ក្រុមបុគ្គលិកកាស៊ីណូរបស់ក្រុមហ៊ុនណាហ្គាវើល(NagaWorld)ជាង១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីដាក់ញត្តិស្នើឲ្យរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារអាមេរិកក្នុងម្នាក់ៗសម្រាប់ការរស់នៅប្រចាំថ្ងៃ។
ការស្នើសុំរបស់បុគ្គលិកក្នុងផ្នែកល្បែងរបស់ក្រុមហ៊ុនណាហ្គាវើល កើតមានឡើងក្រោយក្រុមហ៊ុននេះបានផ្តាច់ប្រាក់ឧបត្ថម្ភចំនួន៥០ភាគរយនៃប្រាក់ខែរបស់បុគ្គលិកដែលត្រូវបានព្យួរការងារ។ ប្រាក់ឧបត្ថម្ភនេះ ត្រូវបានផ្តល់ឲ្យបុគ្គលិកចាប់ពីខែមេសាដល់ខែឧសភា ក្នុងពេលដែលកាស៊ីណូបានផ្អាកដំណើរការតាមការបញ្ជារបស់រដ្ឋាភិបាលឲ្យផ្អាកអាជីវកម្មកាស៊ីណូទូទាំងប្រទេស ចាប់តាំងពីដើមខែមេសា ដោយសារតែវិបត្តិជំងឺឆ្លងកូវីដ១៩។
ការបិទកាស៊ីណូណាហ្គាវើលប៉ះពាល់ការងាររបស់បុគ្គលិកដែលធ្វើការក្នុងផ្នែកល្បែង គឺមានជាង៣ពាន់នាក់។
អ្នកស្រីឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលប្រាប់វីអូអេនៅក្រៅរបងក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈថាក្រុមបុគ្គលិកជិត៩០០០នាក់កំពុងប្រឈមនឹងការលំបាកជាច្រើនក្នុងការចាយវាយប្រចាំថ្ងៃ នៅពេលគ្មានការងារធ្វើហើយ៩០ភាគរយនៃបុគ្គលិកទាំងនោះត្រូវសងបំណុលធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
«បុគ្គលិកដែលខ្ញុំទទួលបានព័ត៌មានច្រើនលើសលប់នៅក្នុងក្រុមហ៊ុនណាហ្គាវើលហ្នឹងគឺពួកគាត់នៅតែបន្តបង់បំណុលទៅធនាគារ ហើយនិងមីក្រូហិរញ្ញវត្ថុ។អ៊ីចឹង អាប្រាក់ដែលគាត់នៅសល់បន្តិចបន្តួចផ្សែផ្សំបានកាលនៅមានការងារធ្វើហ្នឹង គឺគាត់ទុកបម្រុងភាគច្រើន គឺបង់ទៅខាងមីក្រូហិរញ្ញវត្ថុ ហើយនិងធនាគារ»។
ក្រុមហ៊ុនណាហ្គាវើលបានផ្អាកអាជីវកម្មកាស៊ីណូរបស់ខ្លួនជាង២ខែមកហើយ ក្នុងពេលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ក្រុមហ៊ុននេះនៅបន្តដំណើរការអាជីវកម្មសណ្ឋាគាររបស់ខ្លួន។ ប៉ុន្តែបុគ្គលិកសណ្ឋាគារត្រូវធ្វើការតាមចំនួនថ្ងៃដែលមានកម្រិត ពោលគឺបុគ្គលិកម្នាក់អាចធ្វើការបានតែ៦ថ្ងៃប៉ុណ្ណោះក្នុងមួយខែ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ឈឹម ស៊ីថរ។
ក្រុមតំណាងបុគ្គលិកបានប្រគល់ញត្តិដែលមានស្នាមមេដៃចំនួន២.២៦៣នាក់ ជូនលោក ណុន វណ្ណៈ អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មនិងបាតុកម្មនៃក្រសួងការងារ។
លោក ណុន វណ្ណៈ បានប្រាប់អ្នកស្រីឈឹម ស៊ីថរ និងតំណាងកម្មករផ្សេងទៀតថា ក្រសួងនឹងពិនិត្យសំណើរបស់ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលតែមិនបញ្ជាក់ពីលទ្ធភាពដែលរដ្ឋាភិបាលអាចចាត់ចែងផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារ ដូចកម្មករដែលធ្វើការក្នុងវិស័យកាត់ដេរ និងទេសចរណ៍នោះទេ។
នេះជាលើកដំបូងហើយដែលក្រុមបុគ្គលិកកាស៊ីណូរបស់ក្រុមហ៊ុនណាហ្គាវើល បានចេញមុខស្នើសុំការសង្គ្រោះខាងហិរញ្ញវត្ថុពីរដ្ឋាភិបាល។ក្រុមបុគ្គលិកក៏បានដាក់ញត្តិមានស្នាមមេដៃចំនួន៣.១៨៣នាក់ ស្នើសុំឲ្យក្រុមហ៊ុនបន្តប្រាក់ឧបត្ថម្ភផងដែរ។
អ្នកស្រី រី សុវណ្ណឌីអាយុ៣៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូរបស់ក្រុមហ៊ុនណាហ្គាវើល និយាយថា ជីវភាពរបស់អ្នកស្រីពេលនេះកំពុងប្រឈមការលំបាកយ៉ាងខ្លាំង ដោយសារតែគ្មានប្រាក់ចំណូលហើយមិនអាចរកការងារផ្សេងធ្វើបាន ក្រៅពីការងារជាបុគ្គលិកកាស៊ីណូនេះ។
«ឥឡូវហ្នឹងមានន័យថា អ៊ីចេះ ឥឡូវហ្នឹង ក្រុមហ៊ុនបិទអត់មានលុយឲ្យមួយរៀលទេ។ រដ្ឋាភិបាលក៏អត់មានជួយដែរ ធនាគារគឺទារលុយរហូត។ អាហ្នឹងអ្វីដែលពួកខ្ញុំកំពុងប្រឈមមុខ»។
VOAមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីលោកPhilip Lee ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ណាហ្គាវើលបានទេទាំងតាមទូរស័ព្ទនិងសារអេឡិចត្រូនិកអ៊ីម៉ែលនៅថ្ងៃអង្គារនេះ។
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ មានប្រសាសន៍ថា រដ្ឋាភិបាលគួរគិតគូរដល់បុគ្គលិកកាស៊ីណូរបស់ក្រុមហ៊ុន ណាហ្គាវើលឲ្យដូចក្រុមកម្មករនិងបុគ្គលិក ដែលបានបាត់បង់ការងារឬការងារត្រូវបានព្យួរក្នុងវិស័យផ្សេងទៀតដូចជាវិស័យកាត់ដេរ និងទេសចរណ៍ជាដើម។
កាលពីសប្តាហ៍មុន ក្រសួងការងារបានប្រកាសថារដ្ឋាភិបាលបានបើកប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ចំនួន១៧.០៥២នាក់នៃរោងចក្រសហគ្រាសទាំង៥០ក្នុងវិស័យកាត់ដេរនិងទេសចរណ៍។ក្នុងនោះប្រាក់ចំនួន១៥ដុល្លារសម្រាប់ការព្យួរការងាររយៈពេលពី៧ថ្ងៃទៅ១០ថ្ងៃប្រាក់ចំនួន៣០ដុល្លារសម្រាប់រយៈការព្យួរការងារពី១១ថ្ងៃទៅ២០ថ្ងៃនិងប្រាក់ចំនួន៤០ដុល្លារសម្រាប់ការព្យួរការងារចាប់ពី២១ថ្ងៃទៅ១ខែ។
អ្នកស្រី ឈឹម ស៊ីថរ ប្រធានសហជីពដែលជួយបុគ្គលិកណាហ្គាវើល និយាយថាប្រសិនបើរដ្ឋាភិបាលមើលរំលងពីការស្នើសុំរបស់ក្រុមបុគ្គលិកកាស៊ីណូ នោះ ពួកគេនឹងប្រឈមនឹងកង្វះអាហារ ស្របពេលដែលពួកគេកំពុងប្រឈមនឹងបំណុលផងដែរ៕