ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហជីព​២​រូប​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់»​ក្រុម​កូដករ​ណាហ្គាវើលដ៍​ឱ្យ​ប្រព្រឹត្ត​ហិង្សា​លើ​អាជ្ញាធរ​

រូប​ឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

​មេដឹកនាំ​សហជីព​២​រូប ​ដែល​រង​ការ​ចោទ​ប្រកាន់​ពីរដ្ឋបាល​រាជធានី​ភ្នំពេញ​ថា ពួកគេ​បាន​«ញុះញង់»​ក្រុម​កូដករ​ណាហ្គាវើលដ៍​ឱ្យ​ប្រព្រឹត្ត​ហិង្សា​មកលើ​អាជ្ញាធរ​ បដិសេធការ​ចោទ​ប្រកាន់​នេះ​ និង​ថា​ពួកគេ​គ្រាន់​តែ​ជា​អ្នក​ឃ្លាំ​មើល​ប៉ុណ្ណោះ។

លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា​ រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធការ​ញុះញង់ ក៏ដូច​ជា​ការ​បញ្ឆេះ​កំហឹង ក្រុម​បាតុករ​ឱ្យ​«បុក​ទម្លាយ​ប៉ារាស»​ រួមទាំង​បង្កើត​ជាអំពើ​ហិង្សា​លើ​អាជ្ញាធរ​ផងដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា៖ «តាម​រយៈ​ការ​លូក​ដៃ​ចូល​រួម​យ៉ាង​ចំហ និង​សកម្ម​ពី​បុគ្គល​មួយ​ចំនួន​ដែលមិន​មែន​ជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ជាពិសេស​ការ​ញុះញង់​ក្នុង​ន័យ​ដុត​កម្តៅ​បញ្ឆេះ​កំហឹង​ពី​សំណាក់​ឈ្មោះ​ វ៉ន ពៅ និង​ឈ្មោះ​ យ៉ាង សោភ័ណ្ឌ ក្រុម​កូដករ​ហ៊ាន​បុក​ទម្លាយ​ប៉ារាស និង​បង្ក​ហិង្សា​មក​លើ​សមត្ថកិច្ច​ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​មុន ​ដែល​សមត្ថកិច្ច​ចាំ​បាច់​ត្រូវ​ប្រើ​ប្រាស់​សិទ្ធិ​ការ​ពារ​ខ្លួន​»។

រូប​ឯកសារ៖ លោក ​វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឬ​ហៅ​កាត់ថា IDEA (ឈរ​នៅ​កណ្តាល​) ថ្លែង​នៅក្នុង​ពិធី​គម្រប់​ខួប​១៦​ឆ្នាំ​នៃ​ការ​សម្លាប់​ប្រធាន​សហជីព​លោក ជា វិជ្ជា នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/VOA)

លោក វ៉ន​ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ការ​ចោទ​ប្រកាន់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​មិន​ត្រឹម​ត្រូវ​ឡើយ ហើយ​ខុស​ពី​ការ​ពិត និងថា​មិន​មាន​ភ័ស្តុតាង​ណា​ដែល​បង្ហាញ​ថាលោក​បញ្ជា​ឱ្យ​ក្រុម​បាតុករ​ណាហ្គាវើលដ៍ធ្វើ​បែប​នោះ​ឡើយ ខណៈលោក​ទៅ​កន្លែង​ធ្វើ​កូដកម្ម​គ្រាន់​តែ​ជា​អ្នក​សង្កេតការណ៍ និង​ឈរ​មើល​ពី​ចម្ងាយ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិនមែន​ទៅ​ចូល​ក្នុង​ចំណោម​ក្រុម​កូដករ​ទេ។ ខ្ញុំ​សង្កេតការណ៍​ពី​ចម្ងាយ​ទេ។អ៊ីចឹង​ការ​ចោទ​ប្រកាន់​នេះ​ជា​រឿង​មិន​ត្រឹម​ត្រូវ​មក​លើ​រូប​ខ្ញុំ»។

ប្រធាន​សហជីព​រូប​នេះ​បន្ត​ថា​អាជ្ញាធរ​មិន​ត្រូវ​លាប​ពណ៌​ក្រុម​សហជីព ក៏​ដូច​ជា​អ្នក​សង្កេតការណ៍​ឡើយ ហើយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​វិវាទ​ការងារ​មួយ​នេះ​ ដើម្បី​ឱ្យ​ក្រុម​កូដករ​បាន​ចូល​ធ្វើ​ការ​វិញ។

រូប​ឯកសារ៖ អ្នកស្រី ​យ៉ាង សោភ័ណ្ឌ​ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ថ្លែងក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរីកម្មករ​ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​១៥​ឆ្នាំ​មុន នៅ​ខាងមុខ​រូប​សំណាក​របស់​លោក ​ក្បែរ​វិមាន​ឯករាជ្យ​ នៅ​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​ទី២២​ ខែ​មករា​ ឆ្នាំ២០១៨។ (កាន់​ វិច្ឆិកា/VOA)

ចំណែក​អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លើក​ឡើង​ថា​អ្នក​ស្រី​ហួស​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ ស្រប​ពេល​ដែល​អ្នក​ស្រី​ជា​អ្នក​ឃ្លាំ​មើល​ការ​ធ្វើ​កូដកម្ម និង​ថា​សមត្ថកិច្ច​ទេ​ជា​អ្នក​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​កូដករ។

អ្នក​ស្រី​ថ្លែងថា៖«ចង់​និយាយ​ថា​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​អត់​ត្រឹ​ម​ត្រូវ អត់​សម​ស្រប​ទេ។ វា​ជា​រូប​ភាព​មួយ​បំផ្លើស​សុទ្ធសាធ។ សមត្ថកិច្ច​មួយ​ណា​រង​អំពើ​ហិង្សា​ ហើយ​តើ​ក្រុម​កូដករ​មួយ​ណា​ប្រើ​ហិង្សា​ទៅ​លើ​ក្រុម​សមត្ថកិច្ច​ហ្នឹង? ហើយ​ចុះ​សមត្ថកិច្ច​ដែល​ប្រើ​ហិង្សា​មក​លើ​ក្រុម​កូដករ​ដែល​គាត់​បែក​ខ្ញែក​ និង​ហូរ​ឈាម​ហ្នឹង ចេញ​មុខ​មក​មើល»។

អ្នក​ស្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ក្នុងស្តង់ដារ​តែ​មួយ ជាពិសេស​ដោះ​ស្រាយ​សំណុំ​រឿង​នេះ​ឱ្យ​បាន​លឿន និង​ប្រកប​ដោយ​ភាព​ជាក់ស្តែង​ មិន​មែន​ដើរ​តួ​ជា​អ្នក​ការ​ពារ​ផល​ប្រយោជន៍​ឱ្យ​ក្រុម​ម្ខាង​ទៀត​ឡើយ។

តំណាង​ក្រុម​កូដករ​ណាហ្គាលវើលដ៍ អ្នកស្រី សុន ស្រីពេជ្យ ប្រាប់​វីអូអេ​ថា លោក វ៉ន ពៅ និង​អ្នក​ស្រី​ យ៉ាង សុភ័ណ្ឌ មិន​បាន​ញុះញង់​ឬ​ក៏​បង្គាប់​បញ្ជា​ក្រុម​កូដករ​ឡើយ​ ហើយ​ថា​ការ​ដែល​អាជ្ញាធរ​ចោទ​ក្រុម​កូដករ​ថា«បុក​ទម្លា​យ​ប៉ារាស»​ក៏​មិន​ពិត​នោះ​ដែរ។

អ្នក​ស្រី​ថ្លែង​ថា៖«អ៊ីចឹង​គាត់​អត់​មាន​ដូច​ពាក្យ​ចោទ​ប្រកាន់​របស់​ខាង​ក្រសួង​ដែល​ចោទ​មក​ថា​គាត់​ញុះញង់ គាត់​ដឹក​នាំ​អី​ក៏​អត់​មាន​ដែរ»។​

លោក កើត ឆែ អភិបាល​រង​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ស្នើ​ឲ្យ​សួរ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​វិញ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ក្រុម​កូដករ​ណាហ្គាវើលដ៍ ប្រមាណ​៩០​នាក់ បាន​ជួបជុំ​គ្នា​នៅ​មហា​វិថី​សុធារស ដោយ​ធ្វើ​ដំណើរ​លើ​ទ្រូង​ផ្លូវ​ ចាប់​ពី​មុខ​ចំណុច​ផ្សារ​ទំនើប​អ៊ីអន​១ មក​ដល់​សួន​ច្បារ​មុខ​សាកលវិទ្យាល័យ​បៀលប្រាយ។ អាជ្ញាធរ​ហៅ​ការ​ប្រមូល​ផ្តុំ​របស់​ពួកគេ​ថា«ធ្វើ​បាតុកម្ម​ខុស​ច្បាប់»៕

XS
SM
MD
LG