ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ឈាង វុន​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បំផុស​បំផុល​ឲ្យ​ប្រជា​ពលរដ្ឋ​​បះបោរ


លោក​ឈាង វុន អ្នក​តំណាង​រាស្ត្រ​គណប្ស​ប្រជាជន​និង​ជា​​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ​ (ឆ្វេង) និង​លោក អ៊ុំ សំអាន​ ​​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ (ស្តាំ) នៅ​បន្ទប់​ផ្សាយ​ VOA​ នៅ​ភ្នំពេញ។ (លឹម សុធី/VOA)
លោក​ឈាង វុន អ្នក​តំណាង​រាស្ត្រ​គណប្ស​ប្រជាជន​និង​ជា​​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ​ (ឆ្វេង) និង​លោក អ៊ុំ សំអាន​ ​​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ (ស្តាំ) នៅ​បន្ទប់​ផ្សាយ​ VOA​ នៅ​ភ្នំពេញ។ (លឹម សុធី/VOA)

លោក​ឈាង វុន ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ចោទ​ធ្ងន់ៗ​ថា​ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​បំណង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​

លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​គណៈ​កម្មការ​បី​គឺ​គណៈ​កម្មការ​មហាផ្ទៃ​ គណៈ​កម្មការ​កិច្ច​ការ​បរទេស​ និង​គណៈ​កម្មការនីតិ​កម្ម​នៃ​រដ្ឋសភា​បាន​ប្រជុំ​ទាក់​ទង​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង ​ពេល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាលបាន​បើក​យុទ្ធនាការ​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​នេះ។​

លោកបាន​លើក​យក​ឧទាហរណ៍​ទាក់ទិន​នឹង​សកម្មភាព​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រោម​ស្លាក​អង្គការ​មិនមែន​រដ្ឋាភិបាល មក​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​រដ្ឋសភា​ជាតិ។​ លោក​ថ្លែង​ដូច្នេះ​ ​បន្ទាប់ពី​លោក​បាន​រៀប​រាប់​ប្រាប់​អ្នក​សារព័ត៌មាន​អំពីមាត្រា​មួយ​ចំនួន​ដែល​ហាម​មិន​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​ជា​មួយ​គណបក្ស​នយោបាយ។​

«គេ​លែង​យក​ទ័ព​ទៅ​ធ្វើ​រដ្ឋ​ប្រហារ​ហើយ។​ គេ​យក​លុយ​ទៅ​ឲ្យ​អង្គការ​ធ្វើ​ការ​ងារ​ហ្នឹង​ បំផុស​បំផុល​ឲ្យ​ប្រជា​ពលរដ្ឋ​បះបោរ។ យើង​ឃើញ​នៅ​អេហ្ស៊ីប នៅ​ទុយនេស៊ី​ នៅ​អាល់ហ្សេរី​ នៅ​លីប៊ី ​នៅ​លីបង់ ​នៅ​កម្ពុជា​ឆ្នាំ​១៩៧០​ នៅ​ឥណ្ឌូនេស៊ី​ទម្លាក់​ស៊ូហាតូ​ នៅ​កូឡាឡាំពួរ​ទម្លាក់​ម៉ាកូស។ល។»។​

លោក​ឈាង វុន​ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បន្ត​ថា​ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដែល​មិន​ពេញ​ចិត្ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ កំពុង​ធ្វើ​សកម្ម​ភាព​របស់​ខ្លួន​ដើម្បី​អនុវត្ត​គោល​នយោបាយភូមិ​សាស្ត្រ​នយោបាយ​របស់​ប្រទេស​ផ្តល់ជំនួយ​ដល់​ពួក​គេ។ ​លោក​បាន​ពន្យល់​បន្ថែម​ថា​ ​ច្បាប់​នៃ​ប្រទេស​ដែល​ផ្តល់​ជំនួយ​បានដាក់​កំហិត​មិន​ឲ្យពលរដ្ឋ​របស់​គេ​ផ្តល់​លុយ​កាក់​ជួយ​គណបក្ស​នយោបាយនៅ​ក្រៅ​ប្រទេស​ដោយ​ផ្ទាល់​នោះ​ទេ។​ ហេតុនេះ​ជម្រើស​ដែល​ល្អ​គឺ​ផ្តល់​លុយ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ឯង។​

«ខ្ញុំ​និយាយ​ឲ្យ​ចំ​ ឲ្យ​ចំ​ហ្មង​ អង្គការ​ដែល​យើង​និយាយ​ថា​ អូ! ​ប្រឈម​ជាមួយ​ច្បាប់​ហ្នឹង​គឺ​សុទ្ធ​តែ​អង្គការ​ដែល​ទទួល​លុយ​របៀប​របប​ហ្នឹង»។​

ក្រៅ​ពី​ប្រើ​ពាក្យបន្ទុច​បង្អាក់​ធ្ងន់ៗ​ដល់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​ពេញ​ចិត្ត​ច្បាប់​នេះ​ អ្នក​តំណាង​រាស្រ្ត​រូប​នេះ​បាន​បណ្តេញអ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក ​អ៊ុំ សំអាន​ និង​អ្នក​សារ​ព័ត៌មាន​ ឲ្យ​ទៅ​ធ្វើ​បទ​សម្ភាសន៍នៅ​ក្រៅ​របង​សភា។​

សកម្ម​ភាព​នេះ​កើត​ឡើង​នៅ​ក្រោយ​ពេល​ដែលលោក​ឈាង វុន​បញ្ចប់​ការ​សន្ទនា​ជាមួយ​អ្នក​សារ​ព័ត៌មាន​ទាក់ទង​នឹង​ការ​មិន​ផ្លាស់​ប្តូរ​ខ្លឹម​សារសេចក្តី​ព្រាង​ច្បាប់​ និង​ការ​មិន​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​ពិគ្រោះ​យោបល់​ជាមួយតំណាង​ក្រសួង ​រដ្ឋាភិបាល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ​និង​៨​កក្កដា​ខាង​មុខ​នេះ។​

ក្នុង​សកម្មភាព​រារាំង​ជាង​២​នាទី​នៅ​ក្នុង​រដ្ឋសភា ​លោក​ ឈាង វុន​ ឆ្លើយ​ឆ្លង​ជាមួយ​លោក ​អ៊ុំ សំអាន​ យ៉ាង​ដូច្នេះ៖​

ឈាង វុន៖ ​«ខ្ញុំជា​ប្រធាន​គណៈកម្មការ​ព័ត៌មាន ​ខ្ញុំ​មាន​សិទ្ធិ​និយាយ»។

អ៊ុំ សំអាន៖​ «ខ្ញុំ​តំណាង​រាស្រ្តក៏​មានសិទិ្ធ​និយាយ​ដែរ»។​

ឈាង វុន៖ ​«មាន​សិទ្ធិ​និយាយ​មិនមែន​នៅ​ក្នុង​រដ្ឋសភា​ទេ។​ អត់​មាន​នៅ​ក្នុង​រដ្ឋសភា​ទៅ​និយាយ​ណា​ និយាយ​ទៅ»។

អ៊ុំ​ សំអាន៖​ «កន្លែង​ហ្នឹង​ធ្វើ​ការ​ឯកឧត្តម។​ ខ្ញុំ​មាន​សិទ្ធិ​និយាយ»។​

ឈាង វុន៖​ «អត់​បាន​ទេ​ ទៅៗ»។

ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​រារាំង​នេះ​ លោក ​អ៊ុំ សំអាន​ អ្នក​តំណាង​រាស្រ្ត​បក្ស​ជំទាស់​មណ្ឌល​សៀមរាបបាន​ប្រាប់​ VOA ​ថា ​សកម្មភាព​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​របស់​អ្នក​តំណាង​រាស្រ្ត ​ហើយ​ថា​ លោក​ដាក់​ពាក្យ​បឹ្តង​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដើម្បី​ទាមទារ​ការ​សុំ​ទោស​ពី​លោក​ឈាង វុន។​

«រឿង​លោក​ឈាង​ វុន​ព្រឹក​មិញ​នេះ ​ខ្ញុំ​គ្រោង​នឹង​ប្តឹង​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ ឲ្យ​កោះ​ប្រជុំ​ដើម្បី​ស្តី​បន្ទោស​លោក​ឈាង វុន ​ឬ​ក៏​ឲ្យ​លោក​ឈាង វុន​សុំ​ទោស។​ ដូច​កន្លង​មក​អញ្ចឹង គាត់​និយាយ​រឿងតំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ជា​ព្នង។ ​គាត់​សុំទោស។​ អាហ្នឹង​ដូច​រឿង​ព្រឹក​មិញ​អញ្ចឹង។ គាត់​ត្រូវ​សុំទោស​ដែរ»។​

ដោយ​ឡែក ​មេ​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ផង​ដែរ​នៅ​ថ្ងៃ​ស្អែក​ ដើម្បី​ធ្វើការ​សម្រេច​គោល​ជំហរ​ថា​ តើ​ត្រូវ​ចូល​រួម​កិច្ច​ពិគ្រោះ​យោបល់​នៅ​រដ្ឋ​សភា​ជាតិ​នៅ​ថ្ងៃ​ទី​៨​កក្កដា​ខាង​មុខ​នេះ​ឬ​យ៉ាងណា។​

លោក​ ព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ដែល​គ្រោង​នឹង​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ បាន​ច្រាន​ចោលការ​ចោទ​ប្រកាន់​របស់​លោក​ឈាង វុន។​

«ខ្ញុំ​មើល​មិន​ឃើញ​ថា ​ប្រជា​ពលរដ្ឋ ​សង្គម​ស៊ីវិល​ទាំង​អស់​ហ្នឹង​ គាត់​មាន​សមត្ថភាព​អី​ទៅ​ធ្វើ​ផ្តួល​រដ្ឋាភិបាល​ ហើយ​គាត់​មាន​អំណាច​អី​ គាត់​មាន​អ្វី​ដែលអាច​ទៅផ្តួល​រំលំ​រដ្ឋាភិបាល​បាន។​ ខ្ញុំ​គិត​ថា​មិន​មាន​ទេ។​ ហើយ​បើ​សិន​ជា​គាត់​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល ​អាហ្នឹង​គឺ​វា​ខុស​ច្បាប់​ហើយ ​ត្រូវ​ជាប់​ទោស​ ជាប់​គុក។ យើង​ទៅ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​អញ្ចឹង​យ៉ាង​ម៉េច​ទៅ​កើត​ សង្គម​ស៊ីវិល»៕

XS
SM
MD
LG