ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា ឈាន​ចូល​ដល់​ថ្ងៃ​ទី៥ នៅ​ថ្ងៃពុធ​នេះ


ក្រុមបាតុករ លើក​ម្រាមដៃ​បី​ដែល​ជានិមិត្តរូប​នៃ​ការតស៊ូ​នៅ​ផ្លូវ​ប្រសព្វ​មួយ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមបាតុករ លើក​ម្រាមដៃ​បី​ដែល​ជានិមិត្តរូប​នៃ​ការតស៊ូ​នៅ​ផ្លូវ​ប្រសព្វ​មួយ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

បាតុកម្ម​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ៥ ហើយ នៅ​ថ្ងៃ​ពុធ​នេះ ទោះបីជា​យោធា​បាន​បង្កើន​ការ​ប្រើ​កម្លាំង​ទប់ទល់​នឹង​ក្រុម​បាតុករ​ក៏ដោយ។

កង​កម្លាំង​សន្តិសុខ​បាន​បាញ់​គ្រាប់​កាំភ្លើង​ព្រមាន និង​បាន​បាញ់​គ្រាប់​កាំភ្លើង​ជ័រ​និង​បាញ់​ទឹក​លើ​ក្រុម​បាតុករ​ដើម្បី​ព្យាយាម​បំបែក​ការ​តវ៉ា។ សេចក្តី​រាយការណ៍​មួយ​ចំនួន​បាន​បញ្ជាក់​ថា ករណី​នេះ​បាន​ធ្វើ​ឲ្យ​បាតុករ​មួយ​ចំនួន​រង​របួស។

សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ បាន​ថ្កោលទោស​អំពើ​ហិង្សា​នេះ។

លោក Ned Price អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ប្រាប់​អ្នក​កាសែត​ថា៖ «សហរដ្ឋ​អាមេរិក​ធ្វើ​ការ​អំពាវនាវ​ម្តង​ទៀត​ឲ្យ​យោធា [មីយ៉ាន់ម៉ា] លះបង់​ចោល​អំណាច ស្តារ​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើង​វិញ ដោះលែង​អ្នក​ជាប់​ឃុំ និង​ដក​ចេញ​នូវ​ការ​រឹតត្បិត​លើ​ផ្នែក​ទូរគមនាគមន៍​ទាំង​អស់»។

អង្គការ​សហប្រជាជាតិ​បាន​សម្ដែង «ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង» អំពី​ការ​បង្ក្រាប​នេះ។

លោក Ola Almgren អ្នក​សម្របសម្រួល​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​អំពាវនាវ​ឲ្យ​កង​កម្លាំង​សន្តិសុខ [មីយ៉ាន់ម៉ា] គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សិទ្ធិ​នៅ​ក្នុង​ការ​ជួបជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​បញ្ចេញ​មតិ​ផងដែរ»។

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នឹង​បើក​កិច្ច​ប្រជុំ​ពិសេស​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នេះ៕

XS
SM
MD
LG