ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍សម្រេច​តម្កល់សាលក្រមរបស់សាលាដំបូងក្នុងសំណុំរឿងកូដកម្មនៅកាស៊ីណូ​ណាហ្កាវើលដ៍


រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ ​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គាវើសដ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)​
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ ​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គាវើសដ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)​

សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទុកជា​បាន​ការ ​និង​នាំខ្លួន​ កញ្ញា ​ឈឹម ស៊ីថរ​ មេ​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (LRSU)​ ទៅ​ឃុំ​បន្ត​នៅ​ពន្ធនាគារ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ​រយៈ​ពេល​ពីរ​ឆ្នាំ។​

នៅ​ពេល​ដើរ​ចេញ​ពី​សវនាការ​ដែល​បាន​ចាប់​ផ្តើម​ពីម៉ោង៨ព្រឹក​ដល់​ម៉ោងជាង​៥​ល្ងាច​ កញ្ញា ​ឈឹម ស៊ីថរ​ ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ «អយុត្តិធម៌​នៅតែបន្ត»។​

ក្នុង​ចំណោម​ចុង​ចោទ​៩​នាក់​ ​ចុង​ចោទ​ប្រាំបី​នាក់​បាន​ប្ដឹង​ទាស់​ការ​សម្រេច​នេះ។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត ​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​ ការ​សម្រេច​របស់​តុលាការ​នេះ​មាន​ន័យ​ថា​ «ជា​ការ​រឹតត្បិត​ ការ​បិទសិទ្ធិ​ សេរីភាព​របស់​សហជីព​ក្នុង​ការ​បញ្ចេញ​មតិ​និង​ធ្វើ​កុដកម្ម»។​

លោក ​សំ រើន ​មេធាវី​តំណាង​ចុងចោទ​ រួម​មាន កញ្ញា ​ឈឹម ស៊ីថរ​ ផង​បាន​ប្រាប់​វីអូអេ​ថា លោក​នឹង​ពិភាក្សា​ជាមួយ​ កញ្ញា ​ឈឹម ស៊ីថរ​ អំពី​ការ​ប្ដឹង​ទាស់។ ​លោក​សុំ​មិន​ទាន់អត្ថាធិប្បាយ​ដើម្បី​ចៀសវាង​ការ​ចោទ​ប្រកាន់ថា «ដាក់​សម្ពាធ​លើ​តុលាការ»។

សវនាការ​នេះ​មាន ​លោក ​យន់ ណារុង​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​និង​ចៅក្រម​ប្រឹក្សាពីរ​នាក់​គឺ​ អ្នកស្រី ចាន់ ម៉ាឌីណា ​និង ​លោក ​ងួន​ រតនា ហើយ​នឹង​ក្រឡា​បញ្ជី កញ្ញា​ សុវណ្ណ ថាវឌ្ឍន៍។

តំណាងអយ្យការ​ លោក​ អ៊ឹន សុផាន​ លើកឡើង​ក្នុង​សវនាការនេះ​ថា ​ការ​សម្រេច​របស់​សាលាដំបូង​ត្រឹមត្រូវ ​ព្រោះ​ចុងចោទបង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់​ធ្ងរដល់​សន្តិសុខ​សង្គម៕​

XS
SM
MD
LG