ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ងាក​ទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​បរិហារកេរ្តិ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ចម្រូង​ចម្រាស


បាតុករ​ប្រមូល​ផ្តុំ​នៅទីក្រុង​រ៉ង់ហ្គូន​កាល​ពី​ថ្ងៃទី​២២ មករា ២០១៧ដើម្បី​ប្រកាស​បញ្ហា​ចម្រូង​ចម្រាស​ខ្លាំង​បំផុត​ដែល​ផ្លាស់ប្ទូរ​ច្បាប់​ទូរគមនាគមន៍។
បាតុករ​ប្រមូល​ផ្តុំ​នៅទីក្រុង​រ៉ង់ហ្គូន​កាល​ពី​ថ្ងៃទី​២២ មករា ២០១៧ដើម្បី​ប្រកាស​បញ្ហា​ចម្រូង​ចម្រាស​ខ្លាំង​បំផុត​ដែល​ផ្លាស់ប្ទូរ​ច្បាប់​ទូរគមនាគមន៍។

ខណៈ​​រង​ការ​ដាក់​សម្ពាធ​ពី​សំណាក់​មន្ត្រី​ការទូត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ សភា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ដែល​ច្បាប់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រឹតត្បិត​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ខណៈ​ដែល​ក្រុម​អ្នក​តស៊ូ​មតិ​ទៅ​លើ​វិសោធនកម្ម​ច្បាប់​រឹត​បន្តឹង​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ស្វាគមន៍​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្លាស់ប្ដូរ​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​ថ្លែង​ថា កំណែទម្រង់​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ ប្រាសចាក​ពី​កំណែ​ទម្រង់​ដែល​មាន​ជំហរ​ច្បាស់លាស់ ហើយ​មិន​បាន​លុប​បំបាត់​ចោល​ឫសគល់​នៃ​បញ្ហា​របស់​ច្បាប់​នេះ​នោះ​ទេ។

មីយ៉ាន់ម៉ា​ត្រូវ​បាន​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ការពារ​ក្រុម​អ្នក​សារព័ត៌មាន​ចាត់​ទុក​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ច្បាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក​ ដែល​មាត្រា66d គឺ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ទូរគមនាគមន៍​ឆ្នាំ២០១៣ ដែល​ត្រូវ​បាន​អនុម័ត​ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Thein Sein ដែល​មាន​ក្រុម​យោធា​នៅ​ពី​ក្រោយ។

ច្បាប់​អ៊ីនធឺណិត​មួយ​ដែល​គំរាម​កំហែង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ

មាត្រា 66d ដែល​ត្រូវ​បាន​អនុម័ត​ ​ខណៈប្រទេស​មីយ៉ាន់ម៉ាកាល​នៅ​ជា​ប្រទេស​ដាច់​ពី​គេ​ឯង​មួយ​បាន​ចាប់​ផ្ដើម​អនុញ្ញាត​ឲ្យ​បណ្ដា​ក្រុមហ៊ុន​នានា​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​គ្រប់​ទិសទី​និង​មាន​តម្លៃ​សមរម្យ​មួយ​នោះ បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ដាក់​ពន្ធនាគារ​រហូត​ដល់​ទៅ​៣​ឆ្នាំ ចំពោះ​ជន​ណា​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​គំរាម​កំហែង​ បង្ខិត​បង្ខំ រារាំង​ភាព​យុត្តិធម៌ បរិហារកេរ្តិ៍ រំខាន បំភិត​បំភ័យ​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ដោយ​ប្រើប្រាស់​បណ្ដាញ​ទូរគមនាគមន៍​ណា​មួយ»។

ច្បាប់​នេះ​កម្រ​ត្រូវ​បាន​ប្រើប្រាស់​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Thein Sein ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ករណី​នេះ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​៧​ករណី​ទៅ​ដល់​ ជាង​៦០ករណី ចាប់​តាំង​ពី​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​គឺ​លោកស្រី Aung San Suu Kyi ឡើង​កាន់​អំណាច​កាលពី​ជាង​មួយ​ឆ្នាំ​មុន បន្ថែម​ជាមួយ​នឹង​ពាក្យ​បណ្ដឹង​ច្រើន​ទៀត​ដែល​មិន​ទាន់ត្រូវ​បាន​សម្រេច​យក​ទៅ​ជំនុំ​ជម្រះ។

ក្រុម​អ្នក​និពន្ធ អ្នក​កាសែត និង​ពលរដ្ឋ​ទូទៅ ​ត្រូវ​ឡើង​តុលាការ​ឬ​ជាប់​គុក​ បន្ទាប់ពី​ពួក​គេ​បាន​រិះគន់ ឬ​ចេញ​ផ្សាយ​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​និង​យោធា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

ប៉ុន្មាន​ខែ​ក្រោយ​មាន​ការ​ប្រឆាំង​តវ៉ា​នឹង​ការ​កើន​ឡើង​នៃ​រឿង​ក្ដី​ទាំង​នោះ រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូន​និង​ទំនាក់​ទំនង​របស់​ប្រទេស​មីយ៉ាន់ម៉ា បាន​បញ្ជូន​សេចក្ដី​ព្រាងវិសោធនកម្មច្បាប់​ទៅ​កាន់​ក្រុម​តំណាងរាស្ត្រ​កាលពី​ដើម​ខែ​នេះ។ ការ​ធ្វើ​វិសោធនកម្ម​ទាំង​នោះ​រួម​បញ្ចូល​ការ​អនុញ្ញាត​ឲ្យ​បង់​ប្រាក់​ធានា​ជន​សង្ស័យ​ ការ​រារាំង​ភាគី​ទី៣​ពី​ការ​ដាក់​ពាក្យ​បណ្ដឹង និង​ការ​លុប​ចោល​ឃ្លា​ថា «គំរាម​កំហែង​ ការ​រារាំង​ភាព​យុត្តិធម៌» និង​«ការ​បំភិតបំភ័យ» ពី​ច្បាប់​នោះ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ពួកគេ​មិន​មាន​បំណង​ចង់​លុប​ចោល​ពាក្យ​ថា «បរិហារកេរ្តិ៍» ពី​មាត្រា​នេះ​នោះ​ទេ ហើយ​នៅ​រក្សា​ទុក​ទោស​ព្រហ្មទណ្ឌ​ឲ្យ​នៅ​ដដែល។​

ការ​រិះគន់​ទៅ​លើ​សំណើ​វិសោធនកម្ម​ច្បាប់

លោក Myint Kyaw សមាជិក​ក្រុម​ប្រឹក្សា​អ្នក​សារព័ត៌មាន​របស់​ប្រទេស​មីយ៉ាន់ម៉ា​បាន​ថ្លែង​ថា៖«តាម​គំនិត​របស់​ខ្ញុំ​គឺ​វា​មិន​គ្រប់គ្រាន់​នោះ​ទេ ពីព្រោះ​ពួកគេ​នៅ​តែ​រក្សា​ឃ្លា​ជា​ច្រើន​នៅ​ក្នុង​ច្បាប់​នោះ ហើយ​ចំណុច​មួយ​ទៀត​គឺ​ពាក្យ​ថា «បរិហារកេរ្តិ៍» មិន​ត្រូវ​បាន​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​ទៅ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ហើយ​ក៏​នៅ​មិន​ទាន់​មាន​លក្ខន្តិកៈ​ណា​មួយ​នៅ​ឡើយ​ផង​ដែរ»។

លោក​បាន​បន្ថែម​ថា ដោយ​សារ​តែ​កង្វះខាត​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នេះ​ហើយ​ ទើប​ការ​ធ្វើ​អត្ថាធិប្បាយ​និង​ការ​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ​អាច​នាំ​ឲ្យ​មាន​បញ្ហា។

លោក​សង្ឃឹម​ថា ការ​តស៊ូ​មតិ​អាច​នឹង​ឡើង​ដល់​សភា​ ខណៈ​ដែល​ការ​ធ្វើ​វិសោធនកម្ម​កំពុង​ត្រូវ​បាន​ជជែក​ដេញ​ដោល ប៉ុន្តែ​លោក​មាន​មន្ទិល​អំពី​ប្រសិទ្ធភាព​នៃ​ការ​តស៊ូ​មតិ​នេះ ពី​ព្រោះសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ប្រើប្រាស់​អំណាច​ប្រមូល​ផ្ដុំ។​

ការ​វិភាគ​មួយ​ទៅ​លើ​ច្បាប់​ដែល​ត្រូវ​បាន​យក​មក​ពិនិត្យ​ឡើង​វិញ​ដោយ​ក្រុម​ចម្រុះ​ដើម្បី​ចលនា​កំណែ​ទម្រង់​ច្បាប់​ទូរគមនាគមន៍​និង​ដើម្បី​លុប​ចោល​មាត្រា 66d របស់​សម្ព័ន្ធ​អង្គការ​ដែល​មាន​ក្រុម​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​២២រួម​បញ្ចូល​គ្នា​បាន​បង្ហាញ​ថា វិសោធនកម្ម​ច្បាប់​នេះ​នឹង​លុប​ចោល​វិធាន​ការ​ការ​ពារ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ដឹកជញ្ជូន​និង​ទូរគមនាគមន៍​ មុននឹង​រឿង​ក្តី​នេះ អាច​បន្ត​ទៅ​មុខ​ទៀត​បាន។

ក្រុម​ចម្រុះ​នេះ​ស្នើ​ឲ្យ​ប្រឆាំង​ការ​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ។

ការ​ជជែក​ដេញ​ដោល​នៅ​បន្ត

បញ្ហា​ជាមួយ​នឹង​មាត្រា 66d ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​នៃ​ច្បាប់​ទូរគមនាគមន៍​ខ្លួនឯង​ផង​ដែរ ដូច​ជា​បញ្ហា​ឯកជន​ភាព​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ឧបសគ្គ​ចំពោះ​ការ​វិវឌ្ឍ​ទៅ​មុខ​នៃ​វិស័យ​បច្ចេកវិទ្យា​ ពិសេស​ជាមួយ​នឹង​ការ​បង្កើត​ខ្លឹមសារ​ដែល​បង្កើត​ឡើង​ដោយ​អ្នក​ប្រើប្រាស់​នៅ​លើ​វេទិកា​ក្នុងស្រុក។

លោកស្រី Htaike Htaike Aung នាយក​ប្រតិបត្តិ​នៃ​អង្គការ​ព័ត៌មាន​និង​ទំនាក់​ទំនង​បច្ចេកវិទ្យា​ដើម្បី​ការ​អភិវឌ្ឍ​របស់​មីយ៉ាន់ម៉ា ឬ​ហៅ​កាត់​ថា MIDO បាន​ថ្លែង​ថា៖ «ដូច្នេះ​ ចាត់​ទុក​ថា​ មនុស្ស​ម្នា​នាំ​គ្នា​បង្ហោះ​មាតិកា​ព័ត៌មាន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​បន្ទាប់​មក​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ត្រឹម​តែ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុន្តែ​ពួកគេ​ក៏​បាន​ចោទ​ប្រកាន់​ប្រឆាំង​នឹង​គំនិត​បង្កើត​ថ្មី​ឬ​វេទិកា​ទាំង​អស់​នោះ​ផង​ដែរ​ទៅ ដូច្នេះ​ហើយ​ច្បាប់​នោះ​នឹង​រារាំង​មនុស្ស​គ្រប់​គ្នា​ពី​ការ​បង្កើត​វេទិកា​ក្នុង​ស្រុក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»។

សំណើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ទាំង​នេះ​ ផ្ទុយ​ទៅ​វិញ តំណាង​ឲ្យ​ដំណើរ​ទៅ​មុខ​តិចតួច​សម្រាប់​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​មាត្រា 66d។

ស្ថានទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដែល​មាន​ខ្លឹមសារ​ថា៖ «យើង​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ផល​ប៉ះពាល់​នៃ​មាត្រា 66d ទៅ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​យើង​ស្វាគមន៍​ចំពោះ​ការ​ជជែក​ដេញ​ដោល​យ៉ាង​សកម្ម​និង​ស្វាគមន៍​ចំពោះ​ចលនា​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដែល​យើង​ចាត់​ទុក​ថា​ជា​ជំហាន​មួយ​ធ្វើ​ឡើង​ទៅ​តាម​ទិសដៅ​ដែល​ត្រឹមត្រូវ​មួយ»។

រដ្ឋ​មន្ត្រី​ក្រសួង​ដឹកជញ្ជូន​និង​ទូរគមនាគមន៍​របស់​ប្រទេស​មីយ៉ាន់ម៉ា​ មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG