ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមសហជីព​និង​ភាគី​និយោជក មាន​ជំហរ​ផ្ទុយគ្នា​ចំពោះ​វិសោធនកម្ម​ច្បាប់​ការងារ


រូបឯកសារ៖ កម្មករនិយោជិក​ក្រុមហ៊ុន​ណាហ្គាវើល​ជាង១០០ នាក់ ប្រមូលផ្តុំគ្នា​មកដាក់​ញត្តិ​ស្នើ​សុំជំនួយ​ពី​រដ្ឋាភិបាល និង​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​នៅខាងមុខ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ អំឡុងពេល​ដែល​ត្រូវបាន​ព្យួរការងារ​ក្នុងពេលដែល​មាន​ជំងឺ​កូវីដ១៩។
រូបឯកសារ៖ កម្មករនិយោជិក​ក្រុមហ៊ុន​ណាហ្គាវើល​ជាង១០០ នាក់ ប្រមូលផ្តុំគ្នា​មកដាក់​ញត្តិ​ស្នើ​សុំជំនួយ​ពី​រដ្ឋាភិបាល និង​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​នៅខាងមុខ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ អំឡុងពេល​ដែល​ត្រូវបាន​ព្យួរការងារ​ក្នុងពេលដែល​មាន​ជំងឺ​កូវីដ១៩។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា លោក​យល់​ថា ការកែប្រែ​មាត្រា​ទាំងនេះ នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​កម្មករ​ទេ។

ការ​ពិភាក្សា​ត្រី​ភាគី​អំពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការងារ​ បាន​ចាប់​ផ្តើម​ជា​ថ្មី​ទៀត​នៅ​សប្តាហ៍​នេះ ដោយ​មាន​ការ​ជជែក​គ្នា​លើ​មាត្រា​ចំនួន​បី​សំខាន់ៗ​ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ និង​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ដែល​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​ទុន​ថ្មីៗ​បន្ថែម​ទៀត។​

ការ​ពិភាក្សា​ត្រី​ភាគី​ ដែល​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​រួមមាន​ទាំង​អ្នក​ជំនាញ​ក្នុង​វិស័យ​ការងារ​ផង បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃពុធ​ កន្លង​ទៅ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​ ក្រុម​តំណាង​សហជីព​ តំណាង​និយោជក​ និង​ភាគី​រដ្ឋាភិបាល​ ក៏​ដូច​ជា​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ក្នុង​វិស័យ​ការងារ​ បាន​បង្ហាញ​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ នៅ​ក្រោយ​ការ​ពិភាក្សា​នេះ។​

លោក​ អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា​ វិសោធន​កម្ម​ច្បាប់​ស្តីពី​ការងារ​នៅ​លើក​នេះ​ ផ្តោត​លើ​មាត្រា​ចំនួន​បី​ គឺ​មាត្រា​១៤៤​ថ្មី​ មាត្រា​១៦២​ និង​មាត្រា​ ៣០០។​ លោក​យល់​ថា​ ការ​កែ​ប្រែ​មាត្រា​ទាំង​នេះ​ នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​កម្មករ​ទេ។​

«ដូច​ជា​មាត្រា​១៤៤​ថ្មី​ ដែល​ស្តីអំពី​ការ​ធ្វើ​ការ​ការ​ងារ​វេន​យប់​នោះ​ គឺ​នៅ​ក្នុង​ច្បាប់​នេះ​ កាល​នៅ​ឆ្នាំ​ ១៩៩៧​ គឺ​មាត្រា​នេះ​ គឺ​នៅ​ពេល​ដែល​កម្មករ​ធ្វើ​ការ​វេន​យប់​ គឺ​គេ​ផ្តល់​ឲ្យ​២០០​ ភាគរយ​ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៧​ គឺ​រដ្ឋាភិបាល​បាន​ធ្វើ​វិសោធន​កម្ម​ម្តង​ឲ្យ​ថយ​ពី​២០០​ ភាគ​រយ​ មក​នៅ​ត្រឹម​១៣០ ​ភាគ​រយ។​ ឥឡូវ​នេះ​ គឺ​និយោជក​ និង​រដ្ឋាភិបាល ​បាន​ពង្រាង​ថ្មី​ គឺ​ថយ​ពី​១៣០ ​ភាគរយ​ មក​នៅ​១០០​ ភាគ​រយ។ អ៊ីចឹង​ជាការ​បាត់បង់​៣០​ភាគរយ​ បើ​សិន​កម្មករ​ធ្វើ​ការ​វេន​យប់»។​

ការ​ធ្វើ​ការ​វេន​យប់​នេះ​ គឺ​សំដៅ​ដល់​ការងារ​ធ្វើ​ចាប់​ពី​ម៉ោង​២២​ ឬ​ម៉ោង​១០​យប់​ ដល់​ម៉ោង​៥​ភ្លឺ។ ​ ប្រាក់​ឈ្នួល​ គឺ​ខុស​ពី​ការ​ធ្វើ​ការងារ​វេនថ្ងៃ។​ បើ​តាម​ច្បាប់​ស្តីពី​ការងារ​នៅ​ឆ្នាំ​១៩៩៧ ប្រសិន​បើ​កម្មករ​ធ្វើ​ការ​វេន​ថ្ងៃ​ទទួល​បាន​ប្រាក់​ឈ្នួល​១០០​ដុល្លារ​ក្នុង​មួយ​ខែ​ ​នោះ​កម្មករ​ដែល​ធ្វើ​ការ​វេន​យប់​អាច​ទទួល​បាន​២០០​ដុល្លារ​ក្នុង​មួយ​ខែ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​អាត់ ធន់។​


លោក​បន្ត​ថា​ បើ​តាម​ការ​កែប្រែ​មាត្រា​១៦២ ​ក្នុង​សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការងារ​នេះកម្មករ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​នៅ​ថ្ងៃ​បន្ទាប់​ ពី​ថ្ងៃ​អាទិត្យ​ដែល​ជាន់​គ្នា​នឹង​ថ្ងៃ​មាន​ពិធី​បុណ្យ​សំខាន់ៗ​នោះ​ទេ។​ កាល​ពីមុន​ បើ​ថ្ងៃ​បុណ្យ​ចំ​ថ្ងៃ​ឈប់​សម្រាក​ នោះ​ច្បាប់​តម្រូវ​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃអាទិត្យ។

«កាលមុន​គឺ​ថា ពេល​ថ្ងៃ​បុណ្យ​ហ្នឹង​ចំថ្ងៃ​អាទិត្យ​ គឺ​និយោជក​ ត្រូវ​ផ្តល់​ប្រាក់​ឈ្នួល​ឲ្យ​មួយ​ថ្ងៃ​ទៀត​ ឬ​ ក៏​លើក​ពេល​មួយ​ថ្ងៃ​ទៀត។​ ប៉ុន្តែ​ឥឡូវ​នេះ​ គឺ​ស្នើ​ឲ្យ​លុប​អាហ្នឹង​មាន​ន័យ​ថា ​វា​បាត់​បង់​ប្រយោជន៍​កម្មករ​ ក្នុង​មួយ​ឆ្នាំ​ បើ​យើង​គិត​មើល​រយៈ​ពេល​នេះ​ ថ្ងៃ​បុណ្យ​ចំ​ថ្ងៃ​អាទិត្យ​ ប្រហែល​ជា​ពីរ​ទៅ​បី​ថ្ងៃ​ហើយ​ កន្លង​មក​ខាង​រដ្ឋាភិបាល​ហ្នឹង​ គឺ​បាន​ សម្រេច​លុប​ចោល​ថ្ងៃ​បុណ្យ​ប្រាំមួយ​ថ្ងៃ​ហើយ​ អ៊ីចឹង​បើសិន​ជា​បន្ថែម​ថ្ងៃបុណ្យ​ចំ​ថ្ងៃ​អាទិត្យ​ ពីរ​ បី​ថ្ងៃ​ទៀត​ ​ខ្ញុំ​ថា​ ​កម្មករ​យើង​ខាត​បង់​ច្រើន​មែន​ទែនជិត​១០​ថ្ងៃ​ឯ​ណោះ​បាទ»។​

ទាក់​ទិន​មាត្រា​ ៣០០ ​លោក​និយាយ​ថា​ ខាង​ភាគី​សហជីព​មិន​ជំទាស់​ទេ​ ព្រោះ​ការ​កែប្រែ​មាត្រា​នេះ​ នឹង​បើក​ផ្លូវ​ឲ្យ​ពង្រីក​វិសាលភាព​ដោះ​ស្រាយ​វិវាទ​ការងារ​របស់​បុគ្គល​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ជា​ជាង​តាម​ផ្លូវ​តុលាការ។​

ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ​លោក ​ខេន លូ​ អគ្គ​លេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ​GMAC​គាំទ្រ​ឲ្យ​បន្ត​វិសោធន​កម្ម​នេះ​ ពីព្រោះ​វា​នឹង​ជួយ​ឲ្យ​កម្ពុជា​ មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្បែរ​ខាង​ និង​ប្រទេស​ក្នុង​តំបន់​ ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​តិច​ជាង​នៅ​កម្ពុជា។​

«អ៊ីចឹង​ យើង​មើល​ថា​ ថ្ងៃ​ឈប់​សម្រាក​ពួក​យើង​ ទោះ​បី​ឆ្នាំ​២០២០​ កាត់​បន្ថយ​ប្រាំ​មួយ​ថ្ងៃ​ហើយ​ ​ ប៉ុន្តែ​ នៅ​តែ​ខ្ពស់​ជាង​គេ។​ នៅ​តែ​ខ្ពស់​ជាង​គេ​ យើង​ឈប់​សម្រាក​២២​ថ្ងៃ​មិន​អ៊ីចឹង?​... យើង​២២​ថ្ងៃ​ បង់ក្លាដេស​ ១៧​ថ្ងៃ វៀតណាម​១១​ថ្ងៃ​ឡាវ​១៣​ថ្ងៃ​ថៃឡង់ដ៍​១៨​ថ្ងៃ​ម៉ាឡេស៊ី​១៤​ថ្ងៃ។ អ៊ីចឹង​យើង​នៅ​តែ​លើស។​ យើង​នៅតែ​ច្រើន​ជាង​គេ។ ​ អ៊ីចឹង​ខ្ញុំអត់​យល់​ថា ​ អា​កាត់​បន្ថយ​ផល​ប្រយោជន៍​បុគ្គលិក​មក​ពី​ណា»។​

រូប​ឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​របស់​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/វីអូអេ)
រូប​ឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​របស់​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/វីអូអេ)

លោក​បន្ថែម​ថា​ កម្ពុជា​ នៅ​ពេល​បច្ចុប្បន្ននេះ​ ក៏​មិន​អាច​ពឹង​ផ្អែក​តែ​ទៅ​លើ​ឧស្សាហ​កម្ម​កាត់ដេរ​ជា​ចម្បង​នោះ​ដែរដូច្នេះ​ វិសោធន​កម្ម​ច្បាប់​ស្តីពី​ការងារ​នេះ​អាច​ជំរុញ​ឲ្យ​មាន​ការ​បណ្តាក់​ទុន​ក្នុង​ផលិត​កម្ម​ផ្សេង​ទៀត។​

«ឥឡូវ​យើង​អត់​អាច​ពឹង​លើ​កាត់​ដេរ​រហូត​ទេ។​ យល់​ទេ?​ យើង​ត្រូវ​ទាញ​វិស័យ​ផ្សេងៗ។​ ខ្ញុំ​អត់​ដឹង​ឧទាហរណ៍​យ៉ាង​ម៉េច​ទេ​ វិស័យ​ផ្សេង​ដែល​ចង់ ​[ធ្វើ​]​ ២៤​ម៉ោង​ នៅលើ​២៤​ម៉ោង​វិស័យ​ធ្វើ​កង់​ វិស័យ​ធ្វើ​ម៉ូតូ​វិស័យ​ធ្វើ​ឡាន​មិន​ចឹង»។ ​

បើតាម​ឯកសារ​ស្តីពី​ការ​កសាង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ការងារ​រៀបចំ​ដោយ​ក្រសួង​ការងារ​ដែល​វីអូអេ​បាន​ទទួល​ ​ បាន​ឲ្យ​ដឹង​ថា​ ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ ធ្វើ​ឡើង​ស្រប​ទៅ​នឹង​នយោបាយ​របស់​ប្រទេស​កម្ពុជា​ ដែល​ប្រែក្លាយ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ឧស្សាហ​កម្ម​អតិពលកម្ម​ ទៅ​រក​ឧស្សាហ​កម្ម​ដោយ​ប្រើ​ជំនាញ​នៅ​ឆ្នាំ​២០២៥។​ តាមរយៈ​វិស័យ​ឧស្សាហ​កម្ម​ថ្មី​ ដែល​មាន​ការ​បង្កើត​តម្លៃ​បន្ថែម​ខ្ពស់​ ​ភាព​ច្នៃ​ប្រតិដ្ឋ​ និង​ភាព​ប្រកួត​ប្រជែង​ខ្ពស់​ជា​ច្រើន​ ដូច​ជា​ «វិស័យ​ឱសថ​ សម្ភារៈ​សំណង់​ វេច​ខ្ចប់​ វិស័យ​កសិឧស្សាហ​កម្ម​ [និង​]ឧស្សាហ​កម្ម​ធន់​ធ្ងន់» នោះ​ ​នោះ​ពលរដ្ឋ​កម្ពុជា​អាច​រក​បាន​ចំណូល​ខ្ពស់​ជាង​មុន។​

ប៉ុន្តែ​លោក ​អាត់ ធន់​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្សេង​ទៀត​ជំនួស​ឲ្យ​ការ​កាត់​បន្ថយ​អត្ថ​ប្រយោជន៍​កម្មករ។​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ទាំង​នោះ​ មាន​ដូច​ជា​ការ​កាត់​បន្ថយ​ថ្លៃ​ទឹក​ ភ្លើង​ ការិយាធិប​តេយ្យ ​អំពើ​ពុក​រលួយ ​និង​កសាង​ប្រព័ន្ធ​ច្បាប់​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ជាដើម​ ដើម្បី​ទាក់​ទាញ​ឲ្យ​អ្នក​វិនិយោគ​មក​ដាក់​ទុន​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ថ្មីៗ​ ឬ​ក៏​ធ្វើ​ឲ្យ​ទាន់​ឧស្សាហ​កម្ម​ជំនាន់​ទី​បួន​នោះ។​

រូបឯកសារ៖ អ្នក​ស្រី ​ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ NagaWorld និយាយ​ពីស្ថានភាព​បុគ្គលិកកាស៊ីណូ​នៃក្រុមហ៊ុន​ Naga World​នៅ ក្រៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទី​ក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ២០២០។
រូបឯកសារ៖ អ្នក​ស្រី ​ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ NagaWorld និយាយ​ពីស្ថានភាព​បុគ្គលិកកាស៊ីណូ​នៃក្រុមហ៊ុន​ Naga World​នៅ ក្រៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទី​ក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ២០២០។

ដោយ​ឡែក​ អ្នកស្រី ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​ បង្ហាញ​ការ​សោក​ស្តាយ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ចាប់​ផ្តើម​កិច្ច​ពិគ្រោះ​យោបល់​អំពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការងារ​នេះ។​អ្នកស្រី​និយាយ​ថា​វិសោធន​កម្ម​ច្បាប់​នេះ​ នឹង​រឹត​តែ​ធ្វើ​ឲ្យ​កម្មករ​បាត់​បង់​អត្ថ​ប្រយោជន៍​បន្ថែម​ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។​

«សមាជិក​របស់​យើង​ខ្លះ​បាន​ចោទ​ជា​សំណួរ​ថា​ តើ​ រាជ​រដ្ឋាភិបាល​យើង​រាល់​ថ្ងៃ​គាត់​បាន​គិត​គូរ​ ពី​កម្មករ​ខ្លះ​ទេ? ​ តើ​រដ្ឋាភិបាល​យើង​រាល់​ថ្ងៃ​ហ្នឹង​ គឺ​ជា​រដ្ឋាភិបាល​របស់​ប្រជាជន​ទូទៅ​ ឬក៏​ជា​រដ្ឋាភិបាល​របស់​ថៅកែ​ ពីព្រោះ​យើង​ឃើញ​ថា​រាល់​ការ​អនុម័ត​សម្រេច​អ្វី​ទាំង​អស់​ គឺ​ផ្តល់​អត្ថ​ប្រយោជន៍​ទៅ​ដល់​ថៅកែ​ទាំងអស់ ​ប៉ុន្តែ​ពី​កម្មករ​និយោជិត​មាន​តែ​ដក​ចេញ​ពី​ពួក​គាត់​ខណៈ​ពេល​ដែល​ពួក​គាត់​គឺ​ក្រ​លំបាក​ហើយ​ប្រាក់​ខែ​តិច​ស្រាប់»។

ឆ្លើយ​តប​ទៅ​នឹង​ការ​ជំទាស់​របស់​ក្រុម​សហជីព​នេះ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក​ហេង សួ​ មាន​ប្រសាសន៍​ថា​ ការ​អត្ថាធិប្បាយ​របស់​បុគ្គល​មួយ​ចំនួន​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​យល់​អំពី​បញ្ហា​សេដ្ឋកិច្ច។ ​លោក​បាន​សរសេរ​តាម​សារ​ទំនាក់​ទំនង​បណ្តាញ​សង្គម​មួយ​ថា៖«វា​គឺជាសិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​បុគ្គល​នីមួយៗ​ដែល​ពេល​ខ្លះ​បុគ្គល​ទាំង​នោះ​មិន​មាន​ជំនាញ​សេដ្ឋកិច្ច​ និង​មិន​ដឹង​អំពី​ផ្លូវ​ដែល​បង្កើត ​ឬ​បង្កើន​ការងារ​ធ្វើ​ឱ្យ​បាន​ជា​អតិបរិមា​នោះ​ទេ។ ​ការ​យល់​ឃើញ​របស់​បុគ្គល​នីមួយៗ​គឺ​ផ្សេង​គ្នា។​ យើង​នឹង​វាយ​តម្លៃ​ទៅ​លើ​មតិភាគ​ច្រើន​ ដែល​គាំទ្រ​ការ​ធ្វើ​វិសោធន​កម្ម​នេះ»។​

លោក​បន្ថែម​ថា​ គោល​បំណង​នៃ​វិសោធន​កម្ម​នេះ​ គឺ​«បង្កើន​ភាព​ប្រកួត​ប្រជែង​ជាតិ​និង​ទាក់​ទាញ​វិនិយោគ​ថ្មី​បន្ថែម​ពី​វិស័យ​ឧស្សាហ​កម្ម​ទំនើប​ថ្មីៗ​ ឧស្សាហ​កម្ម​ធុន​ធ្ងន់​ដែល​ដំណើរការ​២៤​ម៉ោង ​លើ​២៤​ម៉ោង​ ពង្រឹង​និង​ពង្រីក​ការ​ប្រកួត​ប្រជែង​និង​បង្កើន​សមត្ថ​ភាព​ផលិតកម្ម​របស់​ប្រទេស​ ហើយ​បង្កើត​ឱកាស​ការងារ​ថ្មី​បន្ថែម​និង​ផ្តល់​ជម្រើស​នៃ​វេន​ការងារ​ តាម​ពេល​វេលា​នៃ​ស្ថានភាព​គ្រួសារ ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់​ខ្លួន»។​

ឧស្សាហ​កម្ម​កាត់​ដេរ​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។​ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​៨០ ​ម៉ឺន​នាក់​ ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពល​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​តំបន់​ជន​បទ។​ឯកសារ​ស្តីពី​ការ​កសាង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការងារ​របស់​ក្រសួង​ការងារ​ បាន​អះអាង​ថា​ចំនួន​អ្នក​មាន​ការងារ​នៅ​ក្នុង​អនុវិស័យ​កម្មន្តសាល​ទំនើប​បាន​កើន​ឡើង​ និង​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន​៥៤​ម៉ឺន​នាក់។ ​បើ​តាម​ការ​បញ្ជាក់​របស់​មេ​ដឹកនាំ​សហភាព​ការងារ​កម្ពុជា​លោក​អាត់​ ធន់ការ​ពិភាក្សា​អំពី​វិសោធ​កម្ម​ច្បាប់​សី្តពី​ការ​ងារ​នេះ​នឹង​ត្រូវ​ធ្វើ​ពីរ​លើក​ទៀត​ក្នុង​ដំណាច់​ខែ​កក្កដា​នេះ៕

XS
SM
MD
LG