សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះអតីតថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន៩នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទចោទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងការតវ៉ារបស់ពួកគេ កាលពីកន្លងទៅ។
ក្នុងចំណោមសហជីពទាំង៩នាក់នោះ មានតែកញ្ញា ឈឹម ស៊ីថរ ទេ ដែលកំពុងជាប់ពន្ធនាគារ ក្រោយកញ្ញាត្រូវបានចាប់ខ្លួនជាថ្មី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមបទចោទថាបំពានបម្រាមរបស់តុលាការ ដែលហាមមិនឱ្យចេញទៅក្រៅប្រទេស។ សហជីព៨នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យនៅក្រៅឃុំ ប៉ុន្តែស្ថិតនៅក្រោមការតាមដានរបស់តុលាការ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ដែលបានចូលរួមស្តាប់សវនាការ កាលពីព្រឹកថ្ងៃអង្គារ ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការថាក្នុងចំណោមសហជីពទាំង៩នាក់ មានតែកញ្ញា ឈឹម ស៊ីថរ ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានសាកសួរ ប៉ុន្តែការសួរនាំនោះមិនទាន់បញ្ចប់ទេ។ តុលាការប្រកាសថាការសាកសួរបន្តទៀត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្ថែមថាការសាកសួរកញ្ញា ឈឹម ស៊ីថរ ជាការប្រើអារម្មណ៍ ជាជាងទៅស្ថានភាពជាក់ស្តែង។ អ្នកស្រីអះអាងថាការចោទប្រកាន់ផ្សេងៗទៅលើក្រុមកូដករណាហ្គាវើលដ៍ ជាការបំផ្លើស ដែលខុសពីការពិតជាក់ស្តែង ខណៈអ្នកស្រីបានការពារកូដកម្មរបស់កម្មករថាធ្វើឡើងដោយស្របច្បាប់។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថាបើសិនជាភាគី ឬក៏អ្នកចូលរួមនៅក្នុងសវនាការ គាត់បានស្តាប់នូវអ្វីដែលស៊ីថរ គាត់បានលើកឡើង ឬអ្វីដែលតំណាងអយ្យការបានលើកឡើង ឬក៏លោកស្រីចៅក្រម បានលើកឡើង ខ្ញុំគិតថាយើងនឹងឆ្លុះបញ្ចាំងថាតើស៊ីថរ គាត់កំពុងតែនៅក្នុងតួនាទីអី ហើយគាត់កំពុងតែធ្វើអីអ៊ីចឹង។ ខ្ញុំគិតថាទាំងអស់គ្នានឹងច្បាស់នូវរឿងហ្នឹងថាស៊ីថរ គាត់មិនបានប្រព្រឹត្តទៅតាមការចោទប្រកាន់នៃតុលាការនោះទេ»។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការថាការចោទប្រកាន់កូដកររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ មិនផ្អែកទៅលើមូលដ្ឋានច្បាប់ដែលមានជាធរមានឡើយ ខណៈថាអ្វីដែលពួកគេបានធ្វើ គឺស្របទៅតាមច្បាប់ដែលមានចែង។ លោកជំរុញឱ្យតុលាការទម្លាក់បទចោទទាំងនោះទៅលើពួកគេ។
លោក ឃុន ថារ៉ូ ថ្លែងថា៖ «ពីព្រោះថាបទចោទប្រកាន់នេះ វាបានរំលោភទៅដល់សិទ្ធិជាមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ ជាពិសេសផ្នែកអង្គការវិជ្ជាជីវៈដែលសិទ្ធិនៃការធ្វើកូដកម្មនេះមិនត្រូវទទួលរងនូវការចោទប្រកាន់ឬក៏ការដាក់សម្ពាធ ឬក៏ប្រើប្រាស់នូវប្រព័ន្ធតុលាការណាមួយដែលអ្វីទាំងនេះវាត្រូវបានហាមឃាត់នៅក្នុងអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ»។
ចំណែកនាយកគ្រប់គ្រងកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេក្រោយចូលស្តាប់សវនាការនាថ្ងៃអង្គារថាការសាកសួរមានភាពតានតឹង ហើយលោកសង្កេតឃើញថា កញ្ញា ឈឹម ស៊ីថរ ហាក់មានភាពរន្ធត់អារម្មណ៍ខ្លាំងទៅនឹងការសាកសួរនោះ។
បើតាមលោក អំ សំអាត ការសាកសួររបស់ព្រះរាជអាជ្ញាផ្តោតទៅលើបុគ្គល ខណៈកញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពដែលព្យាយាមការពារប្រយោជន៍របស់កម្មករ។
លោកថ្លែងថា៖ «គន្លឹះនៃការបញ្ចប់ជម្លោះកូដករណាហ្គាវើលដ៍ គឺការដោះស្រាយបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយក្រុមកូដករ វាជាការល្អ ដែលជាជាងការចាប់ខ្លួន ការធ្វើទុក្ខបុកម្នេញផ្សេងៗទៀតសម្រាប់កូដករនោះ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងថា ការផ្តល់ពានរង្វាន់នេះជាការជំរុញផ្តល់កម្លាំងដល់ក្រុមដែលត្រៀមខ្លួនកេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈ ជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
គួររំឭកផងដែរថាបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុង បានប្រមូលផ្តុំធ្វើកូដកម្មជាច្រើនខែ បន្ទាប់ពីកម្មករនិយោជិតប្រមាណ១.៣២៩នាក់ត្រូវបានបញ្ឈប់ពីការងារ កាលពីខែមេសា ឆ្នាំ២០២១។
កូដកម្មរបស់កម្មករនិយោជិត ឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២១។ ការបញ្ឈប់កម្មករពីការងារត្រូវបានមើលឃើញថាជាការបំបាត់សំឡេងសហជីពនៅក្នុងក្រុមហ៊ុនកាស៊ីណូមួយនេះ៕
ភ្នំពេញ —