អ្នកស្រី Aung San Suu Kyi មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង បានរងការចោទប្រកាន់មួយករណីទៀតកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីយោធាបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតនៅយប់ទីពីរជាប់ៗគ្នាមក ដើម្បីបង្ក្រាបការតវ៉ាប្រឆាំង។
អ្នកស្រី Suu Kyi ត្រូវបានចាប់ឃុំខ្លួននៅក្នុងការឆ្មក់ចូលលំនៅដ្ឋានរបស់អ្នកស្រីកាលពីព្រលឹមស្រាងៗថ្ងៃទី ១ ខែកុម្ភៈ ដែលជាថ្ងៃធ្វើរដ្ឋប្រហារនោះ។ អ្នកស្រីត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់អាហរ័ណនីហរ័ណ បន្ទាប់ពីអាជ្ញាធរបានឆែកឆេរផ្ទះរបស់អ្នកស្រីឃើញមានវិទ្យុទាក់ទងមួយចំនួន។
មេធាវីរបស់អ្នកស្រីបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា អ្នកស្រីត្រូវបានចោទប្រកាន់មួយករណីទៀត ដែលនោះគឺការរំលោភលើច្បាប់គ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស។
អ្នកស្រីត្រូវបានចោទប្រកាន់ក្រោមមាត្រាទី ៨ នៃច្បាប់អាហរ័ណនីហរ័ណ និងមាត្រាទី ២៥ នៃច្បាប់គ្រប់គ្រងគ្រោះមហន្តរាយជាតិ។ នេះបើតាមការបញ្ជាក់របស់មេធាវីអ្នកស្រី គឺលោក Khin Maung Zaw ដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើច្បាប់គ្រោះមហន្តរាយនេះត្រូវបានគេប្រើដើម្បីចោទប្រកាន់អ្នកស្រី Suu Kyi តាមរបៀបណា។ ប៉ុន្តែច្បាប់នេះត្រូវបានប្រើដើម្បីប្រឆាំងនឹងលោកប្រធានាធិបតី Win Myint ដែលយោធាបានទម្លាក់ពីតំណែងនិងបានចាប់ខ្លួនផងដែរកាលពីថ្ងៃទី ១ ខែកុម្ភៈ។
លោក Win Myint ត្រូវបានចោទប្រកាន់ពីបទបំពានទៅលើបម្រាមរឹតបន្តឹងការបង្ការការឆ្លងជំងឺកូវីដ១៩ នៅពេលដែលលោកបានចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយកាលពីខែកញ្ញា ឆ្នាំមុន ដែលមានអ្នកគាំទ្រលោកជាច្រើនរយនាក់ចូលរួម។
លោកមេធាវី Khin Maung Zaw បានបន្ថែមថា លោកនៅមិនទាន់បានទាក់ទងជាមួយអ្នកស្រី Suu Kyi និងលោក Win Myint នៅឡើយទេ តែអ្នកទាំងពីរត្រូវគេរំពឹងថានឹងបង្ហាញមុខក្នុងតុលាការនៅថ្ងៃទី ១ ខែមីនាខាងមុខនេះតាមរយៈប្រព័ន្ធវីដេអូអនឡាញ៕