ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​​ប្រកាស​អនុវត្ត​​​ច្បាប់​​សញ្ជាតិ​​​​ដែល​​ផាត់​ចោល​ក្រុម​​អ្នក​កាន់​​​សាសនា​​អ៊ិស្លាម


អ្នកប្រឆាំងច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ (CAA) របស់រដ្ឋាភិបាលឥណ្ឌា ប្រមូលផ្តុំគ្នាប្រឆាំងនឹងការអនុវត្តរបស់ខ្លួន ដោយមានការដុតបំផ្លាញច្បាប់ចម្លងនៃ CAA ក្នុងអំឡុងពេលតវ៉ានៅទីក្រុង Guwahati ប្រទេសឥណ្ឌា ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
អ្នកប្រឆាំងច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ (CAA) របស់រដ្ឋាភិបាលឥណ្ឌា ប្រមូលផ្តុំគ្នាប្រឆាំងនឹងការអនុវត្តរបស់ខ្លួន ដោយមានការដុតបំផ្លាញច្បាប់ចម្លងនៃ CAA ក្នុងអំឡុងពេលតវ៉ានៅទីក្រុង Guwahati ប្រទេសឥណ្ឌា ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

កាលពី​ថ្ងៃ​ចន្ទ​ទី១១​ខែមីនា​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី Narendra Modi បានប្រកាសបទបញ្ញត្តិ​សម្រាប់​អនុវត្ត​ច្បាប់​សញ្ជាតិឆ្នាំ២០១៩​ដែល​ផាត់​ក្រុមអ្នក​កាន់​សាសនាអ៊ិស្លាម ក្នុង​ពេលប៉ុន្មានសប្តាហ៍​មុនមេដឹកនាំ​ជាតិនិយមហិណ្ឌូ​រូប​នេះ​ឈរឈ្មោះបោះឆ្នោត​សម្រាប់​អាណត្តិ​ទី​បី។

ច្បាប់ត្រូវ​កែប្រែ​អំពី​សញ្ជាតិ​ផ្តល់ដំណើរការ​លឿនដល់​ការ​ចូលសញ្ជាតិ​សម្រាប់​ក្រុមហិណ្ឌូ Parsis, Sikhs, អ្នក​កាន់ព្រះពុទ្ធសាសនា, Jains និង​អ្នកគោរព​គ្រិស្តសាសនា ដែលបាន​រត់​គេចខ្លួនទៅ​កាន់​ប្រទេស​ឥណ្ឌា​មាន​ប្រជារាស្ត្រ​ភាគច្រើន​ជាអ្នក​កាន់​សាសនា​ហិណ្ឌូ ​មក​ពី​ប្រទេស​អាហ្វហ្កានីស្ថាន ​បង់ក្លាដែស​និង​ប៉ាគីស្ថាន ​មុនថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ២០១៤។ ច្បាប់នេះផាត់ចោល​ក្រុមអ្នក​កាន់សាសនាអ៊ិស្លាម​ដែល​ជា​ជន​ភាគ​ច្រើន​ក្នុង​ប្រទេស​ទាំង​បី​នេះ។

សភាឥណ្ឌាបានអនុម័តច្បាប់​នេះ​កាល​ពី​ឆ្នាំ២០១៩ តែរដ្ឋាភិបាលលោក Modi មិន​បាន​អនុវត្ត​ច្បាប់​នេះ​ទេ ​ក្រោយ​មាន​បាតុកម្មដ៏​ប្រល័យ​ក្នុង​រដ្ឋធានីញូវដែលី​និងកន្លែង​ឯ​ទៀតៗ។ មនុស្ស​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​មានការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​ថ្ងៃ។

បាតុកម្មនៅ​ទូទាំងប្រទេសកាល​ពី​ឆ្នាំ២០១៩​មាន​ការ​ចូលរួមរបស់​មនុស្ស​កាន់​សាសនា​ទាំងអស់ដែល​បាន​និយាយថា​ ​ច្បាប់​នេះធ្វើ​ឱ្យ​អន្តរាយ​ដល់​គ្រឹះ​នៃ​ប្រទេសឥណ្ឌា​ជា​ប្រទេស​ជាតិមួយមិន​យក​សាសនា​ជា​ធំ។ ក្រុមអ្នក​កាន់​សាសនា​អ៊ិស្លាមព្រួយ​បារម្ភជាពិសេស​ថា​រដ្ឋាភិបាល​អាច​ប្រើ​ច្បាប់​នេះ ​រួមផ្សំជា​មួយការ​ចុះ​ឈ្មោះ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ផាត់​ចោលពួក​គេ។

ការចុះឈ្មោះ​ពលរដ្ឋនៅ​ទូទាំង​ប្រទេសជាផ្នែក​មួយ​នៃ​ការ​ប្រឹងប្រែងរបស់​រដ្ឋាភិបាល​លោក Modi ដើម្បី​រក​អត្តសញ្ញាណមនុស្សដែល​ខ្លួន​អះអាង​ថា ​បាន​មក​ប្រទេស​ឥណ្ឌាដោយ​ខុសច្បាប់។ ការ​ចុះ​ឈ្មោះ​នេះ​ត្រូវ​បាន​អនុវត្តតែ​ក្នុងរដ្ឋ Assam នា​ប៉ែក​ឦសានប្រទេស។ គណបក្ស Bharatiya Janata គ្រប់គ្រង​ប្រទេស​បាន​សន្យា​ធ្វើ​ការផ្ទៀងផ្ទាត់​សញ្ជាតិនៅ​ទូទាំង​ប្រទេស។​

រដ្ឋាភិបាលលោក Modi បានការពារច្បាប់សញ្ជាតិ​ឆ្នាំ​២០១៩​ថា​ជាកាយវិការ​មនុស្សធម៌។ រដ្ឋាភិបាល​នេះ​និយាយបង្ហាញហេតុផល​ថា ​ច្បាប់​នេះសម្រាប់​ផ្តល់​សញ្ជាតិដល់​ក្រុម​អ្នក​កាន់សាសនា​ភាគតិចដែលរត់​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ហើយ​នឹង​មិន​ត្រូវ​ប្រើ​ប្រឆាំងនឹង​ពលរដ្ឋ​ឥណ្ឌា​ទេ។

រដ្ឋមន្ត្រីមហាផ្ទៃ​លោក Amit Shah បាន​សរសេរ​តាម X អតីត Twitter ថា៖ «បទបញ្ញត្តិទាំងនេះនឹង​អាចឱ្យ​ក្រុម​ជនភាគតិចដែល​ត្រូវបាន​ធ្វើ​ទុក្ខបុកម្នេញខាង​សាសនា​ក្នុង​ប្រទេស​ប៉ាគីស្ថាន បង់ក្លាដែស​និង​អាហ្វហ្កានីស្ថាន​ទទួល​សញ្ជាតិ​នៅ​ក្នុង​ប្រទេសយើង»។

គណបក្សសមាជ​ដែលជា​គណបក្ស​ប្រឆាំងធំជាងគេនៅ​ឥណ្ឌាបាន​សាកសួរអំពី​សេចក្តី​ប្រកាស​នេះ ដោយ​និយាយថា «ការកំណត់​ពេលចេញសេចក្តី​ប្រកាស​នេះមុន​ការ​បោះឆ្នោតមានគោលដៅធ្វើឱ្យ​មាន​ការ​បែកបាក់​គ្នានៅ​ពេល​បោះឆ្នោត»។

នៅក្នុង​សេចក្តីថ្លែងការណ៍មួយ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Amnesty India បានហៅ​ច្បាប់​នេះ​ថា​ «រើស​អើង»​ ហើយ​ថា ​វា​«ប្រឆាំង​នឹងគុណតម្លៃរដ្ឋធម្មនុញ្ញ​នៃ​សមភាពនិង​ច្បាប់​សិទ្ធិ​មនុស្សអន្តរជាតិ»។ អង្គការ​នេះ​បាន​ថ្លែង​ថា ​ច្បាប់​នេះ​«ធ្វើ​ឱ្យការ​រើសអើង​ក្លាយ​ជា​ត្រឹមត្រូវ​តាមច្បាប់​ផ្អែកលើ​សាសនា»​ ហើយ​មាន«ភាព​ផ្តាច់ការ​ក្នុងទម្រង់​និងចេតនា»។

នៅឥណ្ឌាមានអ្នក​កាន់​សាសនាអ៊ិស្លាម​២០០​លាននាក់ដែល​ជា​ក្រុម​ជនភាគតិចធំ​មួយ​នៅ​ក្នុង​ប្រទេស​នេះ ដែល​មាន​ប្រជារាស្ត្រជាង​១.៤០០​លាន​នាក់។ ពួក​គេ​រស់​នៅ​សឹង​តែ​ក្នុង​ផ្នែក​ទាំងអស់​របស់​ប្រទេស​ឥណ្ឌាហើយ​ជាទីដៅ​នៃ​ការ​វាយប្រហារ​មួយចំនួននៅ​ពេលលោក​ Modi ឡើង​កាន់អំណាច​ដំបូងនៅ​ឆ្នាំ២០១៤។

ពួកអ្នករិះគន់​ថា​ ភាព​ស្ងាត់ស្ងៀមរបស់លោក​ Modi អំពីអំពើ​ហិង្សា​ប្រឆាំងនឹង​អ្នក​កាន់​សាសនាអ៊ិស្លាមបាន​ធ្វើ​ឱ្យអ្នកគាំទ្រ​ជ្រុលនិយម​បំផុត​របស់លោក​ខ្លះ​ហ៊ាន​ហើយនាំ​ឱ្យ​មាន​សុន្ទរកថា​សម្អប់ច្រើន​ជាង​មុន​ប្រឆាំង​នឹង​អ្នក​គោរព​សាសនា​អ៊ិស្លាម​ផង​ដែរ។​

លោក Modi បានបញ្ចូលសាសនាជាមួយ​នយោបាយច្រើន​ជាង​មុន​នៅ​ក្នុង​រូបមន្ត​មួយ​ដែលទាក់ចិត្ត​ខ្លាំងដល់ប្រជារាស្ត្រកាន់​សាសនា​ហិណ្ឌូ​ភាគ​ច្រើននៅ​ឥណ្ឌា។​ កាល​ពីខែមករា​ លោកបានសម្ពោធ​ព្រះវិហារហិណ្ឌូ​មួយ​នៅ​កន្លែង​វិហារអ៊ិស្លាម​មួយ​ដែល​ត្រូវ​បាន​កម្ទេចក្នុង​ក្រុង Ayodhya នា​ប៉ែក​ខាងជើង​ប្រទេស ​ដោយ​បំពេញ​តាមការសន្យាមួយ​យូរ​មក​ហើយ​របស់​គណបក្សលោក។​

ការ​ស្ទង់មតិភាគច្រើន​បង្ហាញ​ថា ​លោក Modi នឹង​ឈ្នះ​ឆ្នោតមាន​សំឡេង​ភាគច្រើនក្នុងការបោះឆ្នោតទូទៅមាន​កំណត់នឹង​ធ្វើនៅ​ខែឧសភា៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG