ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បំបិទ​មាត់​ព្រះសង្ឃ Wirathu ប៉ុន្តែ​កេរ​ដំណែល​នៃ​ការ​ស្អប់ខ្ពើម​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ


រូបភាពឯកសារ៖ ព្រះសង្ឃ Wirathu មេដឹកនាំ​នៃ​អង្គការ​ពុទ្ធសាសនា​មីយ៉ាន់ម៉ា Ma Ba Tha កំពុង​ធ្វើការ​សម្ភាសន៍​នៅ​វត្ត​ក្នុង​ទីក្រុង​ Mandalay ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី​១២ វិច្ឆិកា ២០១៦។
រូបភាពឯកសារ៖ ព្រះសង្ឃ Wirathu មេដឹកនាំ​នៃ​អង្គការ​ពុទ្ធសាសនា​មីយ៉ាន់ម៉ា Ma Ba Tha កំពុង​ធ្វើការ​សម្ភាសន៍​នៅ​វត្ត​ក្នុង​ទីក្រុង​ Mandalay ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី​១២ វិច្ឆិកា ២០១៦។

ព្រះ​សង្ឃ​ជាតិ​និយម​របស់​ប្រទេស​មីយ៉ាន់ម៉ា​មួយ​អង្គ​ព្រះ​នាម Wirathu តែង​តែ​​​ប្រើ​​ភាសា​អសុរស​ដើម្បី​បញ្ជាក់​អំពី​អ្វី​ដែល​ព្រះ​អង្គ​មាន​សង្ឃ​ដីកា។

កាល​ពីខែ​មករា ឆ្នាំ ២០១៥ ព្រះ​សង្ឃ​អង្គ​នេះ​បានហៅ​លោក​ស្រី Yanghee Lee អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​ថា​ជា «ស្រីពេស្យា»។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ក្នុង​កម្មវិធី​ឈ្មោះ​ថា «រយៈ​ពេល​៦០​នាទី» ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៥ ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា អ្នក​កាន់​សាសនា​ឥស្លាម​ដែល​មាន​ចំនួន​តិច​ជាង ៥ ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កំពុង​បន្ទោបង់​លាមក​ដាក់​ប្រទេស​មីយ៉ាន់ម៉ា។

​រដ្ឋាភិបាល​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្លួន

ក្រោម​ការ​គ្រប់​គ្រង​របស់​អតីត​រដ្ឋបាលលោក​ប្រធានាធិបតី Thein Sein ដែល​គាំទ្រ​ដោយ​ពួក​យោធា ព្រះ​សង្ឃ Wirathu មិន​សូវ​ទទួល​បាន​ប្រតិកម្ម​អវិជ្ជមានសម្រាប់​ការ​លើក​ឡើង​របស់​ព្រះអង្គ ដែល​ជា​រឿយៗ ធ្វើ​ឡើង​នៅ​ក្នុង​ការ​ទេសនា​ជា​សាធារណៈ ឬ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ Facebook របស់​ព្រះ​អង្គ នោះ​ទេ។

ប៉ុន្តែ បន្ទាប់​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​ស្រី Aung San Suu Kyi បាន​ឡើង​កាន់​អំណាច​កាល​ពី​ជិត​មួយ​ឆ្នាំ​មុន​មក វិធីសាស្ត្រ​នៃ​ការ​មិន​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​នេះ បាន​ផ្លាស់ប្ដូរ។

នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៦ គណៈ​គ្រប់គ្រង​ព្រះ​ពុទ្ធ​សាសនា​របស់​ប្រទេស​មីយ៉ាន់ម៉ា បាន​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​គណៈកម្មាធិការ​ការពារ​ជាតិ​សាសន៍ និង​សាសនា ដែល​ជា​អង្គភាព​អ្នក​ជាតិ​និយម​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ព្រះ​សង្ឃ Wirathu បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ស្ថាប័ន​នេះ​ជា​ស្ថាប័ន​មិន​មាន​ប្រយោជន៍​នោះ។

ធម្ម​ទេសនា​របស់​ព្រះ​សង្ឃ​ Wirathu ត្រូវ​បាន​ហាម​ឃាត់

កាលពីខែ​មិនា​ឆ្នាំ ២០១៧ មន្ត្រី​សាសនា​បាន​ហាម​ប្រាម​ព្រះ​សង្ឃ Wirathu មិន​ឲ្យ​ធ្វើ​ធម្ម​ទេសនា​រយៈ​ពេល​មួយ​ឆ្នាំ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ថ្លែង​អំណរ​គុណ​តាម​ទំព័រ Facebook ដល់​ជន​ជាប់​ចោទ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឃាត​លោក Ko Ni ទីប្រឹក្សា​រដ្ឋាភិបាល​កាល​ពី​ខែ​មករា ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ និង​ក្រោយ​មក បន្ទាប់​ពី​ព្រះ​អង្គ​បាន​ថ្លែង​បំផុស​អុជ​អាល ដោយ​បាន​ប្រាប់​ទៅ​ស្ត្រី​នានា​ថា ពួក​គេ​គួរ​រៀបការ​ជាមួយ​សត្វ​ឆ្កែ​វិញ ប្រសើរជាង​រៀបការ​ជាមួយ​អ្នក​កាន់​សាសនា​ឥស្លាម។

ប៉ុន្តែបើ​ទោះបីជាពេល​នេះ ព្រះអង្គនៅ​រក្សា​ភាពស្ងៀមស្ងាត់​ក៏​ដោយ ក៏​កេរដំណែល​នៃ​ការ​ស្អប់​ខ្ពើម និង​ព្រះពុទ្ធ​សាសនា​បែប​នយោបាយ​របស់​ព្រះ​អង្គ នៅ​តែ​បន្ត​មាន​ដដែល។

ឥទ្ធិពល​របស់ «ព្រះ​សង្ឃ​នយោបាយ» នៅតែ​មាន​ដដែល

លោក Soe Myint Aung អ្នក​វិភាគ​នៅ​វិទ្យាស្ថាន​សិក្សា​នយោបាយ Tagaung ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «តាម​ធម្មតា នៅ​ពេល​ដែល​ព្រះ​សង្ឃពុទ្ធ​សាសនា​សម្ដែង​ធម្ម​ទេសនា ធម្មទេសនា​នោះ​មិន​មែន​អំពី​រឿង​នយោបាយនោះ​ទេ ប៉ុន្តែ​ជា​ធម្មទេសនា​អំពី​សាសនា ដើម្បី​រំដោះ​ខ្លួនទៅ​កាន់​និព្វាន ដើម្បី​ត្រាស់​ដឹង និង​ដើម្បី​ឲ្យ​ដឹង​អំពី​របៀប​រស់​នៅ​តាម​បែប​សាសនា​ឲ្យ​បាន​សម​ស្រប​តែ​ប៉ុណ្ណោះ»។

ប៉ុន្តែ​លោក Soe Myint Aung បាន​បន្ថែម​ថា ព្រះ​សង្ឃ Wirathu និង​ព្រះសង្ឃ​នយោបាយ​ផ្សេង​ទៀត​ «ផ្ដោត​ការ​ទេសនា និង​ការ​លើកឡើង» របស់​ខ្លួន លើ​ការ​ការពារ​ព្រះ​ពុទ្ធ​សាសនា និង​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ចេះ​ខ្លបខ្លាច​អ្នកដទៃ ហើយ​ការ​បំបិទ​មាត់​ព្រះសង្ឃ​អង្គ​នេះ មិន​អាច​លុប​បំបាត់​ឥទ្ធិពល​របស់​ព្រះ​អង្គ​បាន​ឡើយ។

លោក​បាន​ថ្លែង​បន្ត​យ៉ាង​ដូច្នេះ​ថា៖ «វា​ជា​ស្ថានភាព​ផុយ​ស្រួយ​មួយ ដោយសារ​តែ​ពេល​នេះ​ព្រះ​អង្គ​មាន​អ្នក​គាំទ្រ​ជា​ច្រើន។ ប្រាកដ​ណាស់ មាន​ប្រជា​ពលរដ្ឋ និង​ស្ថាប័ន​ផ្សេងៗ​ដែល​បាន​លើក​តម្កើង​និង​គោរព​សរសើរ​ព្រះ​សង្ឃ​អង្គ​នេះ។ អ៊ីចឹង ការ​បញ្ឈប់​ធម្ម​ទេសនា និង​ការ​បំបាត់​ចោល​នូវ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​អង្គ មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ»។

ព្រះ​សង្ឃ Wirathu បាន​ធ្វើធម្មទេសនា​នេះ​តាំង​ពី​មុន​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​បាន​ផ្លាស់ប្ដូរ​ទៅ​រកលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ ២០១១ មក​ម្ល៉េះ គឺ​នៅ​ពេល​ដែល​ពួក​យោធា​ស្នើ​ឲ្យ​មាន​រដ្ឋាភិបាល​ស៊ីវិល ដោយ​មាន​អតីត​មន្ត្រី​យោធា​នៅ​បញ្ជា​ពី​ក្រោយ។ ព្រះ​សង្ឃ​អង្គ​នេះ​បាន​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ឆ្នាំ ២០០៣ ក្រោមបទ​ចោទ​ប្រកាន់​ថា​បាន​ទេសនា​ញុះញង់។ ហើយ​ប្រសិន​បើ​គេ​មិន​ដោះលែង​ព្រះ​អង្គ នៅ​ក្នុង​ការ​លើក​លែង​ទោស​កាល​ពី​ឆ្នាំ ២០១២ នោះ​ទេ ព្រះអង្គ​នឹង​នៅ​តែ​ជា​បុគ្គល​មួយ​រូប ដែល​មិន​សូវ​ល្បីល្បាញ​ដដែល។

បណ្ដាញ​ទូរគមនាគមន៍​បាន​ជួយ​ព្រះ​សង្ឃ Wirathu ឲ្យ​នៅតែ​មាន​ប្រជាប្រិយភាព

ដោយសារ​មាន​ជំនួយ​ពី​ការ​រីក​ដុះដាល​នៃ​បណ្ដាញ​ទូរ​គមនាគមន៍ ព្រះសង្ឃ Wirathu បាន​រួម​ចំណែក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ក្រុម​ពុទ្ធសាសនិក​ជាតិ​និយម​នានា ដូចជា​ក្រុម​ចលនា ៩៦៩ និង​គណៈកម្មាធិការ​ការពារ​ជាតិ​សាសន៍ និង​សាសនា ជា​ដើម ដែល​ក្រុម​ទាំង​ពីរ​នេះ​បាន​ពង្រីក​បណ្ដាញ​នៃ​អង្គការ​តូចៗ​នានា ដែល​មាន​ការជំរុញ​ទឹក​ចិត្ត​ដោយ​ការ​លើក​ឡើ​ពី​ភាព​អត់​ធ្មត់ និង​ការ​ប្រឆាំង​នឹង​សាសនា​ឥស្លាម។

ដោយ​ប្រើប្រាស់​វត្ត​អារាម​ព្រះ​ពុទ្ធ​សាសនា​របស់​ព្រះ​អង្គ​នៅ​ក្នុង​ទីក្រុង Mandalay ជា​កន្លែង​ប្រជុំ ព្រះ​អង្គ​បានប្រមូល​ផ្ដុំ​អ្នក​គាំទ្រ និង​អ្នកគោរព​សរសើរ​ព្រះអង្គ​ជា​ច្រើន​នាក់ ស្រប​ពេល​ដែល​ព្រះ​អង្គ​ក្លាយ​ជា​មនុស្ស​ល្បី​ដែល​អ្នក​សារព័ត៌មាន​នានា​តែងតែ​ទៅ​ជួប​ដើម្បី​ស្វែង​យល់​ពី​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ងប់ងុល​នានា នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ជនជាតិ Rohingya កាន់​សាសនា​ឥស្លាម គឺ​ជា​មុខ​សញ្ញា​ពិសេស

ព្រះ​សង្ឃ Wirathu បាន​បំផុស​បំផុល​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ជន​ជាតិ Rohingya កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​រដ្ឋ Rakhine ដោយ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​និយាយ​តៗ​គ្នា​ថា ពួក​គេ​មិន​មែន​ជា​ពលរដ្ឋ​របស់​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​បង់ក្លាដេស។ ជនជាតិ Rohingya បាន​រស់នៅ​ក្នុង​ជំរំ​សម្រាប់​ជនផ្លាស់​ទី​លំនៅ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​អំពើ​ហិង្សា​រវាង​សហគមន៍​និង​សហគមន៍ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​រដ្ឋ Rakhine ក្នុង​ឆ្នាំ ២០១២ មក ដែល​អំពើ​ហិង្សា​នោះ​បាន​ធ្វើឲ្យ​មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។

មនុស្ស​ភាគ​ច្រើន​ជឿ​ថា សង្ឃដីការបស់​ព្រះ​សង្ឃ Wirathu បាន​បញ្ឆេះជម្លោះ​រវាង​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ និង​អ្នក​កាន់​សាសនា​ឥស្លាម​ឲ្យ​កាន់តែ​រីក​រាលដាល​បន្ថែម​ទៀត។ នា​ពេល​បច្ចុប្បន្ន​នេះ ការ​និយាយ​តិះដៀល​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គឺ​ជា​រឿង​ធម្មតា។

ឥទ្ធិពល​របស់​ព្រះសង្ឃ Wirathu លើ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​មាន

កាល​ពី​ឆ្នាំ ២០១៥ ព្រះ​សង្ឃ Wirathu បាន​គាំទ្រច្បាប់​នានា​ស្ដី​ពី «ជាតិ​សាសន៍ និង​សាសនា» ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​រិះ​គន់​ថា មាន​ការ​រើស​អើង​ចំពោះ​អ្នក​កាន់​សាសនា​ឥស្លាម។ ទោះបីជាច្បាប់​នោះកម្រ​នឹង​អនុវត្ត​ក៏​ដោយ ក៏​វា​នៅ​តែ​មាន​ចែងក្នុង​សៀវភៅ​ច្បាប់​ដដែល។

ព្រះ​សង្ឃ Wirathu បាន​ចូល​ប្រឡូក​គាំទ្រ​លោក Thein Sein នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៥ ដោយ​នៅ​ពេល​នោះ គណបក្ស​របស់​លោក​ស្រី Aung San Suu Kyi បាន​ឈ្នះ​គណបក្ស​របស់​លោក Thein Sein យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ប៉ុន្តែ​អ្នករិះគន់​នានា​ថា ឥទ្ធិពល​របស់​ក្រុម​អ្នក​ជាតិ​និយម ដែល​បាន​ដាក់​សម្ពាធ​លើគណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ មិន​ឲ្យ​ដាក់​បញ្ចូល​បេក្ខជន​ដែល​កាន់​សាសនា​ឥស្លាម​ឲ្យ​ចូល​រួម​នៅ​ក្នុង​រដ្ឋសភា បាន​រុញច្រាន​បេក្ខជន​ដែល​កាន់​សាសនា​ឥស្លាម​ទាំង​នោះ​ឲ្យ​កាន់​តែ​ចេញ​ឆ្ងាយពី​ជីវិត​នយោបាយ។

លោក David Mathiesonអ្នក​វិភាគ​ឯករាជ្យ​នៅ​ទីក្រុង​រ៉ង់ហ្គូន បាន​និយាយ​ថា ព្រះ​សង្ឃ Wirathu បាន​បំផ្លាញ​ចំណាប់​អារម្មណ៍​ដែល​សហគមន៍​អន្តរជាតិ​មាន​ចំពោះ​ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយ​បាន​បញ្ចេញ​ឲ្យ​ឃើញ​ពី​ចំណុច​អាក្រក់​នានា ដែលមិន​សូវ​បាន​បង្ហាញ​នៅក្នុង​អំឡុង​ពេល​ការ​ធ្វើ​បដិវត្ត​របស់​ព្រះសង្ឃ ដែល​ហៅ​ថា Saffron Revolution កាល​ពី​ឆ្នាំ ២០០៧ ដែល​នៅ​ពេល​នោះ ក្រុម​ព្រះ​សង្ឃ​បាន​ប្រឈម​មុខ​តទល់​ជាមួយ​នឹង​ពួកយោធា។

ប៉ុន្តែ​លោក Mathieson បាន​គូស​បញ្ជាក់​ថា ចំណុច​សំខាន់​គឺ​មិន​ត្រូវ​បំផ្លើសអំពី​ឥទ្ធិពល​របស់​សង្ឃ Wirathu នោះ​ទេ។ ព្រះអង្គ​មិន​បាន​បង្កើត​ឲ្យ​មាន​ទស្សនៈ​ជាតិ​និយម​ព្រះ​ពុទ្ធសាសនា​នោះ​ទេ។ ព្រះអង្គ​គ្រាន់តែ​ទាញ​យក​ផល​ប្រយោជន៍​ពី​ទស្សនៈ​ជាតិ​និយម​នេះ ដើម្បី​លើក​តម្កើង​កេរ្តិ៍​ឈ្មោះ​របស់​ព្រះអង្គ​តែ​ប៉ុណ្ណោះ។

លោក Mathieson បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា កេរដំណែល​របស់​ព្រះសង្ឃ Wirathu នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា គឺ​ថា​ព្រះអង្គ​ជា​មនុស្ស​ឱកាស​និយម​ដ៏អាត្មានិយម​ម្នាក់។ ព្រះអង្គ​ជា​មនុស្ស​ឆ្លាត។ មាន​ភាព​តាន​តឹង​កើន​ឡើងពាក់ព័ន្ធ​នឹង​ការ​ផ្លាស់ប្ដូររបស់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ក្រោយ​ឆ្នាំ ២០១២ ហើយ​ដោយសារ​ព្រះអង្គ​ជា​ជន​ឆ្លៀត​ឱកាស អញ្ចឹង​ហើយ​បាន​ជា​ព្រះ​អង្គ​ទាញ​យក​ប្រយោជន៍​ពី​ការ​ផ្លាស់ប្ដូរ​នេះ»។

ព្រះ​សង្ឃ Wirathu មិន​បាន​ឆ្លើយ​តប​នឹង​ការ​ហៅ​ទូរស័ព្ទ​ដើម្បី​សុំ​សួរ​យោបល់នោះ​ទេ។ មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​មកពី​ក្រសួង​កិច្ចការ​សាសនា ក៏​មិន​ព្រម​ផ្ដល់​យោបល់​ដែរ។ ចំណែក​ឯមន្ត្រី​ផ្សេង​ទៀត​នៅ​ក្នុង​ក្រសួង​កិច្ចការ​សាសនា​នេះ ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ។

ព្រះ​សង្ឃ Wirathu ប្រហែល​ត្រូវ​ហាម​ឃាត់ ប៉ុន្តែ​ចលនា​ជាតិ​និយម​នៅ​តែ​រឹង​មាំ

សមាជិក​ជាន់​ខ្ពស់​មួយ​រូប​របស់​គណៈកម្មាធិការ​ការពារ​ជាតិ​សាសន៍ និង​សាសនា ដែល​មាន​ឈ្មោះ​កាត់​ថា Ma Ba Tha បាន​និយាយ​ថា ទោះបីជា​ព្រះ​សង្ឃ Wirathu ត្រូវ​ហាម​ឃាត់​ដោយសារ​តែ​សង្ឃដីកា​របស់​ព្រះ​អង្គ​មាន​ភាព​រើសអើង​ក៏​ដោយ ក៏​វា​មិន​ប៉ះ​ពាល់​ដល់​ការ​គាំទ្រចលនា​ជាតិ​និយម​នោះ​ទេ។

លោក Maung Maung សមាជិក​មួយ​រូប​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​លោក Ma Ba Tha បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ទោះ​បី​ជា​អ្នក​ណា​ត្រូវ​ហាម​ឃាត់​ក៏​ដោយ ក៏​ការ​គាំទ្រ​ចលនា​ជាតិ​និយម​នៅតែ​មាន​ដដែល។ ប្រវត្តិសាស្ត្រ​បានបង្ហាញ​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​ទូទៅ​មាន​គំនិត​នេះ​រួចស្រេចទៅ​ហើយ»។

ព្រះ​សង្ឃ Wirathu ហាក់​ដូច​ជា​មិន​មាន​គម្រោង​ដក​ខ្លួន​ចេញ​ទាំង​ស្រុង​នោះ​ទេ។ បន្ទាប់​ពី​ចេញ​ដីកា​ហាម​ឃាត់​នោះ​មក ព្រះ​អង្គ​បាន​បង្ហោះ​វីដេអូ​បង្ហាញ​អំពីរូប​ព្រះ​អង្គ​ដែល​មាន​ស្កុត​បិត​ពី​លើ​មាត់​របស់​ព្រះ​អង្គ ដោយ​មាន​ចាក់​សំឡេង​ធម្ម​ទេសនា​អម​ជាមួយ​ផង​ដែរ។

គណៈ​ដឹកនាំ​ខាង​ព្រះពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​បញ្ជាក់​ថា ព្រះសង្ឃ Wirathu អាច​ប្រឈម​នឹង​វិធានការ​ផ្លូវ​ច្បាប់ ប្រសិន​បើ​ព្រះ​អង្គ​នៅ​បន្ត​ចាក់​ផ្សាយ​ធម្ម​ទេសនា​ដែល​បាន​ថត​ចម្លង​ទុក​នេះ​ទៀត ប៉ុន្តែ​សកម្មភាព​នេះ​បាន​បង្ហាញ​ថា ព្រះ​អង្គ​នឹង​មិន​នៅ​ស្ងៀមស្ងាត់​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ សើ​ សាយ្យាណា

XS
SM
MD
LG