វ៉ាស៊ីនតោន — រដ្ឋប្រហារមួយ ប្រទេសមួយ ឈ្មោះពីរ?
មីយ៉ាន់ម៉ា គឺជាឈ្មោះផ្លូវការរបស់ប្រទេសដែលត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ។ នៅក្នុងឯកសារផ្លូវការដែលបានបោះពុម្ភផ្សាយដោយរដ្ឋបាលលោក Biden ប្រទេសដែលមានឆ្នេរជាប់សមុទ្រ Andaman មួយនេះគឺជាប្រទេសភូមា។
ហើយរាល់ពេលដែលប្រទេសនេះមានឈ្មោះនៅលើសារព័ត៌មាន សំណួរសួរថា តើគេគួរប្រើឈ្មោះមួយណា។
អ្នកស្រី Jen Psaki អ្នកនាំពាក្យរបស់សេតវិមាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍កន្លងទៅថា៖ «គោលនយោបាយផ្លូវការរបស់យើង គឺថា យើងនិយាយថាភូមា ប៉ុន្តែយើងប្រើមីយ៉ាន់ម៉ានៅក្នុងភាសាទំនងទំនងផ្លូវការមួយចំនួន។ ឧទាហរណ៍ គេហទំព័ររបស់ស្ថានទូតសំដៅដល់ភូមាយើងហៅមីយ៉ាន់ម៉ា ព្រោះថា ឈ្មោះទាំងនេះគឺតាមនិយមន័យទំនាក់ទំនងជាមួយក្រុមមន្រ្តី និងសាធារណៈជន។ គេហទំព័ររបស់ក្រសួងការបរទេសអាមេរិកប្រើឈ្មោះមីយ៉ាន់ម៉ា នៅកន្លែងខ្លះ ហើយកន្លែងខ្លះទៀតប្រើឈ្មោះភូមា»។
បញ្ហាទាក់ទងនឹងឈ្មោះប្រទេសនេះកើតឡើង នៅឆ្នាំ ១៩៨៩ នៅពេលដែលរដ្ឋាភិបាលយោធាប្តូរឈ្មោះប្រទេសពី ភូមា ទៅ មីយ៉ាន់ម៉ា បន្ទាប់ពីខ្លួនបានបង្ក្រាបក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់។ ស្របពេលជាមួយគ្នានោះរ បបយោធាក៏បានប្តូរឈ្មោះប្រកបជាភាសាអង់គ្លេសរបស់ទីក្រុងសំខាន់ពី រ៉ង់ហ្គូន ទៅ យ៉ាងហ្គន ផងដែរ។
រដ្ឋាភិបាលយោធាជឿថា ឈ្មោះពាក្យភូមាតំណាងឲ្យអំបូរភូមាតែមួយក្រុមប៉ុណ្ណោះ ដែលជាក្រុមអំបូរធំជាងគេបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងមិនបានរាប់បញ្ចូលអំបូរជនជាតិភាគតិច ១៣៤ ក្រុមទៀតនោះទេ។
គោលជំហររបស់ពួកយោធា គឺថា ប្រសិនបើឈ្មោះរបស់ក្រុមអំបូរ ដែលមានចំនួនច្រើនត្រូវបានយកទៅប្រើប្រាស់ជាឈ្មោះប្រទេសនោះ នឹងមានការរើសអើងពូជសាសន៍។ នេះបើយោងតាមវិទ្យាសា្ថនដើម្បីសន្តិភាពសហរដ្ឋអាមេរិក United States Institute of Peace។
ម្យ៉ាងទៀតឈ្មោះថា ភូមា ដែលបានក្លាយជាឈ្មោះផ្លូវការនៅក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស និងបានជាប់គាំង បន្ទាប់ពីទទួលបានឯករាជ្ យគឺជាការរំឮកពីរបបអាណានិគមពីអតីតកាល។
អង្គការសហប្រជាជាតិនិងប្រទេសមួយចំនួន ដូចជាបារាំងនិងជប៉ុន បានទទួលស្គាល់ការប្តូរឈ្មោះនេះ។ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស មិនបានទទួលស្គាល់ទេ។
ប៉ុន្មានទសវត្សរ៍ក្រោយមក នៅពេលដែលលោកស្រី Hillary Clinton ជារដ្ឋមន្រ្តីការបរទេសអាមេរិកបានធ្វើទស្សនកិច្ច នៅឆ្នាំ ២០១១ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mark Toner បានប្រាប់ ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France Presse ថា គោលនយោបាយសហរដ្ឋអាមេរិកជឿថា «ការប្តូរឈ្មោះប្រទេសគួរជាការសម្រេចចិត្តមួយ» ដើម្បីប្រជាពលរដ្ឋរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC។
លោក Richard Coates ជាសាស្រ្តាចារ្យចូលនិវត្តន៍ផ្នែកភាសាវិទ្យានៃសាកលវិទ្យាល័យ West of England ។ លោកជាអ្នកមានចំណាប់អារម្មណ៍ពិសេសទៅលើទំនាក់ទំនងរវាងភាសាប្រវត្តិសាស្ត្រនិងភូមិសាស្រ្ត។
លោកបានប្រាប់វីអូអេផ្នែកផ្សាយជាភាសាចិនថា ការសម្រេចថាត្រូវប្រើឈ្មោះអ្វីសម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានព្រំដែនជាប់ជាមួយប្រទេសឥណ្ឌា ចិន ឡាវ និងថៃ មួយនេះ គឺជាប្រធានបទរសើបមួយ ពីព្រោះការជ្រើសរើសឈ្មោះនេះបង្ហាញពីភក្តីភាពនយោបាយ។
លោកបានថ្លែងក្នុងសម្តីដើមថា៖ «មីយ៉ាន់ម៉ាដែលជាឈ្មោះបុរាណពីដើម ដែលគេប្រើប្រាស់ជាយូរមកហើយនោះ ជាឈ្មោះដែលខ្ញុំជឿថា ត្រូវបានពួកយោធាណែនាំឲ្យប្រើ។ ដូច្នេះការបដិសេធមិនព្រមប្រើឈ្មោះនេះប្រហែលជាអាចបង្ហាញពីនិន្នាការនយោបាយ»។
លោក Mark Farmaner នាយកយុទ្ធនាការភូមាប្រចាំនៅចក្រភពអង់គ្លេស បានប្រាប់សារព័ត៌មាន BBC ថា ការប្រើឈ្មោះភូមា ឬ មីយ៉ាន់ម៉ា ជារឿយៗ បង្ហាញពីការគាំទ្ររបស់បុគ្គល។
លោកបានថ្លែងថា៖ «ការហៅឈ្មោះប្រទេសថា មីយ៉ាន់ម៉ាហាក់ដូចជាបង្ហាញថា ប្រទេសទាំងនោះប្រកាន់ជំហរទន់ភ្លន់ចំពោះរបបដឹកនាំរបស់ប្រទេសនេះ។ ចំណែកការប្រើឈ្មោះភូមាអាចបង្ហាញថា ប្រទេសទាំងនោះចោទសួរពីភាពស្របច្បាប់នៃរបបដឹកនាំនៅក្នុងប្រទេស»។
ឈ្មោះទាំងពីរនេះមានន័យដូចគ្នា ហើយឈ្មោះមួយក្លាយចេញពីឈ្មោះមួយទៀត។ ឈ្មោះថា Burmah ជាឈ្មោះប្រកបនៅសតវត្សទី ១៩ គឺជាពាក្យក្លាយពីពាក្យមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មាន BBC។
ឈ្មោះទាំងពីរនេះត្រូវបានប្រើប្រាស់នៅក្នុងប្រទេសភូមាជាយូរមកហើយ។ នេះបើយោងតាមសម្តីរបស់លោក Gustaaf Houtman នរវិទូម្នាក់ ដែលបានសរសេរយ៉ាងច្រើនអំពីនយោបាយភូមាប្រាប់សារព័ត៌មាន BBC។
បច្ចុប្បន្នជនជាតិភូមាប្រើពាក្យប្រទេសភូមា ប៉ុន្តែជាទូទៅគេប្រើឈ្មោះ មីយ៉ាន់ម៉ានៅក្នុងឯកសារផ្លូវការ។
លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) មេដឹកនាំចលនាប្រជាធិបតេយ្យនិងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដែលឥឡូវនេះកំពុងជាប់ឃុំឃាំង បានប្រកាសជាសាធារណៈថា លោកស្រីចង់ហៅប្រទេសលោកស្រីថា ភូមា។
នៅក្នុងសន្ទរកថារបស់លោកស្រីនៅឯសន្និសីទកំពូល ក្នុងប្រទេសសិង្ហបុរី កាលពីខែកញ្ញា ឆ្នាំ ២០១៣ លោកស្រី បានថ្លែងថា៖ «ខ្ញុំបានពន្យល់ជាញឹកញាប់ហើយថា ហេតុផលសំខាន់ដែលខ្ញុំជ្រើសរើសហៅឈ្មោះថា ប្រទេសភូមា ពីព្រោះថាការប្តូរឈ្មោះប្រទេសធ្វើឡើង ដោយមិនបានយោងទៅលើឆន្ទៈរបស់ប្រជាពលរដ្ឋ។ សម្រាប់ខ្ញុំនេះ គឺជាហេតុផលសំខាន់។ យើងត្រូវគោរពប្រជាពលរដ្ឋ។ យើងត្រូវគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ប្រសិនបើយើងពិតជាចង់ផ្លាស់ប្តូរទៅជាសង្គមប្រជាធិបតេយ្យ»។
លោកស្រីបានថ្លែងថា៖ «លទិ្ធប្រជាធិបតេយ្យមានន័យថាជាជម្រើស ជាជម្រើសដ៏ទូលំទូលាយជាការធ្វើឲ្យជម្រើសយើងមានកាន់តែច្រើន ហើយអាចឲ្យមនុស្សកាន់តែច្រើន មានជម្រើសកាន់តែងាយស្រួល»។
បន្ទាប់ពីបានក្លាយជាទីប្រឹក្សារបស់រដ្ឋ កាលពីឆ្នាំ ២០១៦ មក លោកស្រីបានចាប់ផ្តើមបញ្ជាក់ឡើងវិញថា រដ្ឋធម្មនុញ្ញមិនបានចែងជាក់លាក់ថាត្រូវប្រើឈ្មោះណាមួយនោះទេ ដូច្នេះបរទេសអាចប្រើឈ្មោះណាក៏បានតាមចិត្តរបស់គេ។
លោកស្រីបានថ្លែងទៀតថា ទោះជាលោកស្រីហៅឈ្មោះប្រទេសថាភូមាក៏ដោយ ក៏អ្នកផ្សេងទៀតមិនចាំបាច់ហៅដូចលោកស្រីទេ ហើយពេលខ្លះលោកស្រីក៏ប្រើពាក្យមីយ៉ាន់ម៉ាដែរ៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា