ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមអ្នក​​តស៊ូ​​មតិដើម្បី​សេរីភាព​នៃការ​បញ្ចេញ​មតិ តវ៉ា​ប្រឆាំង​នឹង​ច្បាប់​​ទូរគមនាគមន៍​​របស់​​មីយ៉ាន់ម៉ា


បាតុករ​ប្រមូលផ្តុំ​នៅ​ក្រុង​យ៉ាងហ្គន​កាល​ពី​ថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០១៧ ដើម្បី​តវ៉ាប្រឆាំង​នឹង​ច្បាប់​ទូរគមនាគមន៍​ដ៏ចម្រូងចម្រាស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ប្រជា​ពលរដ្ឋ​ជាច្រើន​ដែល​ចូលរួម​ក្នុង​ការ​ប្រជុំតវ៉ា​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា បាន​សរសេរ​នៅ​លើ​អាវយឺត​នូវ​ពាក្យថា​ «ត្រូវ​ធ្វើ​​វិសោធនកម្ម​ច្បាប់​ទូរគមនាគមន៍​ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន» ហើយ​ពួក​គេ​បាន​គូរ​បន្ទាត់​ក្រហម​លើ​ជំពូក​ទី66Dនៃ​ច្បាប់​នេះ»។

ក្រុមអ្នក​និពន្ធ អ្នក​កាសែត និងសកម្មជន​ក្នុងប្រទេសមីយ៉ាន់ម៉ា​ ​កំពុងតវ៉ា​ប្រឆាំង​នឹងច្បាប់ដ៏ចម្រូង​ចម្រាស​ ដែលច្បាប់នេះត្រូវបានគេ​ប្រើប្រាស់​កាន់​តែ​ច្រើន​ដើម្បី​កាត់​ទោស​អ្នករិះគន់​រដ្ឋាភិបាល​ ​ក្រោមបទ​បរិហារកេរ្តិ៍​តាម​ប្រព័ន្ធអ៊ីនធឺណិត។

រឿងក្តី​នានា​ពាក់ព័ន្ធ​នឹង​បទបរិហារកេរ្តិ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ជះ​ឥទ្ធិពល​គួរ​ឲ្យបារម្ភ​មួយ​ដល់​ការ​បញ្ចេញមតិដោយ​សេរីនៅ​ក្រោម​រដ្ឋាភិបាល​ថ្មី​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី​ ហើយ​ករណី​ទាំង​នេះ​បានបន្ថែមលើ​បញ្ហាជា​ច្រើន​ដែលបាន​ញាំញី​រដ្ឋបាល​របស់​លោក​ស្រី​នៅ​ពេល​ដែល​រដ្ឋបាល​របស់​លោក​ស្រីនឹង​ឈាន​ចូល​ដល់​ខួប​មួយឆ្នាំនៃ​ការកាន់កាប់​អំណាច​ចាប់តាំង​ពី​ថ្ងៃ​ទី​១​ខែ​មេសា ឆ្នាំ២០១៦​មក។

ការប្រមូល​ផ្តុំ​គ្នា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ច្បាប់​អ៊ីនធឺណិត​ក្នុងឆ្នាំ ​២០១៣

មនុស្ស​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ក្រុង​ ក្នុង​ទី​ក្រុងយ៉ាងហ្គននៅ​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃទី ២២​ ខែមករា ​ដើម្បី​ទាមទារ​ឲ្យ​សភា​មីយ៉ាន់ម៉ា​ កែប្រែ​ច្បាប់​ដែល​មាន​ឈ្មោះ​ថា​ ច្បាប់​ទូរគមនាគមន៍ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ ២០១៣ដើម្បី​គ្រប់គ្រង​ឧស្សាហកម្ម​ទើប​នឹង​កើត​ថ្មី​ ប៉ុន្តែ​ច្បាប់​នេះ​ក៏​មាន​បញ្ចូល​ការ​ដាក់ទោស​ពីបទ​បរិហារកេរ្តិ៍​តាម​ប្រព័ន្ធ​អ៊ិនធឺណិតផង​ដែរ។

លោក ​Zayar​ Hlaing​ ​និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ស៊ើបអង្កេត Mawkum ​របស់​ភូមា​ បាន​ប្រាប់​ហ្វូង​មហាជន​នៅពេល​ដែល​លោក​ឈរ​នៅ​លើ​ដំបូល​រថយន្ត​ដឹក​ទំនិញ​មួយ​ថា៖ «ច្បាប់​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​បិទមាត់​របស់​ប្រជាពលរដ្ឋ»។ ហើយ​វា​អាក្រក់​បន្តិច​ហើយ ​ដែល​រដ្ឋាភិបាល​ជាប់​ឆ្នោត​នៅ​តែ​ប្រើ​ច្បាប់​នេះ»។

នៅ​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​កាលពីឆ្នាំ​២០១៣​ ប្រទេស​មីយ៉ាន់ម៉ា កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ធ្វើ​សេរីភាវូបនីយកម្ម​វិស័យ​ទូរគមនាគមន៍​របស់​ខ្លួន​ក្រោម​រដ្ឋាភិបាល​ដែល​មើលទៅ​ដូចជា​រដ្ឋាភិបាល​ស៊ីវិលដឹកនាំ​ដោយ​លោក​អតីត​ប្រធានាធិបតី​ ថេន សេនដែល​រដ្ឋបាល​របស់​លោកបាន​ចាប់​ផ្តើម​ការ​ធ្វើ​កំណែ​ទម្រង់​នយោបាយ​និង​កំណែ​ទម្រង់​សេដ្ឋកិច្ច​ជាច្រើន​ ដោយ​បាននាំ​ប្រទេស​ចេញពី​ការគ្រប់គ្រង​ដោយ​យោធា​អស់ជា​ច្រើន​ទសវត្សរ៍​នោះ។

តម្លៃ​នៃ​សេវា​ទូរ​គមនាគមន៍​ធ្លាក់ចុះ ដោយសារ​ច្បាប់​ឆ្នាំ២០១៣​ បាន​នាំ​ឲ្យមាន​អ្នក​ប្រើប្រាស់​ថ្មីៗ​ច្រើន​

ក្រុមហ៊ុន​បរទេស​ពីរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​ដំណើរ​ការដំឡើង​ប​ណ្តាញ​ប្រព័ន្ធ​ទូរគមនាគមន៍​ថ្មី​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដែល​ទ្រទ្រង់​ដោយ​រដ្ឋ​មីយ៉ាន់ម៉ា។ សេរីភាវូបនីយ​កម្ម​នៃ​វិស័យ​នេះ​បាន​ធ្វើ​ឲ្យ​ការ​ចំណាយ​លើការទិញ​ទូរស័ព្ទ​ស្មាតហ្វូន​ធ្លាក់​ចុះ​ ប៉ុន្តែ​បាន​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃការ​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត ​និង​ការ​ប្រើប្រាស់បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook)។

ខណៈ​ដែល​ច្បាប់​ឆ្នាំ ​២០១៣ ​ភាគ​ច្រើន​បាន​ដោះ​ស្រាយ​បញ្ហា​មិន​គួរ​ឲ្យ​ចាប់​អាម្មណ៍​នានា ​ដូច​ជា​ការចេញ​អាជ្ញាប័ណ្ណ ​និងសម្ភារៈ​បរិក្ខារនៃ​បណ្តាញ​ទូរ​គមនាគមន៍​ ​ជំពូក​ទី៦៦Dដ៏​ចម្រូង​ចម្រាស​ក្នុង​ច្បាប់​នេះ​ ហាក់​ដូច​ជា​ត្រូវ​បាន​គេតាក់តែង​ដោយ​មាន​ការ​គិត​គូរលើ​អ្នក​ប្រើប្រាស់​បណ្តាញ​ទូរគមនា​គមន៍ថ្មី​ តួយ៉ាងដូចជា​ កំណត់​ការ​ដាក់ទោស​ទណ្ឌ​រហូត​ដល់បី​ឆ្នាំក្នុង​ពន្ធនាគារ​និង​ការ​ផាក​ពិន័យ​ជាប្រាក់​សម្រាប់​ «ការ​គំរាមកំហែង ​ការ​បង្ខិតបង្ខំ​ ការ​ឃាត់ខ្លួន​ដោយ​ខុសច្បាប់​ ការ​បរិហាកេរ្តិ៍ ​ការ​រំខាន​ដែល​ជះឥទ្ធិពល​ ឬ​ការគំរាម​កំហែង​ហួសហេតុ​ដល់​បុគ្គល​តាមរយៈ​ការ​ប្រើ​ប្រាស់​បណ្តាញ​ទូរគមនាគមន៍»។​

ប្រជា​ពលរដ្ឋ​ជាច្រើន​ដែល​ចូលរួម​ក្នុង​ការ​ប្រជុំតវ៉ា​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា បាន​សរសេរ​នៅ​លើ​អាវយឺត​នូវ​ពាក្យថា​ «ត្រូវ​ធ្វើវិសោធនកម្ម​ច្បាប់​ទូរគមនាគមន៍​ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន» ហើយ​ពួក​គេ​បាន​គូរ​បន្ទាត់​ក្រហម​លើ​ជំពូក​ទី66Dនៃ​ច្បាប់​នេះ»។

ការ​អនុវត្ត​ច្បាប់​ទូរគមនាគមន៍​នៅ​ក្រោម​រដ្ឋបាល​លោក​ស្រី​ អ៊ុងសាន ស៊ូជី ​មានការ​កើន​ឡើង​

ច្បាប់​នេះ​ ត្រូវ​បាន​អនុវត្ត​ដោយអន្លើៗ​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​ ថេន​សេន ​ដែល​កំណែ​ទម្រង់​របស់​លោក​រួមមាន​ ការ​លុប​បំបាត់​ការ​ត្រួត​ពិនិត្យ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ប៉ុន្តែ​បន្ទាប់​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (​National League for Democracy) បាន​ឈ្នះការ​បោះឆ្នោត​លើសលប់​នៅ​ឆ្នាំ ​២០១៥ ហើយ​បាន​ចូលកាន់​អំណាច​ជា​ផ្លូវការ​ប៉ុន្មាន​ខែ​បន្ទាប់មក ភាពចម្រូង​ចម្រាស​នៃច្បាប់នេះ បាន​ចាប់​ផ្តើម​កើន​ឡើង​និងធ្វើ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​ដល់​អ្នក​គាំទ្រ​គណបក្ស​ដែល​ជឿ​ថា គណបក្ស​ NLD​ ជា​គណបក្សគាំទ្រ​ការ​បញ្ចេញ​មតិ​ដោយ​សេរី​នោះ។

ការណ៍​ដែល​កាន់​តែ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​អាក្រក់​ទៀត​នោះ ​គឺ​ជន​ជាប់​ចោទ​មួយ​ចំនួន​ត្រូវ​បាន​គេចោទ​ប្រកាន់​ពី​បទ​ជេរ​ប្រមាថ​ ឬ​ បទ​បរិហាកេរ្តិ៍ ​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​នេះ ​ដែល​រួម​មាន​លោក​ស្រី​អ៊ុងសាន​ស៊ូជី ​ និង​ប្រធានាធិបតី​លោក​Htin​Kyaw ដែល​ជ្រើសរើស​ដោយ​លោក​ស្រី ​ ​និង​លោក​ Phyo ​Min​ Thein ដែល​ជា​ប្រមុខ​គណៈរដ្ឋមន្រ្តី​ដ៏​មាន​ឥទ្ធិពល​នៅ​ទីក្រុង​យ៉ាងហ្គន។

សមាគមន៍​អ្នកនិពន្ធ​ ឈ្មោះ​ Pen Myanmar បាន​កត់ត្រាករណី​ប្តឹងផ្តល់​ដោយ​សារការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​ ៣៨​ករណី​ក្នុងឆ្នាំ​ ២០១៦​ បើ​ប្រៀប​ជាមួយ​នឹង​៧​ករណីប៉ុណ្ណោះចាប់​ពីឆ្នាំ​ ២០១៣​ ដល់​ឆ្នាំ​២០១៥។ លោក​ Zayar​ Hlaing ​ និពន្ធ​នាយករបស់​ទស្សនាវដី្ត​ Mawkun​ បាន​និយាយ​ថា ​លោក​បាន​រាប់​ករណី​ទាំង​នោះ​ដែល​មាន​ច្រើន​ជាង​ ៤០​ករណី​នៅ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី។

មនុស្សម្នា​កំពុង​ប្រើ​ច្បាប់​នេះ​សម្រាប់​ជម្លោះ​តូចតាច​ដើម្បី​សងសឹក​អ្នក​ដទៃ

លោក ​Robert San Aung ​ មេធាវី​សិទ្ធិមនុស្ស​ដ៏​លេច​ធ្លោ​ដែល​បាន​ធ្វើការងារ​ការពារ​សកម្មជន​ជា​ច្រើន​នាក់​ពីបទ​រំលោភបំពាន​លើ​ច្បាប់​នេះ ​បាន​និយាយ​ថា​ ករណី​ទាំង​នេះ​បាន​កើន​ឡើង​ដោយ​សារ​តែ​ក្រុមអ្នក​ចង់​ធ្វើ​ច្បាប់​នេះ​ឲ្យ​កាន់​តែ​អាក្រក់​ទៅ​ ដោយ​ព្យាយាម​បង្កើត​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​អំឡុង​ពេល​អន្តរកាល​ប្រជាធិបតេយ្យ ​ប៉ុន្តែដោយសារតែ​ប្រជាជន​ធម្មតា​បាន​ដឹង​ថា​ពួក​គេ​អាច​ប្រើ​ច្បាប់​នេះបាន ពួកគេ​ក៏ប្រើវា​ជា​មធ្យោបាយ​មួយ​ដើម្បី​សងសឹក​អ្នក​ដទៃ​នៅ​ក្នុង​ជម្លោះ​ផ្ទាល់​ខ្លួន។

លោក​បាន​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​ចង់​ស្នើ​ទៅ​សភា​នោះ​ គឺ​លុប​ច្បាប់​នេះ​ចោល។ ប្រសិន​បើ​សភា​គិត​ថា​ ច្បាប់​នេះ​មិន​គួរ​ចូល​ជា​និរាករណ៍​នោះទេ​ អញ្ចឹង​សភា​គួរធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ទៅ»។

លោក Robert San Aung មេធាវីសម្រាប់​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មីយ៉ាន់ម៉ា។
លោក Robert San Aung មេធាវីសម្រាប់​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មីយ៉ាន់ម៉ា។

ច្បាប់​នេះ​ជាកង្វល់មួយ​ក្នុង​ចំណោម​កង្វល់នានា​របស់​រដ្ឋភិបាល​ស៊ីវិល​មីយ៉ាន់ម៉ា​

ទោះជា​យ៉ាងណា​ក៏ដោយ​ ច្បាប់ដ៏​ចម្រូងចម្រាសនេះ​ហាក់​ដូច​ជា​មិនមែន​ជា​អាទិភាព​ខ្ពស់​សម្រាប់​ លោក​ស្រី ​ អ៊ុងសាន ​ ស៊ូជី​ ដែល​នៅ​ក្នុង​តួនាទី​ពីរ​របស់​លោក​ស្រី គឺ​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេសនោះទេ ហើយ​លោកស្រី​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​មេដឹកនាំ​ពិតប្រាកដ​នៃ​ប្រទេស​នេះ។ កិច្ចប្រឹងប្រែង​ដើម្បី​ធ្វើ​វិសោធនកម្ម ​ឬ​កែប្រែ​ច្បាប់​នេះ​ត្រូវ​បាន​ជាប់គាំង​នៅ​ចំពេល​ដែល​មាន​បញ្ហា​ដ៏​គួរ​ឲ្យ​បារម្ភ​កើនឡើង កាន់តែ​ច្រើន​។

ចាប់​តាំង​ពី​ខែ​តុលា​មក​ រដ្ឋបាល​របស់​លោក​ស្រី​ស្ថិត​នៅ​ក្រោម​ការ​រិះគន់​ ខណៈ​ពេល​ដែល​កង​ទ័ព​មីយ៉ាន់ម៉ា​ស្វែងរក​ពួក​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​រដ្ឋ​Rakhine​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​មួយ​លើ​ប៉ុស្ដិ៍​ប៉ូលិស​ដែល​បាន​សម្លាប់​ឆ្មាំ​ព្រំដែន​ចំនួន​ប្រាំបួន​រូប​។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ ការ​សម្លាប់​នោះ​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​តាម​ប្រមាញ់​ រួម​មាន​ការ​រំលោភ​ផ្លូវ​ភេទ ​និង​ការ​ដុតផ្ទះសម្បែង​ជា​ច្រើន​ដែល​អាច​រាប់ចូល​ទៅ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

ភាគច្រើន​នៃ​ការ​ស្តី​បន្ទោស​នេះ​ បាន​ទៅដល់​តុ​របស់​លោក​ស្រី ​អ៊ុងសាន​ស៊ូជី។ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ស៊ីវិល​ លោក​ស្រី​អាច​នឹង​គ្រប់គ្រង​តិចតួច​លើ​ផ្នែក​យោធា​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា​លោក​ស្រី​មិន​បាន​ប្រើ​សំឡេង​ដ៏​មាន​ឥទ្ធិពល​របស់​លោក​ស្រី​ដើម្បី​ធ្វើ​អន្តរាគមន៍​ទៅ​លើ​រឿង​នោះ​ទេ។

ដំណើរ​ការ​សន្តិភាព​ក្នុងប្រទេស​មីយ៉ាន់ម៉ា​ក៏ស្ថិត​នៅ​នឹង​ថ្កល់ដែរ​ កិច្ច​ប្រឹងប្រែងគួរ​ឲ្យ​កត់​សម្គាល់​មួយនៃ​រដ្ឋបាល​ថ្មី​របស់​លោក​ស្រី​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ការ​ប្រយុទ្ធ​គ្នា​ជា​បន្តបន្ទាប់​នៅ​ភាគ​ខាង​ជើង​ប្រទេសរវាង​ក្រុមជនភាគតិច​ប្រដាប់​អាវុធ​និង​កង​កម្លាំង​រដ្ឋាភិបាល។

លោក​ Maung ​Saungkha​ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ក្រោម​ច្បាប់​ទូរគមនាគមន៍​កាល​ពី​ឆ្នាំ​មុន​ចំពោះ​ការ​សរសេរ​កំណាព្យ​របស់​លោក​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​អតីត​ប្រធានាធិបតី​ បាន​ប្រាប់​ហ្វូង​មហាជន​ថា ​លោក​មិន​ចង់​យក​ចិត្ត​ទុកដាក់​លើ​អ្វី​ដែលជា​បញ្ហា​តូចតាច​នោះទេ។ លោក​ Saungkha ​ដែល​បាន​ជាប់ក្នុង​ពន្ធនាគារ​រយៈពេល​៦​ខែ​នៅបន្ទាប់​ពី​ការ​ចាប់ខ្លួន​នោះ បាន​ថ្លែង​ថា៖

«យើង​មិន​ចង់​នៅ​លើ​ផ្លូវ​ដោយសារ​តែ​បញ្ហា​តូច​តាច​ដូច​ជា ​បញ្ហាជំពូកទី​៦៦​D​ នៃច្បាប់​នេះនោះ​ទេ។ យើង​នឹង​នៅ​លើ​ផ្លូវ​ដើម្បី​ទាមទារ​ឲ្យធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឬដើម្បី​សន្តិភាព​»។

មនុស្ស​ជាច្រើន​និយាយ​ថា ​ច្បាប់​ទូរគមនាគមន៍​ជា​ច្បាប់ដ៏​អាក្រក់​មួយ​

Nay ​Phone​ Latt​ អ្នក​សរសេរ​ប្លុក​មួយ​រូប​ ដែល​ក្លាយ​ជា​សមាជិក​សភា​ប្រចាំ​តំបន់​សម្រាប់​គណបក្ស ​ NLD ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ថ្ងៃ​ទី ​២៣​ខែ​មករា​កន្លង​ទៅ​នេះ​ថា ​បញ្ហា​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ក្នុង​ច្បាប់​នោះ។ លោក​បាន​និយាយ​ថា៖

«ច្បាប់​នេះ​មាន​ចំណុច​ខ្សោយ​ជា​ច្រើន។ តាម​ពិត​ទៅ​ច្បាប់​នេះ​គួរ​តែ​ត្រូវ​ផ្តោត​ទៅ​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​ និង ​រដ្ឋាភិបាល​ឯ​នោះ​ទេ។ ច្បាប់​នេះ ​មិន​គួរ​ផ្តោត​លើ​អ្នក​ប្រើ​ប្រាស់​ច្បាប់នោះទេ»។

Nay Phone Latt​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ ក្រោម​ច្បាប់​ដែល​ចេញ​មុន​នៅ​ក្នុង​ឆ្នាំ ​២០០៨ ​បាន​ជាប់ក្នុង​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ មុន​ពេលលោក​ត្រូវ​បាន​គេ​ដោះលែង ដែល​ជា​ផ្នែកមួយ​នៃ​ការ​លើកលែង​ទោស។ លោក​គិត​ថា​ សមាជិក​មួយ​ចំនួន​នៃ​សភាជាតិ​ឬ​សភា​សហភាព​មិន​យល់​ពីវិសាលភាព​នៃ​ច្បាប់​នេះ​ទេ ដោយសារ​តែ​កង្វះ​បទ​ពិសោធន៍ និង​បច្ចេកវិទ្យា។ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា សមាជិក​សភា​នៅ​ក្នុង​គណបក្ស​របស់​លោក​នឹង​កែប្រែ​ច្បាប់​នេះ​ទាន់​ពេល​វេលា។

ហើយ​លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​សភា​នឹង​ឮ​សំឡេង​របស់​ប្រជា​ពលរដ្ឋ»៕

ប្រែ​សម្រួល​ដោយ ផន បុប្ផា

XS
SM
MD
LG