សហគមន៍ជនជាតិមូស្លីមមួយកន្លែងក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគេស្គាល់តិចតួចក្នុងពេលកន្លងទៅ ពេលនេះបានប្រែក្លាយកន្លែងធ្វើបាតុកម្មប្រឆាំងតវ៉ានៅតាមដងផ្លូវជាតិមួយកាលពី ៤ ឆ្នាំមុនទៅជាមជ្ឈមណ្ឌលម្ហូបអាហារ ដែលមានការពេញនិយមខ្លាំង និងបានទាក់ទាញមនុស្សជាច្រើនរយនាក់មកពីផ្នែកផ្សេងៗទាំងក្នុង និងក្រៅទីក្រុងញូវដែលីមកកាន់ទីនេះ ដោយរួមទាំងអ្នកមិនមែនជាជនមូស្លីមផងដែរ។
ក្នុងសង្កាត់មួយនៃទីក្រុងញូវដែលីដែលមានជនជាតិមូស្លីមរស់នៅភាគច្រើន ហើយដែលមិនសូវមានអ្នកស្គាល់ច្រើននោះបានធ្វើឱ្យមានការចាប់អារម្មណ៍កាលពីរដូវត្រជាក់ឆ្នាំ ២០១៩ និង ២០២០ ដោយស្ត្រីរាប់ពាន់នាក់បាននាំគ្នាចេញមកបោះជំរំប្រមូលផ្តុំនៅតាមដងផ្លូវជាតិមួយកន្លែងអស់រយៈពេល ៣ ខែ ដោយប្រឆាំងតវ៉ាទៅនឹងច្បាប់សញ្ជាតិមួយ ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលជាតិនិយមហ៊ិនឌូ ដែលក្រុមជនមូស្លីមទាំងនោះនិយាយថា ជាការរើសអើងប្រឆាំងនឹងពួកគេ។
ប៉ុន្តែ ៤ ឆ្នាំក្រោយមក តំបន់វណ្ណៈកម្មករមួយនេះដែលគេស្គាល់ឈ្មោះថា Shaheen Bagh បានប្រែក្លាយទីកន្លែងប្រឆាំងមួយនេះទៅជាមជ្ឈមមណ្ឌលម្ហូបអាហារមួយដែលបានទាក់ទាញមនុស្សជាច្រើនរយនាក់។
ក្រុមអ្នកភូមិនៅទីនោះបានភ្ជាប់អត្តសញ្ញាណថ្មីរបស់គេទៅនឹងថ្ងៃ ដែលពលរដ្ឋជាច្រើនមកពីគ្រប់ផ្នែកក្នុងទីក្រុង ចេញមកសម្តែងសាមគ្គីភាពរបស់គេជាមួយក្រុមអ្នកធ្វើបាតុកម្ម ហើយជាញឹកញាប់បានអង្គុយលេងជាមួយគ្នា នៅកន្លែងតង់ម្ហូបអាហារដែលដាក់តម្រៀបតគ្នានៅតាមបណ្តាយផ្លូវ។
អ្នកស្រី Aasif Mujtaba ជាអ្នករៀបចំម្នាក់នៃការប្រឆាំងតវ៉ានោះបាននិយាយថា នៅពេលដែលអ្នកអង្គុយនៅកន្លែងបាតុកម្មយូរពេក អ្នកមានអារម្មណ៍ថាហត់នឿយនិងអស់កម្លាំង ដូច្នេះក៏មករកហូបតែមួយកែវនៅតូបលក់តែ។ អ្នកមិនគ្រាន់តែផឹកតែទេ តែក៏និយាយបញ្ចេញគំនិតយោបល់ផងដែរ។ នោះជាពេលវេលាមួយ ដែលសហគមន៍មិនសូវគេស្គាល់នេះត្រូវបានគេស្គាល់ច្រើនថាជាមនុស្សដែលមានភាពរួសរាយរាក់ទាក់និងជាអ្នកមានថ្វីដៃខាងធ្វើម្ហូបឆ្ងាញ់ៗផងដែរ»។
កន្លែងដាក់ម្ហូបនៅមិនឆ្ងាយពីកន្លែងធ្វើបាតុកម្មទេ។ អ្នកស្រុកធ្វើម្ហូបនៅផ្ទះហើយផ្តល់ដល់អ្នកប្រឆាំងតវ៉ាដែលអង្គុយនៅលើផ្លូវជាតិនៅក្នុងរដូវរងារដ៏ត្រជាក់ខ្លាំងនៅពេលយប់។ សកម្មភាពធ្វើម្ហូបអាហារនៅចង្ក្រានរបស់សហគមន៍ក៏មានភាពមមាញឹកខ្លាំងផងដែរ។ ក្រុមអ្នកស្ម័គ្រចិត្តនៅសង្កាត់ខាងក្រៅក៏បានយកម្ហូប តែនិងទឹកមកចូលរួមដែរ។ អ្នកស្រី Tanushree Bhasin ជាអ្នកកាសែតដែលបានមកដល់កន្លែងនេះជាលើកទី ១ ក្នុងអំឡុងពេលនៃការប្រឆាំងតវ៉ានោះនិយាយថា មនុស្សជាច្រើនមានការចាប់អារម្មណ៍ទៅលើភាពរួសរាយរាក់ទាក់ ដែលគេឃើញនៅពេលដែលអ្នកភូមិនិងអ្នកក្រៅភូមិចែកម្ហូបអាហារគ្នាទៅវិញទៅមក។
អ្នកស្រី Bhasin និយាយថា៖ «វាបង្កើតនូវចំណងសាមគ្គីភាព។ មនុស្សជាច្រើនដែលមានបទពិសោធន៍ផ្សេងៗគ្នាបានមកកាន់កន្លែងប្រឆាំងតវ៉ានេះ ហើយម្ហូបអាហារពិតជាបានជួយឱ្យពួកគេជួបគ្នា។ កាយវិការចែករំលែកម្ហូបអាហារគ្នាទៅវិញទៅមកនេះបង្កើតនូវចំណងមិត្តភាពមួយដែលគង់វង្សនិងមានឥទ្ធិពលលើអ្នក។ អ្នកតវ៉ាផ្តល់តែឱ្យអ្នកផឹក បើទោះជាអ្នកមកពីក្រៅសហគមន៍ឬជាអ្នកស្ម័គ្រចិត្តដែលយកម្ហូបមកចែកចាយក្តីនេះជាការតភ្ជាប់នូវទំនាក់ទំនងដ៍មានឥទ្ធិពលមួយ»។
ការតវ៉ាដោយសន្តិវិធីនៅតាមដងផ្លូវជាតិនោះបានរំសាយ នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ បានបិទទីក្រុងទាំងមូល។ ប៉ុន្តែនៅពេលការរឹតបន្តឹងត្រូវបានលុបចោលវិញ ក្រុមអ្នកតវ៉ាបានត្រឡប់មកកន្លែងដើមវិញ ហើយបន្តិចម្តងៗ ហាងអាហារ Mughlai ដែលល្បីឈ្មោះក្នុងក្រុងញូវដែលី ត្រូវបានបង្កើតឡើងដើម្បីបំពេញតាមសេចក្តីត្រូវដែលកើនឡើង។
ខណៈការពេញនិយមនៃអាហារតាមផ្លូវនេះកើនឡើង ដោយមានការជួយផ្សព្វផ្សាយវីដេអូលើបណ្តាញសង្គម Instagram និង YouTube ផងនោះ ចំនួនអ្នកដែលមកកាន់ទីនេះបានកើនឡើង ហើយភោជនីយដ្ឋានកាន់តែច្រើនថែមទៀតបានធ្វើម្ហូប រាប់តាំងពីម្ហូបឥណ្ឌា Mughlai រហូតដល់ម្ហូបអាហ្វហ្គានីស្ថាននិងម្ហូបតួកគី។ ពេលនេះក្លិនឈ្ងុយនៃសាច់អាំង kebabs និងសាច់មាន់កំពុងកើតឡើងនៅតាមផ្លូវដ៏កងរំពងមួយនេះ។
លោក Mohammad Nauman បានបើកភោជនីយដ្ឋានសាច់មាន់ Changezi ក្នុងតំបន់នេះកាលពី ៣ ខែមុន។
លោក Nauman បាននិយាយក្នុងពេលដែលកំពុងមមាញឹកបម្រើអតិថិជនរបស់លោក កាលពីយប់ថ្ងៃសុក្រកន្លងទៅថា៖ «ទីនេះបានក្លាយជាកន្លែងដែលពេញនិយមមួយ ក្រោយពីការប្រឆាំងតវ៉ា។ ស្តង់ម្ហូបពេញនិយមជាច្រើនក្នុងតំបន់ក្រុងញូវដាលី ត្រូវបានបង្កើតឡើងនិងដាក់តជាប់ៗគ្នានៅទីនេះ។ ដោយឃើញដូចនេះហើយយើងក៏បើកហាងយើងមួយនៅទីនេះដែរ។ លោកបានមើលឃើញពីមុខរបរដ៏កាក់កបនៅទីនេះ ដោយនិយាយថា មនុស្សជាច្រើនដែលមកទីនេះមិនមែនជាជនមូស្លីមឡើយ»។
សម្រាប់អ្នករស់នៅក្នុងតំបន់នេះ អាហារតាមផ្លូវទាំងនេះមានអត្ថន័យច្រើនលើសពីគ្រាន់តែជាមុខជំនួញនិងការងារ។ ពួកគេនិយាយថា វាបានជួយដើម្បីកុំឱ្យមានការយល់ខុសពីជនជាតិមូស្លីមនៅក្នុងប្រទេសមួយ ដែលក្រុមអ្នករិះគន់និយាយថា មានការស្អប់ខ្ពើមនិងការរើសអើងជាតិសាសន៍ ដែលសំដៅទៅលើសហគមន៍ជនជាតិភាគតិចដ៍ធំបង្អស់របស់ឥណ្ឌា បានកើនឡើងនៅក្នុងការគ្រប់គ្រងអំណាចនៃគណបក្សជាតិនិយមហិនឌូ Janata ។ គណបក្សដែលដឹកនាំរដ្ឋាភិបាលមួយ នេះបានបដិសេធដាច់អហង្ការនូវការចោទប្រកាន់ទាំងនេះ។
ការនិយាយប៉ះពាល់ដែលថាជនជាតិមូស្លីមអាក្រក់ ជនជាតិមូស្លីមជាភេរវករឬក៏ថាតំបន់នេះជាកន្លែងមិនស្វាគមន៍នោះ ត្រូវបានលុបចោលដោយការជួបជុំចែករំលែកម្ហូបអាហារទាំងនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Mujtaba។
អ្នកស្រីបន្ថែមទៀតថា៖ «ដូចជានៅថ្ងៃនេះជាដើម ដោយសារការរៀបចំឱ្យមានស្តង់ម្ហូបទាំងនេះ មានមនុស្សជាច្រើនមកពីក្រៅតំបន់ក្រុងដេលី ជាពិសេសអ្នកមិនមែនជាជនមូស្លីម បានមកកាន់តំបន់ Shaheen Bagh ហើយដោយសារមានមនុស្សជាច្រើនមកកាន់ទីនេះ វាជាបទពិសោធន៍ទី ១ ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមជនជាតិមូស្លីមនៅទីនេះ»។
ច្បាប់សញ្ជាតិដ៏ចម្រូងចម្រាស់នេះដែលធ្វើឱ្យមានបាតុកម្មតវ៉ាកើតឡើង នឹងពិនិត្យមើលយ៉ាងឆាប់រហ័សដល់ក្រុមជនជាតិភាគតិចដែលមានសញ្ជាតិឥណ្ឌាកាន់សាសនាផ្សេងៗ ដូចជាហិនឌូ Sikh និងសាសនាគ្រីស្ទ ដែលប្រឈមនឹងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែសនិងប្រទេសប៉ាគីស្ថាន ប៉ុន្តែមិនរាប់បញ្ចូលនឹងជនជាតិមូស្លីមឡើយ។ រដ្ឋាភិបាលបានច្រានចោលនូវការរិះគន់ ដែលថាច្បាប់នេះមានការរើសអើងនោះ។
ប៉ុន្តែក្រុមអ្នករិះគន់និយាយថា គោលនយោបាយនេះបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងប្រទេស ដែលមានអ្នកកាន់សាសនាហិនឌូភាគច្រើនបំផុត ដែលក្នុងនោះមានជនជាតិមូស្លីមប្រមាណ ២០០ លាននាក់ ដែលជាជនជាតិភាគតិចដ៏ធំបំផុតក្នុងប្រទេសនេះ។ ពួកគេបានលើកឡើងពីយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌា ដែលគណបក្សប្រឆាំងនានា បានចោទប្រកាន់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដែលបានធ្វើអត្ថាធិប្បាយដែលមានលក្ខណៈបំបែកបំបាក់ ក្រោយពីលោកបាននិយាយនៅក្នុងការជួបជុំអ្នកគាំទ្រលោកកាលពីខែមេសាថាគណបក្សសមាជដែលជាគណបក្សប្រឆាំងដ៏ធំបំផុតមួយនោះ ចង់ផ្តល់ផលប្រយោជន៍បន្ថែមខ្លាំងទៀតដល់អ្នកដែលមានកូនច្រើន និងអ្នកដែលជ្រៀតចូលមកក្នុងប្រទេសឥណ្ឌា។
ការថ្លែងនេះត្រូវបានគេមើលឃើញថាលោកចង់សំដៅទៅលើជនជាតិមូស្លីម។ លោកModi បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Times Now ថា លោកមិនប្រឆាំងនឹងសាសនាអ៊ិស្លាមឬជនជាតិមូស្លីមឡើយ។
ក្នុងពេលដែលប្រទេសកំពុងស្ថិតក្នុងស្ថានភាពបែកបាក់គ្នានេះ អាហារតាមផ្លូវក្នុងសហគមន៍ Shaheen Bagh បានបង្ហាញនូវជ្រុងរូបភាពមួយផ្សេង។ អ្នកស្រី Bhasin ដែលពេលនេះមានមិត្តភ័ក្តជាច្រើននៅក្នុងតំបន់នេះ បានហៅវាថាជា «និមិត្តរូបនៃការរួមបញ្ចូលគ្នា»។
អ្នកស្រីបន្តទៀតថា៖ «នេះជាកិច្ចសហការដ៏ល្អអស្ចារ្យមួយ។ វាមានការសាមគ្គីគ្នារវាងសហគមន៍ខុសៗគ្នា និងការគោរពនិងស្រឡាញ់គ្នាទៅវិញទៅមក។ ដូចនេះវាពិតជាគំរូដ៏ប្រពៃមួយសម្រាប់ផ្នែកផ្សេងៗដទៃទៀតក្នុងប្រទេសឥណ្ឌាដើម្បីអនុវត្តតាម»។
ប៉ុន្តែអ្នកស្រីថា សហគមន៍ Shaheen Bagh នៅជាកន្លែងដែលមានលក្ខណៈនយោបាយមួយ។ នៅពេលនេះ ពេលដែលអ្នកមកកាន់ទីនេះ អ្នកមិនភ្លេចនឹកដល់រឿងធ្វើបាតុកម្មប្រឆាំងតវ៉ាឡើយ នៅពេលកំពុងហូបអាហារនៅទីនេះ។ វាមានការពាក់ព័ន្ធគ្នាទៅវិញទៅមកមិនអាចជៀសផុតឡើយ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ