ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានព្យាយាមដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីទាមទារឱ្យដោះលែងមេដឹកនាំសហជីព និងផ្តល់ដំណោះស្រាយការងារ ដែលពួកគេត្រូវបានបញ្ឈប់ពីការងារប៉ុន្មានឆ្នាំមកហើយ។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ៥០នាក់ បានទៅដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី ប៉ុន្តែត្រូវបានខាងខុទ្ទកាល័យបដិសេធមិនទទួលញត្តិនេះ ដោយឱ្យរៀបចំការសរសេរញត្តិឡើងវិញ ក្រោមហេតុផលថាញត្តិនេះមិនទាន់ត្រឹមត្រូវនៅឡើយ។
បើតាមញត្តិនោះ ក្រុមកូដករស្នើសុំឱ្យក្រុមហ៊ុនណាហ្គាវើលដ៍«បញ្ឈប់ការធ្វើទុក្ខបុកម្នេញ យាយី រំខានផ្លូវចិត្ត» ទៅលើសមាជិកសហជីពតទៅទៀតនិងសុំឱ្យមានអន្តរាគមន៍ពីសំណាក់រដ្ឋាភិបាល ជាពិសេសពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការបើកឱ្យមានកិច្ចពិភាក្សាជាមួយសហជីពដើម្បីយល់ពីបញ្ហានៃវិវាទការងារនេះ។
លោក ណាំ ទីវ័ន្ត អាយុ២៥ឆ្នាំ កូដករក្រុមណាហ្គាវើលដ៍ដែលចូលរួមដាក់ញត្តិ ប្រាប់វីអូអេថាក្រុមកូដករស្នើសុំឱ្យនាយករដ្ឋមន្រ្តីថ្មី គឺលោក ហ៊ុន ម៉ាណែត ជួយជំរុញដល់ភាគីថៅកែណាហ្គាវើលដ៍ ចេញមុខដោះស្រាយបញ្ចប់វិវាទការងារនេះ និងបញ្ឈប់ការអើសអើងលើសហជីព។
លោកបញ្ជាក់ថា៖ «សុំអង្វរហើយអង្វរទៀត ពីព្រោះកូដករអស់ជម្រើសហើយ ពីព្រោះមានតែការដាក់ញត្តិទៅដល់សម្តេចទេ ហើយសម្តេចក៏ជាអ្នកកាន់កូនសោដែលចាក់ក្នុងការដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះបាន។ គ្រាន់តែជំរុញដល់ថៅកែណាហ្គាវើលដ៍ឱ្យគោរពច្បាប់ការងារ ខ្ញុំគិតថាវាអត់ពិបាកទេ ពីព្រោះជំរុញដល់ភាគីថៅកែដែលជាថៅកែបរទេស ថៅកែដែលជាជនជាតិគេមករកស៊ីក្នុងទឹកដីខ្មែរ ត្រូវតែគោរពច្បាប់ស្រុកខ្មែរ គឺអត់មានអីពិបាកទេ ដូចជាសុំភ្លើងយក្សទេ»។
វិវាទការងាររវាងសហជីពកម្មករ និងក្រុមហ៊ុនណាហ្គាវើលដ៍បានអូសបន្លាយពេលជិត៣ឆ្នាំមកហើយ។ ចំណែកមេដឹកនាំសហជីពម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ក៏កំពុងជាប់ពន្ធនាគារផងដែរ។
កញ្ញា ឈឹម សុខន ដែលចូលរួមដាក់ញត្តិនេះ ប្រាប់វីអូអេថាកញ្ញា និងក្រុមកូដករដទៃទៀតមានការសោកស្តាយចំពោះការបដិសេធរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តីក្នុងការទទួលញត្តិនេះ ក្រោមហេតុផលថាមិនទាន់ត្រឹមត្រូវនៅឡើយ ដោយតម្រូវឱ្យដាក់ឈ្មោះកូដករទាំងអស់នៅក្នុងញត្តិ។
កញ្ញាបញ្ជាក់ថា៖ «បានជាថ្ងៃនេះ ពួកខ្ញុំមកដាក់ញត្តិ គឺស្នើសុំឱ្យគាត់(នាយករដ្ឋមន្រ្តី)ដោះស្រាយបណ្តឹងព្រហ្មទណ្ឌរបស់ពួកខ្ញុំ ដែលចេះតែមានបណ្តឹងព្រហ្មទណ្ឌជាបន្តបន្ទាប់ហើយថ្នាក់ដឹកនាំពួកខ្ញុំ ក៏នៅជាប់ពន្ធនាគារ អត់ទាន់បានចេញដែរ។ ហើយវិវាទរបស់ពួកខ្ញុំមានរយៈពេលឡើងពីរឆ្នាំ បើគិតពីយើងដើរតាមនីតិវិធីច្បាប់វិញ គឺចូលបីឆ្នាំហើយ។ អញ្ចឹងពួកខ្ញុំពិបាកខ្លាំងណាស់»។
កញ្ញាបន្ថែមថាការដោះស្រាយជម្លោះការងាររវាងបុគ្គល និងក្រុមហ៊ុនណាហ្គាវើលដ៍នេះ នឹងក្លាយជាគំរូមួយសម្រាប់ក្រុមហ៊ុនផ្សេងទៀត។
កញ្ញាបញ្ជាក់ថា៖ «ចឹងខ្ញុំចង់ឱ្យរដ្ឋាភិបាលមើលលើរឿងហ្នឹង ដោយសារកម្មករទាំងអស់ត្រូវការឱ្យគាត់មានដំណោះស្រាយ។ អញ្ចឹងដើម្បីកុំឱ្យគំរូអាក្រក់ក្រុមហ៊ុនផ្សេងៗដែលគេចាំតែមើលក្រុមហ៊ុនណាហ្គាហ្នឹងទេ។ កាលណាបើសិនជាអត់ដោះស្រាយនៅក្រុមហ៊ុនណាហ្គាអញ្ចឹង កន្លែងផ្សេងៗ ថៅកែផ្សេងៗនឹងយកគំរូតាមណាហ្គាអញ្ចឹង»។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់អ្នកសារព័ត៌មាននៅកន្លែងដាក់ញត្តិថាលោកសោកស្តាយចំពោះការឆ្លើយតបពីក្រសួងការងារ និងភាគីពាក់ព័ន្ធដែលតែងតែលើកឡើងថាការបញ្ឈប់បុគ្គលិកគឺដោយសារតែក្រុមហ៊ុនជួបវិបត្តិសេដ្ឋកិច្ច។
លោកថ្លែងថា៖ «យើងមានការសោកស្តាយដែលគោលជំហរ ហើយការបកស្រាយរបស់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងការងារបានលើកយកទឡ្ហីករណ៍ថាក្រុមហ៊ុនជួបវិបត្តិសេដ្ឋកិច្ច ដែលវិបត្តិសេដ្ឋកិច្ចក្រុមហ៊ុនផ្សេងៗទៀតគេបញ្ឈប់ដែរ ម៉េចណាហ្គាមិនអាចបញ្ឈប់បាន»។
លោកបញ្ជាក់បន្ថែមថា៖ «ប៉ុន្តែសំណួរសួរថារោងចក្រសហគ្រាសមួយចំនួន គាត់មានវិបត្តិសេដ្ឋកិច្ចនៃការបញ្ជាទិញ ប៉ុន្តែណាហ្គាអត់មានវិបត្តិនៃការបញ្ជាទិញទេ ណាហ្គានៅតែចំណេញ។ សួរថាហេតុផលអី ហេតុផលនេះគឺចង់កម្ទេចសហជីពឯករាជ្យដែលដើរតួនាទីនៅក្នុងការពារសិទ្ធិ និងផលប្រយោជន៍កម្មករជាង១ពាន់នាក់»។
លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់វីអូអេថាក្រសួងការងារគ្រាន់តែជាស្ថាប័នសម្របសម្រួលការដោះស្រាយ មិនមែនជាស្ថាប័នចេញសេចក្តីសម្រេចឱ្យខាងណាខុសឡើយ។ លោកស្នើសុំឱ្យក្រុមកូដករណាហ្គាវើលដ៍ទាំងអស់ពិចារណាឡើងវិញ ដើម្បីរកដំណោះស្រាយ និងគួរមានឆន្ទៈក្នុងការបញ្ចប់ជម្លោះនេះ។
លោកថ្លែងថា៖ «ដូច្នេះហើយការតវ៉ារបស់បងប្អូនបុគ្គលិកណាហ្គាវើលដ៍ ប្រសិនបើបងប្អូនមានវឌ្ឍនភាពនៃការចង់បញ្ចប់ជម្លោះនេះ មានវឌ្ឍនភាពនៃការដោះស្រាយបញ្ហានេះ ដើម្បីបញ្ចប់វិវាទ សូមធ្វើការទំនាក់ទំនងមកយន្តការអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅគ្រប់មុខសញ្ញា ដើម្បីគណៈកម្មការធ្វើការបន្តដោះស្រាយតទៅទៀតនេះ គឺជាការបើកទ្វារសម្រាប់បងប្អូននៅក្នុងបំណងក្នុងការដោះស្រាយបញ្ហា និងបញ្ចប់បញ្ហានេះ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់វីអូអេថាការដាក់ញត្តិនេះមិនជាមធ្យោបាយតាមផ្លូវច្បាប់ឡើយ ហើយលោកចាត់ទុកថាវាគ្រាន់តែជា«រូបភាពនយោបាយ»។ លោកថាមធ្យោបាយតាមផ្លូវច្បាប់ គឺរកភស្តុតាងដោះបន្ទុកនៅក្នុងតុលាការ។
អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់លើកឡើងថាលោកមិនខ្វល់នឹងការតវ៉ារបស់ក្រុមកូដករណាហ្គាវើលដ៍នោះទេ ដោយចោទថាពួកគេមានអ្នកនៅពីក្រោយ ទើបអាចតវ៉ាច្រើនឆ្នាំមកនេះ។
គួរបញ្ជាក់ថាកាលពីខែឧសភា តុលាការរាជធានីភ្នំពេញបានកាត់ទោសកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍(LRSU)ឱ្យជាប់ពន្ធនាគារពីរឆ្នាំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការតវ៉ារបស់កញ្ញាកាលពីកន្លងទៅ។
ជម្លោះការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ រហូតដល់មានកូដកម្មរាប់ឆ្នាំ កើតឡើងបន្ទាប់ពីកម្មករនិយោជិតប្រមាណ១.៣០០នាក់ត្រូវបានបញ្ឈប់ពីការងារ កាលពីអំឡុងខែមេសា ឆ្នាំ២០២១។ អ្នកដែលត្រូវបានបញ្ឈប់នោះ ភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។ ការបញ្ឈប់នេះត្រូវបានមើលឃើញថាជាចេតនាក្នុងការបំបាត់សហជីពឯករាជ្យនៅក្រុមហ៊ុនកាស៊ីណូមួយនេះ៕