ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ណាហ្គាវើលដ៍​ជំរុញ​ឱ្យ​ទូត​បរទេស​ធ្វើ​អន្តរាគមន៍​ដោះ​លែង​តំណាង​និង​តាម​ដាន​ការ​តវ៉ា​របស់​ពួកគេ​


ក្រុម​អតីត​បុគ្គលិក​នយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រៀម​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃច័ន្ទ ទី១៧ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
ក្រុម​អតីត​បុគ្គលិក​នយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រៀម​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃច័ន្ទ ទី១៧ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

អ្នក​តវ៉ា​ដែល​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ណាហ្គាវើលដ៍​ (NagaWorld) ប្រមាណ​៥០​នាក់នៅ​ថ្ងៃ​ច័ន្ទ​នេះបាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេស​មួយ​ចំនួន​ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះ​លែង​តំណាង​សហជីព​៨​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​និង​ឃ្លាំ​មើល​ការ​តវ៉ា​របស់​ពួកគេ។

កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ពួកគេ​បាន​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ហើយ​បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត​បារាំង​និង​អង់គ្លេស។​ ពួកគេ​មាន​គម្រោង​ដាក់​ញត្តិ​ទៅ​អង្គទូត​បរទេស​ចំនួន​១៤​ក្នុង​នោះ​មាន​ស្ថានទូត​កាណាដា​អឺរ៉ុប​អាល្លឺម៉ង់​អូស្រ្តាលី​ជប៉ុន​និង​កូរ៉េ​ជាដើម។​

ក្នុង​ញត្តិ​ដែល​វីអូអេ​ទទួល​បាន​ បុគ្គលិក​ដែល​បាន​ចូលរួម​តវ៉ា​កាល​ពី​ពេល​កន្លង​មក​លើក​ឡើង​ថា​ពួក​គេ​បាន​តវ៉ា​ចាប់​តាំង​ពី​ថ្ងៃទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២១​ដើម្បី​ទាមទារ​ឲ្យ​ទទួល​យក​កម្មករ​ចូល​ធ្វើ​ការ​វិញ​ក្នុង​នោះ​មាន​តំណាង​សហ​ជីព​ទាំង​មូល​ផង​ដែរ។​ ពួក​គេ​បាន​ចោទ​ថា​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជា​បន្ត​បន្ទាប់​បាន​បដិសេធ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈ​«ការ​ចរចា​ដោយ​ស្មោះ​ត្រង់»​ជាមួយ​តំណាង​របស់​ពួកគេ។​ ពួក​គេ​បញ្ជាក់​ថា​ ក្រសួង​ការងារ​ក៏​បាន​ឲ្យ​ដឹង​ថា​នឹង​មិន​មាន​ការ​ដោះ​ស្រាយ​ណា​មួយ​ដើម្បី​ឲ្យ​កម្មករ​ចូល​ធ្វើការ​បាន​វិញ​ឡើយ។​

បើ​តាម​ញត្តិ​នោះ​ពួកគេ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​និង​ស្រប​តាម​នីតិវិធី​ច្បាប់​នានា​ ប៉ុន្តែ​តំណាង​៨​នាក់​បែរ​ជា​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​អសន្តិសុខ​សង្គម​ទៅ​វិញ។​ ពួកគេ​អំពាវនាវ​ឲ្យ​អង្គទូត​ទាំង​នោះ​លើក​ឡើង​អំពី​ករណី​របស់​ពួក​គេ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។​

ពួកគេ​ក៏​អំពាវនាវ​ឲ្យ​ទូត​បរទេស​ទាំង​នោះ​រក្សា​នូវ​ជំហរ​ខ្លាំង​ក្លា​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​ក៏ដូច​ជា​គោរព​នូវ​កតិកា​សញ្ញា​របស់​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ​(ILO)​ផង​ដែរ។​

ក្រុមអតីត​បុគ្គលិក​នយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រៀម​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃច័ន្ទ ទី១៧ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
ក្រុមអតីត​បុគ្គលិក​នយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រៀម​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃច័ន្ទ ទី១៧ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

អ្នកស្រី ​អ៊ុក សុភ័ក្រម៉ូលីកា ​អាយុ​៣៤​ឆ្នាំ​ដែល​ជា​អ្នក​គ្រប់គ្រង​ផ្នែក​បេឡា​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្រមាណ​១៣​ឆ្នាំ​មក​ហើយ ថ្លែង​ក្នុង​ពេល​ដាក់​ញត្តិ​ថា​ការ​តវ៉ា​របស់​បុគ្គលិក​គឺជា​វិវាទ​ការងារ​សុទ្ធសាធ​ដូច្នេះ​មិន​គួរ​មាន​ការ​លាប​ពណ៌​និង​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​ថា​ពួក​គេ​ញុះ​ញង់​ឡើយ។​

អ្នកស្រី​ថ្លែង​ថា៖​«ឲ្យ​គាត់​ជួយ​ដោះ​ស្រាយ​ហើយ​នឹង​ពន្លឿន​នូវ​ការ​ដោះ​លែង​ពួក​គាត់​ទាំង​៨​នាក់​ចេញ​មក​វិញ​ហើយ​នឹង​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​បុគ្គលិក​កម្មករ​ទាំង​អស់​ដែល​ពួក​ខ្ញុំ​គ្រាន់​តែ​ទាមទារ​សិទ្ធិ​ការងារ​នៅ​កន្លែង​ធ្វើការ​…។​អ៊ីចឹង​សូម​ឲ្យ​អង្គទូត​ទាំង​អស់​ជួយ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​នីតិវិធី​ដែល​ពួក​ខ្ញុំ​ដើរ​នៅ​ក្នុង​ស្រុក​នេះ​អស់​ហើយ​តែ​នៅ​តែ​អត់​មាន​ដំណោះ​ស្រាយ​ដល់​ពួក​ខ្ញុំ​ដែល​ជា​បុគ្គលិក​កម្មករ​ខ្មែរ​ហ្នឹង​ទេ»។​

អ្នកស្រី​ចោទ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ថា​មាន​បំណង​បំបាត់​មិន​ឲ្យ​មាន​សហជីព​នៅ​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ។​

អ្នកស្រី​បាន​បន្ថែម​ថា៖ ​«ហើយ​អ្វី​ដែល​ពួកខ្ញុំ​ចង់​បាន​នៅ​កន្លែង​ការងារ​គឺ​មិន​មែន​តែ​រឿង​គុណ​លុយ​ផ្តាច់​កិច្ច​សន្យា​ការងារ​គឺ​ខ្ញុំ​ត្រូវ​ការ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ហ្នឹង​ទទួល​ស្គាល់​តំណាង​សហជីព​របស់​ខ្ញុំ​ហើយ​សហជីព​របស់​ខ្ញុំ​ដែល​ជា​សហជីព​ឯករាជ្យ​ហ្នឹង​មាន​វត្តមាន​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ហ្នឹង»។​

អ្នកស្រី​ក៏​អំពាវនាវ​ឲ្យ​អង្គទូត​នានា​ជួយ​សួរ​សុខ​ទុក្ខ​របស់​តំណាង​សហជីព​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផង​ដែរ។​

អ្នកស្រី​ អ៊ុក សុភ័ក្រម៉ូលីកា បង្ហាញ​ញត្តិ​ ដែល​ក្រុម​អតីត​បុគ្គលិក​នយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គ្រោងយក​ទៅ​កាន់​ស្ថានទូត​បរទេស​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៧ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
អ្នកស្រី​ អ៊ុក សុភ័ក្រម៉ូលីកា បង្ហាញ​ញត្តិ​ ដែល​ក្រុម​អតីត​បុគ្គលិក​នយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គ្រោងយក​ទៅ​កាន់​ស្ថានទូត​បរទេស​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៧ ខែ​មករា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

ស្ថានទូត​បារាំង​បញ្ជាក់​ថា​ស្ថានទូត​បាន​ទទួល​ញត្តិនោះ​ហើយ​ហើយ​«ស្ថានទូត​បារាំង​បាន​តាមដាន​ការ​ធ្វើ​កូដកម្ម​នៅ​ក្រុមហ៊ុន​កាស៊ីណូ​នេះ​យ៉ាង​ដិតដល់។​ដូច​ដៃគូ​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​ដែរ​ប្រទេស​បារាំង​ចាត់​ទុក​ថា​សេរីភាព​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​គឺជា​សេរីភាព​ដ៏​សំខាន់»។

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ។

បុគ្គលិក​ណាហ្គាវើលដ៍​ដែល​ចូលរួម​ដាក់​ញតិ្ត​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​បាន​ហាម​មិន​ឲ្យ​បុគ្គល​ណា​ដែល​មិន​មាន​បណ្ណ​សម្គាល់​ខ្លួន​ជា​អ្នក​សារ​ព័ត៌មាន​ចូល​ថត​រូប​ឬ​វីដេអូ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ទេ​ដោយ​សារ​កន្លង​ទៅ​ការ​តវ៉ា​របស់​ពួកគេ​ត្រូវ​បាន​ជន​មួយ​ចំនួន​មក​ថត​រូប​និង​វីដេអូ​មក​លើ​ពួកគេ។​ យ៉ាង​ណា​ក្តី​នៅ​ពេល​ផ្តល់​បទ​សម្ភាសន៍​អ្នក​សារព័ត៌មាន​នៅ​សួន​ច្បារ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ គេ​ឃើញ​មាន​ការ​ប៉ះ​សម្តី​គ្នា​រវាង​អ្នក​តវ៉ា​និង​បុគ្គល​មួយ​រូប​ដែល​មិន​មាន​កាត​អ្នក​សារព័ត៌មាន​ហើយ​បាន​ចូល​មក​ថត​រូប និង​វីដេអូ។​

យោង​តាម​អ្នកស្រី ​អ៊ុក សុភ័ក្រម៉ូលីកា ​ស្រប​ពេល​មាន​ការ​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​បរទេស​ជា​បន្ត​បន្ទាប់​ក្រុម​បុគ្គលិក​ណាហ្គាវើលដ៍​នឹង​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​នៅ​ផ្លូវ​ខាង​មុខ​រដ្ឋសភា​រហូត​ដល់​មាន​ការ​ដោះ​លែង​សហជីព​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​និង​ដំណោះ​ស្រាយ​សមស្រប​ដែល​អាច​ទទួល​បាន។​

អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​ហេង សួរ​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​តាម​រយៈ​សារ​តាម​បណ្តាញ​ទំនាក់ទំនង​ Whatsapp​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថាលោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សកម្មភាព​ដាក់​ញត្តិ​នោះ​ទេ​ដោយ​សារ​មិន​មាន​ពាក់ព័ន្ធ​នឹង​ច្បាប់​ការងារ។​ លោក​បញ្ជាក់​ថា​រាល់​វិវាទ​នៅ​ប្រទេស​ណា​ក៏​ដោយ​គឺ​តែង​តែ​មាន​ច្បាប់​និង​នីតិវិធី​ដោះ​ស្រាយ​ករណី​វិវាទ​នោះ។

លោក​បន្ត​ថា​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​នេះ​អាច​បញ្ចប់​ពេលណា​គឺ​អាស្រ័យ​លើ​«ឆន្ទៈ»​របស់​កូដករ​និង​លើក​ឡើង​ថា​ ក្រសួង​អាច​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ឬ​អ្នក​នាំពាក្យ​ពី​ភាគី​ម្ខាង​ទៅ​ភាគី​ម្ខាង​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​ការ​យោគយល់​អធ្យាស្រ័យ​ឬ​លទ្ធភាព​ឆ្លើយ​តប​គឺ​អាស្រ័យ​លើ​ភាគី​ពាក់ព័ន្ធ​នីមួយៗ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ Hein Dames​ នាយក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

កាល​ពី​ពេល​កន្លង​ទៅ​កូដករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ​(NagaWorld)​ បាន​ច្រាន​ចោល​ការ​កោះ​ហៅ​របស់​ក្រសួង​ការងារ​ឲ្យ​ជួប​ចរចា​ដោះ​ស្រាយ​វិវាទ​ការងារ​រ៉ាំរ៉ៃ​រយៈ​ពេល​ជិត​៩​ខែ​ដោយ​លើក​ហេតុ​ផល​ថា​ពួកគេ​មិន​មាន​ថ្នាក់​ដឹកនាំ​សហជីព​ដែល​បាន​ទទួល​ការ​ទុក​ចិត្ត​ពី​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ឲ្យ​ធ្វើ​ជា​អ្នក​ចរចា​បញ្ចប់​វិវាទ​នោះ​ទេ។​

កម្មករ​និយោជិត​និង​តំណាង​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ចាប់​ផ្តើម​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​កាល​ពី​ចុង​ខែ​មេសា​ឆ្នាំ​២០២១​ពោល​គឺ​នៅ​ពេល​កម្មករ​និយោជិត​ជាង​១.៣០០​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ហើយ​បុគ្គលិក​អះអាង​ថា​ក្រុមហ៊ុន​មិន​ផ្តល់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដូច​ជា​ប្រាក់​អតីត​ភាព​ការងារ។​

ក្រុមហ៊ុន​ត្រូវ​តំណាង​សហជីព​ចោទ​ថា​មាន​ចេតនា​បំបាត់​សំឡេង​តំណាង​បុគ្គលិក​ដោយសារ​ក្រុមហ៊ុន​មិន​ព្រម​បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹកនាំ​និង​តំណាង​សហជីព​និង​បុគ្គលិក​ចំនួន​៣៦៥​នាក់​នៅ​ក្រុមហ៊ុន​បាន​វិល​ត្រឡប់​មក​កន្លែង​ការងារ​វិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG