ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូដករ​ណាហ្គាវើលដ៍​ថា ទំនុក​ចិត្តនៅ​ធនាគារ ABA នឹង​រង​ផល​ប៉ះពាល់ ខណៈ​ប្រាក់​ជំនួយ​ខ្លួន​ត្រូវ​បង្កក


ធនាគារ​ Advanced Bank of Asia Limited (ABA) នៅដងវិថីព្រះសីហនុ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ធីតា វិន/វីអូអេ)
ធនាគារ​ Advanced Bank of Asia Limited (ABA) នៅដងវិថីព្រះសីហនុ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ធីតា វិន/វីអូអេ)

កូដករ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​មួយ​ចំនួន​ចាត់​ទុក​ថា​ ការ​បង្កក​លុយ​ជំនួយ​ដោយ​ធនាគារ​វឌ្ឍនៈ​ អាស៊ី​ ចំកាត់ ហៅ​កាត់​ថា​ ABA គឺ​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​ទុក​ចិត្ត​លើ​ធនាគារ​មួយនេះ។​

មន្ត្រី​សង្គម​ស៊ីវិល​ខ្លះថា​ ​នេះ​ជា​ករណី​ទីមួយ​ហើយ​ដែល​មាន​ការ​បង្កក​ការ​ផ្ទេរ​ប្រាក់​ជំនួយ​ពី​ក្រៅ​ប្រទេស​សម្រាប់​សកម្ម​ភាព​សហជីព​វិជ្ជាជីវៈ​ដែល​បានធ្វើការ​តស៊ូ​មតិ​ដើម្បីការពារ​ប្រយោជន៍​កម្មករ។ ​ហើយ​បើ​តាម​ក្រុម​កូដករ​ ​ ​លុយ​ជំនួយ​ទាំង​នោះ​មិន​មែន​ជា​លុយ​កខ្វក់​ដូច​ការ​លើក​ឡើង​របស់​ធនាគារ ​ABA​ ដែល​ជាបុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ជាតិ​កាណាដា​នោះ​ទេ។

អ្នកស្រី ​នេត​ ចរិយា​ ដែល​ជាកូដករ​ណាហ្គា​វើលដ៍​មួយ​រូប​ ​ប្រាប់វីអូអេកាល​ពី​ថ្ងៃពុធ​ថា​ ​ទង្វើ​របស់ធនាគារ​ ABA​ ​ជា​ការ​អនុវត្តមួយ​ដែល​កូដករ​ទទួល​យក​មិន​បាន ដោយ​លើក​ហេតុ​ផល​ថា​ លុយ​ដែល​ពួកគេ​ទទួល​បានជា​លុយ​ស្រប​ច្បាប់​ ​ និង​ថា ​ការ​ធ្វើ​បែប​នេះ​នឹងនាំ​មក​នូវ​ការ​បាត់​ទំនុក​ចិត្ត​ពី​សំណាក់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ​វត្ថុ​របស់​ធនាគារ​នេះ។​

អ្នកស្រី​បញ្ជាក់ថា៖​ «អ្វី​ដែល​គេ​បាន​ផ្តល់​ឲ្យ​មក​ហ្នឹង​គឺ​មាន​ប្រភព​ត្រឹម​ត្រូវ​ច្បាស់​លាស់​ គាត់ថា​ ជា​អំពើ​លាង​លុយ​កខ្វក់។​ នេះ​គឺ​នាង​ខ្ញុំ​សុំ​បដិសេធ​គឺ​ខាង​ធនាគារ​ ABA។ នាង​ខ្ញុំសុំ​ឆ្លើយ​បាន​ថា​ ពួក​គាត់​គឺ​ស្ថិត​នៅ​ក្រោម​អំណាច​អ្នក​មាន​ទឹក​លុយ​ ហើយ​ខ្ញុំ​ក៏​អត់​ដឹង​ថា​ គាត់​មាន​ទាក់​ទង​អ្វី​នឹង​ក្រុមហ៊ុន​ណាហ្គា​ [វើលដ៍] ​ទេ»។​

ចំណែក​ឯអ្នក​ស្រី​ ឃ្លាំង សុបិន្ត​ ជា​កូដ​ករ​មួ​យ​រូប​ទៀត​ ​លើក​ឡើងថា ​ប្រាក់​ជំនួយ​ខាងក្រៅ​ប្រទេស​ជា​ប្រាក់របស់សប្បុរស​ជន ដែល​ផ្តល់​មក​ឲ្យ​សមាជិក​ស្រ្តី​ដែល​ប្រឈម​ក្នុង​ការ​ចេញ​តស៊ូ​មតិ ​ហើយ​រង​ការរឹតត្បិត​ផ្សេងៗ​ ជាពិសេសជួប​ប្រទះ​នឹង​បញ្ហា​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ។

បើ​តាម​កូដកររូប​នេះ​ ​ធនាគារ​ ABA មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​នោះ​ទេ​ ហើយ​ប្រាក់​ទាំងនោះ​បាន​វេរ​ចូល​គណនី​របស់​ម្ចាស់​ដើម​វិញ​ហើយ។

អ្នក​ស្រី​បញ្ជាក់​ថា៖ ​«ខ្ញុំ​គិត​ថា ​ធនាគារ​ធ្វើ​នេះ​វា​ហួស​ដែន​កំណត់។​ ខ្ញុំ​មិន​ដឹង​ថា​ ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ហ្នឹង​ជាមួយ​ធនាគារ​ ABA ជាប់​សាច់​ឈាម​អី​ជាមួយ​គ្នា​ទេ​ បាន​ជា​គេ​ធ្វើ​ការ​មិន​វេរ​លុយ​ពី​ការ​រៃ​អង្គាស​ពីខាង​ក្រៅ​ជួយ​ដល់​សមាជិក​ជា​ស្ត្រី​ដែល​ប្រឈម​នឹង​ការ​ចេញ​តស៊ូ​មតិ។​ គាត់​ត្រូវ​បាន​គេ​រឹត​ត្បិត​សេដ្ឋកិច្ច​របស់​គាត់​គ្រប់​ជ្រុង​ជ្រោយ​ គ្រប់​ច្រក​ល្ហក​ទាំង​អស់»។

កាល​ពី​ពេល​ថ្មីៗនេះ​ មាន​ការ​បិទ​ការ​ផ្ទេរ​ប្រាក់​តាម​ធនាគារ​ ABA ដោយម្ចាស់​ជំនួយ​នៅ​ក្រៅ​ប្រទេស​សម្រាប់គណនីរបស់​សមាជិក​សហជីព​ណាហ្គា​វើលដ៍​ចំនួន​៣​រូប​ ក្រោម​ហេតុ​ផល​ថា​ដើម្បី​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់។​

វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពីភាគី​ធនាគារ ABA​ បាន​នៅ​ឡើយ​ទេ​ ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក។

ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់​ លោក​ ឃុន ថារ៉ូ​ យល់​ថា ​ការ​សម្រេច​របស់​ធនាគារ ​ABA ​ជា​ការ​សម្រេច​ដោយ​ឯកច្ឆន្ទ ​និង​បានធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​របស់​អ្នក​ប្រើ​ប្រាស់​សេវា​កម្ម។​

បើ​តាម​លោក​ ឃុន ថារ៉ូ ​ការ​ទទួល​ជំនួយ​ពី​អង្គការ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​របស់​សហជីព​មិន​ខុស​ច្បាប់​របស់​អង្គការ​វិជ្ជាជីវៈ​ឡើយ។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​ករណី​នេះ​ ខ្ញុំអាច​និយាយ​បាន​ថា ​វា​ហាក់​ដូច​ជា​មាន​ការ​ដាក់​សម្ពាធ​ ឬ​ក៏​មាន​ចេតនា​ក្នុង​ការ​ទប់ស្កាត់​រាល់​សកម្ម​ភាព​ ឬក៏​ប្រតិបត្តិ​ការ​របស់​សហជីព​ ដែល​ជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​កៀរ​គរ​មូលនិធិ​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​ទៅ​ដល់​ដំណើរ​ការ​នៃ​ការ​ទាម​ទារ​ ឬក៏​ការ​ស្វែងរក​យុត្តិ​ធម៌​របស់​សកម្ម​ជន​ សមាជិក​សហជីព»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ហេង សួរ​ អ្នកនាំ​ពាក្យ​ក្រសួង​ការងារតាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​រសៀល​ថ្ងៃសុក្រនេះ។​

គួរ​ឭក​ផង​ដែរ​ថា​ បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍​ ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ភាគ​ហ៊ុន​ក្នុង​ទីក្រុង​ហុងកុង​ បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ជា​ច្រើន​ខែ ​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ​១.៣២៩​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ ​កាល​ពី​អំឡុង​ខែ​មេសា ​ឆ្នាំ​២០២១។

កូដកម្ម​របស់​កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ ដែល​ភាគ​ច្រើន​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១។ ​មក​ទល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ ពេល​ណាដែល​ជម្លោះ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ​នឹង​រក​ឃើញ​ច្រក​ចេញ​បាន​ទេ ​ខណៈ​ថ្នាក់​ដឹកនាំ​សហជីព​ខាង​លើ​មួយ​ចំនួន​កំពុង​រួត​រឹត​ដោយ​ក្តីក្តាំ​នៅ​តុលាការ​ ហើយ​មេ​ដឹកនាំ​សហជីព​លេច​ធ្លោ​មួយ​រូប​គឺ​កញ្ញា​ ឈឹម ស៊ីថរ ​កំពុង​ស្ថិត​ក្នុងពន្ធនាគារ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG