ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ណាហ្គាវើលដ៍​៣​នាក់​ត្រូវ​ឃាត់​ខ្លួន ​ដោយ​រង​ការ​ចោទ​ប្រកាន់​បំពាន​វិធានការ​សុខាភិបាល ​ពេល​តវ៉ា​វិវាទ​ការងារ​


រូប​ឯកសារ៖ កូដករ​កំពុង​ឈរ​ធ្វើ​កូដកម្ម​ លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ ​​ទាមទារ​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨​រូប ​​នា​​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ កូដករ​កំពុង​ឈរ​ធ្វើ​កូដកម្ម​ លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ ​​ទាមទារ​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨​រូប ​​នា​​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​រក​ឃើញ​កូដករ​ដែល​ជា​បុគ្គលិក​កម្មករ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មាន​ជំងឺ​កូវីដ១៩ ​ដែល​នាំ​ឲ្យ​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​៣​នាក់ ​និង​តាម​ចាប់​ខ្លួន​មនុស្ស​៤​នាក់​ទៀត ​ដែល​នៅ​តែ​បន្ត​ចេញ​មុខ​តវ៉ា​ក្នុង​វិវាទ​ការងារ។​

អ្នក​នាំពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក ​សាន សុខសីហា ​ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ កូដករ​ជា​បុរស​៣​នាក់​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន ​និង​ការ​សាក​សួរ​ពាក់ព័ន្ធ​នឹង​ការ​បំពាន​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ មុន​ពេល​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ។​ លោក​បន្ត​ថា​ កូដករ​៤​នាក់​ទៀត​កំពុង​ត្រូវ​អាជ្ញាធរ​ស្វែង​រក​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ។​

លោក​ថ្លែង​ថា៖​ «យើង​បាន​នាំ​ខ្លួន​បាន​៣​នាក់​ ហើយ​នៅ​សល់​៣​នាក់​ទៀត​ ដែល​សមត្ថកិច្ច​យើង​កំពុង​តែ​ស្វែង​រក​តាម​ដីកា​តុលាការ»។​

លោក​បន្ត​ថា​ពួកគេ​ទាំង​នោះ​បាន​បំពាន​មាត្រា​១១​នៃ​ច្បាប់​កូវីដ​ដែល​ចែង​ថា​អំពើ​រារាំង ​ឬ​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​ការ​អនុវត្ត​វិធានការ​ដែល​បាន​ចេញ​ស្រប​តាម​ច្បាប់​នេះ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ដល់​១០​លាន​រៀល។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ឲ្យ​ដឹង​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ថា​កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​កូដករ​ជា​បុគ្គលិក​ណាហ្គាវើលដ៍​ចំនួន​៦​នាក់​ពាក់ព័ន្ធ​នឹង​ការ​រារាំង​ការ​អនុវត្ត​វិធាន​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​ ក្នុង​នោះ​៣​នាក់​ត្រូវ​បាន​ដោះ​លែង ​ហើយ​៣​នាក់​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​បន្ត​នីតិវិធី។​

កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ ​លោក​ សេង ហៀង​ ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមាជិក​៤​នាក់​នៃ​ក្រុម​កូដករ​ ដែល​មាន​ឈ្មោះ ​ខេង ចិន្តា ​ឈ្មោះ ​អ៊ុក សុភ័ក្រ​ ឈ្មោះ ​ម៉ូលីកា ​ឈ្មោះ ​អេង ស្រីបូ ​និង​ឈ្មោះ ​ម៉េង កាក់នីកា ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​សាក​សួរ​ពាក់ព័ន្ធ​នឹង​«ការ​រារាំង​ការ​អនុវត្ត​វិធានការ»​របស់​អាជ្ញាធរ។​

បន្ទាប់​ពី​រក​ឃើញ​ករណី​កូដករ​មាន​ជំងឺ​កូវីដ​១៩ ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ ទី៦​ ខែ​កុម្ភៈ ​កូដករ​ជា​បុគ្គលិក​និយោជិត ​និង​សមាជិក​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្រមាណ​៨០០​នាក់​ បាន​ចូលរួម​ផ្តល់​សំណាក​ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩។ ​នេះ​បើ​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​

សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ ​ឲ្យ​ដឹង​ថា​ គ្រាន់​តែ​ក្នុង​ថ្ងៃ​អាទិត្យ​ ទី​៦​ ខែ​កុម្ភៈ ​មាន​ករណី​ជំងឺ​កូវីដ​ថ្មី​រហូត​ដល់​២៩​នាក់​ក្នុង​ចំណោម​កូដករ។​ សេចក្តី​ណែនាំ​ក៏​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​យក​សំណាក​មាន​កូវីដ១៩​រួច​ ​ក្រុម​កូដករ​ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​៧​ថ្ងៃ ​និង​ត្រូវ​បញ្ឈប់​រាល់​ការ​ប្រមូល​ផ្តុំ ​ឬ​ការ​ជួបជុំ​ផ្សេងៗ។​

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​សង់ត្រាល់ ​ លោក​ ឃុន ថារ៉ូ ​និយាយ​ថា​ ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​របស់​អាជ្ញាធរ​មក​លើ​ក្រុម​កូដករ​មាន​លក្ខណៈ​«មិន​ប្រក្រតី»​ ដោយ​លើក​ឡើង​ថា​ ការ​អនុវត្ត​នេះ​មិន​មាន​ធ្វើ​ចំពោះ​ទីតាំង​សាធារណៈ ​ កន្លែង​ឯកជន​ដទៃ ​ឬ​ពិធី​ផ្សេងៗ ​ដែល​មាន​ការ​ជួប​ជុំ​ ឬ​មនុស្ស​ច្រើន ​ក្នុង​ករណី​រក​ឃើញ​មាន​បុគ្គល​វិជ្ជមាន​ជំងឺ​កូវីដ១៩។​

លោក​បន្ត​ថា​ ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ហាក់​ដូច​ជា​ចាត់​គោល​ដៅ​ និង​ដាក់​សម្ពាធ​បន្ថែម​មក​លើ​ក្រុម​បុគ្គលិក​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ដែល​តវ៉ា​ជាង​មួយ​ខែ​មក​ហើយ។​

លោក​ថ្លែង​ថា៖​ «ការ​អនុវត្ត​វិធាន​នេះ​ វា​មិន​មាន​អនុវត្ត​នៅ​ចំពោះ​មុខ ​ហើយ​ការ​ដែល​ធ្វើ​ការ​ចោទ​ប្រកាន់​ ការ​លើក​ឡើង​របស់​អាជ្ញាធរ​តាម​រយៈ​សេចក្តី​ជូន​ដំណឹង ​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​ទៀត​សោត ​គឺ​បាន​បង្ហាញ​ច្បាស់​អំពី​ការ​អនុវត្ត​វិធាន​តឹងរ៉ឹង​សម្រាប់​ពួក​គាត់ ​ហើយ​ហេតុផល​មួយ​ចំនួន​ ដែល​យើង​ឃើញ​ថា ​ ការ​អនុវត្ត​លក្ខខណ្ឌ​នេះ​គឺ​សម្រាប់​តែ​បុគ្គលិក​និយោជិត​ណាហ្គាវើលដ៍​ដែល​គាត់​កំពុង​ធ្វើ​កូដកម្ម»។​

លោក​ ឃុន ថារ៉ូ ​បន្ថែម​ថា​ការ​ចាប់​ខ្លួន​និង​គំរាម​កំហែង​មក​លើ​សហជីព​ពី​សំណាក់​អាជ្ញាធរ ​និង​ការ​មិន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​កាន់​តែ​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ទៅ ​អាស្រ័យ​ហេតុ​ថា ​កូដករ​ត្រូវ​ប្រឈម​នឹង​ការ​រារាំង​ក្នុង​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពួក​គេ​ ដែល​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ជម្លោះ​កាន់​តែ​អូស​បន្លាយ​ពេល​បន្ថែម​ទៀត។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នកស្រី ​ចក់ សុភាព ​បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​គណនី​បណ្តាញ​សង្គម​ Twitter ​ជា​ភាសា​អង់គ្លេស ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៥​ ខែ​កុម្ភៈ​ ហើយ​ត្រូវ​បាន​ប្រែសម្រួល​ក្នុង​ន័យ​ដើម​ថា៖​ «ករណី​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​បាន​ចាត់​ទុក​ជា​បន្ត​បន្ទាប់​ថា​ ជា​បដិវត្តន៍​ពណ៌​ រហូត​ដល់​ការ​ចម្លង​ជំងឺ​កូវីដ១៩ ​នា​ពេល​ឥឡូវ​នេះ។​ ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ ​ដែល​ពួកគេ​(កូដករ) ​ទាំង​អស់​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ជា​យុទ្ធ​សាស្រ្ត ​ ប៉ុន្តែ​មិន​ទទួល​ដំណោះ​ស្រាយ​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​នេះ។​ នា​ថ្ងៃ​នេះ​ កូដករ​៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​មាន​តែ​៣​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ដោះ​លែង»។​

អ្នកស្រី ​កាំង លីណា ​អាយុ​៣៦​ឆ្នាំ ​ដែល​ជា​កូដករ​មួយ​រូប​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​អាជ្ញាធរ​ហាក់​ដូច​ជា​កំណត់​មុខ​សញ្ញា​លើ​កូដករ​ដែល​មាន​សកម្ម​ភាព​ជាង​គេ​នៅ​ក្នុង​ចំណោម​កូដករ​ទាំង​អស់​ទាក់​ទិន​នឹង​ការ​ចេញ​ដីកា​ពី​តុលាការ​ខាង​លើ។​ អតីត​បុគ្គលិក​ផ្នែក​ម៉ាស៊ីន​ស្លត​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ពាក់ព័ន្ធ​នឹង​ការ​ថត​រូប​មន្ត្រី​អាជ្ញាធរ ​អំឡុង​ពេល​បញ្ចប់​កូដកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​ត្រូវ​បាន​ដោះ​លែង​មក​វិញ។ ​

អ្នកស្រី​បន្ត​ថា​ តាម​រយៈ​ការ​ដាក់​ចេញ​វិធាន​ការ​សុខាភិបាល​ កូដករ​លែង​អាច​ធ្វើ​ការ​ប្រមូល​ផ្តុំ​បាន​តទៅ​ទៀត ​ ខណៈ​ពួកគេ​នៅ​តែ​បន្ត​ប្រឈម​នឹង​ការ​ដាក់​សម្ពាធ​ផ្សេងៗ​ជា​បន្ត​បន្ទាប់​ពី​អាជ្ញាធរ។​

អ្នកស្រី​និយាយ​ថា៖​ «ពួកខ្ញុំ​ម៉េច​អាច​ប្រមូល​ផ្តុំ​គ្នា​បាន?​ ពី​ព្រោះ​ពួក​គេ​ឲ្យ​ពួក​ខ្ញុំ​ធ្វើ​ចត្តាឡីស័ក​បី​ថ្ងៃ​ចាំ​ស្តាប់​តេស្ត​ PCR គេ​នោះ។ ​ អ៊ីចឹង​ពួក​គេ​ខ្ញុំ​មិន​អាច​ប្រមូល​ផ្តុំ​គ្នា​បាន​ទេ។​ គេ​ចោទ​ពួក​ខ្ញុំ​ឥឡូវ​ហើយ។ ​ សូម្បី​រាល់​ថ្ងៃ​នេះ​ ពួក​ខ្ញុំ​ធ្វើ​តាម​ផ្លូវ​ច្បាប់​អស់​ត្រឹម​ប៉ុណ្ណឹង​ហើយ​ណា៎​ ក៏​គេ​នៅ​ចោទ​ទៀត​...​ ធ្វើ​តាម​ផ្លូវ​ច្បាប់​ហើយ​ ធ្វើ​ដោយ​អហិង្សា​ ​គេ​ឲ្យ​នៅ​ទី​ណា ​គឺ​នៅ​ត្រង់​ទី​ហ្នឹង។​ តាម​ពិត​គោល​ការណ៍​របស់​ពួក​យើង​ យើង​មាន​វិវាទ​កន្លែង​ណា​គឺ​ យើង​ឈរ​កន្លែង​ហ្នឹង ​ប៉ុន្តែ​គេ​គាប​សង្កត់​យើង​គ្រប់​បែប​យ៉ាង»។

ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​ អ្នកស្រី​និយាយ​ថា​ អាជ្ញាធរ​មិន​បាន​ចាត់​វិធានការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ ភ្លាមៗ​នោះ​ទេ ​បន្ទាប់​ពី​រក​ឃើញ​អ្នក​មាន​កូវីដ១៩​ ដែល​ជា​កូដករ​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មករា​ និង​ទើប​តែ​ចាប់​ផ្តើម​ការ​ធ្វើ​តេស្ត​នៅ​ថ្ងៃ​ទី៤​ ខែ​កុម្ភៈ​តែ​ប៉ុណ្ណោះ។​ អ្នកស្រី​បន្ថែម​ថា​ អ្នក​ជំងឺ​កូវីដ១៩​ ដែល​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ពេល​ដំបូង​នោះ ​គឺ​លែង​មក​កន្លែង​កូដកម្ម​តាំង​ពី​ខែ​មករា​មក​ម៉្លេះ ​ដោយ​សារ​មាន​ផ្ទៃ​ពោះ។​

អ្នកស្រី​ កាំង លីណា​នៅ​តែ​បន្ត​រក្សា​ជំហរ​ថា​ ដំណោះ​ស្រាយ​ចំពោះ​ជម្លោះ​ការងារ​នេះ​នៅ​តែ​មិន​អាច​ដោះស្រាយ​ទៅ​រួច​នោះ​ទេ ​ប្រសិន​បើ​មិន​ទាន់​មាន​ការ​ដោះ​លែង​តំណាង​សហជីព​ ដើម្បី​ឲ្យ​ពួក​គេ​វិល​មក​តុ​ចរចា។​

កាល​ពី​ថ្ងៃទី​២៥ ​ខែ​កុម្ភៈ ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ ស ខេង ​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​«អត់ធ្មត់»​ ហើយ​ដោះ​ស្រាយ​ដោយ​ប្រកាន់​ជំហរ​សម្រប​សម្រួល។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មករ​និយោជិត​ និង​តំណាង​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​ចាប់​ផ្តើម​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ នៅ​ពេល​កម្មករ​និយោជិត​ជាង​ ១.៣០០​នាក់​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាលពី​ចុង​ខែ​មេសា​ ឆ្នាំ​២០២១​ ហើយ​បុគ្គលិក​អះអាង​ថា​ក្រុមហ៊ុន​មិន​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ​ដូច​ជា​ប្រាក់​អតីត​ភាព​ការងារ​ត្រឹមត្រូវ ​និង​សមស្រប​តាម​ច្បាប់​ការ​ងារ​ទេ។​ ក្រុមហ៊ុន​ត្រូវ​មន្រ្តី​សហជីព​ចោទ​ថា​ មាន​ចេតនា​បំបាត់​សំឡេង​តំណាង​បុគ្គលិក​ដោយសារ​ក្រុមហ៊ុន ​មិន​ព្រម​បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹកនាំ​ និង​មន្រ្តី​សហជីព​នៅ​ក្រុមហ៊ុន​នេះ​បាន​វិល​ត្រឡប់​មក​កន្លែង​ការងារ​វិញ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG