ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គរដ្ឋទូត​ចិន​នៅ​មីយ៉ាន់ម៉ា​ថា ស្ថានភាព​នៅ​មីយ៉ាន់ម៉ា «មិនមែន​ជា​អ្វី​ដែល​ចិន​ចង់​ឃើញ​នោះ​ទេ»


ក្រុម​បាតុករ​នាំ​គ្នា​លើក​​ផ្ទាំងបដា​ឡើង ក្នុង​​អំឡុងពេល​នៃ​ការ​តវ៉ា​មួយ​នៅ​ខាង​ក្រៅ​ធនាគារ​ជាតិ​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​លោក Chen Hai បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​គឺ​ពិតជា «មិនមែន​ជា​អ្វី​ដែល​ប្រទេស​ចិន​ចង់​ឃើញ​នោះ​ទេ» និង​បាន​ច្រានចោល​ពាក្យ​ចចាមអារាម​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តាម​អ៊ីនធឺណិត​ដែល​ថា ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ នៅ​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​បង្ហោះ​នៅ​លើ​ទំព័រ Facebook របស់​ស្ថានទូត​ចិន លោក​ឯក​អគ្គរដ្ឋទូត Chen Hai បាន​និយាយ​ថា ប្រទេស​ចិន​នៅតែ​រក្សា «ទំនាក់ទំនង​ជិតស្និទ្ធ» ទាំង​ជាមួយ​នឹង​យោធា និង​ជាមួយ​នឹង​អតីត​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី Aung San Suu Kyi។

ទោះបីជា​បណ្ដា​បស្ចិម​ប្រទេស​នានា​បាន​ថ្កោលទោស​ខ្លាំងក្លា​លើ​រដ្ឋប្រហារ​របស់​យោធា​មីយ៉ាន់ម៉ា​នេះ​ក៏ដោយ ក៏​ប្រទេស​ចិន​មាន​ការ​ប្រយ័ត្នប្រយែង​លើ​ពាក្យ​សម្ដី​របស់​ខ្លួន​ចំពោះ​រឿង​នេះ ដោយ​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ស្ថិរភាព។

ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្ដី ប្រទេស​ចិន​បាន​ឯកភាព​ជាមួយ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី Suu Kyi និង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត និង​ដែល​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​ទាក់ទិន​នឹង​ការ​ដាក់​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ស្ថានភាព​អាសន្ន។

លោក Chen Hai បាន​ច្រានចោល​ពាក្យ​ចចាម​អារាម​នៅ​លើ​អ៊ីនធឺណិត​ដែល​ថា យន្តហោះ​មួយ​ចំនួន​ដឹក​បុគ្គលិក​ផ្នែក​បច្ចេកទេស​និង​ទាហាន​ចិន​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​នោះ ថា​ជា «រឿង​មិន​សម​ហេតុ​ផល​ទាំងស្រុង» ដោយ​លោក​បាន​និយាយ​ថា យន្តហោះ​ទាំង​នោះ​គឺជា​យន្តហោះ​ដឹក​ទំនិញ​ធម្មតា​ដែល​នាំ​ចេញ​ទំនិញ​នានា​ដូចជា​គ្រឿង​សមុទ្រ​ជាដើម។

លោក Chen Hai បាន​បន្ថែម​ថា ប្រទេស​ចិន «មិន​បាន​ដឹង​ជា​មុន​អំពី​ការ​ផ្លាស់ប្ដូរ​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ» និង​ថា ប្រទេស​ចិន​សង្ឃឹម​ថា «ស្ថានការណ៍​នឹង​ប្រសើរ​ឡើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ជាជាង​ធ្លាក់​ចូល​ក្នុង​អស្ថិរភាព ឬ​ភាព​ចលាចល»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG