ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផ្កាយ​រណប​អាមេរិក​នឹង​ជួយ​តំបន់​ទន្លេ​មេគង្គ​ក្រោម​រក​ដំណោះស្រាយ​ចំពោះ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ

  • Ron Corben

ផ្ទះ​នៅ​​ជិត​​មាត់​ទន្លេ​មេគង្គ ត្រូវ​បាន​ថត​ក្រោយពី​មាន​ការបាក់ដី​នៅ​តាម​មាត់​ទន្លេ​នេះ ក្នុង​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា។

ក្នុង​ពេល​ឆាប់ៗ​នេះ រូបភាព​ផ្កាយ​រណប​របស់​សហរដ្ឋអាមេរិក​ផ្សាយ​ចេញ​ដោយ​ទី​ភ្នាក់ងារ​អវកាស​ណាសា (NASA) ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ជួយ​ប្រជាពលរដ្ឋ​ប្រមាណ​៦០លាន​នាក់ ដែល​កំពុង​តែ​រស់​នៅ​តំបន់​អាង​ទន្លេ​មេគង្គ​ក្រោម​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ដោះ​ស្រាយ​បញ្ហា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ និង​កត្តា​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ គម្រោង​នេះ​គឺ​បន្ថែម​លើ​គម្រោង​ពី​មុន​របស់ NASA ដែល​ធ្លាប់​បាន​ជួយ​សហគមន៍​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង ទ្វីប​អាហ្រ្វិក និង​ទ្វីប​អាស៊ី​ខាង​ត្បូង។

គម្រោង​៥ឆ្នាំ​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​រួប​រួម​ប្រទេស​នៅ​តំបន់​អាង​ទន្លេ​មេគង្គ​ក្រោម​ដូច​ជា​ប្រទេស មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម ខណៈ​ដែល​តំបន់​នេះ​ជួប​ប្រទះ​នឹង​កត្តា​ប្រឈម​ជា​បន្ត​បន្ទាប់​ពី​ឥទ្ធិពល​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ជា​ពិសេស​គឺ​លំនាំ​អាកាស​ធាតុ​ធ្ងន់ធ្ងរ​កាន់​តែ​កើន​ឡើង។

បរិស្ថាន​វិទូ​និយាយ​ថា​ កត្តា​ប្រឈម​ទាំង​នេះ​រួម​មាន​បញ្ហា​ការ​ប្រើ​ប្រាស់​ទឹក​ ការ​កាប់​ព្រៃ​ឈើ ទឹក​ជំនន់ និង​ការ​បន្ធូរ​បន្ថយ​គ្រោះ​មហន្ត​រាយ។

អង្គការ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​មហន្ត​រាយ​របស់​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា (UNISDR) និយាយ​ថា​ការ​ចំណាយ​ដោយ​សារ​តែ​គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​កើន​ឡើង ហើយ​ចាប់​ពី​ឆ្នាំ​២០០២ មក​ដល់​ឆ្នាំ២០១២ ការ​ចំណាយ​លើ​ការ​ខូច​ខាត​របស់​ពិភព​លោក ដោយ​សារ​តែ​គ្រោះ​មហន្តរាយ​ពាក់​ព័ន្ធ​នឹង​អាកាស​ធាតុ​គឺ ១.៧០០​លាន​ដុល្លារ ដោយ​ឆក់​យក​ជីវិត​មនុស្ស​ចំនួន១.២​លាន​នាក់ និង​ប៉ះ​ពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​២.៩០០​លាន​នាក់។

ក្នុង​កិច្ច​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ព័ត៌មាន​សម្រាប់​សហគមន៍​ប្រឈម​នឹង​គ្រោះ​ថា្នក់​កាន់​តែ​ប្រសើរ​ឡើង ទី​ភ្នាក់​ងារ​អវកាស​ណាសា (NASA) ដែល​គាំ​ទ្រ​ដោយ​ទី​ភ្នាក់​ងារ​ដើម្បី​ការ​អភិវឌ្ឍ​របស់​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា (USAID) គឺ​ធ្វើ​ការ​រួម​គ្នា​ជាមួយ​នឹង​ដៃ​គូ​ក្នុង​តំបន់​ដែល​ក្នុង​នោះ​រួម​មាន​ មជ្ឈ​មណ្ឌល​ត្រៀម​ខ្លួន​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​នៅ​តំបន់​អាស៊ី ដែល​មាន​ទី​តាំង​នៅ​ក្នុង​ប្រទេស​ថៃ​ហៅ​កាត់​ថា (ADPC) ដើម្បី​ផ្តល់​រូបភាព​ផ្កាយ​រណប​ឲ្យ​រដ្ឋាភិបាល​របស់​ប្រទេស​ក្នុង​តំបន់។

អ្នក​ស្រី Gabrielle Iglesias មន្ត្រី​គម្រោង ADPC និយាយ​ថា គម្រោង​នេះ​មាន​គោលបំណង​ផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព​ផ្លាស់​ប្តូរ​អាកាសធាតុ​ទៅ​ឲ្យ​សហគមន៍​ក្នុង​តំបន់ និង​ជួយ​សហគមន៍​ឲ្យ​ចេះ​ប្រើ​ប្រាស់ព័ត៌មាន​រូបភាព​ទាំង​នេះ​ដោយ​មាន​ប្រសិទ្ធិភាព។

«គម្រោង​នេះ​នឹង​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ដំណាក់​កាល​ទំាង​ពីរនេះ​គឺ ការ​អភិវឌ្ឍ​វិធីសាស្ត្រ​ទាញ​យក​ព័ត៌មាន និង​ផ្កាយ​រណប​ដែល​ទាញ​យក​ទិន្នន័យ ហើយ​បង្កើន​សមត្ថភាព​សម្រាប់​ការ​ធ្វើ​សេចក្តី​សម្រេច ដើម្បី​ស្វែង​យល់​និង​បកស្រាយ​លទ្ធផល​នៃ​ការ​វិភាគ​ទិន្នន័យ​នេះ ដែល​នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ការ​ធ្វើ​សេចក្តី​សម្រេច​លើ​ការ​ប្រើ​ប្រាស់​ដី ការ​ការពារ​បរិស្ថាន​និង​ការ​សម្រប​សម្រួល​ទៅ​តាម​កាលៈទេសៈ»។

មន្រ្តី​ជាន់​ខ្ពស់​របស់​ទីភ្នាក់ងារ USAID និយាយ​ថា ទិន្នន័យ​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ អ្នក​តំណាង​រដ្ឋាភិបាល នាយក​គ្រប់គ្រង​ធន​ធាន​ជាតិ និង​អ្នក​ជំនាញ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​ទៅ​កាន់​វីអូអេ មន្ត្រី​ទាំង​នេះ​បាន​និយាយ​ថា គោល​បំណង​នេះ​គឺ​ដើម្បី​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​តំបន់​អាសន្ន​បំផុត​ក្រោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន។

ការ​ចំណាយ​លើ​ការ​ទាញ​យក​រូបភាព​ផ្កាយ​រណប​បាន​ថយ​ចុះ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ដែល​ធ្វើ​ឲ្យ​មាន​ការ​ទទួល​បាន​ព័ត៌មាន​ច្រើន​ជាង​មុន។ ទិន្នន័យ​ទាំងនេះ​គឺ​ពិត​ជា​មាន​តម្លៃ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ភ្លាមៗ​ក្រោយ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ។ កាល​ពី​ឆ្នាំ​២០០៨ ព្យុះ​ស៊ីក្លូន Nargis បាន​បក់​បោក​តំបន់​ដី​សណ្ត Irrawaddy របស់​ប្រទេស​មីយ៉ាន់ម៉ា ឬ​ប្រទេស​ភូមា ដែល​បណ្តាលឲ្យ​មនុស្ស​ប្រមាណ​១៣ម៉ឺន​នាក់​បាត់​បង់​ជីវិត។

អ្នកស្រី Iglesias នៃមជ្ឈមណ្ឌល ADPC និយាយ​ថា សោកនាដកម្ម​នៃ​ព្យុះ​ស៊ីក្លូន Nargis នេះ​គូស​បង្ហាញ​ពី​តម្រូវ​ការ​ព័ត៌មាន​បន្ថែម​ក្នុង​ស្ថានភាព​អាសន្ន។

«ទិដ្ឋភាព​សំខាន់​មួយ​ទៀត​គឺ​ការ​ធ្វើ​ឲ្យ​ការ​ត្រៀម​ខ្លួន​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​មាន​ភាព​ប្រសើរ​ឡើង។ ដូច្នេះ ជា​ឧទាហរណ៍​ក្នុង​ករណី​ព្យុះ​ស៊ីក្លូន Nargis នៅ​ប្រទេស​មីយ៉ាន់ម៉ា បញ្ហា​មួយ​ផ្នែក​មិន​មែន​ស្ថិត​នៅ​ត្រង់​ការ​ខ្វះ​ខាត​នូវ​ប្រការ​ជូន​ដំណឹង​ទុក​ជា​មុន ប៉ុន្តែ​ត្រង់​ថា អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ព័ត៌មាន​ថា​ព្យុះ​ស៊ីក្លូន​បាន​បក់​តម្រង់​មក​លើ​តំបន់​ជាក់​លាក់​មួយ​នៃ​ប្រទេស​មីយ៉ាន់ម៉ា។ ដូច្នេះ បញ្ហា​ពេល​នោះ​គឺ​ថា ​តើ​ត្រូវ​ជម្លៀស​មនុស្ស​ទៅ​ទី​កន្លែង​ណា និង​ការ​ខ្វះខាត​នូវ​ផ្លូវ​សម្រាប់​ការ​ជម្លៀស​មនុស្ស​ទៅ​កាន់​ទី​ជម្រក​បណ្តោះ​អាសន្ន​ជាដើម»។

រូបភាព​ផ្កាយ​រណប ទិន្នន័យ​ភូមិ​សាស្ត្រ និង​ផែន​ទី​នៃ​ទី​តាំង​ភូមិ​សាស្ត្រ​ថត​ពី​អវកាស​អាច​ជួយ​ដល់​បញ្ហា​ជា​ច្រើន​ដូចជា ការ​គ្រប់​គ្រង់​ធនធាន​ទឹក គម្រោង​ប្រើ​ប្រាស់​ដី ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។

ទិន្នន័យ​ផ្កាយ​រណប​នេះ​ត្រូវ​បាន​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​បង់ក្លាដែស តង់សានី អែលសាល់វ៉ាឌ័រ ក្វាតេម៉ាឡា និង​ប្រទេស​កេនយ៉ា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដូច​ជា លំនាំ​ទឹក​ភ្លៀង ជំងឺ​ឆ្លង​តាម​វិរុស Vector ដូចជា​ជំងឺ​គ្រុន​ឈាម ការ​សាយ​ភាយ​នៃ​ការ​ដុះ​ស្លែ និង​ការ​ការ​ពារ​ព្រៃឈើ និង​សត្វ​ព្រៃ។

មន្ត្រី USAID និយាយ​ថា តំបន់​អាង​ទន្លេ​មេគង្គ​ក្រោម​ក៏​កំពុង​តែ​ជួប​ប្រទះ​នឹង​កត្តា​ប្រឈម​កាន់​តែ​ស្មុគ​ស្មាញ​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​ ដោយ​បន្ថែម​ថា វា​សំខាន់​ក្នុង​ការ​ប្រើ​ប្រាស់​សក្តានុពល​ទាំង​អស់​នៃ​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​សម្រាប់​ការ​ធ្វើ​សេចក្តី​សម្រេច៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG