យោងតាមការសិក្សាថ្មីមួយបោះពុម្ពផ្សាយដោយ«ដំណើរការនៃបណ្ឌិតសភាជាតិផ្នែកវិទ្យាសាស្រ្ត» (Proceedings of the National Academy of Sciences) ផ្ទាំងទឹកកកនៅកោះហ្រ្គីនលេន( Greenland) ហាក់ដូចជាកំពុងតែរលាយលឿនជាងអ្វីដែលបានព្យាករណ៍ពីមុន។ នេះបញ្ជាក់ថា សហគមន៍នៅតាមតំបន់ឆ្នេរនៅលើពិភពលោកនឹងជួបហានិភ័យដ៏ធ្ងន់ធ្ងរនាឆាប់ជាងការរំពឹងទុក។
ហ្រ្គីនលេន គឺជាកោះដ៏ធំមួយ បើប្រៀបធៀបទៅនឹងប្រទេស វាមានផ្ទៃដីធំជាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)។ ៨០ភាគរយនៃផ្ទៃកោះនេះគ្របដណ្តប់ដោយទឹកកក។ ប្រសិនបើទឹកកកនេះរលាយទាំងស្រុង កម្រិតទឹកសមុទ្រនឹងកើនឡើងខ្ពស់ជាងមុន៧ម៉ែត្រ។
អ្នកស្រី Beata Csatho សាស្រ្តាចារ្យផ្នែកភូគព្ភសាស្រ្តនៃសាកលវិទ្យាល័យ University of Buffalo បានតាមដានភាពស្មុគស្មាញនៃកោះហ្រ្គីនលេននេះអស់រយៈពេល២០ឆ្នាំ ដោយធ្វើការត្រួតពិនិត្យលើទិន្នន័យរបស់អង្គការណាសា (NASA)។ ការសិក្សាដែលអ្នកស្រីបានដឹកនាំនោះបានបូករួមបញ្ចូលគ្នានូវទិន្នន័យបានពីផ្កាយរណបនិងទិន្នន័យបានពីអាកាស។ ការវិភាគជាលទ្ធផលបានផ្តល់នូវកំណត់ត្រាពេញលេញដំបូងបង្អស់មួយ ដែលបញ្ជាក់ឲ្យឃើញអំពីរបៀបប្រែប្រួលនៃផ្ទាំងទឹកកកនិងផែនទឹកកក។
ការវាស់ស្ទង់នៅទីតាំង១.០០០កន្លែងផ្សេងទៀត
មុនពេលចាប់ផ្តើមការងារនេះ អ្នកវិទ្យាសាស្រ្តជាច្រើនបានប្រើប្រាស់ទិន្នន័យនៃផែនទឹកកកធំៗបួន ដើម្បីធ្វើការព្យាករណ៍លើផ្ទៃកោះទាំងមូល។ ក៏ប៉ុន្តែ ការសិក្សាថ្មីនេះបានប្រើប្រាស់បណ្តុំទិន្នន័យធំជាងមុនដោយបានតាមដានបម្រែបម្រួលនៃការលេចឡើងផ្ទៃដីនៅតាមទីតាំងផ្សេងៗចំនួន១.០០០កន្លែង។
អ្នកស្រី Csatho បាននិយាយថា៖ «យើងគ្រប់គ្នាដឹងហើយថា ទឹកកកកំពុងតែរលាយ ហើយយើងបាត់ទឹកកក។ ប៉ុន្តែ ទិន្នន័យរបស់យើងក៏បានផ្តល់និន្នាការទីតាំងនិងពេលវេលាដែលបង្ហាញថា តំបន់ណានឹងងាយរងការប៉ះពាល់ខ្លាំងជាងគេ តំបន់ណាមានបម្រែបម្រួលលឿន ហើយតំបន់ណាមានការប្រែប្រួលខុសពីអ្វីដែលយើងបានរំពឹងទុក»។
អ្នកវិទ្យាសាស្រ្តជាច្រើនបានពិនិត្យនិងប្រៀបធៀបទិន្នន័យថ្មីជាមួយនឹងម៉ូដែលអាកាសធាតុនៃកោះហ្រ្គីនលេន នាពេលបច្ចុប្បន្ន។ អ្នកស្រី Csatho បានមានប្រសាសន៍ថា ម៉ូដែលចាស់នៅមានកម្រឹតខ្លាំងណាស់។ អ្នកស្រីបានបន្តថា «ដោយសារយើងមានទិន្នន័យបន្ថែមនេះ យើងមានវិធីដែលអាចធានាបាននូវភាពសុក្រឹតដើម្បីស្វែងយល់អំពីការប្រែប្រួលនៃផ្ទាំងទឹកកកនាពេលបច្ចុប្បន្ន ហើយយើងដឹងថា យើងអាចព្យាករណ៍បានសុក្រឹតជាងមុនចំពោះការប្រែប្រួលនាពេលអនាគត»។
ការវិវត្តន៍ខុសគ្នានៃផៃនទឹកកកចំនួន២៤២នៅហ្រ្គីនលេន
របកគំហើញថ្មីនេះបញ្ចាក់ថា នាពេលអនាគតដ៏ខ្លីខាងមុខ ទឹកកកនៅកោះហ្រ្គីនលេន អាចនឹងរលាយលឿនជាងអ្វីដែលគេធ្លាប់បានគិត។ ការសិក្សាបានរកឃើញថា ផែនទឹកកកដែលនៅជិតគ្នា មិនមែនសុទ្ធតែប្រែប្រូលដូចគ្នាទេ។ ផែនទឹកកកខ្លះកាន់តែក្រាស់ទៅៗ សូម្បីតែនៅពេលសីតុណ្ហភាពកើនឡើងក៏ដោយ។ ចំណែកផែនទឹកកកខ្លះទៀតបង្ហាញភាពកាន់តែស្តើងយ៉ាងលឿន។ ហើយផែនទឹកកកមួយចំនួនទៀតបង្ហាញឲ្យឃើញការឡើងក្រាស់ និងចុះស្តើង ដែលមានសភាពផ្ទុយគ្នាភ្លាមៗ។
ក្នុងការវិភាគទិន្នន័យនេះ អ្នកស្រី Csatho មានប្រសាសន៍ថា អ្នកស្រាវជ្រាវស្វែងរកគំរូដោយពិចារណាលើឥទ្ធិពលជលវិទ្យា(ចលនាទឹក)ក្នុងតំបន់និងកត្តាផ្សេងៗ ដូចជាសីតុណ្ហភាពមហាសមុទ្រ ឬសីតុណ្ហភាពទឹកនៅក្រោមផែនទឹកកក។
«ជាឧទាហរណ៍ បើសិនជាទឹកកកទទួលកម្តៅខ្លាំងជាងមុន នោះផែនទឹកកកក៏ហូរកាន់តែលឿនផងដែរ។ ហើយលំហូរលឿនជាងមុននេះនឹងបញ្ជូនទឹកកកកាន់តែច្រើនចូលទៅក្នុងមហាសមុទ្រ។ យើងហៅទិដ្ឋភាពនេះថា ឌីណាម៉ិចទឹកកក។ នេះជាផ្នែកដ៏សំខាន់ដើម្បីអាចយល់ពីអ្វីដែលកំពុងកើតឡើង។ ហើយនេះសំដៅទៅលើរបៀបដែលផែនទឹកកកនិងផ្ទាំងទឹកកកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ»។
អ្នកស្រី Csatho និយាយថា ការសិក្សានេះបង្ហាញឲ្យឃើញពីហេតុផលដែលថា ការត្រួតពិនិត្យ ទូលំទូលាយនិងដោយលម្អិតពិតជាមានសាៈសំខាន់ខ្លាំងណាស់។ ក្រុមការងាររបស់អ្នកស្រីមានគម្រោងតាមដានផែនទឹកកកចំនួន២៤២ នៅកោះហ្រ្គីនលេន ដើម្បីបង្កើតឡើងនូវគំរូប្រសើរជាងមុន។ ហើយអ្នកស្រីបានបន្ថែមថា គំរូទាំងនោះអាចជួយសហគមន៍តាមតំបន់ឆ្នេរឆ្លើយតបទៅនឹងការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ៕
ប្រែសម្រួលដោយ នៀម ឆេង