ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាក​ស្រុក​មីយ៉ានម៉ា ​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​ប្រទេស​ថៃ


ជន​ជាតិ​មីយ៉ាន់ម៉ា​ដែ​ល​ត្រូវ​បាន​សង្គ្រោះ​ដោយ​យោធា​ថៃ នៅ​ក្រុង Sungai Kolok ខេត្ត Narathiwat ជិត​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា ២០២០។

ជន​ចំណាក​ស្រុក​ជាតិ​មីយ៉ាន់ម៉ា​ ២០ នាក់​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ បាន​នៅ​ជាប់​គាំង​នៅ​ឯព្រំដែន​ថៃ​និង​ម៉ាឡេស៊ី​អស់​រយៈ​ពេល​២​ខែ បាន​ត្រូវ​ជួយ​សង្គ្រោះ។នេះ​តាម​មន្រ្តី​ម្នាក់​របស់​ស្ថាន​ទូត​មីយ៉ាន់ម៉ា​នៅ​ក្នុង​ទីក្រុង​បាងកក។

លោក​ U Sai Aye ​អ្នក​បក​ប្រែ​ផ្លូវការ​នៃ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​បាងកក បាន​ប្រាប់​ VOA ​ផ្សាយ​ជា​ភាសា​ភូមា​ថា ពួក​ជន​រង​គ្រោះ​ មាន​កម្លាំង​ល្ហិត​ល្ហៃ​នៅ​ក្នុង​បន្ទប់​មួយ​បន្ទាប់​ពី​ភ្នាក់ងារ​ម្នាក់​ដែល​បាន​សន្យា​ផ្តល់​ការងារ​ឲ្យ​ពួក​គេ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ បាន​បោះ​បង់​ពួក​គេ​ចោល​ក្នុង​ការ​ប្រឈម​មុខ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដែល​ទាក់​ ទិន​នឹង​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា។

នៅ​ពេល​ដែល​ស្ថានទូត ​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​មក​ពី​ក្រុម​នោះ មិន​មាន​ជន​ចំណាក​ស្រុក​ណា​ដឹង​ថា​ពួក​គេ​នៅ​ទី​ណា​ទេ។ ស្ថានទូត​មីយ៉ាន់ម៉ា បាន​ស្នើ​សុំការ​ជួយ​មក​ពី​យោធា​ថៃ។

លោក ​Sai Aye​ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ពួក​យោធា​ថៃ​ ដោយ​មាន​ការ​ជួយ​ពី​ប៉ូលិស​អន្តោប្រវេសន៍​ថៃ បាន​ជួយ​សង្គ្រោះ​មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​ក្រុង​ Sungai Kolok​ នៅ​ខេត្ត​ Narathiwat ​នៅ​ជិត​ព្រំដែន​ប្រទេស​ម៉ាឡេស៊ី។ អាជ្ញាធរ​ថៃ​ បាន​ប្រគល់​ជន​រង​គ្រោះ​ទាំង​នោះ​ទៅ​ឲ្យ​ពួក​អាជ្ញាធរ​មីយ៉ាន់ម៉ា។

លោក ​Sai Aye ​បាន​និយាយ​ទៀត​ថា ភ្នាក់ងារ​រក​ការងារ​ដែល​បាន​ជួញ​ដូរ​ពលរដ្ឋ​ភូមា​ បាន​យក​ប្រាក់​ពី​ជនជាតិ​មីយ៉ាន់ម៉ា​ម្នាក់ៗ​ចំនួន​១ពាន់​ដុល្លារ​ហើយ​បាន​សន្យា​យក​ពួក​គេ​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​កាត់​តាម​ទីក្រុង​បាងកក។ភ្នាក់ងារ​នោះ បាន​ប្រាប់​ជន​រង​គ្រោះ​ថា ពួក​គេ​មិន​ត្រូវ​ការ​លិខិត​ ឆ្លង​ដែន​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​ខុស​ច្បាប់។

នៅ​ពេល​ឆ្លង​កាត់​ព្រំដែន មាន​ការ​លំបាក ​ពីព្រោះ​តែ​សន្តិសុខ​តឹង​តែង​បំផុត​ ដែល​ត្រូវ​បាន​គេរៀប​ចំ​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ភ្នាក់ងារ​នោះ​ បាន​បោះបង់​ចោល​ក្រុម​ជន​ចំណាក​ស្រុក​ទាំង​នោះ។

ក្រុម​ជន​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ទាំង​នោះ​ដែល​មាន​ស្រ្តី​២​នាក់​និង​បុរស​២៨​នាក់ នៅ​ទីបញ្ចប់​ពួក​គេ​បាន​ទាក់​ទង​ស្ថានទូត​ដែល​បាន​ផ្តល់ព័ត៌មាន​តាម​ GPS​ មក​ពី​ទីកន្លែង​ដែល​ពួក​គេ​បាន​ទូរស័ព្ទ​ទៅ​យោធា​ថៃ៕

XS
SM
MD
LG