ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​មីយ៉ាន់ម៉ា​ធានា​ថា​ការ​បោះឆ្នោត​ថ្មី​នឹង​រៀបចំ​ឡើង


ទាហាន​មួយ​ក្រុម​ឈរ​នៅ​ជិត​រថយន្ដ​យោធា​ដែល​ចត​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
ទាហាន​មួយ​ក្រុម​ឈរ​នៅ​ជិត​រថយន្ដ​យោធា​ដែល​ចត​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

របប​គ្រប់គ្រង​យោធា​មីយ៉ាន់ម៉ា​បាន​ធានា​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​រៀបចំ​ការ​បោះឆ្នោត និង​ប្រគល់​អំណាច​ដល់​រដ្ឋាភិបាល​ថ្មី។ យោធា​ក៏​បាន​បដិសេធ​ផងដែរ​ថា ការ​បណ្ដេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi ចេញ​ពី​អំណាច​មិន​មែន​ជា​រដ្ឋប្រហារ​នោះ​ទេ និង​បាន​ចោទ​ប្រកាន់​អ្នក​តវ៉ា​ថា​បាន​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​និង​ការ​បំភិតបំភ័យ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក​ឧត្តមសេនីយ៍​ត្រី Zaw Min Tun ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​របប​គ្រប់គ្រង​យោធា​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «គោល​បំណង​របស់​យើង​គឺ​រៀបចំ​ការ​បោះឆ្នោត និង​ប្រគល់​អំណាច​ទៅ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត»។

យោធា​មិន​បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​សម្រាប់​ការ​បោះឆ្នោត​ថ្មី​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​រយៈពេល​មួយ​ឆ្នាំ។ លោក Zaw Min Tun ថា យោធា​នឹង​មិន​កាន់​អំណាច​យូរ​នោះ​ឡើយ។

លោក Zaw Min Tun បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ជិត ២ ម៉ោង​នោះ ដែល​ផ្សាយ​ចេញ​ពី​រដ្ឋធានី​ណៃពិដោ​ថា៖ «យើង​សូម​ធានា​ថា ការ​បោះឆ្នោត​នឹង​ធ្វើ​ឡើង»។

នៅ​ពេល​ដែល​សួរ​អំពី​ការ​ឃុំឃាំង​អ្នកស្រី Suu Kyi និង​លោក​ប្រធានាធិបតី Win Myint លោក Zaw Min Tun បាន​ច្រានចោល​ការ​លើកឡើង​ដែល​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​ឃុំ​ខ្លួន ដោយ​បាន​និយាយ​ថា អ្នក​ទាំង​ពីរ​បាន​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដើម្បី​សុវត្ថិភាព ស្រប​ពេល​ដែល​ច្បាប់​កំពុង​ដំណើរការ។

លោក Zaw Min Tun ក៏​បាន​បញ្ជាក់​ផងដែរ​ថា គោល​នយោបាយ​ការបរទេស​របស់​ប្រទេស​មីយ៉ាន់ម៉ា​នឹង​មិន​ប្រែប្រួល​នោះ​ទេ និង​ថា ប្រទេស​មីយ៉ាន់ម៉ា​នៅតែ​បើក​ចំហ​សម្រាប់​ពាណិជ្ជកម្ម ហើយ​កិច្ច​ព្រមព្រៀង​នានា​នឹង​ត្រូវ​រក្សា​ទុក​ដដែល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG