ក្រុមហ៊ុនទូរគមនាគមន៍ចិនធំមួយបានយល់ព្រមបង់ប្រាក់ ៨៩២ លានដុល្លារចំពោះការរំលោភការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។ នេះជាការដោះស្រាយរឿងក្តីមួយដែលបាននាំឲ្យមានការកើនឡើងនូវភាពរតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន។
ក្រុមហ៊ុនសាជីវកម្ម ZTE ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបង្អស់មួយរបស់ពិភព លោក បានសារភាពទទួលកំហុសនៅក្នុងការចុះហត្ថលេខាដើម្បីលក់ Hardware និង Software ដែលមានតម្លៃរាប់រយលានដុល្លាមកពីមហាក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Microsoft Intel និង Qualcomm។
ការពិន័យនេះ ស្ថិតនៅក្នុងចំណោមរឿងក្តីធំៗដែលរងការដាក់ទណ្ឌកម្ម។
លោក Zhao Xianming ប្រធាននិងជានាយកនិតិប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា៖ «ក្រុមហ៊ុន ZTE ទទួលស្គាល់ពីកំហុសដែលខ្លួនបានធ្វើ ទទួលខុសត្រូវចំពោះកំហុសទាំងនោះ ហើយនៅតែតាំងចិត្តធ្វើការផ្លាស់ប្តូរប្រកបដោយវិជ្ជមាននៅក្នុងក្រុមហ៊ុន»។
លោក Jeff Sessions រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនចិននេះបានរំលោភការដាក់ទណ្ឌកម្មដែលបានធ្វើឡើងដើម្បីរក្សាបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកកុំឲ្យធ្លាក់ចូលក្នុងដៃរបស់របបដែលបង្កអារិភាពដូចជាប្រទេសអ៊ីរ៉ង់ជាដើម។
លោករដ្ឋមន្រ្តីយុត្តិធម៌អាមេរិកាំង និយាយបន្តទៀតថា៖ «កិច្ចព្រមព្រៀងរបស់ចុងចោទនេះធ្វើឲ្យពួកគេទទួលខុសត្រូវ ហើយបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលយើងមានដើម្បីដាក់ទណ្ឌកម្មក្រុមហ៊ុននានាដែលរំលោភច្បាប់របស់យើង ហើយធ្វើឲ្យប៉ះពាល់សន្តិសុខជាតិរបស់យើង»៕