ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​ពាន​រង្វាន់​អ្នកការពារ​សិទ្ធិ​មនុស្ស​ពី​ក្រសួង​ការបរទេស​អាមេរិក


រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ អង្គុយ​ក្រោយគេ​នៅក្នុង​រថយន្ត និង​បាន​លើកដៃ​ជា​សញ្ញា ខណៈ​រថយន្ត​​នេះ ដឹក​កញ្ញា​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ១៩ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ អង្គុយ​ក្រោយគេ​នៅក្នុង​រថយន្ត និង​បាន​លើកដៃ​ជា​សញ្ញា ខណៈ​រថយន្ត​​នេះ ដឹក​កញ្ញា​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ១៩ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​កញ្ញា​ ឈឹម ស៊ីថរ​ ទទួល​បាន​ពាន​រង្វាន់អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២ ពីក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។ ​កញ្ញា​ ស៊ីថរ​ គឺ​ជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក​ ដែល​វីអូអេ​ទទួល​បាន​នៅថ្ងៃ​ទី​២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣​នេះ​ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិកបាន​ប្រកាស​នៅ​ថ្ងៃ​ទី១​ ខែ​កុម្ភៈ​ថា ​អ្នកដឹកនាំ​សហជីព​នៅ​កម្ពុជា​ កញ្ញា​ ឈឹម ស៊ីថរ​ គឺ​ជា​ម្ចាស់​ពាន​ម្នាក់​ក្នុង​ចំណោម​១០នាក់នៅ​ជុំវិញ​សកល​លោក​ ដែល​ទទួល​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា៖​ «ពាន​រង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​នេះ​ ទទួល​ស្គាល់​ពី​បុគ្គល​ក្លាហាន​ទាំង​ឡាយ​ណាដែល​បង្ហាញ​ពី​ភាព​ក្លាហាន​យ៉ាង​ពិសេស ​និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​លើក​កម្ពស់ ​និង​ការពារ​សិទ្ធិ​មនុស្ស​ដែល​គេ​ទទួល​ស្គាល់​ជា​សកល ​និងសេរីភាព​ជា​មូលដ្ឋាន។​ កញ្ញា​គឺ​ជា​អ្នក​ទីមួយ​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​ពាន​រង្វាន់​នេះ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បន្ថែម​ថា​ ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០២១ ​កញ្ញា​ស៊ីថរ​បាន​ដឹក​នាំ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ ដោយ​អំពាវនាវ​ឱ្យ​មាន​ប្រាក់​ខែ​ខ្ពស់​ និង​ទទួល​យក​បុគ្គលិក​ជា​សមាជិក​សហជីព​រាប់​រយ​នាក់ចូល​ធ្វើ​ការ​វិញ។ ពួកគេ​ជឿ​ថា​ ​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ទាំង​អយុត្តិ​ធម៌។

ទោះបី​ជា​មាន​ការ​បៀតបៀន​រូប​កាយ ​និង​ការ​ចាប់​ខ្លួន​កាល​ពី​ខែ​មករា ​ឆ្នាំ​២០២២​ ក្នុង​ពេល​មាន​កូដកម្ម​ណាហ្គា​វើលដ៍ ​ កញ្ញា ​ស៊ីថរ​ បាន​បន្ត​ចេញ​មុខ​និយាយ​អំពី​សិទ្ធិ​ការងារ។​

របស់​លោក​ថា៖​ «យើង​សាទរ​ចំពោះ​ការ​ទទួល​ស្គាល់កញ្ញា ឈឹម ស៊ីថរ​ ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​ក្នុង​ឆ្នាំ​២០២២។ ​ស៊ីថរ​ គឺ​ជា​អ្នក​តស៊ូ​មតិ​ដោយ​យកចិត្ត​ទុក​ដាក់ ​និង​សន្តិភាព​សម្រាប់​សិទ្ធិ​កម្មករ​កម្ពុជា​ ក្នុង​ការប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះសកម្មភាព​សហ​ជីព​ឯករាជ្យ»។​

ក្រោយ​ពី​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ដើម​ឆ្នាំ​២០២២​ ​កញ្ញា ​ស៊ីថរ​ ជា​ថ្មី​ម្តង​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ដោយ​ចោទ​ថា កញ្ញាបាន​រំលោភលក្ខខណ្ឌ​នៅ​ក្រៅឃុំ ​ដោយសារ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ចូលរួម​សន្និសីទ​ទាក់ទង​នឹង​សហជីព។ ​កញ្ញា​ត្រូវ​បន្ត​ជាប់​ឃុំ​ដោយរង់​ចាំ​ការ​កាត់​ទោស ​ដែល​មិន​ទាន់​កំណត់​ពេល ​ហើយ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​យក​ពាន​រង្វាន់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយ​អ្នក​ទទួល​ពាន​ដទៃ​ទៀត​បាន​ទេ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។​

រូបឯកសារ៖ អ្នកស្រី ​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅមុខ​ក្រសួង​យុត្តិធម៌​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។ ​(ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អ្នកស្រី ​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅមុខ​ក្រសួង​យុត្តិធម៌​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។ ​(ហ៊ុល រស្មី/វីអូអេ)

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR)​ អ្នកស្រី​ ចក់ សុភាព​ លើក​ឡើង​ថា ការ​ផ្តល់ពាន​រង្វាន់ដល់​កញ្ញា ឈឹម ស៊ីថរ ពី​សំណាក់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​គឺ​ជា​ការទទួល​ស្គាល់នូវ​ភាព​សកម្ម ​និង​ការ​លះបង់​របស់​មេ​ដឹកនាំ​សហជីព​រូប​នោះ។ ​អ្នកស្រី​បន្ថែម​ថា ​ជារឿយៗ ​ការ​ផ្តល់​រង្វាន់​ដល់​អ្នក​ការពារសិទ្ធិ​មនុស្ស ​ឬ​សកម្ម​ជន​ច្រើន​តែ​ផ្តល់​ដោយ​ស្ថាប័ន​ក្រៅ​ប្រទេស ​ដែល​ផ្ទុយ​ពី​រដ្ឋាភិបាល​កម្ពុជា​ បែរ​ជា​ចាត់​ទុក​សកម្មជន​ជា​អ្នក​ប្រឆាំង​ទៅ​វិញ។​

អ្នកស្រី​ថ្លែង​ថា៖ ​«ការ​ផ្តល់​នូវ​គុណ​តម្លៃ​នេះ​ វា​គួរ​តែ​កើត​ចេញ​ពី​រដ្ឋាភិបាល​កម្ពុជា​យើង​ផង​ដែរ​ ព្រោះវា​ជា​ផ្នែក​មួយ​នៃកាតព្វ​កិច្ច​របស់​រដ្ឋាភិបាល​យើងដែល​ត្រូវ​ទទួល​ស្គាល់ ​និង​ត្រូវផ្តល់​នូវ​កិច្ច​គាំពារចាំបាច់​ដល់ពលរដ្ឋ​សកម្ម ​ដែល​ហ៊ាន​ក្នុង​ការចេញ​មុខ ​ដែល​ហ៊ាន​ក្នុង​ការការពារនូវ​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​អី​ជា​ដើម​ហ្នឹង»។​

អ្នកស្រី​បន្ថែម​ថា ​ការណ៍​ដែលរដ្ឋាភិបាល​ចាត់ទុក​សកម្ម​ជនជា​ឆ្អឹង​ទទឹង​ក​គឺ​ផ្ទុយ​ពី​ច្បាប់​ជាតិ ​និង​អន្តរជាតិ​ដែល​កម្ពុជា​កំពុង​មាន។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ ​«ជា​ការ​ជាក់​ស្តែង ​វា​ផ្ទុយ​ពីបទដ្ឋាន​ដែល​យើង​មានចែង​ក្នុង​ច្បាប់ជាតិ ​និង​ការ​ទទួល​ស្គាល់​នូវលិខិតុប្បករណ៍​អន្តរជាតិ​របស់យើងគឺ​យើង​បែរ​ជា​ដៅ​មុខ​សញ្ញា​ចំពោះ​សកម្ម​ជន។ ​សកម្មជន​បែរ​ជា​ត្រូវរង​ការ​យាយី​គ្រប់​រូបភាព​ ទាំង​ពេល​ខ្លះ​មាន​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​រាងកាយ​ផង ​ឬ​ក៏​មាន​ការ​ប្រឈម​នូវផ្លូវច្បាប់ ​ឬ​ក៏​គំរាម​ជា​ពាក្យ​សម្តី​អីជា​ដើម ​ដែល​ទាំងអស់​នេះ​មិនគួរ​កើត​មាន​នោះ​ទេ»។​

កាលពី​ខែ​មករា ​ឆ្នាំ២០២២ ​កញ្ញា​ ឈឹម ស៊ីថរ ​ត្រូវ​បាន​ចាប់​ខ្លួន ​ហើយ​បញ្ជូន​ទៅ​តុលាការ​ពី​បទ«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ​បន្ទាប់​ពី​នាង​បាន​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍ ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ទទួល​យក​បុគ្គលិក​ជា​ច្រើន​រយ​នាក់​ចូល​ធ្វើការ​វិញ​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​បុគ្គលិក​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ទាំង​បង្ខំ។​

រូបឯសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ​ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​លើក​ឡើង​ថា ​ ការ​ផ្តល់​ពាន​រង្វាន់​ទៅ​កញ្ញា​ឈឹម ស៊ីថរ​មិន​អាច​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ណា​មួយ​ដល់​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖ ​«ការ​ផ្តល់​ពាន​គឺ​ជា​សិទ្ធិ​ ការ​សម្រេច​របស់​គេ​ទេ។ ​គេ​អាច​មាន​របៀប​វារៈ​នយោបាយ​របស់​គេ​នៅ​ពី​ក្រោយ​ហ្នឹង។​ ក៏​ប៉ុន្តែ​សម្រាប់​កម្ពុជា យន្តការ​ច្បាប់​យើង​អត់​ចំណុះ​ទៅ​នឹង​បរទេស​ណា​មួយ​ទេ។​ អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​បំពាន​ច្បាប់ ​ហើយ​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ច្បាស់​លាស់ ​ អា​ហ្នឹង​គឺ​ត្រូវ​ប្រឈម​មុខ ​និងទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់»។​

គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ ​រយៈ​ពេល​ជាង​១០​សប្តាហ៍​ហើយ​ដែល​កញ្ញា​ ឈឹម ស៊ីថរ​ ត្រូវ​បាន​ឃុំ​ខ្លួន​ បន្ទាប់ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កញ្ញា​កាលពី​ថ្ងៃ​ទី​២៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ពេល​កញ្ញា​បាន​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​វិញ។ ​តុលាការ​បាន​ចោទ​កញ្ញា​ពី​បទ​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការ​បាន​ស្ថិត​នៅក្រៅ​ឃុំ ​ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ​ទាំង​កញ្ញា​ ឈឹម ស៊ីថរ ​និង​មេធាវី​របស់​កញ្ញា​មិន​បាន​ទទួល​ការ​ជូន​ដំណឹងពីតុលាការ​អំពី​បម្រាមការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​នោះ​ទេ៕

XS
SM
MD
LG