ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ឈាង វុន៖ កម្ពុជា​ត្រូវ​ការ​ច្បាប់​ដើម្បី​កុំ​ឱ្យ​អង្គការ​មួយ​ចំនួន​ធ្វើ​ហួស​តួនាទី


លោក​ ឈាង វុន ប្រធាន​គណៈកម្មការ​ការបរទេស​និង​ព័ត៌មាន​នៃ​រដ្ឋសភា​ជាតិ​ ចូល​រួម​ពិភាក្សា​អំពី​ប្រធានបទ​«គោលជំហរ​របស់​សភាជាតិ​ក្នុង​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល» នៅ​ក្នុង​កម្មវិធី​វិទ្យុ​ពិសេស Hello VOA កាល​ពី​ថ្ងៃ​សុក្រ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោក​ ឈាង វុន ប្រធាន​គណៈកម្មការ​ការបរទេស​និង​ព័ត៌មាន​នៃ​រដ្ឋសភា​ជាតិ​ ចូល​រួម​ពិភាក្សា​អំពី​ប្រធានបទ​«គោលជំហរ​របស់​សភាជាតិ​ក្នុង​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល» នៅ​ក្នុង​កម្មវិធី​វិទ្យុ​ពិសេស Hello VOA កាល​ពី​ថ្ងៃ​សុក្រ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

រដ្ឋ​សភា​នឹង​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ពិភាក្សា​និង​លើក​ពី​ក្តី​កង្វល់​របស់​ពួកគេ​ទាក់​ទង​នឹង​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ប៉ុន្តែ​បាន​មើល​ឃើញ​ពី​តម្រូវ​ការ​ជា​ចាំបាច់​ដើម្បី​កុំ​ឱ្យ​អង្គការ​មួយ​ចំនួន​ដែល​យក​ជំនួយ​បរទេស​ហើយ​ធ្វើ​ការ​បម្រើ​បរទេស​មក​បង្ក​អស្ថិរភាព​ដល់​ប្រទេស​កម្ពុជា។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ឈាង វុន ប្រធាន​គណៈកម្មការ​ការបរទេស​និង​ព័ត៌មាន​នៃ​សភាជាតិ​កម្ពុជា​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ពិសេស​នៅ​ថ្ងៃសុក្រ​ថា៖​

«យើង​នឹង​ខំប្រឹង​ថា​តើ​យើង​អាច​ឱ្យ​អង្គការ​ដែល​ចូល​មក​ពិគ្រោះ​យោបល់​ហ្នឹង​ដាក់​ខ្លឹម​សារ​របស់​គាត់​យ៉ាងម៉េច​ខ្លះ​ហើយ​យើង​នឹង​យក​ទៅ​ជជែក​គ្នា​នៅ​ក្នុង​គណៈកម្មការ»។​

សេចក្តី​ព្រាងច្បាប់​ចុងក្រោយ​ឬ​ជា​សំណៅ​លើក​ទី៥​ដែល​មាន​៣៩មាត្រា​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជូន​ដល់​សភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ​ហើយ​គណៈកម្មាធិការ​អចិន្ត្រយ៍​សភាជាតិ​នឹង​ជួប​ប្រជុំ​នៅ ថ្ងៃ​អង្គារ​ដើម្បី​សម្រេច​ថា​នឹង​ត្រូវ​បញ្ជូន​ទៅ​គណៈកម្មការ​ណាមួយ​ទៀត​ធ្វើការ​សិក្សា​លម្អិត។

អង្គការ​សង្គម​ស៊ីវិល​យល់​ថា​សេចក្តី​ព្រាងច្បាប់​លើក​ចុង​ក្រោយ​នេះ​ បង្ក​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ដោយសារ​ច្បាប់​នេះ​ប្រគល់​«អំណាច​ដ៏​ទូលំទូលាយ​ដល់​រដ្ឋាភិបាល​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធភាព​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា‍»។​

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ថា«អត្ថបទ​ច្បាប់​នេះ​មាន​បញ្ញត្តិ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទាក់​ទិន​នឹង​ការ​ចុះ​បញ្ជី​ជា​ចាំបាច់​ ចំពោះ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​និង​បរទេស​ដើម្បី​ធ្វើ​សកម្មភាព​អម​ជាមួយ​នឹង​តម្រូវការ​ចុះ​បញ្ជី​ដ៏​ច្រើន​លើស​លប់​ កាតព្វកិច្ច​ផ្តល់​របាយការណ៍​និង​មូលដ្ឋាន​ក្នុង​ការ​បដិសេធ​ការ​ចុះ​បញ្ជី និង​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ដ៏​ទូលាយ​និង​មិន​ច្បាស់​លាស់‍»។

លោក ឈាង វុន​ បាន​ពន្យល់​ថា ​ផ្អែក​តាម​បទពិសោធន៍​កាល​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ដែល​មានការ​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ​គឺ​កម្ពុជា​ត្រូវ​ការ​ច្បាប់​នេះ​ជា​ចាំ​បាច់​ដើម្បី​ទប់ស្កាត់​សកម្មភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន៖ «យើង​មើល​ឃើញ​រួច​ហើយ​កន្លងមក​នៅ​ឆ្នាំ​២០១៣​ថាតើ​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ខ្លះ​ដែល​លូក​ដៃ​ជ្រៅ​រួមចំណែក​ធ្វើ​ឱ្យ​សភាពការណ៍​ស្ថានភាព​នយោបាយ​នៅ កម្ពុជា​ឬ​ស្ថានភាព​សន្តិសុខ​សង្គម​របស់​យើង​មាន​ការ​ក្រឡាប់​ចាក់​ហើយ​? ហើយ​បើ​ខ្ញុំ​វិនិច្ឆ័យ​ទៅ​ច្បាប់​នេះ​ត្រូវ​ការ​ចាំ​បាច់‍ ត្រូវការ​ចាំបាច់​ឱ្យ​ម្នាក់ៗ​អង្គុយ​លើ​កៅអី​ខ្លួន​ឯង​ឱ្យ​បាន​ត្រឹមត្រូវ​ស្មោះត្រង់​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ​ពិតប្រាកដ»។

លោក​ឈាង វុន ​បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​អង្គការ​ជិត​៤.០០០​គឺ មាន​អង្គការតែ​ចំនួន​ជាង​២០​ប៉ុណ្ណោះ​ទេ​ដែល​ធ្វើការ​មិន​ត្រូវ​គោលដៅ៖«អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​សុំ​ឱ្យ​ដឹង​ខ្លួន​ ថា​ខ្លួន​កំពុង​តែ​បម្រើ​បរទេស​ យក​លុយ​បរទេស​មក​បង្ក​ឱ្យ​មាន​អស្ថិរភាព​សង្គម​របស់​យើង។ អញ្ចឹង​ហើយ​យើង​អ្នក​តំណាងរាស្ត្រ​យើង​ខិតខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​សកម្មភាព​ទាំង​អស់​ហ្នឹង‍»។​

លោក​ ឈាង វុន​ បាន​លើក​ឡើង​ថា​សូម្បី​តែ​នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន​ច្បាប់​ស្តី​ពី​ការ​ចុះ​បញ្ជី​ភ្នាក់ងារ​បរទេស (FARA) ​ដែល​មាន​លក្ខណៈ​តឹង​រឹង​លើ​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល។

ប៉ុន្តែ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ក្នុង​ខិតបណ្ណ​ព័ត៌មាន​របស់​ខ្លួន​ថា​មាន​រដ្ឋាភិបាល​បរទេស​ខ្លះ​បាន​បកស្រាយ​ខុស​លើ​ខ្លឹមសារ​នៃ​ច្បាប់ FARA​ នេះ ​ថា​ជា​ការ​កំហិត​លទ្ធភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចុះ​បញ្ជី​និង​ធ្វើ​ប្រតិបត្តិការ។​

«ផ្ទុយ​ទៅវិញ​ ច្បាប់​ចុះ​បញ្ជី​ភ្នាក់ងារ​បរទេស​មិន​បាន​យក​ពន្ធ ឬ កំណត់​ថវិកា​លើ​ជំនួយ​ពី​បរទេស​ដែល​អង្គការ​នោះ ទទួល​ទេ...ច្បាប់ ​FARA នេះ​ក៏​លើកលែង​មិន​ចាំ​បាច់​ឱ្យ​ចុះ​បញ្ជី​សកម្មភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ដូច​ជា​ការស្វែងរក​ជំនួយ សម្រាប់​ជំនួយ​ផ្នែក​ពេទ្យ​ឬ​សម្រាប់​ស្បៀងអាហារ​ និង​សម្លៀក​បំពាក់​ដើម្បី​ជួយ​ដល់​ការ​រងគ្រោះ​របស់​មនុស្ស​ជាតិ‍»។​

ខិតបណ្ណ​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​មាន​អង្គការ​ក្នុង​ស្រុក​ប្រហែល​១,៥លាន​ដែល​កំពុង​ធ្វើការ​នៅ សហរដ្ឋ​អាមេរិក។ រីឯ​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គឺ​តែ​ពីរបី​ថ្ងៃ​ប៉ុណ្ណោះ​។ ដំណើរការ​នៃ​ការ​ចុះ​បញ្ជី​គឺមាន​ការ​ផ្តល់​ការ​ពណ៌នា​ខ្លី​ពី​អង្គការ​នោះ បេសកកម្ម ឈ្មោះ​អង្គការ​ អាសយដ្ឋាន និងបង់​ប្រាក់​បន្តិច​បន្តួច​។ រដ្ឋភាគច្រើ​ន​មាន​បញ្ជូល​ចំណុច​ខ្លះ​ដែល​ធានា​មិន​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​អំណាច​របស់​ខ្លួន​ហើយ​រើស​អើង​មិន​ចុះ​បញ្ជី​អង្គការ​ដែល​ខ្លួន​មិន​ពេញចិត្ត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG