ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា​ស្នើ​សមភាគី​ថៃ​ឲ្យ​ជួយ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ថ្លែងនៅក្នុងកិច្ចព្រមព្រៀងទទួលទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ថ្លែងនៅក្នុងកិច្ចព្រមព្រៀងទទួលទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ដែល​ពី​មុន​លោក​ធ្លាប់​ដណ្តើម​អំណាច​តាមរយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​នោះ បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា លោក​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពីមេដឹកនាំ​នៃ​របប​យោធា​ថ្មី​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដោយ​សុំ​លោក​ឲ្យ​ជួយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

លោក Prayuth Chan-ocha បាន​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​ ២០១៤​ និង​បាន​បន្ដ​កាន់​តំណែង​ជានាយករដ្ឋមន្ត្រី​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៩​ដែល​គូ​ប្រជែងរបស់​លោកនិយាយ​ថា​ ជា​ការ​បោះ​ឆ្នោត​ដែល​មាន​ការ​លួច​បន្លំ។

លោក Prayuth Chan-ocha បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ទីក្រុង​បាងកក​ថា លោក​តែងតែ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​មីយ៉ាន់ម៉ា ​ដែល​ជា​ប្រទេស​ជិត​ខាង​ខ្លួន​។​

អគ្គមេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing បាន​ទម្លាក់​មេដឹកនាំ​ស៊ីវិល​អ្នកស្រី​Aung San Suu Kyi នៅ​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​កន្លង​ទៅ​ និង​បាន​ចាប់ឃុំ​ខ្លួន​អ្នក​ស្រី​ ដោយ​ចោទប្រកាន់​ពី​ការ​លួចបន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ ដែល​គណបក្ស​របស់​អ្នក​ស្រី​បាន​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី។ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​បាន​ច្រានចោល​ការ​អះអាង​របស់​យោធា ​ដែល​ថា​មាន​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត។​

នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​គាំទ្រ​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យនៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នៅ​ពេល​នេះ​ គឺ​ការ​ថែរក្សា​នូវ​ទំនាក់​ទំនងល្អ​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា ពី​ព្រោះ​វា​ប៉ះ​ពាល់ដល់ប្រជា​ពលរដ្ឋ​ ដល់​សេដ្ឋកិច្ច និង​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំ​ដែន​ ជា​ពិសេស​នៅពេល​នេះ»។

លោក​ថ្លែង​បន្ត​ទៀត​ថា៖ «ប្រទេស​ថៃគាំទ្រ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។​ក្រៅ​ពី​នេះ​ គឺ​អាស្រ័យ​ទៅ​លើ​លោក​ដែល​ជាមេដឹកនាំ​យោធា​ក្នុង​ការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ធ្វើ​របៀប​ណា​បន្ដ​ទៅ​ទៀត​នោះ»។

យោធា​របស់​ប្រទេស​ថៃ​និង​មីយ៉ាន់ម៉ា​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ នៅ​ក្នុងរយៈ​ពេលប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​បើ​ទោះ​បី​ជា​មាន​ប្រវត្តិ​យូរលង់​នៃ​ភាព​អមិត្ត​ខ្លះៗ​រវាង​ប្រទេស​ទាំង​ពីរ​យ៉ាងណា​ក៏ដោយ៕

XS
SM
MD
LG