ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយ​​​មាន​​លោក Modi ជា​អ្នកនាំមុខ​គេ ការ​បោះឆ្នោត​​ដ៏ធំ​នៅ​ប្រទេស​ឥណ្ឌា​កំពុង​​ធ្វើឡើង


ស្ត្រីនាំគ្នារង់ចាំចូលបោះឆ្នោត ខណៈស្រ្តីម្នាក់ឈរថតរូបនៅក្រុង Behror ក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ (AP)
ស្ត្រីនាំគ្នារង់ចាំចូលបោះឆ្នោត ខណៈស្រ្តីម្នាក់ឈរថតរូបនៅក្រុង Behror ក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ (AP)

ពួក​អ្នក​វិភាគ​និយាយ​​​ថា​ សម្ព័ន្ធភាព​​ក្រុមប្រឆាំង​​មាន​ការបែក​បាក់គ្នា ហើយ​លោក Modi ទំនង​ជានឹង​​​ជាប់​ឆ្នោត​​​ជា​ថ្មី​​​សម្រាប់​​អាណត្តិ​​ទីបី​​ក្នុ​ង​តំណែង​​នាយករដ្ឋមន្ត្រី​នៃ​​​ប្រទេស​ឥណ្ឌា​​​ដោយសារ​​ប្រជាប្រិយភាព​​​​ដ៏​ខ្លាំង​របស់លោក។

តាំងពី​រដ្ឋ​ដាច់ស្រយាលនៅ​តំបន់ភ្នំហិមាល័យ​នៅ​ភាគខាង​ជើង​នៃ​ប្រទេសឥណ្ឌារហូត​ដល់​តំបន់​ភាគ​ខាង​ត្បូង​បំផុតនៃ​ប្រទេស​នេះ ជនជាតិ​ឥណ្ឌា​រាប់លាននាក់ឈរតម្រង់​ជួរនៅ​ស្ថានីយ៍​បោះឆ្នោតកាលពី​ថ្ងៃ​សុក្រទី១៩ ខែមេសា​នៅ​ពេលចាប់ផ្តើម​ការបោះឆ្នោត​ ដែល​គេឃើញជាទូទៅ​ថា​លោក Narendra Modi នាយករដ្ឋមន្ត្រី​ប្រជា​និយមរបស់ប្រទេសជាអ្នក​នាំមុខ​គេ។

ការបោះឆ្នោត​នេះ​ជាការប្រកួត​ប្រជែង​រវាង​គណបក្ស Bharatiya Janata ហៅ​កាត់​ថា BJP របស់លោក Modi និងសម្ព័ន្ធភាព Indian National Developmental Inclusive Alliance ដែល​ជាក្រុមចម្រុះ​មួយនៃ​គណបក្សប្រឆាំងជាង​២៤ ដែលមានឈ្មោះហៅ​កាត់​ថា​ INDIA។ ក្រុមប្រឆាំង​សង្ឃឹម​ថានឹងបន្ធូរ​ការក្តាប់អំណាច​មួយទសវត្សរ៍​មក​ហើយ​របស់លោក Modi ​ជា​មួយការសន្យា​ថា​ដោះស្រាយបញ្ហាផ្សេងៗ​ដូច​ជា​បញ្ហាគ្មាន​ការងារ​ធ្វើនិង​កង្វល់​អំពីបញ្ហា​សេដ្ឋកិច្ចក្នុង​ចំណោម​ពលរដ្ឋ​ក្រីក្រជាដើម។

កាលពីថ្ងៃសុក្រទី១៩ ខែមេសា ក្រុមអ្នក​បោះឆ្នោត​ជ្រើសរើសអ្នក​តំណាង​រាស្ត្រសម្រាប់​អាសនៈ​១០៣​ក្នុងសភាជាន់ទាប ដែល​ជា​ដំណាក់កាល​ទី​មួយ​នៃការ​បោះឆ្នោត​ដ៏​ធំមួយ ​ធ្វើ​ឡើង​មាន​៧ដំណាក់កាល​ក្នុង​រយៈ​ពេល​៦សប្តាហ៍​ដើម្បី​ជ្រើសរើស​សមាជិក​សភា​៥៤៣នាក់។​

ការ​បោះឆ្នោតនេះ​មានទ្រង់ទ្រាយ​ធំដោយមានប្រជារាស្ត្រ​មានសិទ្ធិ​បោះឆ្នោត៩៧០លាននាក់​ មានស្ថានីយ៍​បោះឆ្នោត​១លានកន្លែង​និង​មានបុគ្គលិក​នៅ​ស្ថានីយ៍បោះឆ្នោត​និង​បុគ្គលិក​សន្តិសុខ​១៥លាននាក់ទាក់​ទិននឹងការធ្វើ​អ្វីដែល​ហៅថា​ជា​ការបោះឆ្នោត​ធំបំផុត​ក្នុងពិភពលោក​នៅ​ពេល​មានសន្តិភាព។​ ​សន្លឹក​ឆ្នោត​នឹងត្រូវរាប់​នៅ​ថ្ងៃទី៤ ខែមិថុនា​នៅក្រោយ​ការបោះឆ្នោតនេះចប់សព្វ​គ្រប់នៅទូទាំងប្រទេសដ៏​ធំនេះ។

លោក Modi វ័យ​៧៣ឆ្នាំ​ ដែល​បាន​កំណត់​គោលដៅ​ដ៏​មហិច្ឆតា​យកជ័យជំនះ​កាន់​តែ​ខ្លាំងជាងកាលពី​ការបោះឆ្នោតពីរ​លើកមុន ទំនងជានឹងកាន់​តំណែង​ក្នុង​អាណត្តិ​ទី​បី​ដ៏​កម្រ​ដោយ​ផ្អែក​លើ​កម្លាំងនៃ​ប្រជាប្រិយភាព​របស់​លោក។

អ្នក​វិភាគនយោបាយ​លោក Rasheed Kidwai បាន​និយាយថា «ការ​បោះឆ្នោត​នេះ​សុទ្ធសឹង​តែ​អំពី​លោក Modi។ លោក​មានប្រជាប្រិយភាព​ជាងគណបក្ស​លោក​ ហើយប្រជាប្រិយភាព​របស់លោក​ឈ្នះ​អស់​បញ្ហា​នានារបស់​ពួកអ្នក​បោះឆ្នោត»។

លោក Singh Chandel ដែលជាអ្នកបើកបរម្នាក់។ លោកពិបាកស្វែងរកការងារធ្វើ ប៉ុន្តែនៅតែបោះឆ្នោតឱ្យគណបក្ស BJP។ (Anjana Pasricha/VOA)
លោក Singh Chandel ដែលជាអ្នកបើកបរម្នាក់។ លោកពិបាកស្វែងរកការងារធ្វើ ប៉ុន្តែនៅតែបោះឆ្នោតឱ្យគណបក្ស BJP។ (Anjana Pasricha/VOA)

លោក Jitender Singh Chandel វ័យ​៣៦ឆ្នាំរស់នៅ​ទី​ក្រុង Noida ក្នុង​រដ្ឋ Uttar Pradesh ដែលជា​អ្នក​បើក​បរ​ម្នាក់​បាន​និយាយថា លោកពិបាក​រក​ការងារធ្វើ។ លោកបានថ្លែងប្រាប់វីអូអេថា«គ្មាន​ការងារ​ធ្វើ​ទេ។ ខ្ញុំ​មិនដែល​បានសម្រាកទេ។ ​ខ្ញុំបានឮ​ថារដ្ឋាភិបាលផ្តល់លុយ​ឱ្យ​អ្នក​ក្រកសាង​ផ្ទះក្នុង​ភូមិ តែ​ខ្ញុំមិនបានទទួល​ផលប្រយោជន៍​អ្វីទេ»។​ ប៉ុន្តែ​នៅពេលបោះឆ្នោត លោកនឹង​ជ្រើសរើស​យកគណបក្ស BJP ពីព្រោះ​លោកមានអារម្មណ៍​ថា​ បញ្ហា​សុវត្ថិភាព​និងសន្តិសុខ​មាន​ភាព​ល្អ​ប្រសើរ​ជាងមុនក្រោម​ការ​គ្រប់គ្រង​របស់លោក Modi។​

នៅពេលឃោសនាបោះឆ្នោត​ លោក​ Modi ​បាន​សន្យាដល់​ប្រទេសជាតិ​ថា​នឹងធ្វើ​ឱ្យសេដ្ឋកិច្ចឥណ្ឌា​មា​នសន្ទុះកាន់តែ​ខ្លាំងបន្ថែម​ទៀត ​ដែល​ក្នុង​ពេលនេះ ​ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់លឿន​ជាង​គេ​បំផុតក្នុងពិភពលោក។​ ការណ៍​នេះកាន់​ពង្រឹង​ការគាំទ្រលោកក្នុង​ចំណោម​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម។

នៅក្នុង​ប្រទេស​មួយ​មានវិសមភាព​សេដ្ឋកិច្ច​ទូលំទូលាយ លោក Modi ក៏បានសន្យា​ថានឹង​បង្កើន​វិធានការ​សុខុមាលភាព​សង្គមដោយ​ផ្តល់ជំនួយដល់គ្រួសារ​ក្រីក្រដូច​ដែល​បានធ្វើកាល​ពី​១០ឆ្នាំមុន ​ដូចជា​ការផ្តល់​នូវ​ផ្ទះសម្បែង បង្គន់ ​ស្បៀង​គ្រាប់​ធញ្ញជាតិ​មិនគិត​ថ្លៃ​និង​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ស្ត្រី។

លោក Modiបាន​ថ្លែងក្នុង​ការប្រមូលផ្តុំ​ឃោសនា​បោះឆ្នោត​មួយថា «អ្វីដែល Modi បានធ្វើរហូតមក​ដល់ពេល​នេះ​គ្រាន់តែជា​អាហារ​សម្រន់តែប៉ុណ្ណោះ។ អាហារ​ចម្បង​នឹងមាន​បន្ត»។

លោក Naresh Gupta ដែលជាអ្នកលក់ផ្លែ​ឈើនៅក្រុង Noida នៃរដ្ឋ Uttar Pradesh ថ្លែងថា លោកនឹង​បោះឆ្នោតឱ្យ​គណបក្ស BJP។ (Anjana Pasricha/VOA)
លោក Naresh Gupta ដែលជាអ្នកលក់ផ្លែ​ឈើនៅក្រុង Noida នៃរដ្ឋ Uttar Pradesh ថ្លែងថា លោកនឹង​បោះឆ្នោតឱ្យ​គណបក្ស BJP។ (Anjana Pasricha/VOA)

លោក Naresh Gupta ដែលជាអ្នកលក់ផ្លែ​ឈើនៅក្រុង Noida នៃរដ្ឋ Uttar Pradesh ថ្លែងថា លោកនឹង​បោះឆ្នោតឱ្យ​គណបក្ស BJP។ លោកនិយាយដោយ​ខ្លី​ថា«លោក Modi ធ្វើការបាន​ល្អ»។

ទស្សនៈ​ជាតិនិយមហិណ្ឌូដែលលោក Modi បាន​ប្រកាន់​យកក៏នាំ​ឱ្យ​លោកមាន​ការគាំទ្រខ្លាំងដែរ​ក្នុងប្រទេស​ឥណ្ឌាដែលមានប្រជារាស្ត្រ​ភាគច្រើនជា​អ្នក​គោរព​សាសនាហិណ្ឌូ។ ព្រះ​វិហារមួយ​ត្រូវ​ស្ថាបនាសម្រាប់ព្រះរាមដែល​ជា​អវតារ​នៃ​សាសនាហិណ្ឌូដែល​លោកបានសម្ពោធ​កាល​ពី​ខែ​មករាទទួល​បាន​ការកោត​សរសើរ​ពី​សំណាក់​មនុស្សជា​ច្រើន​លាននាក់។ ប៉ុន្តែក្រុមអ្នក​រិះគន់និង​ក្រុមប្រឆាំងនិយាយថា​មនោគមវិជ្ជា​ជាតិ​និយម​ហិណ្ឌូ​របស់គណបក្ស​ BJP នាំឱ្យមានការបែកបាក់​គ្នានិង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី​គោរព​សាសនា​របស់​ឥណ្ឌា។

នៅក្នុង​សារ​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម X លោក Rahul Gandhi មេដឹកនាំគណបក្ស​សមាជឬCongress Party ​ដែល​ជា​គណបក្សប្រឆាំង​ធំជាងគេ​បាននិយាយថា​ការបោះឆ្នោត​នេះ​នឹង​សម្រេចអំពី​អនាគត​លទ្ធិ​ប្រជាធិបតេយ្យឥណ្ឌា។

លោក​បាន​ថ្លែង​ថា«ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​លាបថ្នាំ​ព្យាបាល​ដែល​ជា​សន្លឹកឆ្នោត​របស់លោកអ្នកទៅ​លើមុខ​របួសដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដួង​ព្រលឹង​ប្រទេស​ជាតិក្នុង​រយៈពេល​១០ឆ្នាំ​កន្លង​ទៅ​នេះ»​ ហើយ​លោកបានអំពាវនាវ​ដល់​អ្នកបោះឆ្នោត«ឱ្យ​យក​ជ័យជំនះ​លើ​ការស្អប់ខ្ពើម»។

អ្នកវិភាគ​នយោបាយលោក Nilanjan Mukhopadhyay បានហៅការបោះឆ្នោត​នេះ​ថា​ជា​ការ​បោះឆ្នោត​ប្រជាមតិ​អំពី​លោក Modi។

លោកបាននិយាយថា«សម្រាប់​អ្នក​បោះឆ្នោត វាជា​ការទទួល​យកការនិយាយរបស់​លោក​ឬ​មួយ​ជា​ការច្រាន​ចោល​អ្វីៗដែល​លោក​បាន​ធ្វើ​ក្នុង​រយៈពេល​១០ឆ្នាំកន្លង​ទៅនេះ។ មាន​ការខ្វះខាត​ច្រើន​នៅ​ក្នុងសមិទ្ធិផល​របស់លោក Modi ដូចជា​កង្វល់អំពី​បញ្ហា​ជីវភាព​ជា​ដើម»។

គណបក្សសមាជ​ឬ Congress Party ដែល​ជា​គណ​បក្សប្រឆាំង​ធំជាង​គេសង្ឃឹម​ថា​នឹង​ទាញ​យកប្រយោជន៍​ពី​ការមិន​ពេញចិត្ត​ពាក់ព័ន្ធ​នឹង​បញ្ហា​អត់​ការងារ​ធ្វើ​និង​បញ្ហា​អតិផរណា ដែលគណបក្សនេះ​និយាយថា​ជា​ឧបសគ្គ​ធំ​បំផុត​ដែលប្រទេសនេះ​កំពុង​ប្រឈម។

នៅក្នុងការស្ទង់មតិ​មួយកាលពី​ពេល​ថ្មីៗនេះ​ដោយអង្គការស្រាវជ្រាវ Lokniti និង CSDS ចំនួន​ពីរ​ភាគបី​នៃពួកអ្នក​ឆ្លើយ​តប​បាននិយាយ​ថា​មានការពិបាក​ជាងមុនក្នុងការរក​ការងារ​ធ្វើក្នុង​រយៈពេល៥ឆ្នាំកន្លងទៅនេះ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ក៏ការស្ទង់មតិ​នេះ​បង្ហាញថា ​កង្វល់​ទាំង​នោះ​មិនមានឥទ្ធិពល​លើ​ការបោះឆ្នោត​របស់​ពួក​គេ​ទេ។

គណបក្ស​សមាជ​ដែល​វត្តមាន​នយោបាយរបស់​ខ្លួន​បានថយចុះ​ច្រើនតាំង​ពី​ការលេចឡើងរបស់លោក Modi សង្ឃឹម​ថា​ សម្ព័ន្ធភាពខ្លួនជា​មួយបក្ស​ប្រឆាំង​ឯទៀតៗនឹង​ជួយទប់ទល់​នឹង​គណបក្ស BJP ដោយមានប្រសិទ្ធភាព។

ប៉ុន្តែ​ពួក​អ្នក​វិភាគថា​ក្រុមប្រឆាំងនៅ​តែបែកបាក់គ្នា ហើយការ​ខកខាន​របស់​ពួក​គេ​ក្នុងការ​ជ្រើសរើសបេក្ខជន​ណាម្នាក់សម្រាប់តំណែង​នាយករដ្ឋមន្ត្រីជា​គុណវិបត្តិមួយ។ លោក Kidwai ដែល​ជាអ្នក​វិភាគថ្លែង​ថា«សំណួរដែល​ពលរដ្ឋ​សួរ​ជាញឹកញយ​គឺថាតើ​លោក Modi ប្រកួត​ប្រជែងជាមួយ​នឹង​នរណា?»

ពួកគណបក្ស​ប្រឆាំងក៏​បានចោទប្រកាន់គណបក្ស BJP ដែល​ជាគណបក្ស​គ្រប់គ្រង​ប្រទេស​ថា បាន​ប្រើល្បិច​ដើម្បី​ឱ្យបានឈ្នះ​ឆ្នោតតាមរយៈ​ការស៊ើបអង្កេតទៅលើ​មេដឹកនាំ​មួយ​ចំនួន​របស់​បក្សប្រឆាំង​ទៅលើ​ការប្រព្រឹត្ត​អំពើពុក​រលួយ​ដោយទីភ្នាក់ងារសហព័ន្ធ​ប្រឆាំង។​ រដ្ឋមន្ត្រី​ពីរនាក់​ត្រូវ​បានចាប់ខ្លួនកាលពី​ប៉ុន្មាន​ខែថ្មីៗនេះ​ចោទប្រកាន់​ពីបទ​ពុករលួយ។ គណបក្សសមាជ​បាន​និយាយ​ថាគណនី​របស់​ពួក​គេ​ត្រូវបានបង្កកដោយ​មន្ទីរពន្ធដារ។ រដ្ឋាភិបាលបានបដិសេធ​អំពី​ការដែលថា​ការ​ស៊ើបអង្កេត​ទាំង​នេះ​ទាក់ទិននឹងរឿង​នយោបាយ។

ការ​ប្រកួត​ប្រជែង​មួយ​មាន​ការ​តាមសង្កេត​មើល​ខ្លាំង​ជាង​គេគឺការបោះឆ្នោត​នៅ​រដ្ឋ Tamil Nadu នៅប៉ែក​ខាងត្បូង​ប្រទេសដែល​គ្រប់គ្រងដោយ​គណបក្ស​ក្នុង​តំបន់មួយមានអំណាច​ខ្លាំង ប៉ុន្តែគណបក្ស BJP ប្រឹង​ប្រែង​ឱ្យ​យកឈ្នះ​នៅទីនោះ។ គណបក្សជាតិនិយមហិណ្ឌូនេះ​មានការគាំទ្រ​ច្រើន​នៅ​ក្នុងរដ្ឋប៉ែក​ខាង​ជើង​និង​ប៉ែក​ខាងលិច​ប្រទេស​ដែល​មាន​ប្រជារាស្ត្រ​ច្រើន តែចង់ឱ្យមានវត្តមាននៅ​ទូទាំង​ប្រទេស​ឥណ្ឌា។

ការ​បោះឆ្នោតកាលពី​ថ្ងៃទី១៩ ខែ​មេសាគូសបញ្ជាក់​ឧបសគ្គខាងភ័ស្តុភារនៃការរៀបចំ​ការបោះឆ្នោត​នៅ​ក្នុងតំបន់​ដាច់ស្រយាល​នៃប្រទេស​ឥណ្ឌាដើម្បី​ធ្វើឱ្យប្រាកដប្រជាអំពី​ការប្តេជ្ញារបស់គណៈកម្មការរៀបចំ​ការបោះឆ្នោតឱ្យបានទៅ​ដល់​អ្នក​បោះឆ្នោត​គ្រប់ៗគ្នា។ នៅ​ក្នុង​រដ្ឋ Meghalaya នាភាគ​ឦសានប្រទេស​ ពួកអ្នក​ចាត់ចែង​ការបោះឆ្នោត​មួយ​ក្រុមបានធ្វើដំណើរ១២គីឡូម៉ែត្រ​ឡើងលើ​ភ្នំ​មួយ​ដើម្បី​រៀបចំ​កន្លែង​បោះឆ្នោត​មួយ​ក្នុងភូមិ​តូចមួយដែល​មានអ្នកបោះឆ្នោត​ប្រមាណ១៤០នាក់។

ក្នុង​រដ្ឋ Manipur ដែលមនុស្ស​ច្រើននាក់​បានខ្ចាត់ព្រាត់ពី​ផ្ទះ​សម្បែង​ក្រោយមានជម្លោះ​ខាង​ជាតិ​សាសន៍កាល​ពី​ឆ្នាំទៅ ​កន្លែង​បោះឆ្នោត​ត្រូវបាន​រៀបចំ​ឡើងក្នុងជំរំជួយសង្គ្រោះ។ នៅ​ក្នុងរដ្ឋ Chhattisgarh នា​ប៉ែក​កណ្តាល​ប្រទេស ក្រុម​រៀបចំ​ការបោះឆ្នោត​និង​ម៉ាស៊ីន​បោះឆ្នោតត្រូវ​បានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រឱ្យបានទៅ​ដល់​អ្នក​បោះឆ្នោត​ក្នុង​ព្រៃដែល​ជា​សំបុក​ក្រុមឧទ្ទាម​ម៉ៅនិយម៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG