ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផល​​ប៉ះពាល់​សេដ្ឋកិច្ច​ពេល​នេះ​អាច​នាំ​ឲ្យ​ផ្ទុះ​ការ​តវ៉ា​ ​បើ​មាន​ការ​អូស​បន្លាយ​ដោយ​មិន​មាន​ដំណោះស្រាយ


រូប​ឯកសារ៖ លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​មើល​ដំណើរការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​​ខាង​ក្រៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នា២០១៧។
រូប​ឯកសារ៖ លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​មើល​ដំណើរការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​​ខាង​ក្រៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នា២០១៧។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ និង​អ្នក​តាម​ដាន​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា​ ប្រជា​ពលរដ្ឋ​អាចក្រោក​តវ៉ា​ប្រឆាំង​ ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ណា​មួយ​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ជួប​បញ្ហា​ និង​បន្ត​អូស​បន្លាយ​កាន់​តែ​យូរ​នោះ។​

វីរុសកូរូណា​ថ្មី​ (COVID-19) ​បាន​ជះ​ឥទ្ធិពល​ដល់​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា។​ ការ​ផ្ទុះ​នៃ​មេរោគ​ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ចិន ​និង​ការ​បន្ថយ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA ​ដោយ​សហភាព​អឺរ៉ុប ​អាចនាំ​ឲ្យមាន​ការ​បិទ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅ​ពេល​ខាង​មុខ​ ​ខណៈដែល​វិស័យ​ទេសចរណ៍​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ​នោះ។​

អ្នកដំណើរតាមនាវា Westerdam ឈរមើលការចាកចេញរបស់អ្នកដំណើរមួយចំនួន កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
អ្នកដំណើរតាមនាវា Westerdam ឈរមើលការចាកចេញរបស់អ្នកដំណើរមួយចំនួន កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​ខែ​មីនា​ខាង​មុខ​នឹង​មាន​ការ​បិទ​រោងចក្រ​ដោយសារ​មិន​មាន​ការ​ផ្គត់ផ្គង់​សម្ភារៈ​គ្រប់គ្រាន់​ពី​ប្រទេស​ចិន ​ដែល​បាន​ផ្អាក​ការ​ផ្គត់ផ្គង់ដោយសារ​តែ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​កាល​ពី​សប្តាហ៍​មុន​ សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​បន្ថយ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ដល់​កម្ពុជា«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ» ​ឬ Everything But Arms​ (EBA) ​ទៅ​លើ​មុខ​ទំនិញ​មួយ​ចំនួន​ ដែល​ជា​ការ​ដាក់​បន្ទុក​កាន់​តែ​ធ្ងន់​ថែម​មួយ​កម្រិតទៀត​មក​លើ​សេដ្ឋ​កិច្ច​កម្ពុជា។​

លោក ព្រាប កុល ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​តាម​បណ្តាប្រទេស​មួយ​ចំនួន​ ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​តែងតែ​កើត​មាន​នៅ​ពេល​វិបត្តិ​សេដ្ឋ​កិច្ច​មាន​ការ​អូស​បន្លាយ​រយៈ​ពេល​យូរ​នោះ។​

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។ (លឹម សុធី/VOA)
លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។ (លឹម សុធី/VOA)

លោក​បញ្ជាក់​ថា៖ «យោង​តាម​បទ​ពិសោធន៍​អន្តរជាតិ​នៅ​ប្រទេស​ដទៃ​ទៀត​ ​កាលណា​ប្រទេស​ជួប​វិបត្តិ​សេដ្ឋកិច្ច​គឺ​ហានិភ័យ​ដែល​ប្រជា​ពលរដ្ឋ​គាត់​មិន​សប្បាយ​ចិត្ត​ហ្នឹង​វា​ធ្លាប់​មាន​នៅ​តាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ​បើ​សិន​ជា​សេដ្ឋកិច្ច​នេះ​វា​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​សម្រាប់​រយៈ​ពេល​វែង​ រ៉ាំរ៉ៃ​រយៈ​ពេល​វែង»។​

លោកថា​ ​អ្នក​នយោបាយ​គួរ​តែ​រួមគ្នា​ដោះ​ស្រាយ​បញ្ហា​ប្រជា​ពលរដ្ឋ​ជាធំ ដោយ​លោក​បញ្ជាក់​ថា៖

«អ្នក​នយោបាយ​ខ្មែរ​គ្រប់​ភាគី​ទាំងអស់​ ​យើង​ងាក​មក​ជជែក​គ្នា​ ហើយ​ជួយ​គិត​ជួយ​គូរគ្នាដើម្បី​រួមគ្នា​ធ្វើ​កិច្ច​ការងារ ​ដោះស្រាយ​ការ​ប្រឈម​ទាំង​អស់​ហ្នឹង។​ ​ហើយ​ជាមួយ​គ្នា​នេះ​ដែរ ​ក៏​យើង​បាន​មក​វិញ​នូវ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​សម្រាប់​ខ្មែរ​ជារួម។​ ឧទាហរណ៍​ដូច​ជា ​EBA​ នេះ​ ​យើង​មិន​គួរ​ណា​បាត់បង់​ ​នៅពេល​ហ្នឹង។​ ​បើ​ទោះ​បី​ជា​២០% ​ក៏ដោយ​ ក៏យើង​ត្រូវ​តែ​យក​មក​វិញ​ទាំងអស់​ ខ្ញុំ​គិតថា​ ​បើ​សិន​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ»។​

លោក វន់ ​ពៅ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ឲ្យដឹង​ថា​ ​ក្នុង​អំឡុង​ពេល​នេះ ការ​រកស៊ី​របស់​ប្រជា​ពលរដ្ឋ​និង​អ្នក​ធ្វើការ​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ​និង​ទេសចរណ៍​រង​ការ​ប៉ះពាល់​ជាខ្លាំង។​

លោក វន់ ​ពៅ ថ្លែង​ថា៖ «ចំណុចនេះ​ខ្ញុំ​ឃើញ​ថា ធ្វើ​ឲ្យប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​នឹង​ជីវភាព​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​ ជា​ពិសេស​ជីវភាព​ប្រជា​ពលរដ្ឋ​ក្រីក្រ​ ដែល​ប្រកប​មុខ​របរ​ មិន​ថា​អ្នក​សណ្ឋាគារ​ ម្ចាស់​ផ្ទះ​សំណាក់​ ឬ​មុខ​របរ​តូចតាច​ វិស័យ​ដឹក​ជញ្ជូន​ គ្រប់​បែប​យ៉ាង​ គឺ​វា​ប៉ះពាល់​ជា​សេរី​តែ​ម្តង។​ ឥឡូវ​មិន​បាច់​វិភាគ​សេដ្ឋ​កិច្ច​អី​វែង​ឆ្ងាយ​ទេ​ ទៅ​មើល​តែ​ខេត្ត​សៀមរាប​ ខេត្ត​ព្រះ​សីហនុ​ដឹង​ហើយ!​ តើ​ស្ថាន​ភាព​ប្រជា​ពលរដ្ឋ​វា​យ៉ាង​ម៉េច?»​

រូប​ឯកសារ៖ លោក ​វន់ ពៅ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា​ IDEA​ ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរីកម្មករ​ នៅ​ខាងមុខ​រូប​សំណាក​របស់​លោក ​ក្បែរ​វិមាន​ឯករាជ្យ​កាល​ពី​ថ្ងៃ​ទី ​២២​ខែ​មករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)
រូប​ឯកសារ៖ លោក ​វន់ ពៅ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា​ IDEA​ ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរីកម្មករ​ នៅ​ខាងមុខ​រូប​សំណាក​របស់​លោក ​ក្បែរ​វិមាន​ឯករាជ្យ​កាល​ពី​ថ្ងៃ​ទី ​២២​ខែ​មករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/VOA)

លោក វន់ ពៅ បាន​បន្ថែម​ថា​ ​បើ​សិន​រដ្ឋាភិបាល​នៅ​តែ​ព្រងើយកន្តើយ​ចំពោះ​ស្ថាន​ភាព​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ​នេះ​ ​និង​ទុក​អូស​បន្លាយ​យូរ​បន្ត​ទៀត​ ​នោះ​វា​អាច​បង្ក​ឲ្យផ្ទុះ​ការ​តវ៉ា​ពី​ប្រជា​ពលរដ្ឋ។​

លោក​បញ្ជាក់​ថា៖ «ខាង​កម្មករ​ក៏​ក្រោក​ឈរ​តវ៉ា​រឿង​អត់មាន​ការងារ​ធ្វើ។ ​ថៅ​កែ​រត់ចោល​កម្មករ​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​អ៊ីចឹងធ្វើ​ឲ្យប្រជា​ពលរដ្ឋ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​ អាច​ងើប​ឈរ​តវ៉ា​ ​ទាមទារ​ឲ្យរដ្ឋាភិបាល​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​របស់​ពួក​គាត់​ហ្នឹង»។​

ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៩​មក​ ​សណ្ឋាគារ​ ក្រុម​ហ៊ុន​ទេសចរណ៍​ភោជនីយ​ដ្ឋាន​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាបបាន​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់​ ​ ធ្វើ​ឲ្យប្រជា​ពលរដ្ឋ​ដែល​ប្រកប​របរ​ពឹង​ផ្នែក​លើ​វិស័យ​ទេសចរណ៍​ជាច្រើន​បាន​ជួប​ការ​លំបាក​លើ​ផ្នែក​ជីវភាព​គ្រួសារ។​

ទិដ្ឋភាពផ្លូវទៅកាន់ប្រាសាទអង្គរវត្ត ថតនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)
ទិដ្ឋភាពផ្លូវទៅកាន់ប្រាសាទអង្គរវត្ត ថតនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

ចំណែក​ឯ​នៅ​ខេត្ត​ព្រះ​សីហនុ ​ខេត្ត​បន្ទាយ​មានជ័យ​ ខេត្ត​ស្វាយរៀង​វិញ​ សំណង់​អគារ​ជាច្រើន​គ្មាន​អ្នក​ជួល​ដែល​ធ្វើ​ឲ្យម្ចាស់​អគារ​មួយ​ចំនួន​កំពុង​ប្រឈម​មុខ​នឹង​ការ​រឹបអូស​របស់​ធនាគារ។​ នេះ​បើ​តាម​ការ​អះអាង​របស់​បុគ្គលិក​ធនាគារ​មួយ​ចំនួន​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ។​

រូប​ឯកសារ៖ សំណង់​អគារ​ថ្មីៗ​ជា​ច្រើន​នៅ​ក្រុង​ព្រះសីហនុ​កាល​ពី​ឆ្នាំ​២០១៩។ (VOA)
រូប​ឯកសារ៖ សំណង់​អគារ​ថ្មីៗ​ជា​ច្រើន​នៅ​ក្រុង​ព្រះសីហនុ​កាល​ពី​ឆ្នាំ​២០១៩។ (VOA)

លោក រ៉ុង ​ឈុន ​ប្រធាន​សភាព​សហជីព​កម្ពុជា​ បាន​ឲ្យដឹង​ដែរ​ថា​ ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ដែល​ធ្វើឲ្យមាន​ការ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​ ក្រោម​ឥទ្ធិពល​នៃ​មេរោគ​កូរូណា​ថ្មី​ និង​ការ​កាត់បន្ថយ EBA។​

លោក​ពន្យល់​ថា៖ «សេដ្ឋកិច្ច​របស់​យើង​នេះ​កំពុង​តែ​ប្រឈម​ទៅ​នឹង​ហានិភ័យ​ខ្លាំង​ អ៊ីចឹង​យើង​មើល​ទំហំ​នៃ​ផលប៉ះ​ពាល់​ វា​ប៉ះពាល់​យ៉ាងធំ​ ហើយ​បង​ប្អូន​កម្មករ​ កម្មការិនី​ហ្នឹង ​យើង​ដឹង​ហើយ​ ស្ទើរ​តែ​៩៩​ភាគរយ​ជាប់​លុយ​នៅ​ធនាគារ។ អ៊ី​ចឹង​អត់លុយ...​មាន​បញ្ហា​ប្រឈម​ទៅ​នឹង​ការ​រឹបអូស​ដីធ្លី​ ផ្ទះ​សម្បែង​ជា​ហូរហែរ។​ អ៊ីចឹង​ធ្វើ​ឲ្យសង្គម​កើត​នូវ​អសន្តិសុខ​សង្គម‍»។​

លោក​បាន​បន្ត​យ៉ាង​ដូច្នេះ​ទៀត​ថា៖ «បើសិន​ជា​មិន​បាន​ដោះស្រាយ​ ទុក​ពេល​វេលា​អូស​បន្ថយ​យូរ​ ​ហើយ​ពួកគាត់​អត់​មាន​ប្រាក់​ចំណូល ​ពួក​គាត់​អត់​មាន​អ្វី​ដែល​ហូប​ចុក​ ពេល​ហ្នឹង​វា​នឹង​មាន​ចរន្ត​ទាមទារ​នឹង​មាន​ការ​ផ្ទុះ​ឡើង ​ហើយ​នៅ​ពេល​ហ្នឹង​ដែល​ទាមទារ​ឲ្យរដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​និង​ដោះស្រាយ​ជូន​ពួក​គាត់។ ​គេច​វា​មិន​ផុត​ទេ​ ​បើ​សិន​ជា​មិន​បាន​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ»។​

លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា។ (ហ៊ុល រស្មី​/VOA)
លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា។ (ហ៊ុល រស្មី​/VOA)

ជា​មធ្យម​ប្រជា​ពលរដ្ឋ​កម្ពុជា​រក​ប្រាក់​ចំណូល​បាន​ជា​មធ្យម​ប្រហែល​១.៧០០​ដុល្លារ​ក្នុង​ឆ្នាំ២០១៩។ ​នេះ​បើ​យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។ ​តួលេខ​នេះ​មាន​ន័យ​ថា ​ជា​មធ្យម​ប្រជា​ពលរដ្ឋ​រក​បាន​តែ​ប្រហែល​១៤០​ដុល្លារ​ទេ​ក្នុង​មួយ​ខែ។​

លោក ង៉ែត ជូ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទទួល​បាន​ប្រាក់​ចំណូល​ត្រឹម​តែ​គ្រប់​១​ថ្ងៃៗ​ប៉ុណ្ណោះ​ ធ្វើ​ឲ្យ​ពួក​គាត់​មិន​មាន​ប្រាក់​សម្រាប់បម្រុង​ទុក​នោះ​ទេ​ ​នៅ​ពេល​មាន​អាសន្ន។ ​ដូច្នេះ​ពួកគាត់​នឹង​មាន​ការ​ពិបាក ​នៅ​ពេល​ជួប​ស្ថានភាព​សេដ្ឋកិច្ច​បែប​នេះ។​

លោក ង៉ែត ជូ បញ្ជាក់​ថា៖ «សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ទាប​គឺ​កាលណា​គាត់​មាន​ការ​រអាក់​រអួល​ត្រឹមតែ​១​ខែ​គឺ​គាត់​នឹង​មាន​ការ​លំបាក​នៅ​ក្នុង​ការ​គ្រប់គ្រង​ជីវភាព​ ចាត់ចែង​ធនធាន​របស់​គាត់​ ​ដោយសារ​ការ​រក​បាន​របស់​គាត់​ហ្នឹង​គឺ​រក​បាន​ត្រឹម​តែ​មួយ​គ្រប់​ ក្នុង​ការដោះ​បំណុល​អ៊ីចឹង។​ ខ្ញុំ​ក៏​យល់​ឃើញ​ថា​ រដ្ឋាភិបាល​អីហ្នឹង​គួរ​តែ​មាន​ការ​រៀបចំ​ ​គិតគូរ​ឲ្យបាន​មុន​ ឲ្យបាន​ច្រើន​ ​មុន​ទៅ​ដល់​ស្ថានភាព​នេះ»។​

លោក ង៉ែត ជូ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ផ្តល់​បទសម្ភាសន៍​ដល់ VOA កាល​ពី​ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA)
លោក ង៉ែត ជូ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ផ្តល់​បទសម្ភាសន៍​ដល់ VOA កាល​ពី​ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA)

បន្ទាប់ពី​គណៈ​កម្មការ​សហភាព​អឺរ៉ុប​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​កាត់បន្ថយ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA​ ចំនួន​២០​ភាគ​រយ​លើ​ផលិតផល​នាំ​ចេញ​មួយ​ចំនួន​របស់​កម្ពុជា​ ដែល​មាន​ដូច​ជា​សម្លៀក​បំពាក់ ​ស្បែក​ជើង ​សម្ភារៈ​ធ្វើ​ដំណើរ ​និង​ស្ករស។​ការ​ព្យួរ​បណ្តោះ​អាសន្ន​នេះ​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​គិតជា​ទឹក​ប្រាក់​ប្រមាណ​ ១.១០០​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ ដែល​សរុប​មាន​តម្លៃ​ប្រមាណ៥.៨០០​លាន​ដុល្លារ​អាមេរិក។​

ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ ​លោក​មាស សុខសេនសាន ​អគ្គលេខាធិការ​និង​ជាអ្នក​នាំពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​បាន​ត្រៀម​លក្ខណៈ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​នេះ​តាំង​ពី​ឆ្នាំ​២០១៩​មក​ម្ល៉េះ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះបាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​ស្ថានភាព​សេដ្ឋ​កិច្ច​នៅ​ក្នុង​អំឡុង​ពេល​នេះទេ៖

«សម្រាប់​ការ​ទប់ទល់​ទៅ​នឹង​ស្ថានភាព​បែប​ហ្នឹង​ ​យើង​មាន​វិធានការ​៤។​ ទី​១​គឺ​យើង​គិត​គូរ​អំពី​កញ្ចប់​ថវិកា​ត្រៀម​បម្រុងដើម្បី​ធ្វើ​យ៉ាងណា​យើង​បង្កើន​ការងារ​ថ្មីបន្ថែម​ទៀត។ ចំណុចទី​២​ ការ​កាត់​បន្ថយ​ការ​ចំណាយ​ដែល​មិន​ចាំបាច់​នានា​ពី​អ្នក​រកស៊ី ​ពី​ក្រុមហ៊ុន​ឯកជន​ដែល​គាត់​វិនិយោគ​នៅ​ស្រុក​យើង​នេះ។ ​ចំណុចទី​៣​គឺ​រក្សា​នូវ​ម៉ាក្រូសេដ្ឋកិច្ច​របស់​យើង​ឲ្យបាន​នឹង​ន​ត​ទៅ​ទៀត​ ហើយ​នឹង​ចំណុចទី​៤ ​យើង​ពង្រឹង​លើ​ការ​កែ​ទម្រង់ស្ថាប័ណ​ផ្សេងៗ​ ពង្រឹង​ភាព​ជា​អ្នក​ដឹកនាំ​នៅ​តាម​អង្គភាព​នីមួយៗ»។​

លោក​ មាស សុខសេនសាន បាន​ឲ្យដឹង​បន្ត​ថា​ ​ប្រហែល​ក្នុង​ខែ​មេសា​នេះ​នៅ​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល​ និង​ជាមួយ​វិស័យ​ឯកជន​នឹង​មាន​ការ​ជជែក​គ្នា​បន្ថែម​ទៀត​លើ​ផល​ប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច​នេះ។​

«សម្រាប់​២០២០​នេះ​ ​យើង​រងចាំ​មើល។​ ​នៅ​ពេល​មាន​វេទិកាឯកជន​ជាមួយ​រដ្ឋាភិបាល​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ប្រាកដ​ជា​មាន​វិធាន​ការណ៍​ថ្មីដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យបង្កើន​ការ​វិនិយោគ​នេះ​ឲ្យល្អ ​ធ្វើ​ម៉េច​បង្កើត​បរិស្ថាន​វិនិយោគ​ឲ្យអ្នក​វិនិយោគ​ឲ្យល្អ​ថែម​ទៀត»។​

នៅ​មុន​ការ​ផ្ទុះ​មេរោគ​កូរូណា​ថ្មី​ ​ធនាគារ​ពិភព​លោក​បាន​ព្យាករណ៍​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះពី ​៧%​ នៅ​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ​៦,៨% ​នៅ​ឆ្នាំ​២០២០​ និង​ឆ្នាំ​២០២១​ ខាង​មុខ។​ ការ​ព្យាករណ៍​នេះគឺ​ស្រប​នឹង​ការ​ព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB)​ កាល​ពី​ខែ​កញ្ញា​កន្ល​ង​ទៅ​នេះ​ដែរ។​

ដោយ​ឡែក​ ​រដ្ឋាភិបាល​កម្ពុជាបាន​ព្យាករណ៍​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​គឺ​មាន​ត្រឹម​តែ៦,៥%​ប៉ុណ្ណោះ។ ​តែ​ពេល​នេះ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាលធ្វើ​ការប៉ាន់​ប្រមាណ​ថា​ ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​អាច​ធ្លាក់​ចុះ​មក​ត្រឹម​៦,១%​នៅ​ឆ្នាំ​២០២០​នេះ៕

XS
SM
MD
LG