ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនាគត​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ក្នុង​ជំរំ​នៅ​បង់ក្លាដេស​នៅតែ​ស្រពិចស្រពិល


រូបឯកសារ៖ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​សែង​លូ​នៅ​ជំរំជន​ភៀស​ខ្លួន Balukhali ជិត​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស កាល​ពី​ខែ​វិច្ឆិកា ២០១៨។
រូបឯកសារ៖ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​សែង​លូ​នៅ​ជំរំជន​ភៀស​ខ្លួន Balukhali ជិត​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស កាល​ពី​ខែ​វិច្ឆិកា ២០១៨។

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជាង ៧ សែន ៥ ម៉ឺន​នាក់ ដែល​បាន​រត់​គេច​ពី​ការ​វាយ​ប្រហារ​ដោយ​ពួក​យោធា​នៅ​ប្រទេស​មីយ៉ាន់ម៉ា នៅ​បន្ត​ស្ថិត​នៅ​ជំរំ​​ក្នុង​ប្រទេស​បង់ក្លាសដេស ដោយសារតែ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ និង​ផែនការ​តាំង​ទី​លំនៅ​ថ្មី​នៅ​ពេល​អនាគត នៅ​តែ​មាន​មិន​មាន​ភាពច្បាស់​លាស់។

នៅ​ទូទាំង​ជំរំ​ដែល​លាត​សន្ធឹង​រប៉ាត់រប៉ាយ​ក្នុង​ស្រុក Cox's Bazar ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជិត​មួយ​លាន​នាក់​នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល ដោយ​គ្មាន​អនាគត​ច្បាស់​លាស់។

ផែន​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​ស្ម័គ្រ​ចិត្ត​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ត្រូវ​បាន​ផ្អាក​នៅ​ខណៈ​ពេល​ដែល​មាន​ការ​បារម្ភ​អំពី​សន្តិសុខ​អំពី​ការ​រំលោភ​បំពាន​ដែល​នៅ​តែ​បន្ត​កើត​មាន​ និង​ការ​ខ្វះ​ខាត​ការ​ឃ្លាំ​មើល​ពី​អន្តរជាតិ។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​អាច​ធ្វើ​ដំណើរ​ដោយ​មាន​ការ​គ្រប់គ្រង​តឹង​រ៉ឹង​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ។ ប៉ុន្តែ​ការ​ចូល​ទៅ​កាន់​តំបន់​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​អំពើ​យង់ឃ្នង​កើត​ឡើង​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នោះ​ទេ។

នៅ​ក្នុង​ប្រទេស​បង់ក្លាដេស រូបភាព​វីដេអូ​ឯកសារ​មួយ​ស្ដី​ពី​បរិវេណ​នៃ​ការ​តាំង​ទីលំនៅ​ថ្មី​នៅ​កោះ​ដាច់​ស្រយាល Bhasan Char កំពុង​ត្រូវ​បាន​ពិនិត្យ​ដោយ​ក្ដី​បារម្ភ។

លោក John Quinley III ដែល​ជា​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​សម្រាប់​អង្គការ Fortify Rights បាន​និយាយ​ថា៖ «ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន ដែល​ហៅ​កាត់​ថា UNHCR មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​កោះ​នោះ ដើម្បី​ធ្វើ​ការ​វិភាគ​លើ​ហានិភ័យ​នៃ​ស្ថានភាព​ទឹក​ជំនន់​ទេ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​និយាយ​ថា កោះ​នេះ​ងាយ​នឹង​ទទួល​រងគ្រោះ​ដោយ​ទឹក​ជំនន់ ហើយ​វា​មាន​គ្រោះ​ថ្នាក់ ដែល​នេះ​មាន​ន័យ​ថា ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​អាច​នឹង​ស្ថិត​នៅ​លើ​កោះ​ដែល​ងាយ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ហើយ​នោះ​ជា​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់​មួយ»។

បរិវេណ​បេតុង​ដែល​មាន​បង្អួច​ហ៊ុមព័ទ្ធ​នេះ កំពុង​រង់​ចាំ​ជន​ភៀស​ខ្លួន​ប្រមាណ ១ សែន​នាក់ ដែល​នឹង​ត្រូវ​ប្ដូរ​ពី​ស្រុក Cox's Bazar ទៅ​កាន់​កោះ​ដែល​មាន​ល្បាប់​ភក់​នៅ​ដាច់​ស្រយាល​មួយ​នេះ ដែល​សាង​សង់​ឡើង​ដោយ​កម្មករ​សំណង់​ជន​ជាតិ​ចិន រួម​ជាមួយ​នឹង​កង​ទ័ព​ជើង​ទឹក​បង់ក្លាដេស។

ស្រ្តី​ជន​កុលសម្ព័ន្ធ​រ៉ូហ៊ីងយ៉ា (Rohingya) ស្រែក​យំ បន្ទាប់​ពី​មាន​គ្រោះ​អគ្គិភ័យ​មួយ​នៅ​ជំរុំ​ជនភៀសខ្លួន​នៅ​ក្រុង Sittwe រដ្ឋ​ Rakhine ភាគខាង​កើត​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ២០១៦។
ស្រ្តី​ជន​កុលសម្ព័ន្ធ​រ៉ូហ៊ីងយ៉ា (Rohingya) ស្រែក​យំ បន្ទាប់​ពី​មាន​គ្រោះ​អគ្គិភ័យ​មួយ​នៅ​ជំរុំ​ជនភៀសខ្លួន​នៅ​ក្រុង Sittwe រដ្ឋ​ Rakhine ភាគខាង​កើត​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ២០១៦។

ទិដ្ឋភាព​នៃ​ការ​អប់រំ

ផល​ប៉ះពាល់​រយៈ​ពេល​វែង​លើ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា គឺ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​វិភាគ​នានា​និយាយ​ថា ការ​មិន​ទទួល​បាន​ការ​សិក្សា​ក្នុង​រយៈ​ពេល​វែង​សម្រាប់​សិស្ស​ដែល​មាន​អាយុ​ចូល​រៀន នឹង​ធ្វើ​ឲ្យ​មាន​ផល​ខូច​ខាត។

លោក Quinley បាន​បន្ថែម​ថា៖ «យើង​ឃើញ​ថា​មិន​មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ជា​ផ្លូវការ​ណា​មួយ​នៅ​ក្នុង​ជំរំ​នោះ​ទេ។ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ដែល​អង្គការ​សិទ្ធិ​មនុស្ស Fortify Rightsបាន​សួរ​នាំ ជឿ​ថា នេះ​គឺ​ជា​បញ្ហា​ចម្បង​សម្រាប់​កុមារ និង​យុវជន​រ៉ូហ៊ីងយ៉ា ដែល​ជា​អ្នក​ជំនាន់​ក្រោយ»។

អង្គការ​មូលនិធិ​សម្រាប់​កុមារ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ហៅ​កាត់​ថា UNICEF បាន​បង្ហាញ​ពី​ការ​វាយ​តម្លៃ​ដែល​មានលទ្ធផល​មិន​ល្អ​មួយ​អំពី​អនាគត​របស់​ក្មេងៗ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដោយ​លើកឡើង​អំពី​ជំនាន់​កុមារ និង​យុវជន​ដែល​រស់នៅ​ចំ​សម័យកាល​យ៉ាប់យ៉ឺន។

អង្គការ​យូនីសេហ្វ​បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ពង្រីក​កម្មវិធី​អប់រំ​នៅ​ជំរំ​ក្នុង​ប្រទេស​បង់ក្លាដេស ដែល​បច្ចុប្បន្ន​នេះ​សម្រាប់​កុមារ​ដែល​មាន​អាយុ​រហូត​ដល់ ១៤ ឆ្នាំ​តែប៉ុណ្ណោះ ដើម្បិ​ព្យាយាម​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​កុមារ​មាន​អាយុ​ច្រើន។

អ្នក​នាំ​ពាក្យ​របស់​អង្គការ​យូនីសេហ្វ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «កម្មវិធី​អប់រំ​សម្រាប់​យុវវ័យ ដែល​រួម​ទាំង​ការ​អប់រំ​នៅ​កម្រិត​ក្រោយ​បឋម​សិក្សា​ផង​ដែរ នៅ​តែ​មាន​គម្លាត​ពី​គ្នា ដែល​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់ ដោយ​ការ​បង្កើន​សេវា​ផ្សេងៗ​និង​ការ​ទទួល​បាន​ឱកាស​របស់​យុវជន។ ការ​ខ្វះ​ឱកាស​អប់រំ និង​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​យុវជន​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ជា​ច្រើន​រួម​មាន​ការ​ប្រើប្រាស់​គ្រឿង​ញៀន អំពើ​ហិង្សា​យេនឌ័រ និង​ការ​ប្រកាន់​គំនិត​ជ្រុល​និយម​ជា​ដើម»។

អង្គការ​យូនីសេហ្វ​បាន​ចង្អុល​បង្ហាញ​ថា អ្វី​ដែល​ត្រូវការ​ជា​ចាំបាច់​ជាង​ការ​អប់រំ​ទៀត​នោះ គឺ​បញ្ហា​ប្រឈម​ផ្នែក​សុខភាព ដែល​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជួប​ប្រទះ។

អង្គការ​យូនីសេហ្វ​បញ្ជាក់​ដូច្នេះ​ថា៖ «បើ​ទោះ​បី​ជា​មាន​យុទ្ធនាការ​ចាក់​វ៉ាក់ស៊ាំង​ការ​ពារ​យ៉ាង​ទូលំ​ទូលាយ​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ ២០១៧ ដល់​ខែ​ឧសភា ឆ្នាំ​២០១៨ (ដោយ​បាន​ផ្ដល់​វ៉ាក់ស៊ាំង​ជាង ៤ លាន ២ សែន​ដង) ក៏​ដោយ ក៏​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជា​ប្រចាំ​ចាប់​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ មក នៅតែ​ជា​បញ្ហា​ប្រឈម​ដដែល។ កុមារ​នៅ​តែ​ងាយ​រង​គ្រោះ និង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​មួយ​ចំនួន។ ការ​បន្ត​គាំទ្រ​ផ្នែក​សុខភាព​នៅ​តែ​ចាំបាច់​ក្នុង​ការ​ជួយ​ដល់​ជន​ភៀស​ខ្លួន និង​ជា​ពិសេស​ដល់​កុមារ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់​បាន​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ដ៏​ចង្អៀត​ណែន​នេះ»។

ស្ត្រី​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជាមួយ​កូន​របស់​គាត់​នៅ​ខាង​ក្រៅ​កន្លែង​ស្នាក់​នៅ​ក្នុង​ជំរំ Balukhali​ ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស កាល​ពី​ខែ​វិច្ឆិកា ២០១៨។
ស្ត្រី​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជាមួយ​កូន​របស់​គាត់​នៅ​ខាង​ក្រៅ​កន្លែង​ស្នាក់​នៅ​ក្នុង​ជំរំ Balukhali​ ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស កាល​ពី​ខែ​វិច្ឆិកា ២០១៨។

បញ្ហា​ដីធ្លី

ទោះបីជា​ជីវិត​រស់នៅ​ក្នុង​ជំរំ​មាន​ភាព​លំបាក​ក៏​ដោយ ក៏​គេ​មិន​ច្បាស់​ទេ​ថា​តើ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នឹង​មាន​កន្លែង​សម្រាប់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

អាជ្ញាធរ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និយាយ​ថា ដី​ធ្លី​ដែល​ត្រូវ​បាន​ដុត​ចោល​នោះ​បាន​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​អស់​ហើយ ដែល​នេះ​បង្កើត​បាន​ជា​ចម្ងល់​អំពី​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ភូមិ​ជាង ២០០ របស់​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា ដែល​ត្រូវ​បាន​គេ​ដុត​ឆាបឆេះ​រាប​ដល់​ដី​កាល​ពី​មួយ​ឆ្នាំ​កន្លះ​មុន។

លោក Kyaw Hla Aung ដែល​ជា​មេធាវី​ជនជាតិ​រ៉ូហ៊ីងយ៉ា បាន​និយាយ​ថា កំណត់​ត្រា​ផ្លូវ​ការ​អាច​បញ្ជាក់​ពី​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​ដ៏​ស្រប​ច្បាប់ ប្រសិនបើ​មាន​ការ​ស្នើ​សុំ។។

សកម្មជន​ដែល​មាន​អាយុ ៧៨ ឆ្នាំ​រូប​នេះ ទើបតែ​ទទួល​បាន​ពាន​រង្វាន់ Aurora Prize for Awakening Humanity ដែល​ជា​ពាន​រង្វាន់​សម្រាប់​សកម្មភាព​មនុស្សធម៌​សាកលលោក​មួយ ដោយ​សារ​តែ​ការ​ប្ដេជ្ញា​ប្រយុទ្ធ​ទាមទារ​ឲ្យ​មាន​សមភាព ការ​អប់រំ និង​សិទ្ធិ​មនុស្ស​សម្រាប់​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទុក​បុក​ម្នេញ ការ​បៀត​បៀន និង​ការ​គាប​សង្កត់។

ដោយ​មាន​ប្រវត្តិ​ជា​អ្នក​ជំនួយការ​ចៅក្រម​អស់​រយៈពេល​ជាង ២ ទសវត្ស៍​មក​ហើយ នៅ​ក្នុង​រដ្ឋ Rakhine លោក Kyaw Hla Aung មាន​ភាព​ជឿ​ជាក់​ថា កម្មសិទ្ធិ​ដី​ធ្លី​គួរតែ​អាច​បញ្ជាក់​បាន​ដោយ​ងាយស្រួល​សម្រាប់​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​បង់ក្លាដេស​វិញ។

លោក​បាន​និយាយ​ថា៖ «ពួក​គ​មាន​ឯកសារ និង​ទិន្នន័យ​ទាំង​អស់​នៅ​ក្នុង​ការិយាល័យ​រក្សា​ទិន្នន័យ​ដីធ្លី​នៅ​ក្រសួង​មហាផ្ទៃ។ សហគមន៍​អន្តរជាតិ​គួរតែ​ស្នើ​រដ្ឋាភិបាល​ឲ្យ​បង្ហាញ​កំណត់​ត្រា​ទាំង​អស់​នោះ»។

លោក​បាន​បន្ថែម​ថា៖ «ពួក​គេ​មិន​ត្រឹមតែ​រឹប​អូស​យក​ដី​ធ្លី​នៅ​ក្នុង​រដ្ឋ Rakhine ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រឹបអូស​នៅ​ក្នុង​រដ្ឋ Shan និង​រដ្ឋ Kachin ក៏​ដូច​ជា​នៅ​ក្នុង​រដ្ឋ Karenni ដែល​ស្ថិត​នៅ​ភាគ​កណ្ដាល​ប្រទេស​មីយ៉ាន់ម៉ា​ទៀត​ផង»។

កុមារ​រ៉ូហ៊ីងយ៉ា​នៅ​ជំរំ​ជន​ភៀស​ខ្លួន ​Balukhali ​ក្នុង​ស្រុក Cox's Bazar ​ប្រទេស​បង់ក្លាដែស។
កុមារ​រ៉ូហ៊ីងយ៉ា​នៅ​ជំរំ​ជន​ភៀស​ខ្លួន ​Balukhali ​ក្នុង​ស្រុក Cox's Bazar ​ប្រទេស​បង់ក្លាដែស។

ក្តីបារម្ភ​អំពី​បញ្ហា​យុត្តិធម៌

ការ​ទទួល​ខុស​ត្រូវ និង​យុត្តិធម៌​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ពន្យារ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ដោយ​ស្ម័គ្រចិត្ត​របស់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ក្នុង​ទម្រង់​ណា​មួយ។

លោក Quinley បាន​និយាយ​ថា៖ «ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ដែល​យើង​បាន​សួរ​នាំ បាន​និយាយ​ថា ពួក​គេ​នឹង​មិន​ត្រឡប់​ទៅ​កាន់​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា​វិញ​ទេ ប្រសិនបើ​មិន​មាន​ការ​ផ្ដល់​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​ឲ្យ​ពួក​គេ និង​ប្រសិនបើ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃោរឃៅ​ដែល​បាន​កើត​ឡើង»។

អ្នក​វិភាគ​នានា​យល់​ឃើញ​ថា ការ​បន្ត​រឹត​ត្បិត និង​ការ​វាយ​ប្រហារ​ជា​ប្រព័ន្ធ​បង្ហាញ​ពី​សកម្មភាព​ដោយ​ចេតនា​នៅ​ក្នុង​ការ​លុប​បំបាត់​ក្រុម​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​នេះ​ចោល។

ក្រុម​មន្ត្រី​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​បដិសេធ​ម្ដង​ជា​ពីរ​ដង​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា​មាន​ការ​រំលោភ​បំពាន និង​ការ​គាប​សង្កត់​លើ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា ដោយ​ពួកគេ​និយាយ​ថា យោធា​របស់​ពួក​គេ​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ស្រប​ច្បាប់​ប្រឆាំង​នឹង​ក្រុម​ភេរវជន។

កាល​ពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​មុន រដ្ឋសភា​អាមេរិក​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន បាន​អនុម័ត​សេចក្តី​សម្រេច H. R. 1091 ដោយ​ប្រកាស​ថា ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តិ​ឡើង​ក្នុង​ប្រតិបត្តិការ​បោស​សម្អាត​របស់​ពួក​យោធា​មីយ៉ាន់ម៉ា គឺ​ជា​អំពើ​ប្រល័យ​ពូជសាសន៍។

លោក Ed Royce សមាជិក​សភា និង​ជា​ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​នៃ​រដ្ឋសភា​អាមេរិក បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​តាក់​តែង​ច្បាប់​ក្នុង​រដ្ឋសភា​ថា៖ «រលក​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ថ្មី​ចុង​ក្រោយ​បំផុត​គឺ​បាន​ចាប់ផ្ដើម​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៧ នៅ​ពេល​ដែល​កង​សន្តិសុខ​ភូមា និង​ក្រុម​មនុស្ស​រញ៉េរញ៉ៃ​បាន​ចាប់ផ្ដើម​ធ្វើ​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​គួរ​ឲ្យ​រន្ធត់»។

លោក Royce បាន​បន្ត​ថា៖ «ការ​សម្លាប់​រង្គាល ការ​ចាប់​រំលោភ និង​ការ​បំផ្លាញ​ភូមិ​ឋាន​នានា​នៅ​ទូទាំង​រដ្ឋ Rakhine ត្រូវ​បាន​ចងក្រង​ទុក​ជា​ឯកសារ​រួច​ហើយ»។

សកម្មជន​នានា​និយាយ​ថា ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម គឺ​ចាត់​ចូល​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ខ្វះ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ផង​ដែរ ដែល​នេះ​ជា​សកម្មភាព​មួយ​របស់​រដ្ឋាភិបាល ដែល​បាន​កើន​ឡើង​ចាប់​តាំង​ពី​មាន​អំពើ​ហិង្សា​រួម​នៅ​ឆ្នាំ ២០១២ ក្នុង​រដ្ឋ Rakhine មក។

លោក Kyaw Hla Aung បាន​ពន្យល់​ថា៖ «រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​ឲ្យ​ពួក​យើង​ល្ងង់​ខ្លៅ ដើម្បី​ឲ្យ​គេ​អាច​ចោទ​ប្រកាន់​ថា មនុស្ស​ទាំង​នេះ​គឺ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​មក​ពី​ប្រទេស​បង់ក្លាដេស ដោយ​សារ​តែ​ពួក​នេះ​មិន​ដឹង​អ្វី​សោះ​ក្នុង​ពិភពលោក​យើង​នេះ»។

កុមារ​រ៉ូហ៊ីងយ៉ា​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ជំរំ​ Unchiprang ជិត​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស។
កុមារ​រ៉ូហ៊ីងយ៉ា​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ជំរំ​ Unchiprang ជិត​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស។

របាយការណ៍​របស់​គណៈ​កម្មការ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន លោក Rosario Manalo ប្រធាន​គណៈកម្មការ​សួរ​ដេញ​ដោល​ឯករាជ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា បាន​ថ្លែង​ថា គណៈ​កម្មការ​នេះ​រក​មិន​ឃើញ​ភស្តុតាង​អ្វី​នោះ​ទេ ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​អំឡុង​ពេល ៤ ខែ តាំង​ពី​គណៈ​កម្មាធិការ​នេះ​បើក​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​មក។

អតីត​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​របស់​ប្រទេស​ហ្វីលីពីន​បាន​ថ្លែង​បន្ថែម​ក្នុង​ពេល​ធ្វើ​សន្និសីទ​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖ «យើង​នឹង​បញ្ជាក់​ឲ្យ​ដឹង​នៅ​ពេល​ក្រោយ​អំពី​វិធី​ដែល​យើង​ប្រមូល​ភស្តុតាង។ សម្រាប់​ពេល​នេះ ការ​ចោទ​ប្រកាន់​នៅ​តែ​ជា​ការ​ចោទ​ប្រកាន់​ដដែល។ យើង​មិន​ទាន់​មាន​ភស្តុតាង​ដែល​អាច​សន្និដ្ឋាន​បានទេ»។

គណៈ​កម្មការ​នេះ​បាន​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ​មុន ហើយ​ពួក​គេ​នឹង​បញ្ជូន​ការ​រក​ឃើញ​របស់​ពួកគេ​ទៅ​កាន់​ការិយាល័យ​ប្រធានាធិបតី​មីយ៉ាន់ម៉ា​នៅ​ត្រឹម​ខែ​សីហា ឆ្នាំ ២០១៩។

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស​គណៈ​កម្មការ​ស៊ើប​អង្កេត​នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។

លោក Brad Adams ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​ទ្វីប​អាស៊ី បាន​និយាយ​ថា៖ «ការ​ច្រាន​ចោល​របស់​គណៈកម្មការ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នូវ​ភស្តុតាង​ជា​ឯកសារ​យ៉ាង​ច្រើន​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធំធេង​ទៅ​លើ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គណៈកម្មការ​នេះ​មិន​យក​ចិត្ត​ទុកដាក់​ហ្មត់ចត់​លើ​រឿង​រក​យុត្តិធម៌​នោះ​ទេ។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​គួរតែ​ឈប់​ជឿ​ទុកចិត្ត​លើ​គណៈកម្មការ​នេះ ហើយ​បញ្ជូន​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នេះ ទៅ​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ជា​អ្នក​ដោះស្រាយ​វិញ»។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន បាន​សម្រេច​ថា ខ្លួន​មាន​យុត្តាធិការ​ទៅ​លើ​ការ​ចោទ​ប្រកាន់​អំពី​ការ​បណ្ដេញ​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​ប្រទេស​បង់ក្លាដេស និង​ចាត់ទុក​ករណី​នេះ​ថា​អាច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG