មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនដាក់ការសង្ស័យថា ក្រុមហ៊ុនណាហ្គាវើលដ៍និងផ្នែកអធិការកិច្ចរបស់ក្រសួងការងារ បានឃុបឃិតគ្នា ដើម្បីបំបាត់ចោលសហជីពនៅក្រុមហ៊ុនដែលកំពុងមានវិវាទជាមួយកម្មករនិយោជិតនិងអ្នកសហជីព ដែលត្រូវបានបញ្ឈប់ពីការងារ។
គិតត្រឹមថ្ងៃអង្គារនេះ ការធ្វើកូដកម្មរបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ឈានដល់ថ្ងៃទី ២៣ ចាប់តាំងពីកូដកម្មបានផ្ទុះឡើងកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២១។ ប៉ុន្តែក្រុមហ៊ុននៅបដិសេធមិនទទួលយកថ្នាក់ដឹកនាំនិងសកម្មជនសហជីព ព្រមទាំងបុគ្គលិកប្រមាណ ៣៦៥ នាក់ ក្នុងចំណោមបុគ្គលិកដែលត្រូវបានបញ្ឈប់ការងារជាង ១.៣០០ នាក់ ដែលនៅតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីការងារ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វីអូអេកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនណាហ្គាវើលដ៍ទំនងជាបានដាក់លិខិតស្នើសុំអន្តរាគមន៍ពីនាយកដ្ឋានអធិការកិច្ចរបស់ក្រសួងការងារ ដើម្បីបានភ្លើងខៀវលុបបំបាត់សហជីព។
លោកលើកឡើងថា៖ «ហើយដោយឡែកមកដល់ពេលនេះ សូម្បីតែក្រសួងការងារខ្លួនឯងហ្នឹងក៏មិនបានបញ្ចេញនូវឯកសារនៃការអនុញ្ញាតឱ្យក្រុមហ៊ុនហ្នឹង បញ្ឈប់ថ្នាក់ដឹកនាំសហជីពដែរ។ ហើយមកដល់ពេលនេះ គឺក្រុមហ៊ុនផ្អែកទៅតាមការអនុញ្ញាតសេចក្តីសម្រេចរបស់អធិការកិច្ចហ្នឹង នៅក្នុងការបញ្ឈប់ថ្នាក់ដឹកនាំសហជីព»។
លោកបន្ថែមថា៖ «តែឯកសារហ្នឹង គឺយើងអត់ទទួលបានទេ។ សហជីពគាត់អត់អាចទទួលបានទេរហូតទៅដល់សហជីពគាត់បានធ្វើបណ្តឹងឧបស្រ័យទៅរដ្ឋមន្ត្រីជំទាស់ទៅនឹងសេចក្តីសម្រេចរបស់អធិការកិច្ចការងារ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ហ្នឹងបញ្ឈប់ពួកគាត់។ អ៊ីចឹងមានន័យថាម៉េច? មកដល់ពេលនេះ បណ្តឹងឧបស្រ័យរបស់សហជីពហ្នឹង ក៏មិនទាន់មានការឆ្លើយតបពីក្រសួងការងារនៅឡើយ»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា លោកទទួលបានដំណឹងដូចអ្វីដែលខាងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលើកឡើង។ ប៉ុន្តែលោកថា មិនទាន់ឃើញមានឯកសារបញ្ជាក់ផ្លូវការអំពីការស្នើសុំរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យរំលាយសហជីពនោះត្រូវបានគេបញ្ចេញឱ្យដឹងជាសាធារណៈនៅឡើយទេ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «អ៊ីចឹងបើសិនជាមានលិខិតហ្នឹងពិតប្រាកដ យើងមើលឃើញកាន់តែច្បាស់ ហើយអំពីគោលបំណងនៃការរើសអើងសហជីព ហើយលុបបំបាត់មិនចង់ឱ្យមានសហជីពនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍។ អ៊ីចឹងបានបញ្ហាទាំងអស់ហ្នឹងហើយយើងឃើញថា ការដោះស្រាយកន្លងមកវាហាក់បីដូចជាមិនមានលទ្ធផលទៅមុខ»។
បើតាមលោក អំ សំអាត ក្រុមហ៊ុនកាស៊ីណូណាហ្គាវើដ៍នឹងត្រូវបានគេចោទប្រកាន់ថាធ្វើសកម្មភាពផ្ទុយពីច្បាប់ការងារ បើសិនជាក្រុមហ៊ុនពិតជាបានស្នើសុំក្រសួងការងារឱ្យបញ្ឈប់អ្នកសហជីពនៅក្នុងក្រុមហ៊ុន ហើយក្រសួងការងារត្រូវបំភ្លឺដល់កូដករដែលកំពុងធ្វើកូដកម្មឱ្យបានដឹងអំពីរឿងនេះ។
កាលពីថ្ងៃចន្ទ កូដករមួយចំនួនក្នុងចំណោមកូដករដែលសុទ្ធសឹងជាស្ត្រីជិត ២០ នាក់ ហើយភាគច្រើននៃពួកគេត្រូវក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ពីការងារនោះ បានថ្លែងក្នុងសន្និសីទព័ត៌មានមួយ នៅមុខទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថា ក្រុមហ៊ុននេះមានការរើសអើងសហជីព ក្រោមហេតុផលថា ក្នុងពេលចរចាមុនៗនោះ គឺភាគីក្រុមហ៊ុនជារឿយៗច្រានចោលការទាមទារឱ្យថ្នាក់ដឹកនាំនិងសកម្មជន ក៏ដូចជាសមាជិកសហជីពចូលធ្វើការវិញ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍ លោកHein Dames តាមប្រព័ន្ធទំនាក់ទំនង WhatsApp នៅថ្ងៃអង្គារនេះ តែលោកមិនឆ្លើយតប។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ក៏មិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហអាមេរិកតាមប្រព័ន្ធទំនាក់ទំនង WhatsApp ដែរ គិតត្រឹមរសៀលថ្ងៃអង្គារនេះ។
គួររំឭកផងដែរថា អំឡុងពេលនៃការធ្វើកូដកម្មរបស់កម្មករនិយោជិតណាហ្គាវើលដ៍ មានការចាប់ខ្លួនកូដករនិងតំណាងសហជីពយ៉ាងហោចណាស់ ២៩ នាក់ហើយពេលបច្ចុប្បន្ននេះ មានថ្នាក់ដឹកនាំនិងសកម្មជនសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨ នាក់ កំពុងស្ថិតនៅក្នុងពន្ធនាគារ រង់ចាំការកាត់ទោស បន្ទាប់ពីពួកគេត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ការចាប់ខ្លួនតំណាងសហជីពបានរងការរិះគន់ពីអង្គការពលកម្មអន្តរជាតិ (ILO) ផងដែរ។ នេះបើយោងតាមលិខិតមួយច្បាប់របស់លោក Guy Ryder អគ្គនាយកនៃអង្គការ ILO ដែលបានដាក់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំឲ្យមានការដោះលែងពួកគេ។ តំណាងអង្គការ ILO បានបង្ហាញក្តីព្រួយបារម្ភអំពី «ការបំពាន» លើអនុសញ្ញា ILO ដែលកម្ពុជាបានផ្ដល់សច្ចាប័ន។
លោកបញ្ជាក់បន្ថែមថា៖ «ការចាប់ខ្លួននិងដាក់ពន្ធនាគារពាក់ព័ន្ធនឹងសកម្មភាពធ្វើកូដកម្មដោយសន្តិវិធី គឺជាការជៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់សេរីភាពស៊ីវិលជាទូទៅនិងសិទ្ធិការងារសហជីពជាពិសេស»។
កូដកម្មដែលកំពុងបន្តនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុង បានផ្ទុះឡើងបន្ទាប់ពីកម្មករនិយោជិតប្រមាណ ១.៣២៩ នាក់ ត្រូវបានបញ្ឈប់ការងារដោយបង្ខំអំឡុងខែមេសា ឆ្នាំ ២០២១។ នេះបើតាមបុគ្គលិករបស់ក្រុមហ៊ុន។ កម្មករនិយោជិតចំនួន ៣៦៥ នាក់ក្នុងចំណោមកម្មករនិយោជិតដែលត្រូវបញ្ឈប់នោះ បានបដិសេធមិនទទួលការបញ្ឈប់ និងបានតវ៉ាអស់រយៈពេលជាង ៩ ខែ ក្នុងនោះមានការចេញមុខធ្វើកូដកម្ម ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ។
កូដករបានទាមទារ ៩ ចំណុចសំខាន់ៗ គឺផ្តល់ការងារឱ្យអ្នកសហជីពវិញ ហើយក្រុមហ៊ុនត្រូវដំឡើងប្រាក់ឈ្នួលនិងគោរពច្បាប់ការងារ និងត្រូវទូទាត់សំណងខូចខាតផ្សេងៗ ចំពោះការបញ្ឈប់បុគ្គលិក៕