ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឆាំង​នឹង​រដ្ឋប្រហារ​មីយ៉ាន់ម៉ា ធ្វើ​បាតុកម្ម​ដ៏ធំ​ដើម្បី​ច្រានចោល​ការអះអាង​របស់​យោធា


ក្រុមបាតុករ ប្រមូលផ្ដុំគ្នា​នៅ​ផ្លូវបំបែក​ជិត​វត្ត Sule ដើម្បី​តវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមប្រឆាំង​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា រួមមាន​តារា​ល្បីៗ អតីត​សកម្មជន និង​និស្សិត បាន ច្រានចោល​ការអះអាង​របស់​ក្រុម​យោធា​នៅ​ថ្ងៃពុធ​នេះ​ថា មាន​ការគាំទ្រ​ពី​សាធារណជន​ចំពោះ​ការទម្លាក់​លោកស្រី Aung San Suu Kyi មេដឹកនាំ​ជាប់​ឆ្នោត ហើយពួកគេនិយាយ​ទៀត​ថា យុទ្ធនាការ​របស់​ពួកគេ នឹង​មិន​ត្រូវ​រសាយទេ។ នេះ ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​បាតុករ​ មាន​ការ​មិន​ជឿជាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធានា​អះអាងរបស់យោធា​នៅ​ឯ​សន្និសីទ​កាសែតមួយ​កាល​ពី​ថ្ងៃ​អង្គារថា នឹង​មាន​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​ហើយ​នឹង​ការ​ប្រគល់​អំណាច​ ទោះ​បី​ប៉ូលិស បាន​ធ្វើ​ការ​ចោទ​ប្រកាន់​បន្ថែម​ប្រឆាំង​នឹង​លោក​ស្រី Suu Kyi ក៏ដោយ។

ជ័យលាភី​រង្វាន់ណូបែល​សន្តិភាព​រូប​នេះ​ បាន​ត្រូវ​ឃុំ​ខ្លួន​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​មក ហើយ​ឥឡូវ​នេះ​ ប្រឈម​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ និង​ការ​ចោទប្រកាន់​ពី​ការ​នាំ​ចូល​វិទ្យុ​ទាក់ទង​អៃកូម​ចំនួន​៦​គ្រឿង​ខុស​ច្បាប់។ នៅ​ឯ​សវនាការ​តាមវីដេអូអនឡាញ​កាល​ពី​ថ្ងៃ​អង្គារ គេ​បាន​កំណត់​សវនាការ​បន្ទាប់​របស់​លោកស្រីនៅ​ថ្ងៃ​ទី១ ខែ​មីនា។

លោក Sithu Maung សមាជិកជាប់​ឆ្នោត​ម្នាក់​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ NLD របស់​លោកស្រី​ Suu Kyi បាន​ប្រាប់​ហ្វូង​មនុស្ស​ស្រែក​ហ៊ោ​នៅ​ឯ​វត្ត Sule នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ថា៖ «យើង​កំពុង​បង្ហាញ​នៅ​ទី​នេះ​ថា យើង​មិន​មែន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​៤០​លាន​នាក់​ ដែល​ពួកគេ​បាន​ប្រកាស​នោះទេ»។

កាលពី​ថ្ងៃ​អង្គារ​ ឧត្តម​សេនីយ៍​ត្រី Zaw Min Tun អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​កាន់​អំណាច​ បាន​ប្រាប់​សន្និសីទ​កាសែត​ថា មនុស្ស​៤០​លាន​នាក់​នៃ​ប្រជាជន​ទាំង​អស់​៥៣​លាន​នាក់​ បាន​គាំទ្រ​ចំណាត់​ការ​របស់​យោធា​ដែល​លោក​បាន​និយាយ​ថា​ បាន​ធ្វើ​ទៅតាម​រដ្ឋធម្មនុញ្ញ។ យោធា​ចោទ​ប្រកាន់​ថា មាន​ការ​លួច​បន្លំ​ក្នុងការ​បោះឆ្នោត​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ​ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​របស់​លោកស្រី Suu Kyi ឈ្នះ​ឆ្នោត​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG