ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ត្រូវ​ចាប់ខ្លួន ក្រោយ​រង​បទចោទ​ញុះញង់


រូបឯកសារ៖ កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ចូល​រួម​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ២៤​ ខែធ្នូ ឆ្នាំ​២០២១។ ​​(ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ចូល​រួម​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ២៤​ ខែធ្នូ ឆ្នាំ​២០២១។ ​​(ហ៊ុល រស្មី/វីអូអេ)

អាជ្ញាធរ​មាន​សមត្ថកិច្ច​ បាន​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ គឺ​កញ្ញា ​ឈឹម ស៊ីថរ​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់​ពីមេដឹកនាំ​សហជីព​រូបនោះ ត្រូវ​បាន​តុលាការ​ចោទ​ពីបទ​ញុះញង់​ចំពោះ​ការ​ដឹកនាំ​កូដកម្ម​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចោទ​ថា​ ខុស​ច្បាប់។ ​នេះ​បើ​តាម​អ្នក​ការពារ​សិទ្ធិមនុស្ស។ ​

គណនី​ Twitter របស់​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នកស្រី​ ចក់ សុភាព ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ខេមរភាសា​ថា៖ ​«ឈឹម ស៊ីថរ ​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​នៅ​ពេល​កញ្ញា​ បាន​ចេញ​ពី​រថយន្ត។ ​នេះ​ ជា​ការ​ចាប់ខ្លួន​ដោយ​ប្រើ​កម្លាំង​យ៉ាង​ខ្លាំង​មួយ។​ ខ្ញុំ​សោកស្តាយ​នៅ​ពេល​ឃើញ​អំពើ​ឃោរ​ឃៅ​ប្រព្រឹត្ត​មក​លើ​ស្រ្តី​វ័យ​ក្មេង​ដ៏​ក្លាហាន​មួយ​នេះ។ ​ឥឡូវ​នេះ​ បុគ្គលិក​និយោជិត​ កំពុង​មាន​ការ​ខឹងសម្បារ ​និង​ខ្លោច​ចិត្ត»។

ការ​ចាប់ខ្លួន​នេះ ​កើត​ឡើង​ ក្រោយ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញសម្រេច​ធ្វើ​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​កញ្ញា​ ឈឹម ស៊ីថរ​ និង​ថ្នាក់​ដឹកនាំ​ សកម្មជន​សហជីព​ ចំនួន​៨​នាក់​ផ្សេង​ទៀត​ពី​បទ​ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​បន្ទាប់​ពី​បុគ្គលិក​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ប្រមាណ​ពីរ​សប្តាហ៍​កន្លង​មក​នេះ។​ ​

ទាក់ទង​នឹង​សំណុំ​រឿង​កូដកម្ម​នេះ​ ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុកក្នុង​ន័យ​ដើម​ថា៖ ​«យើង​កំពុង​ធ្វើការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​នូវ​ការ​ចាប់ខ្លួន​សមាជិក​សហជីព​នៃ​បុគ្គលិក​កម្មករ​នៃ​កាស៊ីណូ​ណាហ្គាវើលដ៍​ ដោយ​សារ​តែ​ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​របស់​ពួកគេ​ និង​ស្នើ​ឱ្យអាជ្ញាធរ​ ស្តាប់​ពលរដ្ឋ ​មិនមែន​បំបិទ​សំឡេង​របស់​គេ​ទេ។ ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា ​និង​ក្នុង​ការ​ចងក្រង​គ្នា​ជា​ក្រុម​ សមាគម​ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា»៕

XS
SM
MD
LG