ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​១៦​ម៉ឺន​នាក់​ប្រឈម​នឹង​ការ​បាត់​បង់​ចំណូល​ ​ព្រោះ​រោងចក្រ​ជិត​២០០​ខ្វះ​វត្ថុ​ធាតុ​ដើម


រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​​ចូលរួម​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​នាថ្ងៃទិវាពលកម្ម​អន្តរជាតិ​ នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។
រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​​ចូលរួម​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​នាថ្ងៃទិវាពលកម្ម​អន្តរជាតិ​ នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។

រោងចក្រ​សហគ្រាស​ជិត​ ២០០​ អាច​ខ្វះ​វត្ថុ​ធាតុ​ដើម​ក្នុង​សង្វា​ក់​ផលិត​កម្ម​ដែល​ធ្វើ​ឲ្យ​កម្មករ​ជាង ១៦​ម៉ឺន​នាក់ ​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ នា​ដើម​ខែ​មីនាខាង​មុខ។​ នេះ​បើ​យោង​តាម​មន្ត្រីរដ្ឋាភិបាល​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។​

នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ហេង សួរ​ អ្នក​នាំ​ពាក្យក្រសួង​ការងារ​ បាន​ឲ្យ​ដឹង​ថា​ រោងចក្រ​សហ​គ្រាស​ប្រឈម​បញ្ហា​ព្យួរ​ការងារ​ ដោយ​សារ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី​ COVID-19។​ លោក​បន្ថែម​ថា ​មក​ទល់​ថ្ងៃនេះ​ មាន​រោង​ចក្រ​ចំនួន ១០ ​បាន​ស្នើ​សុំព្យួរ​សង្វាក់​ផលិត​កម្ម​តាម​ផ្នែក​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ចំនួន​ជាង​ ៣០០០​នាក់។​

ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ នៅ​ពេល​ VOA​ សួរលោក​ ហេង សួរ​ តាម​ទូរស័ព្ទ​ថា​ ​តើ​មានក្រុមហ៊ុន​ណា​ខ្លះ​ដែល​កំពុងប្រឈម​នឹង​ការ​ខ្វះ​វត្ថុធាតុដើម​ ដោយ​សារ​ជំងឺ​ឆ្លង​ ​COVID-19 ​និងការ​ព្យួរ​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ​ពី​សហគមន៍​អឺរ៉ុប​ លោក​បាន​ឲ្យ​ដឹង​ថា​ រដ្ឋា​ភិបាល​ពុំអាច​បញ្ជាក់​លម្អិត​នោះ​ទេ​ ព្រោះ​វា​ប៉ះពាល់​ដល់ឈ្មោះ​របស់​រោងចក្រ។​

លោក ហេង សួរ​ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ ប្រាប់​វីអូអេបន្ថែម​តាម​សារអេឡិច​ត្រូនិក​ថា៖ «ក្រសួង​មាន​តួនាទី​ដោះស្រាយ​ផល​ប្រយោជន៍​កម្មករ​ ​និយោជិត​ដោយ​មិន​រើស​អើង ​ហើយ​ក៏​មិន​មាន​សិទ្ធិ​បញ្ចេញ​អត្ត​សញ្ញាណ​សហគ្រាស​ណា​មួយ​ដែរ»។​

នៅ​ក្នុង​សន្និសីទ​កាសែត​ ​លោក​ ហេង សួរ និយាយ​ថា​ បច្ចុប្បន្ន​ក្រសួង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដែល​ប្រឈម​ទាំង​នេះ ដើម្បី«រក្សា​ស្មារតី​ និង​ភាព​នឹង​នរ»របស់​កម្មករ​កាត់ដេរ។​

លោក​ ខេន លូ ​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា​ GMAC​ បាន​និយាយ​ថា​ ​លោក​ពុំអាច​ប្រាប់​សាធារណជន​ឲ្យ​ដឹង​បាន​ទេ​ថា​ ​រោងចក្រ​ណា​មួយ​ ដែល​រង​ការ​ប៉ះពាល់ ​ហើយ​ក៏ពុំ​អាចប្រាប់​បាន​ដែរថា​ ជា​រោង​ចក្រ​ផលិត​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ​ទីផ្សារ​អាស៊ី​ ឬ​ទៅ​ទីផ្សារ​អឺរ៉ុប។​

លោក ខេន លូ​ និយាយ​ថា៖ «បើ​យើង​ចង់​ដឹង​ឈ្មោះ​រោងចក្រ​ ខ្ញុំ​អត់​ប្រាប់​ទេ​ អា​ហ្នឹង​រឿង​ផ្ទៃ​ក្នុង​របស់​គេ។​ ខ្ញុំ​មាន​ឈ្មោះ​ តែ​ខ្ញុំ​អត់​ប្រាប់​ទៅ ​VOA ​ទេ។ ​អាហ្នឹង​រឿង​ Confidential​ [សម្ងាត់]របស់​គេ។​ យើង​អត់​មាន​សិទ្ធិ​ទាមទារ។​ ដូច​ក្រសួង​ ក្រសួង​មាន​ឈ្មោះ​តែ​ក្រសួង​អត់​ប្រាប់​ទេ។ ​អា​ហ្នឹង​រឿង​សម្ងាត់​របស់​គេ»។​

អ្នកស្រី​ យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា ​ប្រាប់ ​VOA​ ថា​ ​អ្នក​ស្រី​ពុំ​អាច​ក្តាប់ព័ត៌មាន​ច្បាស់​លាស់​បាន​ទេ​ថា​ តើ​រោងចក្រ​ណា​ខ្លះ​កំពុង​រងផលប៉ះ​ពាល់។

«ខ្ញុំ​អត់​ទាន់​ដឹង​ដូច​គ្នា។​ បើ​សិន​ណា​រោងចក្រ​ដាក់​ពាក្យ​ព្យួរ​ការងារ​ហ្មង​ គាត់​ដាក់​លិខិត​ទៅ​ក្រសួង​ អា​ហ្នឹង​រដ្ឋាភិបាល​ត្រូវ​និយាយ​ត្រង់​ ហើយមាន​រឿង​អី​ត្រូវ​លាក់​លៀម?»

អ្នក​ស្រី​បន្ត​ថា៖ «មិន​ត្រូវ​មាន​ការ​លាក់​លៀម​ទេ​ បើ​ប្រមើល​ដឹង​ហើយ​ថា​ មាន​រោងចក្រ ​១០​រោង​ចក្រ​២០​អី ​ដែល​អត់​មាន​ការងារ​ធ្វើ​រហូត​ដល់​កម្មករ​សរុប​រាប់ម៉ឺន​នាក់​ហើយ​ ដែល​ទទួល​រង​បញ្ហា​ប្រឈម ​ចុះ​ហេតុ​អ្វី​យើង​មិន​ហ៊ាន​និយាយ​ឈ្មោះ​រោង​ចក្រ?​ ហើយ​បើ​មិន​និយាយ​វា​ផ្តល់​ផល​ចំណេញ​អី​ដល់​រោងចក្រ?»​

VOA ​បាន​សាកសួរ​មេធាវី​អំពី​ច្បាប់​ដែលនិយាយអំពី​ការ​បង្ហាញក្រុម​ហ៊ុន​ដែលស្នើ​សុំ​ការ​ព្យួរ​ផលិត​កម្ម​ ហើយ​ពួក​គេ​ថា​ ​នៅ​កម្ពុជា​ពុំ​មាន​ច្បាប់​ចែង​អំពី​រឿង​នោះ​ទេ៕

XS
SM
MD
LG