ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ស្នើ​ចិន​ដឹក​វត្ថុធាតុ​ដើម​តាម​យន្ត​ហោះ​ដើម្បី​កុំ​ឲ្យ​រោងចក្រ​នៅ​កម្ពុជា​បិទ


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន)
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន)

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ជំរុញ​ឲ្យ​មាន​ការ​ដឹក​វត្ថុធាតុ​ដើម​សម្រាប់​ផ្គត់ផ្គង់​សង្វាក់​ផលិតកម្ម​លើ​វិស័យវាយនភណ្ឌ​តាម​យន្ត​ហោះ​ដើម្បី​បញ្ចៀស​ការ​បិទ​រោងចក្រ​នៅ​កម្ពុជា ដែល​នឹង​នាំ​ឲ្យ​កម្មករ​ជា​ច្រើន​បាត់បង់​ការងារ។

លោក ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៥៨ ​ត​ភ្ជាប់​ពី​ខេត្ត​បន្ទាយ​មានជ័យ​ទៅ​ខេត្ត​ឧត្តរមានជ័យ ​ដែល​ត្រូវ​បាន​ផ្តល់​ជំនួយ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន។

នៅ​ចំពោះ​មុខ​ឯក​អគ្គ​រដ្ឋទូត​ចិន លោក ​វ៉ាង វឹនធាន (Wang Wentian) ​លោក ហ៊ុន សែន ​បាន​ស្នើ​ឲ្យ​ចិន​ពិចារណា​ដឹក​វត្ថុធាតុ​ដើម​ទាំង​នោះ​តាម​យន្ត​ហោះ​មក​កម្ពុជា ​បន្ថែម​ការ​ដឹក​តាម​ផ្លូវ​ទឹក ​ដើម្បី​កុំ​ឲ្យ​កម្មករប្រឈម​នឹង​ការ​អត់​មាន​ការងារ​ធ្វើ ​ហើយ​រោងចក្រ​នៅ​កម្ពុជា​ខាត​បង់។

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា៖ «ហើយ​ខ្ញុំ​គិត​ថា​ដំណោះស្រាយ​មួយ​ក្នុង​ចំណោម​ដំណោះស្រាយ​ដែល​យើង​យក​ឲ្យ​បាន​ឆាប់ ​យន្ត​ហោះ​ចិន ​និង​យន្ត​ហោះ​កម្ពុជា ​បញ្ជូន​ទៅ​ដឹក​វត្ថុធាតុ​ដើម​ផ្តល់​ឲ្យ​រោងចក្រ។ អញ្ចឹង​យើង​អាច​ខាត​បង់​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ទៅ​លើ​ការ​ដឹក​ជញ្ជូន ប៉ុន្តែ​ជំនួស​មក​វិញ​ នូវ​ការ​រក្សា​បាន​ការងារ​ធ្វើ ​និង​ប្រាក់​ចំណូល​របស់​កម្មករ​ និង​សង្វាក់​ផលិត​កម្ម​របស់​រោងចក្រ​ដែល​អាច​ឲ្យ​រោងចក្រ​មាន​ផល​ចំណេញ​ត​ទៅ​ទៀត ដែល​ជៀសវាង​ពី​ការ​បិទ»។

លោក​បាន​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ មាន​ការ​ពិភាក្សា​លើ​ការ​ដឹក​វត្ថុ​ធាតុ​ដើម​តាម​យន្ត​ហោះ ជាមួយ​មន្រ្តី​ចិន​រួច​ទៅ​ហើយ។

លោក ហ៊ុន សែន ​បន្ត​ថា​ លោក​មិន​ចង់​ឲ្យ​រោងចក្រ​នៅ​កម្ពុជា​បិទ​នោះ​ទេ ​ប៉ុន្តែ​លោក​ថា​បើ​រោងចក្រ​បិទ ​កម្មករ​នៅ​តែ​បន្ត​ទទួល​បាន​ប្រាក់​ចំណូល​៦០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា ​គឺ​ប្រមាណ​១១៤​ដុល្លារ​ក្នុង​មួយ​ខែ​រយៈពេល​៦ខែ​ បើ​ទោះ​ជា​ពួកគេ​មិន​មាន​ការងារ​ធ្វើ​ក៏​ដោយ។ ប៉ុន្តែ​កម្មករ​ត្រូវ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ជាមួយ​នឹង​ក្រសួង​ការងារ​ក្នុង​រយៈពេល​៦​ខែ​នោះ ទើប​អាច​ទទួល​បាន​ប្រាក់​ចំណូល​៦០%​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​។ ​

កាល​ពី​ថ្ងៃ​ចន្ទ លោក ហ៊ុន សែន​ បាន​និយាយ​ថា​ រោងចក្រ​សហគ្រាស​ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ខ្វះ​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន​ ដោយសារ​ជំងឺ​កូវីដ១៩ ​និង​ការ​ដក​ចេញ​នៃ​ការអនុគ្រោះ​ពន្ធEBA ​ទៅ​លើ​ផលិតផល​មួយ​ចំនួន ​រដ្ឋាភិបាល​នឹង​ជួយ​ចេញ​ថ្លៃ​ប្រាក់​បៀវត្សរ៍​កម្មករ​២០%នៃ​ប្រាក់​ខែ​គោល​ ហើយ​ថៅកែ​រោងចក្រ​នឹង​ចេញ​ ៤០%​នៃ​ប្រាក់​ខែ​គោល​របស់​ពួកគេ។ មាន​ន័យ​ថា​ កម្មករ​រោងចក្រ​នឹង​ទទួល​បាន​៦០%​នៃ​ប្រាក់​ខែ​គោល​របស់​ពួក​គេ​ នៅ​ពេល​រោងចក្រ​ប្រឈម​នឹង​ការ​គ្មាន​ដំណើរ​ការ។

លោក​បន្ថែម​ថា ​រោងចក្រ​ដែល​រង​ផល​ប៉ះពាល់​ទាំង​នោះ​នឹង​ត្រូវ​រដ្ឋាភិបាល​អនុគ្រោះ​ពន្ធ​ពី​៦ខែ ទៅ១ឆ្នាំ។

នៅ​ក្នុង​ខែ​សីហា ​ខាង​មុខ​នេះ ​កម្ពុជាប្រឈម​នឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធជា​ផ្លូវការ ដែល​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ចំនួន​២០ភាគរយ​នៃ​ទំហំ​នៃ​ការ​នាំ​ចេញសរុប​ទៅ​សហភាព​អឺរ៉ុប ស្រប​ពេល​ដែល​កម្ពុជា​ទទួល​រង​ផលប៉ះ​ពាល់​ដោយសារ​ការរីករាល​ដាល​នៃជំងឺ​ ​COVID-19 ​ពី​ប្រទេស​ចិន។ លោក ហ៊ុន សែន ​បាន​ប្រកាស​ថា ​កម្ពុជា​នឹង​មិន​យក​អធិបតេយ្យភាព​របស់​ខ្លួនទៅ​ដោះដូរ​នឹង​តម្លៃ​នៃ​ការអនុគ្រោះពន្ធ​EBA​នោះ​ទេ។​

បើតាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ​វត្ថុធាតុ​ដើម​ប្រហែល​ជាង​៦០%​សម្រាប់​បម្រើ​ឲ្យ​ផលិត​កម្ម​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ​និង​ផលិត​ស្បែក​ជើង ​ត្រូវបាន​នាំ​ចូល​ពី​ប្រទេស​ចិន។ សមាគម​បញ្ជាក់​ថា​រោងចក្រ​នឹង​ខ្វះ​វត្ថុធាតុ​ដើម​នៅ​ត្រឹម​ចុង​ខែ​កុម្ភៈ​នេះ ​និង​ក្នុង​ខែមីនា ​ខាង​មុខ។

លោក​ ហេង​ សួរ​ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​មាន​ប្រសាសន៍​ថា ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​រោងចក្រ​ណា​មួយ​ជូន​ដំណឹង​មក​ក្រសួង​ការងារ​ថា​ពួកគេ​នឹង​ព្យួរ​ការងារ​របស់​កម្មករ​នោះ​ទេ។

លោក កាំង ម៉ូនីកា ​អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​ថាGMAC បាន​ថ្លែង​ថា​ សមាគម​ទស្សន៍ទាយ​ថា​ការ​ព្យួរ​ការងារ​អាច​ចាប់​ផ្តើម​ពី​ពាក់​កណ្តាល​ខែ​មីនា រហូត​ដល់​ខែ​មេសា។

ទោះ​ជា​យ៉ាងណា ​លោក​ថា ​រោងចក្រ​មួយ​ចំនួន​នៅ​ប្រទេស​ចិន ឥឡូវ​នេះ​បាន​ចាប់​ផ្តើម​ផលិតកម្ម​របស់​គេ​វិញ​ហើយ។ លោក​បន្ត​ថា វត្ថុ​ធាតុ​ដើម​តូចៗ​អាច​ដឹក​តាម​យន្ត​ហោះ​បាន​ ប៉ុន្តែ​វត្ថុធាតុ​ដើម​ជាក្រណាត់​ធំៗ ត្រូវ​តែ​នាំ​ចូល​តាម​ផ្លូវ​សមុទ្រ។

លោក ប៉ាវ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ​បាន​ថ្លែង​ប្រាប់​VOA​ថា កម្មករ​នឹង​ពិបាក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា ប្រសិន​បើ​ពួកគេ​បាត់​បង់​ការងារ​ពី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់។

លោក​បាន​ថ្លែងថា៖ «បើ​យើង​ពិនិត្យ​មើល​ទាំង​វិស័យ​សណ្ឋាគារ ឬ​ក៏​ទេសចរណ៍​ សុទ្ធ​តែ​កំពុង​ជួប​បញ្ហា​ប្រឈម​ដូច​គ្នា ដូច្នេះខ្ញុំ​គិត​ថា​ឱកាស​នេះ ជា​ឱកាស​មួយ​ដែល​ធ្វើ​ឲ្យ​កម្មករ​ពិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ថ្មី​ធ្វើ»។

លោក​បន្ត​ថា​ពួកគេ​នឹង​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ជាពិសេស​ទៅ​ប្រទេស​ថៃ និង​មួយ​ចំនួន​តូច​អាច​ធ្វើ​ការងារ​នៅ​កន្លែង​កម្សាន្ត​ផង​ដែរ។

លោក​បន្ត​ថា ​ការ​ផ្តល់​ថវិកា​មួយ​ចំនួន ពេល​កម្មករ​ត្រូវ​ឲ្យ​ឈប់​ធ្វើ​ការ ​នឹង​ជួយ​ជីវភាព​របស់​ពួកគេមួយ​ចំនួន ប៉ុន្តែ​មិន​អាច​ឲ្យ​ពួកគេ​ដោះស្រាយ​បំណុល ដែល​ពួកគេ​ភាគ​ច្រើន​ជំពាក់​នោះ​ទេ។

សម្រាប់​វិស័យ​កាត់ដេរ​និង​ស្បែកជើង ​ប្រទេស​កម្ពុជា​មាន​រោង​ចក្រ​ប្រមាណ​១ពាន់​ដែល​មាន​កម្មករ​ធ្វើការ​ប្រហែល​៨០​ម៉ឺន​នាក់។ សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​នៃ​ការ​នាំចេញ​ក្នុង​វិស័យ​នេះ៕

XS
SM
MD
LG