព្រំដែន​នេះ​ បាន​ស្វាគមន៍​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ​នេះ។​ លោកបាន​ប្រាប់​ VOA ​ថា ​ការ​ស្នើ​សុំនេះ​បញ្ជាក់ពី​ភាព​មិន​ច្បាស់​លាស់​នៃ​ផែនទី​ដែល​កំពុងតែ​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង​នា​ពេល​កន្លង​មក​នេះ។​

«រដ្ឋាភិបាល​គួរ​តែ​ធ្វើ​រឿង​នេះ​យូរ​មក​ហើយ​ មិន​គួរ​ធ្វើ​រឿង​នេះ​ឥឡូវ​នេះ​ទេ។ ​ បើ​អញ្ចឹង ​បើ​គាត់​ស្នើ​ឥឡូវ​នេះ​គឺ​បញ្ជាក់ថា ​ផែនទីដែល​រដ្ឋាភិបាល​ប្រើប្រាស់​កន្លង​មក​គឺ​មិន​ត្រឹមត្រូវ​ ក្លែងក្លាយ​ ព្រោះ​បើ​ផែនទី​ហ្នឹង​ត្រឹមត្រូវ​ពិត​ប្រាកដ​ ចាំ​បាច់​ខ្ចី​គេ​ធ្វើ​អី? ​បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​យើង​មាន​ការ​ស្វាគមន៍​ដែល​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ផែន​ទីពី​អង្គការ​សហ​ប្រជាជាតិ»។​

លោក​ អ៊ុំ សំអាន​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្កើត​គណៈ​កម្មការ​ថ្មី​មួយ ​ដោយ​មាន​សមាសភាព​ចូល​រួម​ដោយ​គណបក្ស​កាន់​អំណាច​ គណបក្ស​ជំទាស់​ សង្គម​ស៊ីវិល ​និង​មន្ត្រី​ជំនាញ​ពី​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ ​ដើម្បី​បញ្ជាក់ពី​ភាព​ពិតប្រាកដ​ក្នុង​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​ ឬ​ក៏​បង្កើត​ជា​ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​ដែល​ធ្លាប់​បាន​ធ្វើ​កាលពី​ពេល​កន្លង​ទៅ។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក អ៊ុំ សំអាន​ ដោយ​លោក​លើក​ឡើង​ថា ​ការ​ងារ​បោះ​បង្គោល​ព្រំដែន​គឺ​ជា​ការងារ​របស់​រដ្ឋាភិបាល​ដែល​មិន​អាច​ឡូកឡំ​ជា​មួយ​គណបក្ស​នយោបាយ​នោះ​ទេ។​ លើស​ពី​នេះ​ទៀត​ ការ​ស្នើ​សុំ​របស់​លោក​ ហ៊ុន សែន​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ដើម្បី​បញ្ជាក់​ជូន​សាធារណ​ជន។​

«អ្វី​ដែល​សម្រេច​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន​លោក​បាន​ផ្ញើ​លិខិត​ទៅ​សុំ​ខ្ចី​ ដើម្បី​មក​មើល​ ឲ្យ​គណៈ​កម្មការ​ទាំង​អស់​ចូលរួម​មើល​ហ្នឹង​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ ក៏​ដូចជា​ការ​ទទួល​ខុស​ត្រូវ​ជា​ប្រវត្តិ​សាស្ត្រ​ ដែល​យើង​ធ្លាប់​បាន​ប្រើប្រាស់​ផែន​ទី​ដល់​ទៅ​បី​រួច​មក​ហើយ»។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ លោក វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ បាន​ធ្វើ​បទ​បង្ហាញ​មួយ​ដ៏​ចម្រូងចម្រាស​រយៈ​ពេល​ជាង​២​ម៉ោង​ ដោយ​បង្ហាញ​ផែនទី​នានា​ដែល​ក្រុម​ការងារ​របស់​លោក​ប្រើ​ប្រាស់​សម្រាប់បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀត​ណាម​នោះ។​ ​ ​ ក្នុងនោះ​ក៏​មាន​ផែនទី​ដែល​លោក​អះអាង​ថា​ បាន​ថត​ចំណង​ពី​ផែន​ទី​ពិត​ដែល​តម្កល់​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ​និង​ផែន​ទី​២៦​កំណាត់​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ផង​ដែរ។​ ជា​មួយ​គ្នា​នោះ​ដែរ​ លោក​ក៏​បាន​បញ្ជាក់ថា​ ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ក៏​ប្រើ​ប្រាស់​ផែនទី​ស គ្មាន​ខ្សែ​បន្ទាត់​ព្រំ​ដែន ដែល​បោះ​ពុម្ព​ដោយ​វៀតណាម​សម្រាប់ធ្វើ​ជា​ឯក​សារ​យោង​ផង​ដែរ។​

លោក វ៉ា ​គឹមហុង​បាន​បញ្ជាក់ប្រាប់ ​VOA ​កាល​ពី​ថ្ងៃ​ច័ន្ទ​ផង​ដែរ​ថា ​កិច្ច​ប្រជុំ​រវាង​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​ និង​វៀតណាម​នៅ​តែ​បន្ត​ធ្វើ​ ដើម្បី​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ត​ទៀត។​ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ការ​ប្រជុំ​នៃ​គណៈ​កម្មការ​របស់​ប្រទេស​ទាំង​ពីររយៈ​ពេល​បី​ថ្ងៃ​នោះ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​ ក្នុង​រាជធានី​ភ្នំពេញ​ ជំនួស​ឲ្យ​ខេត្ត​សៀមរាប៕

XS
SM
MD
LG