ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​​លោក Mueller ដូច​ទៅ​នឹង​ការ​រក​ឃើញ​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក


របាយកាណ៍​ចំនួន​បួន​ទំព័រ​របស់​រដ្ឋអាជ្ញាពិសេស​លោក Robert Mueller ត្រូវ​បាន​ដាក់​នៅ​លើ​តុ​អំឡុងពេល​សវនាការ​មួយ​នៅ​វិមាន​ Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ ២០១៩។
របាយកាណ៍​ចំនួន​បួន​ទំព័រ​របស់​រដ្ឋអាជ្ញាពិសេស​លោក Robert Mueller ត្រូវ​បាន​ដាក់​នៅ​លើ​តុ​អំឡុងពេល​សវនាការ​មួយ​នៅ​វិមាន​ Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ ២០១៩។

របាយការណ៍​របស់​លោក Mueller បាន​បញ្ជាក់​​ថា៖ «ការ​ស៊ើប​អង្កេត​នេះ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​រុស្ស៊ី​យល់​ថា ខ្លួន​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​ដឹកនាំ​របស់​លោក Trump ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​រុស្ស៊ី​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​នេះ‍»។

របាយការណ៍​របស់​រដ្ឋអាជ្ញា​ពិសេស​សហរដ្ឋ​អាមេរិក​លោក Robert Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ គឺ​ដូច​ទៅ​នឹង​ចំណុច​ភាគ​ច្រើន​ដែល​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​បច្ចុប្បន្ន និង​អតីត​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បាន​សន្និដ្ឋាន​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៦។

ប៉ុន្តែស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នក​ខ្លះ​ស្នើ​ឡើង​ថា របាយការណ៍​របស់​លោក Mueller ដែល​ក្រសួង​យុត្តិធម៌​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មេសា​កន្លង​ទៅ​នេះ គួរតែ​ជា​ការ​ព្រមាន​មួយ​ដែល​ថា កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ដែល​ទទួល​បាន​ជោគជ័យ​មិន​ធម្មតា​រួច​មក​ហើយ​កន្លង​មក នៅតែ​បន្ត​ទៅ​មុខ​មិន​រា​ថយ។

ពិសេស​ជាង​នេះ​ទៅ​ទៀត អតីត​មន្ត្រី​ស៊ើបការណ៍​សម្ងាត់ និង​សន្តិសុខ​ជាតិ​ទាំង​នេះ​បាន​ព្រមាន​ថា ភស្តុតាង​នៅ​ក្នុង​របាយការណ៍​របស់​លោក Mueller បង្ហាញ​ថា ប្រទេស​រុស្ស៊ី​មាន​លទ្ធភាព​ស្វែង​រក និង​កេង​ចំណេញ​លើ​ពលរដ្ឋ​អាមេរិកាំង​ណា ដែល​មាន​គោល​បំណង​ស្រប​ទៅ​តាម​មធ្យោបាយ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​គេ​ហៅ​ថា​មធ្យោបាយ «គ្មាន​ចន្លោះ​ប្រហោង និង​មាន​របៀប​រៀបរយ​ត្រឹមត្រូវ‍» ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​ដែល​ពួកគេ​ចង់​បាន។

របាយការណ៍​របស់​លោក Mueller បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ការ​ស៊ើប​អង្កេត​នេះ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​រុស្ស៊ី​យល់​ថា ខ្លួន​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​ដឹកនាំ​របស់​លោក Trump ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​រុស្ស៊ី​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​នេះ‍»។

របាយការណ៍​របស់​លោក Mueller បាន​បន្ថែម​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump «រំពឹង​ថា​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ព័ត៌មាន​នានា​ដែល​លួច​បាន និង​បញ្ចេញ​ជា​សាធារណៈ​តាម​រយៈ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​រុស្ស៊ី‍»។

ប៉ុន្តែដោយសារតែ​ភាគី​ទាំង​ពីរ​បាន​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​ដូច​គ្នា​នេះ ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​លោក Mueller «មិន​បាន​សន្និដ្ឋាន​ថា សមាជិក​នៃ​ក្រុម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump បាន​ឃុបឃិត ឬ​ក៏​សម្របសម្រួល​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​នោះ​ទេ‍ ដោយសារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​ណា​មួយ»។ នេះ​បើ​យោង​តាម​របាយការណ៍​ស៊ើប​អង្កេត​នោះ។

រូបឯកសារ​៖ លោក Robert Mueller ធ្វើ​សក្ខីកម្ម​នៅ​វិមាន​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា ឆ្នាំ​២០១៣។
រូបឯកសារ​៖ លោក Robert Mueller ធ្វើ​សក្ខីកម្ម​នៅ​វិមាន​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា ឆ្នាំ​២០១៣។

កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មេសា អតីត​មន្ត្រី​មួយ​ចំនួន​បាន​ទាញ​ប្រយោជន៍​ពី​របាយការណ៍​ស៊ើប​អង្កេត​នេះ​ដែល​បាន​សន្និដ្ឋាន​ដូច​ទៅ​នឹង​ការ​រក​ឃើញ​ដំបូងៗ​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក។

អតីត​ភ្នាក់ងារ FBI លោក Ali Soufan បាន​សរសេរ​នៅ​លើ Twitter ថា៖ «តើ​ចាំ​បាន​ទេ​អំពី​ការ​វាយ​តម្លៃ​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៧ អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី [នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦]?‍ ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ថា ការ​វាយ​តម្លៃ​ទាំង​នោះ​គឺ​ត្រឹមត្រូវ​ទាំង​អស់‍»។

ការ​វាយ​តម្លៃ​កាលពី​ខែ​មករា ឆ្នាំ ២០១៧ របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI និង​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី បាន​សន្និដ្ឋាន​ថា ប្រទេស​រុស្ស៊ី​មាន​បំណង «បំផ្លាញ​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក»។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ទាំង​នោះ​បាន​សរសេរ​នៅ​ពេល​នោះ​ថា៖ «យើង​បាន​វាយ​តម្លៃ​បន្ថែម​ទៀត​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​រដ្ឋាភិបាល​រុស្ស៊ី​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួកគេ​គាំទ្រ​លោក​ប្រធានាធិបតី Trump‍ ដែល​ទើប​ជាប់​ឆ្នោត​មិន​ទាន់​ស្បថ​ចូល​កាន់​តំណែង»។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ទាំង​នោះ​បាន​បន្ថែម​ថា៖ «លោក Putin និង​រដ្ឋាភិបាល​រុស្ស៊ី​មាន​បំណង​ចង់​ជួយ​លោក Trump តាម​តែ​អាច​ធ្វើ​ទៅ​បាន‍»។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ការ​វាយ​តម្លៃ​នេះ​ត្រូវ​បាន​លោក Trump រិះគន់​ម្ដង​ហើយ​ម្ដង​ទៀត។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ លោក Trump បាន​រិះគន់​អតីត​ប្រធាន​ស៊ើបការណ៍​សម្ងាត់​ជាតិ​លោក James Clapper និង​អតីត​ប្រធាន​ទីភ្នាក់ងារ FBI លោក John Brennan ថា​ជា «ពួក​កេង​ចំណេញ​ពី​នយោបាយ» និង​បាន​យល់ស្រប​តាម​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

លោក Trump បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​នឹង​លោក Putin នៅ​ក្នុង​ប្រទេស​វៀតណាម យ៉ាង​ដូច្នេះ​ថា៖ «លោក Putin ថា លោក​មិន​បាន​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ទេ។ លោក​និយាយ​ថា លោក​មិន​បាន​ជ្រៀតជ្រែក​ទេ។ ខ្ញុំ​បាន​សួរ​លោក​ម្ដង​ទៀត។ ទោះបីជា​សួរ​ច្រើន​ដង​ក៏​ដោយ ក៏​លោក​និយាយ​ថា​លោក​មិន​បាន​ជ្រៀតជ្រែក​ដែរ»។

លោក Trump បាន​យល់ស្រប​ម្ដង​ទៀត​តាម​ការ​អះអាង​របស់​លោក Putin បន្ទាប់ពី​ពួកគេ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ នៅ​ក្នុង​ទីក្រុង Helsinki ប្រទេស​ហ្វាំងឡង់​មក។

លោក Trump បាន​និយាយ​នៅ​ឯ​សន្និសីទ​ព័ត៌មាន​រួម​គ្នា​មួយ​ថា៖ «លោក​ប្រធានាធិបតី Putin បាន​បដិសេធ​អំពី​រឿង​នេះ​យ៉ាង​ខ្លាំងក្លា​ជា​ទី​បំផុត។ លោក​ប្រធានាធិបតី Putin និយាយ​ថា មិន​មែន​ប្រទេស​រុស្ស៊ី​ទេ។ ខ្ញុំ​ក៏​យល់ស្រប​ដូច​នេះ​ដែរ‍»។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្រុង​ Atlanta រដ្ឋ Georgia កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ​២០១៩
ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្រុង​ Atlanta រដ្ឋ Georgia កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ​២០១៩

កន្លង​មក សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​រួច​មក​ហើយ​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​សមាជិក​នានា​នៃ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត (Internet Research Agency) របស់​រុស្ស៊ី ដែល​ជា «ក្រុមហ៊ុន​បង្ហោះ​រឿង​អុចអាល​តាម​អ៊ីនធឺណិត» ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី។ សហរដ្ឋ​អាមេរិក​ក៏​បាន​ចោទ​ប្រកាន់​ផង​ដែរ​លើ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​យោធា​រុស្ស៊ី ១២ នាក់ ថា​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក។

ប៉ុន្តែអតីត​មន្ត្រី​អាមេរិក​មួយ​ចំនួន​ព្រួយ​បារម្ភ​ថា ប្រសិនបើ​គ្មាន​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​អាមេរិក​ឲ្យ​បាន​ខ្លាំងក្លា​ជាង​នេះ​ទេ ប្រទេស​រុស្ស៊ី និង​សត្រូវ​ផ្សេង​ទៀត​នឹង​ធ្វើ​រឿង​ដូច​នេះ​ហើយ​រួច​ខ្លួន​ម្ដង​ទៀត។

លោក Larry Pfeiffer ដែល​ធ្វើ​ការ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​បាន​រយៈពេល ៣២ ឆ្នាំ និង​ដែល​ធ្លាប់​ធ្វើ​ជា​នាយ​ខុទ្ទកាល័យ​របស់​អតីត​ប្រធាន​ទីភ្នាក់ងារ CIA លោក Michael Hayden បាន​ប្រាប់ VOA ថា៖ «ពលរដ្ឋ​អាមេរិកាំង​ណា​ដែល​គាំទ្រ​ការ​វាយ​ប្រហារ​បែប​ស៊ើបការណ៍​សម្ងាត់​របស់​បរទេស​លើ​ដំណើរការ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ជា​ពិសេស​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន គួរតែ​ទទួល​បាន​ផល​លំបាក​ដោយសារ​ទង្វើ​របស់​ខ្លួន​ដែល​បាន​ធ្វើ‍»។

ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ធ្វើ ក៏​មិន​មែន​នៅ​ក្នុង​តុលាការ​នៅ​សហរដ្ឋ​អាមេរិក​ដែរ។ របាយការណ៍​របស់​លោក Mueller បាន​សន្និដ្ឋាន​ថា ទោះបីជា​មាន​ការ​ទាក់ទង​ជា​ច្រើន​លើក​ច្រើន​សារ​រវាង​ពលរដ្ឋ​រុស្ស៊ី និង​សមាជិក​នៃ​ក្រុម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump និង​មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា សមាជិក​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump «បាន​លុប​ចោល​នូវ​សារ​ទំនាក់ទំនង​ពាក់ព័ន្ធ​នានា‍» ក៏​ដោយ ក៏​ភស្តុតាង​នេះ «មិន​គ្រប់គ្រាន់​ដើម្បី​ដាក់​ការ​ចោទ​ប្រកាន់​លើ​សមាជិក​ណា​ម្នាក់​នៃ​ក្រុម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump ថា​បាន​ឃុបឃិត​ជាមួយ​នឹង​អ្នក​តំណាង​នៃ​រដ្ឋាភិបាល​រុស្ស៊ី‍» នោះ​ទេ។

ដោយ​ប្រហែល​ជា​មាន​ការ​តឹង​ចិត្ត​ដូច​អតីត​មន្ត្រី​អាមេរិក​មួយ​ចំនួន អ្នក​ជំនាញ​នានា​ដូចជា​លោក Frederic Lemieux ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​អនុវត្ត​នៃ​សាកល​វិទ្យាល័យ Georgetown បាន​បញ្ជាក់​ថា ការ​សន្និដ្ឋាន​នៅ​ក្នុង​របាយការណ៍​របស់​លោក Mueller នេះ គឺ​ជា​អ្វី​ដែល​គេ​បាន​រំពឹង​ទុក​រួច​មក​ហើយ។

លោក Lemieux បាន​និយាយ​ដូច្នេះ​ថា៖ «របាយការណ៍​នេះ​គឺ​ជា​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ដែល​ធ្លាប់​ធ្វើ​កន្លង​មក។ ប្រាកដ​ណាស់ យើង​មិន​ឃើញ​មាន​ការ​ស៊ើប​អង្កេត​រឿង​ប្រឆាំង​នឹង​ការ​ស៊ើបការណ៍​សម្ងាត់​ណា​មួយ​នោះ​ទេ‍»។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ច្បាស់​ថា មាន​ការ​រារាំង​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នេះ​ដែល​បាន​ធ្វើ​ឡើង​សំដៅ​លើ​ពលរដ្ឋ​រុស្ស៊ី​ដែល​ជា​គោលដៅ​មួយ​ចំនួន ហើយ​ពលរដ្ឋ​រុស្ស៊ី​ទាំង​នោះ​បាន​និយាយ​អំពី​លោក Trump និង​ក្រុម​របស់​លោក Trump។ អ្នក​មិន​បាន​ឃើញ​ពី​អ្វី​ដែល​ពួកគេ​បាន​រាយការណ៍​ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី​នោះ​ទេ នៅ​ពេល​ដែល​យើង​ដឹង​ថា អ្នក​ទាំង​នោះ​ជា​បុគ្គល​សំខាន់​ដែល​ស្ថិត​ក្រោម​ការ​តាមដាន​ជាប់​ជា​រៀងរាល់​ថ្ងៃ‍»។

តម្រុយ​នៃ​ព័ត៌មាន​ប្រភេទ​នេះ ដែល​អាច​បង្ហាញ​ពី​ប្រភព ឬ​ក៏​វិធីសាស្ត្រ ឬ​ក៏​អាច​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ស៊ើបការណ៍​សម្ងាត់​ដែល​កំពុង​បន្ត​ធ្វើ ប្រហែលជា​មាន​នៅ​ក្នុង​ផ្នែក​នៃ​របាយការណ៍​ស៊ើប​អង្កេត​របស់​លោក Mueller ដែល​ត្រូវ​បាន​កែ​សម្រួល​ចំណុច​មួយ​ចំនួន។ ប៉ុន្តែ លោក Lemieux បាន​និយាយ​ថា វា​ទំនង​ជា​អាច​ទៅ​រួច​ផង​ដែរ​ដែល​ថា របាយការណ៍​នេះ​មិន​មាន​បញ្ចូល​តម្រុយ​នៃ​ព័ត៌មាន​ប្រភេទ​នេះ ដោយសារតែ​ការ​ស៊ើប​អង្កេត​ប្រឆាំង​នឹង​ការ​ស៊ើបការណ៍​សម្ងាត់​កម្រ​បញ្ចេញ «ភស្តុតាង​អាក្រក់‍» ណា​ដែល​ចាំបាច់​សម្រាប់​ការ​កាត់ទោស​ឧក្រិដ្ឋកម្ម​ណា​មួយ​ណាស់។

លោក Lemieux បាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​ការ​ស៊ើប​អង្កេត​រឿង​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នេះ ប្រហែល​ជា​បង្ហាញ​ថា គ្មាន​ការ​ឃុបឃិត​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ប្រហែល​ជា​បង្ហាញ​ពី​ការ​សម្របសម្រួល​ណា​មួយ‍»។

កត្តា​ផ្សេងៗ​ទៀត​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផង​ដែរ​ដល់​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​បាន​ធ្វើ​ការ​ជាមួយ​នឹង​ជនជាតិ​រុស្ស៊ី​ដើម្បី​ជ្រៀតជ្រែក​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦។ បើ​យោង​តាម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់ ក្នុង​ចំណោម​នោះ គឺ​ថា​តើ​រដ្ឋាភិបាល​រុស្ស៊ី​មាន​យុទ្ធសាស្ត្រ​ដ៏​ប៉ិន​ប្រសប់​ប៉ុណ្ណា ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​នៅ​មាន​ភាព​ស្រពិចស្រពិល។

របាយការណ៍​របស់​លោក Mueller បាន​បញ្ជាក់​ថា៖ «បុគ្គលិក​របស់​ក្រុមហ៊ុន​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត​របស់​រុស្ស៊ី​មួយ​ចំនួន ដែល​បាន​បង្ហោះ​សារ​លើ​អ៊ីនធឺណិត​ថា​ជា​ពលរដ្ឋ​អាមេរិកាំង និង​មិន​បាន​បង្ហាញ​ពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី បាន​ទាក់ទង​តាម​អ៊ីនធឺណិត​ជាមួយ​នឹង​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump និង​ជាមួយ​នឹង​សកម្មជន​នយោបាយ​ផ្សេង​ទៀត ក្នុង​គោល​បំណង​សម្របសម្រួល​សកម្មភាព​នយោបាយ​នានា។ ការ​ស៊ើប​អង្កេត​នេះ​មិន​បាន​បង្ហាញ​នូវ​ភស្តុតាង​ណា​មួយ​ដែល​ថា ពលរដ្ឋ​អាមេរិកាំង​ណា​ម្នាក់​បាន​សម្របសម្រួល​ដោយ​ចេតនា​ជាមួយ​នឹង​ប្រតិបត្តិការ​ជ្រៀតជ្រែក​របស់​ក្រុមហ៊ុន​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត​របស់​រុស្ស៊ី​នោះ​ទេ‍»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​សហរដ្ឋ​អាមេរិក និង​បុគ្គល «ល្បី​ឈ្មោះ‍» មួយ​ចំនួន​ក៏​ជា​គោលដៅ​របស់​ក្រុមហ៊ុន​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត​របស់​រុស្ស៊ី​នេះ​ផង​ដែរ។

នៅ​ពេល​ខ្លះ​ទៀត រដ្ឋាភិបាល​រុស្ស៊ី​ទំនងជា​ឆ្លើយតប​ជា​មុន​ចំពោះ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump។ ឧទាហរណ៍​ដូចជា​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៧ នៅ​ពេល​ដែល​លោក Trump ដែល​កាល​នោះ​ជា​បេក្ខជន​ប្រធានាធិបតី​បាន​ចំអក​ឌឺដង​ដាក់​ប្រទេស​រុស្ស៊ី​ឲ្យ​ស្វែង​រក​អ៊ីមែល​រាប់​ម៉ឺន​ដែល​បាន​បាត់​ពី​អ្នកស្រី Hillary Clinton ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

របាយការណ៍​របស់​លោក Mueller បាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​អំឡុង​ពេល​ប្រហែល​ជា ៥ ម៉ោង នៃ​ការ​លើក​ឡើង​របស់​លោក Trump មន្ត្រី​បញ្ជាការដ្ឋាន​យោធា​រុស្ស៊ី​បាន​សំដៅ​ជា​លើក​ដំបូង​លើ​ការិយាល័យ​ផ្ទាល់​ខ្លួន​របស់​អ្នកស្រី Clinton‍»។

ទោះបីជា​មាន​ការ​រក​ឃើញ​ដូច​នេះ​ក៏​ដោយ ក៏​អតីត​មន្ត្រី​អាមេរិកាំង​មួយ​ចំនួន​បាន​និយាយ​ថា របាយការណ៍​របស់​លោក Mueller បាន​បង្ហាញ​ថា សហគមន៍​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ក៏​រង​ការ​រិះគន់​ផង​ដែរ។

លោក Steve Bucci ជំនួយការ​របស់​អតីត​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Donald Rumsfeld និង​ដែល​ជា​អ្នក​ស្រាវជ្រាវ​ទស្សនកិច្ច​នៃ​អង្គការ Heritage Foundation ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​សាធារណៈ​បែប​អភិរក្ស​និយម​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា៖ «បទ​ពិសោធន៍​មួយ​ដែល​យើង​ទាញ​បាន​គឺ​ថា ពួក​យើង​មាន​ការ​ធ្វេស​ប្រហែស​រឿង​ប្រឆាំង​នឹង​ការ​ស៊ើបការណ៍​សម្ងាត់ និង​មាន​ការ​ធ្វេស​ប្រហែស​ទាក់ទិន​នឹង​សមត្ថភាព​របស់​យើង​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​រឿងរ៉ាវ​នានា​នៅ​លើ​អ៊ីនធឺណិត‍»។

លោក​បាន​បន្ថែម​ដូច្នេះ​ថា៖ «យើង​ត្រូវតែ​មាន​ការ​គិត​វែង​ឆ្ងាយ​បន្ថែម​ទៀត​អំពី​ទិដ្ឋភាព​នៃ​រឿង​នេះ យ៉ាង​ហោច​ណាស់​យើង​ត្រូវ​មាន​ការ​យល់​ដឹង​បន្ថែម​ទៀត​អំពី​រឿង​នេះ ហើយ​យ៉ាង​ហោច​ណាស់​ត្រូវ​បង្កើន​ការ​ប្រឹងប្រែង​ផ្នែក​ប្រឆាំង​នឹង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​យើង​ថែម​ទៀត​លើ​ក្រុម​មនុស្ស​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​យុទ្ធនាការ​ទាំង​នេះ ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា ពួកគេ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ ហើយ​ទោះបីជា​ពួកគេ​មាន​គោល​បំណង​អ្វី​ក៏​ដោយ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាស់​ថា ពួកគេ​មិន​បាន​ធ្លាក់​ចូល​អន្ទាក់​នៅ​ក្នុង​ការ​ធ្វើ​រឿង​ណា​ដែល​ផ្ទុយ​នឹង​ផល​ប្រយោជន៍​ជា​ទូទៅ​របស់​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌‍»។ ឱកាស​នេះ​ទំនង​ជា​នឹង​អាច​កើត​ឡើង​នៅ​ពេល​ខាង​មុខ។

មន្ត្រី​ស៊ើបការណ៍​សម្ងាត់ និង​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ព្រមាន​ថា ប្រទេស​រុស្ស៊ី​បាន​ព្យាយាម​ជ្រៀតជ្រែក​ចូល​ម្ដង​ទៀត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៨ ដោយ​យ៉ាង​ហោច​ណាស់​នៅ​ទី​បំផុត​មាន​ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត​របស់​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​ចោទ​ប្រកាន់។

អ្នក​វិភាគ​មួយ​ចំនួន​បាន​ស្នើ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​កំពុង​ត្រៀម​យុទ្ធវិធី​ល្អៗ​បំផុត និង​ថ្មី​បំផុត​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

ភាគ​ច្រើន​នៃ​ព័ត៌មាន​ដែល​បាន​កែ​សម្រួល​នៅ​ក្នុង​ការ​រៀបរាប់​នៅ​ក្នុង​របាយការណ៍​ស៊ើប​អង្កេត​របស់​លោក Mueller អំពី​ក្រុមហ៊ុន​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៊ីនធឺណិត​របស់​រុស្ស៊ី និង «គម្រោង Lakhta‍» ទំនងជា​បញ្ជាក់​ថា រុស្ស៊ី​ពិតជា​កំពុង​ត្រៀម​យុទ្ធវិធី​ដើម្បី​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ​ប្រាកដ​មែន៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG