លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិបានបដិសេធមិនចុះហត្ថលេខាបញ្ជូនលិខិតរបស់អ្នកតំណាងរាស្ត្រនៃគណបក្សជំទាស់មួយក្រុមដែលស្នើឲ្យសុំរដ្ឋាភិបាលផ្អាកការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមរហូតដល់ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨។ នេះបើយោងតាមលិខិតរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាជាតិដែលចេញផ្សាយនៅថ្ងៃអង្គារនេះ។
នៅក្នុងលិខិតនេះបានសរសេរថា៖ «ប្រធានរដ្ឋសភាពុំចុះហត្ថលេខាតាមសំណូមពរនេះ ដោយរដ្ឋសភាសម្រេចអនុម័តប្រគល់ជូនរាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការជាតិព្រំដែនឲ្យទទួលខុសត្រូវរួចហើយ»។
លិខិតបដិសេធនេះបានឆ្លើយតបទៅនឹងសំណើរបស់អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ១២រូប ដែលសុំការពន្យល់អំពីការដោះដូរដីជាមួយប្រទេសវៀតណាម បន្ថែមលើការស្នើសុំឲ្យផ្អាកការបោះបង្គោលជាបណ្តោះអាសន្នរវាងប្រទេសទាំងពីរ។
លោកអ៊ុំ សំអានអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិមកពីមណ្ឌលខេត្តសៀមរាប បានប្រាប់វីអូអេថា លោកគ្រោងនឹងដាក់លិខិតទៅក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ប្តឹងលោកហេង សំរិនដែលបានរំលោភរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។
«ការប្រព្រឹត្តិរបស់សម្តេច ហេង សំរិន ក៏ខុសនីតិវិធីនៅក្នុងរដ្ឋសភាផងដែរ ព្រោះមាត្រា៩៦នៃរដ្ឋធម្មនុញ្ញមិនបានចែងថាប្រធានរដ្ឋសភាមានសិទ្ធបដិសេធលិខិតរបស់អ្នកតំណាងរាស្រ្តទេ គ្រាន់តែថាឲ្យតាមរយៈប្រធានរដ្ឋសភាប៉ុណ្ណឹងឯង»។
លោកបានបញ្ជាក់ថា ក្រុមតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិបានផ្ញើលិខិតជាច្រើនរួចទៅហើយ ដល់រដ្ឋាភិបាលកម្ពុជាដើម្បីប្រឆាំងការរំលោភមកលើបូរណភាពទឹកដីពីភាគីវៀតណាម តែជំហររដ្ឋាភិបាលកម្ពុជាហាក់នៅទន់ខ្សោយដោយសារគុណស្រ័យអំណាចពីទសវត្សរ៍១៩៨០។
«យើងដាក់លិខិតទៅច្រើនហើយរឿងផ្សេងៗ ប៉ុន្តែមើលទៅហាក់ដូចជាជំហររបស់គាត់ហ្នឹងហាក់ដូចជាទន់ជ្រាយចំពោះវៀតណាម ព្រោះយើងដឹងហើយរដ្ឋាភិបាលសព្វថ្ងៃគាត់ត្រូវវៀតណាមលើកបន្តុបកាលពីទសវត្សរ៍ទី៨០។ អញ្ចឹងធម្មតាទេ មេនិងកូនចៅ មិនដែលហ៊ានជាមួយមេ។ ដូចរឿងថា ឲ្យយួនគាត់លុបស្រះអញ្ចឹងមកដល់ថ្ងៃហ្នឹងអត់ទាន់លុបទេ ៥-៦ថ្ងៃហើយ។ ស្រះបីស្រះហ្នឹងលុបតែមួយភ្លែតហើយ ហើយអត់លុបទេ។ មើលធ្វើផ្លូវនៅជិតបង្គោល២០៣ ពីម្សិលម្ង៉ៃគ្នាខ្ញុំទៅមើលហ្នឹងគឺផ្លូវហ្នឹងនៅធ្វើនៅឡើយ រហូតដល់រយៈពេលនេះអត់ទាន់ផ្អាកនៅឡើយទេ»។
បង្គោល២០៣គឺស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងដែលការប៉ះទង្គិចហិង្សាមួយបានកើតឡើងកាលពីចុងខែមិថុនាកន្លងទៅ។ ការប៉ះទង្គិចគ្នានេះបានកើតនៅត្រង់បង្គោល២០២ ស្ថិតនៅក្នុងតំបន់តែមួយនៃបង្គោល២០៣ រវាងក្រុមសកម្មជនព្រំដែនដែលដឹកនាំដោយអ្នកតំណាងរាស្ត្រមក ពីគណបក្សជំទាស់ដែលបានព្យាយាមទៅពិនិត្យមើលចំណុចព្រំដែនដែលសង្ស័យថាមានភាពមិនប្រក្រតីប៉ុន្តែត្រូវបានរារាំងដោយឆ្មាំព្រំដែននិងពលរដ្ឋវៀតណាមប្រដាប់ដោយដំបងនិងអាវុធអាកា។ យ៉ាងហោចណាស់មានមនុស្សចំនួន១០នាក់បានរងរបួសក្នុងទំនាស់ដោយការប៉ះទង្គិចគ្នានេះ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បញ្ហាព្រំដែនកម្ពុជាវៀតណាមបានឡើងកម្តៅសារជាថ្មីបន្ទាប់ពីវៀតណាមបានជីកស្រះតាមបណ្តោយព្រំដែនកម្ពុជានាខេត្តរតនគិរីនិងសាងសង់ប៉ុស្តិ៍យោធានៅជាប់ព្រំដែនខេត្តកណ្តាល ដែលជាចំណុចមិនទាន់មានការឯកភាពគ្នានោះ។
ការមិនចុះសម្រុងគ្នាចំពោះការជីកស្រះនេះ បាននាំឲ្យភាគីទាំងពីរអង្គុយចរចាគ្នារយៈពេលបីថ្ងៃកាលពីដើមខែកក្កដានេះ តែលទ្ធផលនៃការចរចានោះ មិនត្រូវបានគេបញ្ចេញឱ្យដឹងជាសាធារណៈទេ។
ក្រោយជំនួបចរចាបិទទ្វារនេះ គណៈកម្មការចម្រុះព្រំដែនកម្ពុជា និងវៀតណាម ដឹកនាំដោយលោកវ៉ា គឹមហុងសហប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជាវៀតណាម និងលោកស៊ូ ស៊ានសឿន (Xo Xuan Son) អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសព័ត៌មាន ទទួលស្គាល់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរថាមានភាពស្មុគស្មាញច្រើន តែភាគីទាំងពីរបានបញ្ជាក់ថា ពួកគេសម្រេចកិច្ចការនេះបានចំនួន៨៥ភាគរយ ហើយនិងបន្តព្យាយាមបញ្ចប់ឲ្យបានឆាប់ៗ។
សេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏ បានឲ្យដឹងផងដែរថាភាគីទាំងពីរនិងអាជ្ញាធរដែលពាក់ព័ន្ធនៅបណ្តាខេត្តតាមព្រំដែនត្រូវ«សហការគ្នាដោះស្រាយឲ្យមានប្រសិទ្ធភាពរាល់បាតុភាពដែលកើតមានឡើងនៅតាមបណ្ដោយព្រំដែន ដើម្បីទប់ស្កាត់និងបញ្ចៀសការរីករាលដាលដែលនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អនៃប្រទេសទាំងពីរ»។
លោក វ៉ា គឹមហុង សហប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជាវៀតណាមបដិសេធពុំធ្វើអត្ថាធិប្បាយទេ។
ដោយឡែកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងសប្តាហ៍ទីមួយនៃខែកក្កដានេះ បានផ្ញើលិខិតពិសេសមួយទៅលោកបាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុំខ្ចីផែនទីផ្លូវការ ដែលដាក់តម្កល់នៅអង្គការសហប្រជាជាតិសម្រាប់ផ្ទៀងផ្ទាត់ជាមួយផែនទីដែលកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនសព្វថ្ងៃ។ ការស្នើសុំខ្ចីផែនទីនេះធ្វើឡើងបន្ទាប់ពីគណបក្សជំទាស់ដែលមានសំឡេងភាគតិចនៅរដ្ឋសភាចោទថា រដ្ឋបាលលោកហ៊ុន សែនកំពុងប្រើប្រាស់ផែនទីចម្លង និងមិនផ្លូវការក្នុងការបោះបង្គោល ព្រំដែនជាមួយប្រទេសវៀតណាម និងមានការបាត់បង់ទឹកដីកម្ពុជា។
វីអូអេពុំអាចទំនាក់ទំនងលោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានទេ ដើម្បីបញ្ជាក់ពីការវិវត្តន៍នៃការស្នើសុំខ្ចីផែនទីនេះ។
ប៉ុន្តែនៅថ្ងៃនេះដែរនៅក្នុងកម្មវិធីផ្សព្វផ្សាយពីបញ្ហាព្រំដែនដល់អាជ្ញាធរខេត្តក្រុង លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់ថាមានអ្នកខ្លះបានបំផុសទឹកចិត្តជាតិនិយមដល់ប្រជាពលរដ្ឋហើយក៏មានអ្នកខ្លះបានបញ្ហាព្រំដែនទៅជារឿងកេងចំណេញនយោបាយទៅវិញ៕