ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

យោធា​មីយ៉ាន់ម៉ា​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​​​ចិន ​​បើ​ប្រទេស​លោកខាង​លិច​ចាត់​វិធានការ​តឹងរ៉ឹង


រូបឯកសារ៖ មេបញ្ជាការកងទ័ព​មីយ៉ាន់ម៉ា ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​ថ្មី​របស់​ប្រទេស គឺ​លោក​ឧត្តមសេនីយ៍ Min Aung Hlaing និងលោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន ថតរូប​ជុំគ្នា​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​របស់​ពួកអស់លោក​នៅ​រដ្ឋធានី​ណៃពិដោរ មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

ក្រុម​អ្នកវិភាគ​និយាយ​ថា រដ្ឋាភិបាល​យោធា​ដែល​ឆក់​យក​អំណាច​នៅ​មីយ៉ាន់ម៉ា​ នឹង​មាន​ទំនាក់ទំនងល្អ​ក្នុង​រយៈពេល​វែង​ជាមួយ​នឹង​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​ប្រើ​អំណាច​ផ្តាច់ការ​នៅ​ជិត​ខាង​ខ្លួន បើ​ទោះបីជា​មិនមាន​ប្រវត្តិល្អ​ជាមួយ​គ្នា​ក៏ដោយ ហើយ​ទំនាក់ទំនង​នេះ​នឹង​បន្ត​កាន់​តែ​ស្អិត​រមួត​ ប្រសិន​បើ​ទណ្ឌកម្ម​អន្តរជាតិ​បាន​កាត់​ផ្តាច់មីយ៉ាន់ម៉ា​ចេញ​ពី​ប្រទេស​លោក​ខាង​លិច។

យោធា​មីយ៉ាន់ម៉ា​បាន​ចូលកាន់កាប់​ប្រទេស​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី១ ខែ​កុម្ភៈ និង​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​រយៈពេល​មួយ​ឆ្នាំ។ មេដឹកនាំ​គាំទ្រ​ដោយ​ជនស៊ីវិល​លោកស្រី អោង​ សាន ស៊ូជី ដែល​ជា​អ្នកជ័យលាភីពានរង្វាន់​ណូបែល​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​អំណាច​នេះ ដែល​បង្ក​ឲ្យ​មាន​ការ​ថ្កោលទោស​ពី​បណ្តា​រដ្ឋាភិបាល​នៅ​បស្ចឹមលោក។

លោក Thitinan Pongsudhirak សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​ នៅ​សាកលវិទ្យាល័យ Chulalongkorn នៅទី​ក្រុង​បាងកក​ បាន​និយាយ​ថា ​ចិន​ប្រហែល​មាន​ភាព​រអាក់រអួល​នៅ​ដំណាក់កាល​ដំបូង​ជាមួយ​នឹង​មេដឹកនាំ​មីយ៉ាន់ម៉ាថ្មី​លោក Min Aung Hlaing ដោយសារ​តែ​យោធា​មីយ៉ាន់ម៉ាធ្លាប់ខឹង​សម្បារ​នឹង​ការ​ពាក់ព័ន្ធ​របស់​ចិន​ នៅ​ក្នុង​គម្រោង​ទំនប់វារីអគ្គិសនី​មួយ​ ដែល​ត្រូវ​បាន​ព្យួរ​នា​ពេល​បច្ចុប្បន្ន ការ​ដឹកជញ្ជូន​ឧស្ម័ន​ធម្មជាតិ​ឆ្លង​ព្រំដែន​របស់​មីយ៉ាន់ម៉ា និង​ឥទ្ធិពល​មក​លើ​សេដ្ឋកិច្ច​មីយ៉ាន់ម៉ាក្នុង​រយៈពេល ២០ ​ឆ្នាំ​កន្លង​មកនេះ។

លោក​សាស្រ្តាចារ្យ​បាន​បន្តថា ភាគីទាំងពីរ​ទីបំផុត​នឹង​មាន​ការ​វិវត្ត​ទៅ​មុខ ពីព្រោះ​មិនដូច​មេដឹកនាំ​នៅ​ប្រទេស​លោក​ខាង​លិច រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​មិន​យល់ថា មាន​សម្ពាធ​នៅ​ក្នុង​ស្រុក​ក្នុង​ការ​ថ្កោលទោស​រដ្ឋ​ផ្តាច់ការ​មួយ​ទៀត​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ចិន​គឺ​ជា​មិត្ត​គ្រប់​រដូវកាល ហើយ​អ្នក​អាច​ឃើញ​ថា នៅ​ពេល​បណ្តា​ប្រទេស​នានា​ងាក​ទៅ​រក​អំណាច​ផ្តាច់ការ​ដូច​ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្វើ​នា​ពេល​ថ្មីៗ​នេះ ​វា​គឺ​ជា​រឿងល្អ​សម្រាប់​ចិន​ ពី​ព្រោះ​ចិន​មិនមាន​លក្ខខណ្ឌ​កំណត់​ឈរ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ​ចំពោះ​អភិបាល​កិច្ច​ក្នុង​ស្រុក​នោះ​ទេ ដូចនេះ​ អាច​ជា​របបដឹកនាំ​ប្រភេទ​ណា​ក៏​បាន ហើយ​គឺ​មិនមាន​បញ្ហា​នោះ​ទេ​សម្រាប់​ប្រទេស​ចិន»។

នៅ​ក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ព្យាយាម​យល់​ពី «ស្ថានភាព» នៅ​មីយ៉ាន់ម៉ា។ ហើយ​លោក​ត្រូវ​បាន​ដកស្រង់​សម្តី​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ថា ចិន​គឺ​ជា «ប្រទេស​ជិតខាងរួសរាយ» មួយ​ជាមួយ​នឹង​មីយ៉ាន់ម៉ា ហើយ «យើង​សង្ឃឹម​ថា គ្រប់ភាគី​ទាំងអស់​នៅ​មីយ៉ាន់ម៉ា​អាច​ដោះស្រាយ​ជម្លោះ និង​រក្សា​ស្ថិរភាព​សង្គម និង​នយោបាយ​ តាមរយៈ​ការ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ និង​ច្បាប់»។

ការ​ចូលកាន់កាប់​អំណាច​របស់​យោធា​នៅ​មីយ៉ាន់ម៉ា​ផ្តើមចេញ​ពី​ការ​បោះឆ្នោត​សភា​ កាល​ពី​ខែ​វិច្ឆិកា។ គណបក្សសម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែលដឹកនាំប្រទេស​កាល​ពី​គ្រា​មុន​នេះ បាន​ឈ្នះ​ការ​បោះឆ្នោត​ភ្លូកទឹកភ្លូក​ដី​លើ​គណបក្ស​រណសិរ្ស​សាមគ្គីភាព និង​អភិវឌ្ឍ​ន៍​របស់​យោធា។

យោធា ដែល​ដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​អស់រយៈពេល​ជិត​ ៥០ ​ឆ្នាំ​មក​នេះ មុន​ពេល​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​បាន​លេចឡើង​នៅ​ឆ្នាំ ២០១១ ក្រោមការ​ដឹកនាំ​របស់​លោកស្រី អោង សាន ​ស៊ូជី បានធ្វើ​ការ​ចោទប្រកាន់​ពី​ការ​បន្លំ​សន្លឹក​ឆ្នោត។

ចិននិង​មីយ៉ាន់ម៉ាត្រូវ​រ៉ូវគ្នា មុន​ពេល​ព្រឹត្តិការណ៍​នា​ពេល​ថ្មីៗ​នេះ ទោះបីជា​មីយ៉ាន់ម៉ា​ព្យាយាម​ស្វែងរក​ទំនាក់ទំនង​រឹងមាំ​ជាង​មុន​ជាមួយនឹងជប៉ុន និង​ប្រទេស​លោក​ខាងលិច​ស្របពេល​ព្យាយាម​បន្ថយ​ឥទ្ធិពល​របស់​ចិន​ក៏​ដោយ។​

កាល​ពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បេជ្ញា​នឹង​ចាត់ «វិធានការ​សមស្រប» ហើយ​ពិនិត្យ​លើ​ទណ្ឌកម្ម​ដែល​អាច​មាន​ប្រឆាំង​នឹង​មីយ៉ាន់ម៉ា។ អូស្រ្តាលី អង់គ្លេស​ សហភាព​អឺរ៉ុប ឥណ្ឌា ជប៉ុន និងសិង្ហបុរី បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ​ផងដែរ ​អំពី​ស្ថិរភាព​របស់​ប្រទេស​មីយ៉ាន់ម៉ា។

លោក Oh Ei Sun អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ពី​តំបន់​អាស៊ីអាគ្នេយ៍​នៅ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​សិង្ហបុរី បាន​និយាយ​ថា មាន​តែ​រដ្ឋាភិបាល​នៅ​បណ្តា​ប្រទេស​បស្ចឹម​លោក​ទេ ដែល​មាន​«អារម្មណ៍​ចង់​បាន​ជា​ការ​ធ្វើ​ឲ្យ​មានលទ្ធិប្រជាធិបតេយ្យ»។​

លោក Thitinan Pongsudhirak សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យ Chulalongkorn នៅ​ទីក្រុង​បាងកក​ បាន​លើកឡើង​ថា​ ប្រសិន​បើ​បស្ចឹម​ប្រទេស​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​នោះ​ «យោធា​មីយ៉ាន់ម៉ា​មិនមាន​ជម្រើស​អ្វី​ក្រៅ​ពី​ងាក​ទៅ​ប្រទេស​ចិន​នោះ​ទេ»។

ក្រុមបាតុករចេញតវ៉ាប្រឆាំងនឹងការក្តាប់អំណាចរបស់យោធាមីយ៉ាន់ម៉ា នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមបាតុករចេញតវ៉ាប្រឆាំងនឹងការក្តាប់អំណាចរបស់យោធាមីយ៉ាន់ម៉ា នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

ចិន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ ២០១១ ដោយ​ជំនួស​តំណែង​ប្រទេស​ថៃ ជាមួយ​នឹង​ការ​នាំចូល និង​នាំចេញ​តម្លៃ ៥,៣​ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​នោះ។ ចិន​ជា​ទូទៅ​ដឹកជញ្ជូន​វត្ថុធាតុដើម និង​គ្រឿងសម្ភារៈ​សម្រាប់​គម្រោង​វិនិយោគ​ផ្សេងៗ ខណៈ​មីយ៉ាន់ម៉ា​បញ្ជូន​វត្ថុធាតុ​ដើម​ទៅ​ចិន។ ព្រំដែន​ប្រវែង ២​២០០​ គីឡូម៉ែត្រ​ បាន​សម្រួល​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

លោក Huang Kwei-bo ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​កិច្ចការ​បរទេស​នៃ​សាកលវិទ្យាល័យជាតិ Chengchi ក្នុង​ក្រុង​តៃប៉ិ បាន​និយាយ​ថា៖ «ឥឡូវ​នេះ​បន្ទាប់​ពី​រដ្ឋប្រហារ​យើង​ឃើញ​ពី​របៀបដែល​រដ្ឋាភិបាល​យោធាគ្រប់គ្រង​លើ​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋអាមេរិក។ នេះ​គឺ​អាច​និយាយ​បាន​ថា ប្រសិន​បើ​សហរដ្ឋអាមេរិក​ដាក់​សម្ពាធ​មក​លើមីយ៉ាន់ម៉ា នោះ​រដ្ឋាភិបាល​យោធា​នឹង​ពិតជា​ស្វែងរក​មធ្យោបាយ​ងាក​ទៅ​រក​រដ្ឋាភិបាលក្រុង​ប៉េកាំង និង​ពង្រឹង​ទំនាក់ទំនង»។

អ្នក​វិភាគ​ជឿ​ថា ទោះបីជា​មិនមាន​ទណ្ឌកម្ម​ក៏ដោយ ទំនាក់ទំនង​ផ្នែក​នយោបាយ ពាណិជ្ជកម្ម និង​វិនិយោគ​នឹង​រក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ មីយ៉ាន់ម៉ា​ត្រូវការ​ជំនួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ដើម្បី​កាត់​បន្ថយភាព​ក្រីក្រ។​ ចិន​ចាត់ទុក​មីយ៉ាន់ម៉ា​ជា​ប្រទេស​មួយ​នៅ​ក្នុង​បណ្តាញ​ប្រទេស​នៅ​តំបន់​អាស៊ីអឺរ៉ុប ជាទី​ដែល​ខ្លួន​កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​បើក​ផ្លូវ​ពាណិជ្ជកម្ម។

លោក Alistair Cook អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ S. Rajaratnam បាន​និយាយ​ថា៖ «ចិន​នៅ​តែ​ជា​ដៃគូ​សេដ្ឋកិច្ច​សំខាន់​បំផុត​មួយ​របស់​មីយ៉ាន់ម៉ា ពីព្រោះ​ចិន​មាន​ព្រំដែន​វែងបំផុត​ជាមួយ​នឹង​មីយ៉ាន់ម៉ា និង​មាន​ការ​វិនិយោគ​ធំ​បំផុត»។

នៅ​ពេល​រដ្ឋមន្ត្រី​ការបរទេស​ចិន​ជួប​ជាមួយ​នឹង​អគ្គមេបញ្ជាការ​យោធា​លោក Min Aung Hlaing នា​ពេល​ថ្មីៗ​នេះ ដែល​ឥឡូវ​នេះ​លោក​ជា​មេដឹកនាំ​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​យោធា លោករដ្ឋមន្ត្រី​ការបរទេស​បាន​បញ្ជាក់​ថា ចិន​នឹង «បន្ត​គាំទ្រ​មីយ៉ាន់ម៉ាក្នុង​ការ​រក្សា​បូរណភាព​ដែនដី កិត្តិយស​ជាតិ​ ក៏ដូចជា​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់» នៅ​លើ «មាគ៌ា​អភិវឌ្ឍន៍​ស្រប​ទៅ​នឹង​លក្ខខណ្ឌ​របស់​ជាតិ​ខ្លួន»។

ប៉ុន្តែ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​យោធា​មីយ៉ាន់ម៉ា​ជាមួយ​ចិន​ នឹង​ថមថយ ប្រសិន​បើ​បញ្ហា​ព្រំដែន​ញាំញី​កាន់​តែ​អាក្រក់​ជាង​មុន​ ក្រោម​ការបង្ក្រាប​ណា​មួយ​ដោយ​យោធា។

ជា​ឧទាហរណ៍ ភាគីទាំងពីរ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ចោទ​ពីកាស៊ីណូថ្មីៗ​ជា​ច្រើន​ ដែល​ស្ថិត​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ប៉ុន្តែ​មាន​ជនជាតិចិន​ឆ្លង​តំបន់ព្រំដែន​ទៅ​លេង​ល្បែង​យ៉ាង​ច្រើន​កកកុញ​ និង​ត្រូវ​បាន​ស្គាល់​ជា​ជម្រុក​ឧក្រិដ្ឋកម្ម​ផ្សេងៗ។

លោក Cook បាន​និយាយ​ថា ការ​បញ្ចប់​បទឈប់​បាញ់​គ្នា​ដ៏​ស្តួចស្តើង​រវាង​កងកម្លាំង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​ក្រុមកុលសម្ព័ន្ធ​ប្រដាប់​អាវុធ​រស់នៅ​ជិត​ប្រទេស​ចិន អាច «មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​ចិន» ជាមួយ​នឹង​រដ្ឋាភិបាល​យោធា​ថ្មី​ ប្រសិន​បើ​មនុស្សម្នា​នាំ​គ្នា​ចាប់ផ្តើម​ឆ្លង​ព្រំដែន៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG