ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាស៊ីន​ដើរ​ដោយ​អគ្គីសនី​រក្សា​ឲ្យ​ផ្កាយ​រណប​ដំណើរការ​ក្នុង​លំហ​អវកាស


រូប​គំនូរ​​សន្មត​នៃ​ផ្កាយ​រណប​មួយ​របស់​អង្គការ​អវកាស​ណាសា។
រូប​គំនូរ​​សន្មត​នៃ​ផ្កាយ​រណប​មួយ​របស់​អង្គការ​អវកាស​ណាសា។

បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​គេ​ជួប​ប្រទះ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ក្នុង​លំហ​អវកាស​ដ៏​សែន​ឆ្ងាយ​គឺ​បញ្ហា​ចំនួន​ប្រេង​ឥន្ធនៈ។ ដំណោះស្រាយ​មួយ​ចំពោះ​បញ្ហា​នេះ​ គឺ​ការ​ប្រើប្រាស់​ម៉ាស៊ីន​អគ្គិសនី​ទទួល​ថាមពល​ពី​បន្ទះ​សូឡា។ ម៉ាស៊ីន​បែប​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​រួច​មក​ហើយ​នៅ​លើ​ផ្កាយ​រណប​ជា​ច្រើន។

រូបវិទូ​ជា​ច្រើន​បាន​ចាត់​ទុក​កម្លាំង​ទំនាញ​ផែនដី​ជា​កម្លាំង​ខ្សោយ។ ជាក់ស្តែង​ យើង​តែង​តែ​ជម្នះ​ជំនាញ​ផែនដី​ជា​រៀងរាល់​ព្រឹក​នៅ​ពេល​យើង​ក្រោក​ពី​ដំណេក!

ក៏​ប៉ុន្តែ​ ការ​បង្ហោះ​ផ្កាយ​រណប​តម្រូវ​ឲ្យ​មាន​កម្លាំង​ខ្លាំង​ជាង​នេះ គឺ​ត្រូវ​មាន​រ៉ុក្កែត​(កាំជ្រួច)​ដ៏​ធំ​មួយ​និង​ប្រេង​ឥន្ធនៈ​គីមី​យ៉ាង​ច្រើន​ដែល​ត្រូវ​ឆេះ​អស់​យ៉ាង​ឆាប់​ពេល​វា​ហោះ​ឡើង។ នៅ​ពេលរ៉ុក្កែត​និង​ផ្កាយ​រណប​ដ៏​ធ្ងន់​នោះ​ហោះដល់​កម្រិត​កម្ពស់​១៦០​គីឡូម៉ែត្រ​ពី​លើ​ភព​ផែនដី​ កម្លាំង​ទំនាញ​ផែនដី​ក៏​ថយ​ចុះ​រហូត​ធ្វើ​ឲ្យ​រ៉ុក្កែត​នោះ​អាច​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​(រណប​ជុំវិញ​ផែនដី)។

ចំពោះ​បេសកកម្ម​ទៅ​កាន់​លំហ​ទី​អវកាស​ដ៏​ឆ្ងាយ​ដែល​មិន​ត្រឡប់​មក​វិញ​ នឹង​ត្រូវការ​ប្រេង​ឥន្ធនៈ​កាន់​តែ​ច្រើន​ទៀត នេះ​បើ​តាម​ការ​អះអាង​របស់​លោក Michael Patterson បច្ចេកវិទូ​ជាន់ខ្ពស់​ផ្នែក​កម្លាំង​ជំរុញ​ក្នុង​ទី​អវកាស​របស់​ទីភ្នាក់ងារ​អវកាស​ណាសា (NASA) របស់​សហរដ្ឋ​អាមេរិក។

«នៅ​ក្នុង​ប្រតិបត្តិការ​បេសកកម្ម​ណា​ក៏​ដោយ​ ជា​ពិសេស​ទៅ​កាន់​ទី​អវកាស​ឆ្ងាយ​ (deep space) ថាមពល​ដែល​ត្រូវ​ការ​សម្រាប់​សម្រេច​បេសកកម្ម​នោះ​ គឺ​វា​ច្រើន​ណាស់។ ដូច្នេះ​កន្លែង​សម្រាប់​ស្តុត​សាំង ជាទូទៅ​មាន​ទំហំ​ធំ​ខ្លាំង​ណាស់»។

លោក Patterson និយាយ​ថា​ នៅ​ទសវត្សរ៍​១៩៥០ ទី​ភ្នាក់ងារ​អវកាស​ណាសា​បាន​ចាប់​ផ្តើម​ធ្វើ​ពិសោធន៍​ទៅ​លើ​អ្វី​ដែល​គេ​ហៅ​ថា​ កម្លាំង​ជំរុញ​ដើរ​ដោយ​អគ្គិសនី​ (electric propulsion) ឬ​ហៅកាត់​ថា​ EP ដែល​ជា​កំសួល​នៃ​ភាគ​អគ្គិសនី​តូចៗ​ ហើយ​ដែល​ភាគ​ទាំង​នេះ​មិន​ត្រូវការ​ថាមពល​ច្រើន​នោះ​ទេ។ នៅ​ពេល​ចូល​ដល់​លំហ​អវកាស​ភ្លាម​ យាន​ដើរ​ដោយ​កម្លាំង​ជំរុញ EP នេះ នឹង​បន្ត​ដំណើរ​ទៅ​កាន់​គោលដៅ​ដោយ​សន្សឹមៗ និង​មាន​ចលនា​កាន់​តែ​លឿន​បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​រយៈ​ពេល​កាន់​តែ​យូរ។ ជា​ឧទាហរណ៍​ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​អស់​៤ឆ្នាំ​ វា​អាច​មាន​ល្បឿន​១០​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី។

ថាមពល​ EP នេះ​គឺ​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​បេសកកម្ម​រយៈ​ពេល​វែង។ ក៏ប៉ុន្តែ​នៅ​ខណៈ​ពេល​ដែល​ទីភ្នាក់ងារ​ណាសា​កំពុង​តែ​ធ្វើ​ការ​សាកល្បង​ថាមពល EP សម្រាប់​ការ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​ក្នុង​លំហ​អវកាស​នោះ​ វិស្វករ​បាន​រក​ឃើញថា ​ថាមពល​ដើរ​ដោយ​អ៊ីយ៉ុង​អាច​ប្រើប្រាស់​សម្រាប់​កិច្ចការ​ផ្សេង​ទៀត​ដែល​នៅ​ជិត​ភព​ផែនដី​វិញ។

កម្លាំង​ទាញ​របស់​ព្រះ​អាទិត្យ​ ព្រះច័ន្ទ និង​ភព​ផែនដី​មាន​ទំនាញ​លើ​ផ្កាយ​រណប​ឯកជន​វិល​ក្នុង​ល្បឿន​មួយ​ដែល​រក្សា​ទីតាំង​ដដែល​ធៀប​ទៅ​នឹង​ផែនដី។ កម្លាំង​ជំរុញ​ដើរ​ដោយ​អគ្គិសនី EP ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​សារៈប្រយោជន៍​សម្រាប់​រក្សា​ផ្កាយ​រណប​ឲ្យ​ស្ថិត​ក្នុង​ទីតាំង​មួយ​ដែល​គេ​បាន​កំណត់។

លោក Patterson និយាយ​ថា សព្វ​ថ្ងៃ​នេះ​ ក្នុង​ចំណោម​ផ្កាយ​រណប​ប្រហែល​២៥០​ដែល​មាន​ក្នុង​គន្លង​តារាវិថី មាន៤៣ភាគរយ​បាន​ប្រើប្រាស់​ថាមពល EP ក្នុង​ទម្រង់​ណា​មួយ។​

ប៉ុន្តែ​ទើប​តែមួយ​ទសវត្សរ៍​ក្រោយ​មក​ទៀត​ បាន​គេ​យក​បច្ចេកវិទ្យា EP នេះទៅ​ប្រើ​សម្រាប់​បេសកកម្ម​ក្នុង​លំហ​អវកាស​ឆ្ងាយ។

«ទើប​តែ​ក្នុង​ទសវត្សរ៍​១៩៩០​ប៉ុណ្ណោះ ដែល​កម្លាំង​ជំរុញ​ដើរ​ដោយ​អគ្គីសនី (EP) ត្រូវ​បាន​អង្គការ​ណាសា​ចាប់​ផ្តើម​ប្រើប្រាស់​នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន​ ហើយ​នោះ​គឺ​ជា​ការ​មក​ដល់​នៃ​បច្ចេកវិទ្យា​កម្លាំង​រុញ​ច្រាន​ដោយ​អ៊ីយ៉ុង (ion thruster) ដែល​ត្រូវ​បង្ហោះ​នៅ​លើ​យាន​អវកាស​នៃ​បេសកកម្ម Deep Space One»។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​បន្ត​ធ្វើ​ពិសោធន៍​លើ​កម្លាំង​រុញ​ច្រាន​ផ្សេង​ទៀត​ ដែល​ត្រូវ​ការ​ថាមពល​កាន់​តែ​តិច។ ខណៈ​ពេល​ដែល​ទីភ្នាក់ងារ​ណាសា​កំពុង​តែ​ផលិត​ប្រព័ន្ធ​រុញ​ច្រាន​ដែល​ប្រើ​ជាតិ​អ៊ីយ៉ុង​ជំនាន់​ថ្មី​មួយ​ឈ្មោះ​ថា NEXT មាន​អ្នក​វិទ្យាសាស្រ្ត​ផ្សេង​ទៀត​កំពុង​ធ្វើ​ពិសោធន៍​នឹង​គំនិត​កាន់​តែ​ប្លែកៗ ដូច​ជា​ប្រើ​ Q-Thruster ដែល​ប្រើ​រលក​សំឡេង microwaves ​ជំនួស​ឲ្យ​កំសួល​នៃ​ភាគ​អគ្គីសនី​តូចៗ។​

អ្នក​រិះគន់​បាន​ហៅ​ម៉ាស៊ីន​នេះ​ថា «ម៉ាស៊ីន​ដែល​មិន​អាច​ទៅ​រួច» ដោយ​អះអាង​ថា​គោល​គំនិត​នេះ​មិន​ស្រប​នឹង​គោលការណ៍​(ទ្រឹស្តី)​មូលដ្ឋាន​នៃ​រូបវិទ្យា​ ក៏​ប៉ុន្តែ​អ្នក​គាំទ្រ​ម៉ាស៊ីន​នេះ​និយាយ​ថា ពួក​គេ​មាន​ភស្តុតាង​បង្ហាញ​ថា​វា​ពិត​ជា​បាន​បង្កើត​ឲ្យ​មាន​កម្លាំង​រុញ​ច្រាន។

លោក Patterson បាន​ចង្អុល​បង្ហាញ​ថា បច្ចេកវិទ្យា EP មិន​សក្តិសម​សម្រាប់​បេសកកម្ម​មាន​មនុស្ស​ជិះ​ទៅ​កាន់​ដែន​គន្លង​តារាវិថី​(រណប)​ភព​ផែនដី​ ឬ​សម្រាប់​បេសកកម្ម​ទៅ​កាន់​ព្រះ​ច័ន្ទ​ទេ ពីព្រោះ​វា​ចំណាយ​ពេល​យូរ​ពេក។

«បេសកកម្ម​ដែល​សក្តិសម​ប្រើ EP មាន​ដូច​ជា​បេសកកម្ម​ទៅ​គោលដៅ​ឆ្ងាយៗ​ដូច​ជា​ទៅ​ភព​ព្រះអង្គារ​ ឬ​ឆ្ងាយ​ជាង​នេះ​ទៅ​ទៀត។ មាន​ន័យ​ថា​ បើ​យើង​មាន​ថាមពល​គ្រប់គ្រាន់​ពេល​ធ្វើ​ដំណើរ​ វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ប្រើ​កម្លាំង​រុញ​ច្រាន​ដើរ​ដោយ​អគ្គីសនី​សម្រាប់​បេសកកម្ម​មាន​មនុស្ស​ជិះ»។

ក៏​ប៉ុន្តែ​ លោក​បាន​និយាយ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ វា​ជា​រឿង​សម​ហេតុផល​ក្នុង​ការ​ប្រើប្រាស់ EP លើ​គ្រឿង​យន្ត​គ្មាន​មនុស្ស​បើក​ដែល​ដឹក​អ៊ីវ៉ាន់​ទៅ​កាន់​គន្លង​ព្រះ​អង្គារ​ ដើម្បី​ជួយ​ទ្រទ្រង់ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មនុស្ស​បាន​ស្ថាបនា​នៅ​លើ​ភព​នោះ៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG