ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ថ្មី​មួយ​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​យក​ដី​នៅ​មីយ៉ាន់ម៉ា


លោក La Moi អាយុ២៥ឆ្នាំ និង​នាង Kaw Nan អាយុ​២៨ឆ្នាំ ដែល​ឪពុក​របស់​ខ្លួន​ត្រូវ​បាន​ឃុំខ្លួន​ពីបទ​រារាំង​ការ​រំលោភយកដី​ក្នុងទីក្រុង​ Myitkyina រដ្ឋ Kachin។
លោក La Moi អាយុ២៥ឆ្នាំ និង​នាង Kaw Nan អាយុ​២៨ឆ្នាំ ដែល​ឪពុក​របស់​ខ្លួន​ត្រូវ​បាន​ឃុំខ្លួន​ពីបទ​រារាំង​ការ​រំលោភយកដី​ក្នុងទីក្រុង​ Myitkyina រដ្ឋ Kachin។

ជម្លោះ​ដី​ធ្លី​ថ្មី​មួយ​រង​ការ​គំរាម​កំហែង​ថា​នឹង​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ទី​ដែល​ក្រុម​អ្នក​អភិវឌ្ឍ​សំឡឹង​មើល​សូម្បី​តែ​ដី​នៅ​កន្លែង​បញ្ចុះ​សព។

ដើម្បី​ការពារ​ដី​វាល​បញ្ចុះ​សព​នៅ​ក្នុង​ភូមិ​របស់​ខ្លួន ​អ្នក​ស្រី Bawm Lawm អាយុ​៥៧​ឆ្នាំ បាន​ចាប់​ផ្តើម​ធ្វើ​ការ​តវ៉ា​មិន​ព្រម​ចាក​ចេញ​ពី​ទី​បញ្ចុះ​សព​ លុះត្រា​តែ​មាន​ដំណោះ​ស្រាយ។​

«ពេលនោះ​ពួកយើង​ជា​ស្រ្តី​ប្រហែលជិត​៨០​នាក់បាន​រត់​ចេញ​ពី​ផ្ទះ​របស់​ពួកយើង។ ប៉ុន្តែ​យើង​ចេញ​មក​វា​យឺត​ពេល​បាត់ទៅ​ហើយ ពួក​ពាណិជ្ជករ​កំពុងជីក​ឈូស​ឆាយ​ផ្នូរ និង​ឃើញ​មានសាកសព​ផង​ដែរ»។

ស្រ្តី​នៅ​ភូមិ Man Wein បាន​បដិសេធ​មិនចុះចាញ់ នៅ​ពេល​ដែល​ឡាន​ចូក​ដី​មក​ដល់​ទាំង​យប់។ ពួកគេ​បាន​ធ្វើ​បាតុកម្មមិនចាក​ចេញពីដី​វាល​បញ្ចុះសព​លុះត្រា​តែមាន​ដំណោះស្រាយ។ បន្ទាប់​មក ដោយ​មាន​មេក្រូ​ជាប់​នឹង​ខ្លួន​ផង ពួកគេ​បាន​មក​អង្គុយ​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក​អភិបាល​ក្រុង។ បួន​ថ្ងៃ​បន្ទាប់​មក មេ​កង​ជីវពល​មួយ​រូប​តំណាង​ឲ្យ​ម្ចាស់​ចំការ​នានា​បាន​មក​ជួប​ជាមួយ​ក្រុម​បាតុករ​ ហើយ​បានព្រមព្រៀង​លើ​ដី​ទំហំ​ជាង​៨ហិចតា​ គឺ​មិន​ដល់​ពាក់កណ្តាល​នៃ​ទំហំ​ដី​បញ្ចុះសព​នោះ​ផង។​

អ្នក​ស្រី Bawm Lawm គិតថា​ វាជា​សមរភូមិ​ចុងក្រោយ​ដែល​អ្នក​ស្រី​ត្រូវ​តែ​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹក​ដី​កំណើត​សហគមន៍​របស់​អ្នក​ស្រី។​

ប៉ុន្តែ​ច្បាប់​ថ្មី​មួយ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ព្រួយ​បារម្ភ​សាជាថ្មី។​

អ្នក​ឈ្លាន​ពាន​ដី​របស់​ខ្លួន​ឯង

កាលពី​ខែ​កញ្ញា ​វិសោធនកម្ម​ច្បាប់​គ្រប់គ្រង​ដី​ធ្លី​ដែល​នៅ​ទំនេរ​និង​មិន​ទាន់​ត្រូវ​បាន​ប៉ះពាល់​ឬ​ហៅកាត់​ថា​ VFV នោះ ត្រូវ​បាន​អនុម័ត​ ដែល​ច្បាប់ថ្មីនេះ​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​លើ​ដី​នៅ​ទំនេរ​និង​មិន​ទាន់​ត្រូវ​បាន​ប៉ះពាល់​នោះ ស្នើសុំ​ការ​អនុញ្ញាត។ ប្រសិនបើពួកគេ​មិន​ធ្វើ​ដូច្នោះ​ទេ ពួកគេ​នឹង​ត្រូវ​ចាប់​ខ្លួន​ពីបទ​រំលោភ​បំពាន​ចូល​ដី​ខ្លួន​ឯង ហើយ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​២ឆ្នាំ។​

លោក​ Tang Gun ​អ្នក​តំណាងសមាគម​កសិករ​រដ្ឋ​កាជីន(Kachin State Farmers Association) ​បាន​ព្រមាន​ថា៖«វិសោធន​កម្មច្បាប់​នេះ​នឹង​បង្ក​ឲ្យជម្លោះ​ដីធ្លី​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ បញ្ហា​ដីធ្លីក្នុង​ប្រទេស​មីយ៉ាន់ម៉ា​គឺ​មាន​ភាព​ស្មុគស្មាញ​រួច​ទៅ​ហើយ។ កសិករ​កំពុងតែ​រង់ចាំ​ដីកា​សម្រេច​របស់តុលាការ​ថា​តើក្រុម​យោធា​នឹងត្រូវ​ប្រគល់ដីឲ្យ​ពួកគេ​វិញ​ឬ​យ៉ាង​ណា​ ហើយ​សំណុំរឿង​ជម្លោះ​ដី​ធ្លី​ជាច្រើន​មិនទាន់​មាន​ដំណោះ​ស្រាយ​នៅឡើយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ»។​

ប្រជា​ពលរដ្ឋ​មាន​ពេលមិនដល់​ពីរ​ខែផងសម្រាប់ការ​ដាក់​ពាក្យសុំ​ការ​អនុញ្ញាតរស់នៅ​ លើ​ដី​នោះ ដែល​ថ្ងៃ​ផុត​កំណត់​គឺ​នៅ​ខែ​មីនាឆ្នាំ២០១៩​នេះ។

ដី​ជិត​មួយ​ភាគបី​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ាដែល​ស្មើ​នឹង​ប្រមាណ​ជាង​១៨លាន​ហិចតា ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុកថា​ជា​ដី​ទំនេរ​គ្មាន​ម្ចាស់​កាន់​កាប់​ ដី​ទំនេរ​ទុក​ចោល ឬ​ដី​មិន​ទាន់​មាន​ត្រូវ​បាន​ប៉ះពាល់។ ៧៥​ភាគ​រយ​នៃ​ផ្ទៃ​ដី​ទាំង​នោះ​គឺ​ស្ថិត​នៅ​រដ្ឋ​ជនជាតិ​ដើម​ភាគតិច។ ហើយរដ្ឋ​ភាគច្រើន​មាន​ប្រជាជន​រាប់​ពាន់​នាក់ដែល​ត្រូវ​បាន​ផ្លាស់​ទី​លំនៅ​ដោយ​សារ​តែ​ជម្លោះ ​មិន​អាច​ត្រឡប់ទៅ​ស្រុក​កំណើត​ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ការ​អនុញ្ញាត​រស់នៅ​លើ​ដី​នោះ​ទៀត។​

កសិក​រស់​នៅ​ជនបទ​ជាច្រើន​ដែល​ VOA បាន​សម្ភាសបាន​និយាយ​ថា ​ពួកគេ​មិនបាន​ដឹង​ថាវិសោធន​កម្ម​ច្បាប់នេះ​ត្រូវ​បានគេ​អនុម័ត​រួច​ទៅ​ហើយ​ទេ។ បណ្តាញ​កសិករ​នានា​ព្រួយ​បារម្ភ​ថា សហគមន៍​ភាគ​ច្រើន​ក្នុង​តំបន់​ដាច់ស្រយាល​ក៏​មិន​បាន​ដឹងឮ​ពី​ព័ត៌មាន​នេះ​ដែរ។​

លោក​ Tang Gun បាន​បញ្ជាក់​ថា វា​ស្ទើរ​តែ​មិន​អាច​ទៅ​រួច​ដែល​រដ្ឋាភិបាល​ដឹង​ថា​ដី​ណា​ជា​ដី​នៅ​ទំនេរ​គ្មាន​ម្ចាស់ នៅពេល​ដែល​គ្មាន​កំណត់​ត្រាសាធារណផង។

ក្រសួង​កសិកម្ម​របស់​មីយ៉ាន់ម៉ា ដែល​ត្រួត​ពិនិត្យ​បញ្ហា​គ្រប់គ្រង​ដីធ្លី មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ការ​អធិប្បាយ​ទាំងឡាយ។

រដ្ឋមន្រ្តី​សហព័ន្ធកសិកម្ម បសុសត្វ​ និងធារាសាស្រ្ត​ លោក Aung Thu បាន​ប្រាប់​កាសែត Myanmar Times កាលពី​ប៉ុន្មាន​ខែ​មុន​ថា ច្បាប់​ VFVនេះ​ អាច​នឹង​ត្រូវបានកែ​ពិនិត្យ​ឡើងវិញ​ដើម្បី​ធ្វើ​ច្បាប់​នានា​ទាក់​ទង​នឹង​ដីធ្លី​ន​ប្រសិទ្ធិភាព​ ហើយ​ត្រូវ​តែ​ធានា​ថា «ត្រូវ​ប្រើប្រាស់​វិធីសាស្រ្ត​ដែល​ប្រកប​ដោយ​សន្តិភាព»។

ក្រុម​ជនជាតិ​ដើម​ភាគតិចថា ដីរបស់​ពួក​គេ​មិន​មែន​សម្រាប់​ការ​រំលោភ​យក​នោះ​ទេ​

អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និង​អន្តរជាតិ​បាន​ផ្ញើ​លិខិត​ចំហដោយ​មាន​ស្នាមហត្ថលេខា​ចំនួន៤១​ទៅកាន់​គណៈកម្មាធិការ​កណ្តាល​គ្រប់គ្រង​ដី​ធ្លី​ VFV អំពាវនាវ​សុំឲ្យ​ផ្អាក​ការ​អនុម័ត​ច្បាប់​នេះ ដើម្បី «ទប់ស្កាត់​ការ​ដាក់​ទោសទណ្ឌនិង​ការ​ជម្លៀស​បុគ្គល​គ្មានទោស​ជាបន្ត​បន្ថែម​ទៀត»។

អ្នក​ផ្សេង​ទៀត​ចង់​ឲ្យ​លុប​ចោល​ច្បាប់នេះ​ទាំង​ស្រុង។

លោក Ye Lin Myint អ្នក​សម្រប​សម្រួល​ប្រចាំ​ប្រទេស​នៅ​សម្ព័ន្ធ​មីយ៉ាន់ម៉ា​សម្រាប់​តម្លាភាព​និង​ការ​ទទួល​ខុស​ត្រូវ (MATA) ដែល​រួម​ចំណែក​ក្នុង​លិខិត​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ផ្ញើ​ដោយ​ក្រុមដី​ធ្លី​ Land in our Hands បាន​និយាយ​ថា៖«និយម​ន័យ​តាម​ផ្លូវ​ច្បាប់​នៃ​ដី​ទំនេរ​គ្មាន​ម្ចាស់​កាន់កាប់​គឺ​ជា​ការប្រមាថ ពីព្រោះរដ្ឋាភិបាលកំពុង​ប្រងើយ​កន្តើយ​ពី​ការ​ពិត​ដែល​មាន​ជនជាតិ​ភាគតិច​ជាច្រើន​និង​អ្នក​ដែលមាន​វប្បធម៌​ខុសគ្នា​ កំពុង​ប្រើ​ប្រាស់ដី​ខុសៗ​គ្នា»។

ប្រទេស​មីយ៉ាន់ម៉ា មាន​ជនជាតិ​ដើម​ភាគតិច​ចំនួន​១៣៤​ជាតិ​សាសន៍​ផ្សេងៗ​គ្នា។ ជនជាតិ​ទាំងនោះ​ភាគ​ច្រើន ​មាន​ប្រពៃណី​ប្រើប្រាស់​ដី​ផ្សេងៗគ្នា ​ដូចជា​ការ​បរបាញ់​សត្វ​ ស្វែង​រក​អាហារ​ក្នុង​ព្រៃ​និង​ធ្វើ​ស្រែចម្ការ​នៅតំបន់​ខ្ពង់រាប។ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជារឿយៗ​គ្រប់​គ្រង​ដី​ធ្លី​ដោយ​ប្រើ​ច្បាប់​ប្រពៃណី​របស់​ខ្លួន។​

លោក Ye Lin Myint ​បាន​និយាយ​បន្ថែម​ដោយ​ក្តាប់​ដៃ​ទាំង​ពីរលើទ្រូង​ថា៖

«អ្នក​មិន​អាច​បំបែក​ដី​ពី​មនុស្ស​បាន​ទេ ការ​ដែល​យក​ដី​ចេញ​ពី​មនុស្ស​វា​មានន័យ​ថា អ្នក​នោះ​បាត់​បង់​អត្ត​សញ្ញាណ​ខ្លួនឯង»។

លោក​ជឿ​ថា​ ភាព​មិន​ប្រក្រតី​នៃ​វិសោធនកម្ម​ច្បាប់ដីប្រពៃណី​ គឺត្រង់​ថា​ វាមិន​ច្បាស់​លាស់​និង​មិន​បាន​ផ្តល់​និយមន័យ​ជាក់លាក់។​

នាយក​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​នៃ​អង្គការ Land Core Group ​លោកShwe Thein ក៏​បាន​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​សំណួរ​ថា​តើ​អ្នកណា​នឹង​កំណត់​និយមន័យ​នៃ​ដីប្រពៃណី។​

«ការ​កំណត់​និយមន័យ​របស់​ដី​ប្រពៃណី​អាច​ជា​ចំណុច​សំខាន់​នៃ​ការ​ធ្វើវិសោធនកម្ម​ច្បាប់​ ប្រសិនបើ​រដ្ឋាភិបាល​និង​មេដឹក​នាំ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ធ្វើ​ការសម្រេចចិត្ត​ជាមួយ​គ្នា ដូច្នេះ​វា​អាច​នឹង​មើល​ឃើញ​ថា​ជាចំណុច​ខ្លាំង​មួយ​ មិន​មែន​ជា​ការ​គំរាម​កំហែង»។

បំភ្លេចជម្លោះ​អតីតកាល​ដើម្បី​ផ្ទេរ​មរតក​ដី​ដល់​កូនចៅ​ជំនាន់​ក្រោយ

ចំណុច​ខ្សោយ​សំខាន់ៗ​នៃ​ច្បាប់​នេះ​កំពុង​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំងឡើងៗ។​

បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​គឺ​ប័ណ្ណ​អនុញ្ញាតឲ្យ​រស់នៅ​លើ​ដី​នោះ មាន​សុពលភាព​ត្រឹម​តែ​៣០ឆ្នាំ​ប៉ុណ្ណោះ។​

លោក Ben Hardman អនុប្រធានផ្នែក​ច្បាប់នៃ​អង្គការ​សិទ្ធិ​ផែន​ដី​អន្តរជាតិ​ (Earth Rights International)​ បាន​និយា​យថា៖

«ពួកគេ​កំពុង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ជ្រើស​រើស​រវាង​ការ​បោះបង់​ចោល​សិទ្ធិ​កាន់កាន់​ដី​ប្រពៃណី​ដើម្បី​ទទួល​បាន​ឱកាស​ស្នើសុំ​សិទ្ធិ​អ្នកប្រើប្រាស់​ដី​ដ៏រឹតត្បិត ​ប៉ុន្តែ​ប្រឈម​នឹងការ​រឹបអូស​យក​ដី​និង​ជាប់​ពន្ធនាការ​យូរ​ឆ្នាំ»។

ចំណុច​ដែល​ខ្វះ​ខាត​នៃ​យន្តការ​ដោះស្រាយ​ជម្លោះ​ក៏​មានន័យ​ថា​ ជន​ឆ្លៀត​ឱកាស​អាច​នឹង​ព្យាយាម​ចាប់​យក​ដី​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​ពួកគេ។​

លោក Ye Lin Myint ​បាន​និយាយ​ថា៖«វា​ដូចជា​ការ​ធ្វើអត្តឃាត​សម្រាប់​ពួកយើង ជនជាតិ​ភាគតិច​កាជីន ការ៉ែន និង​ណាហ្គា បើសិន​ជា​ពួកគេ​សម្រេច​ចិត្ត​ថា ​មិន​ចុះ​បញ្ជី​ដី​របស់​ខ្លួន។ ប៉ុន្តែ​ពួកគេ​នៅតែ​បាត់​បង់​ដី​បើសិន​ជា​ពួកគេ​ចុះ​បញ្ជី​ដោយសារ​តែ​ពួកគេ​ទទួល​បាន​សិទ្ធិ​កាន់កាប់តែ​៣០ឆ្នាំ»។

កំណែទម្រង់​ដី​ធ្លី​របស់​លោកស្រី អង់សាន ស៊ូជី

ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​របស់​គណបក្សសម្ព័ន្ធជាតិ​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី​អង់សាន ស៊ូជី ការ​សន្យា​មួយ​របស់​ពួកគេ​គឺ​ប្រគល់ដីធ្លី​វិញ​ឲ្យ​កសិករ​ដែល​គ្មាន​ដី។​

គោលនយោបាយជាតិ​ស្តី​ពីការ​ប្រើប្រាស់​ដី​ថ្មី​មួយ​ដើម្បី​ជំនួស​ឲ្យ​ច្បាប់​ទាក់ទង​នឹង​ដីធ្លី​ចំនួន​៦០ ត្រូវ​បាន​គាំទ្រ​ដោយ​អ្នកស្រី​អង់សាន​ ស៊ូជី នៅពេល​ដែល​អ្នក​ស្រី​ទើប​ចូល​កាន់តំណែង​ដំបូង។​

លោក Tim Millar នាយក​នៃ​អង្គការសិទ្ធិ​ដី​ធ្លី Namati ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ជឿ​ថា​គណៈ​កម្មាធិការ​ដែល​ធ្វើ​ការ​ស៊ើបអង្កេត​ឡើង​វិញ​លើ​ករណី​ការ​រំលោភ​យក​ដី​ធ្លី​បាន​ឈាន​មួយ​ជំហាន​ទៅ​មុខ​ក្នុងការ​ផ្លាស់​ប្តូរ​សិទ្ធិ​អំណាច​មក​ថ្នាក់​ក្រោម​និង​«បង្កើន​ការ​ចូលរួម​របស់​សហគមន៍​ក្នុង​ប្រព័ន្ធ​អភិបាល​កិច្ច​ដី​ធ្លី​និង​បង្កើត​ឱកាស​ឲ្យ​សង្គម​ស៊ីវិល»។​

ប៉ុន្តែ​ភាគ​ច្រើន​គេ​យល់ស្រប​ថា​វិសោធនកម្ម​ច្បាប់ VFV ផ្ទុយ​ពី​គោលនយោបាយ​ជាតិ​ក្នុង​ប្រើប្រាស់​ដី។​

លោក Sean Bain ​ទីប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​(International Commission of Jurists) ​បាន​និយាយ​ថា៖ «ការ​អនុម័ត​ច្បាប់​នេះ​ក្នុង​ទម្រង់​សព្វ​ថ្ងៃ​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ជម្លៀស​ដោយ​បង្ខំ​ក្នុង​លក្ខណៈទ្រង់ទ្រាយ​ធំ ទៅ​កាន់​តំបន់​ជនបទ ដែល​ជា​លទ្ធ​ផល​មួយ​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​ក្នុង​ច្បាប់​អន្តរជាតិ រួម​មាន​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច​សង្គម​និង​វប្បធម៌​ដែល​ត្រូវ​បានផ្តល់​សច្ចាប័នដោយ​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ​មុន»។​

នៅពេល​ដែល​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី ក្រុម​សិទ្ធិ​ដីធ្លី​ជាច្រើន​ចោទ​សួរ​នៅ​គោល​បំណង​នេះ។ ​

លោក Hardman ​បាន​និយាយ​ថា៖«វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ទទួល​បាន​ការ​គាំទ្រ​ពី​មន្រ្តី​រដ្ឋាភិបាល​ជាន់ខ្ពស់ ហើយ​ប្រជាជន​បារម្ភ​ថា​ វា​គឺ​ជា​ការ​ប៉ុនប៉ង​ក្នុង​ការ​លុប​បំបាត់ជ​ម្លោះ​អតីតកាលនិង​បង្កើត​ដី​ទំនេរ​សម្រាប់​ការ​វិនិយោគ»។

អ្នក​ស្រី Bawm Lawm ដែល​ជា​ថ្នាក់ដឹកនាំ​ក្នុង​ភូមិ​ បារម្ភ​ថា​ច្បាប់​នេះ​នឹង​បញ្ឈប់​អ្នក​ស្រី​ក្នុង​ការ​ផ្ទេរ​កេរមរតក​ឲ្យ​ចៅៗ​របស់​អ្នកស្រី។ អ្នកស្រី​បាន​ចោទសួរ​ថា៖ «ចុះ​ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យចូល​ព្រៃ​និង​ប្រើប្រាស់​ទឹក​ដោយសេរី តើ​ពួកគេ​នឹង​រស់​នៅ​យ៉ាង​ដូចម្តេច‍​ទៅ»?

ប្រែសម្រួល​ដោយ ទុំ ម្លិះ​


XS
SM
MD
LG