ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា ពិភពលោក​រិះគន់​ប្រព័ន្ធ​ព័ត៌មាន​ថា​បាន​ផ្សាយ​មិន​ពិត​រឿង​ឃុបឃិត​របស់​រុស្ស៊ី​ជាមួយ​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត


រូបឯកសារ៖ លោក Donald Trump ប្រធានាធិបតីអាមេរិកធ្វើការថ្លែង មុនពេលឡើងយន្តហោះ Air Force One កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។ 

លោក Trump បាន Tweet សារ​របស់​អ្នក​គាំទ្រ​លោក​ម្នាក់​ឡើង​វិញ ដែល​អះអាង​ថា ការ​ស៊ើប​អង្កេត​រយៈពេល ២២ ខែ​កន្លង​មក​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller មិន​គួរ​ធ្វើ​ឡើង​ទាល់តែ​សោះ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​អះអាង ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ពិភពលោក​ទាំង​មូល​កំពុង​ថ្កោលទោស​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ធំៗ​របស់​សហរដ្ឋ​អាមេរិក ទាក់ទិន​នឹង​ការ​ផ្សាយ​អំពី​អ្វី​ដែល​លោក​ហៅ​ថា ​ជា​ការ​បោកប្រាស់​រឿង​ឃុបឃិត​ រវាង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​ ដើម្បី​ជ្រៀតជ្រែក​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។

លោក Trump បាន​សរសេរ​នៅ​លើ Twitter យ៉ាង​ដូច្នេះ​ថា៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​កំពុង​រង​ការ​រិះគន់​ខ្លាំងៗ​នៅ​ទូទាំង​ពិភពលោក​ថា​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពុករលួយ និង​ក្លែងក្លាយ។ អស់​រយៈពេល ២ ឆ្នាំ​មក​ហើយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នេះ​បាន​ផ្សព្វផ្សាយ​អំពី​រឿង​ប្រឌិត​នៃ​ការ​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​នេះ នៅ​ពេល​ដែល​ពួកគេ​ដឹង​ថា​ គ្មាន​ការ​ឃុបឃិត​ណា​មួយ​កើត​ឡើង​នោះ។ ពួកគេ​គឺ​ជា​សត្រូវ​ពិត​ប្រាកដ​របស់​ប្រជាជន និង​គឺ​ជា​គណបក្ស​ប្រឆាំង​ពិត​ប្រាកដ»។

លោក Trump បាន Tweet សារ​របស់​អ្នក​គាំទ្រ​លោក​ម្នាក់​ឡើង​វិញ ដែល​អះអាង​ថា ការ​ស៊ើប​អង្កេត​រយៈពេល ២២ ខែ​កន្លង​មក​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller មិន​គួរ​ធ្វើ​ឡើង​ទាល់តែ​សោះ។

ប៉ុន្តែដោយសារ​លោក Mueller បាន​សន្និដ្ឋាន​ថា​ គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា លោក Trump បាន​ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី នោះលោក Trump បាន​ប្រកាស​ថា «របាយការណ៍​របស់​លោក Mueller គឺ​អស្ចារ្យ​ណាស់»។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr បាន​ចេញ​ផ្សាយ​សេចក្ដី​សង្ខេប​របស់​របាយការណ៍​លោក Mueller ដោយ​បាន​និយាយ​ថា លោក Mueller បាន​សន្និដ្ឋាន​ថា លោក Trump និង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក មិន​បាន​ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី ដើម្បី​ជួយ​លោក Trump ឲ្យ​ឈ្នះ​ការ​បោះ​ឆ្នោត​នោះ​ទេ។

លោក Barr បាន​និយាយ​ថា លោក និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Rod Rosenstein មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា លោក Trump ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​នោះ​ទេ៕

XS
SM
MD
LG