ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សិទ្ធិ​មនុស្ស​បារម្ភ​អំពីការ​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​កូវីដ១៩​ប្រឆាំង​សិទ្ធិ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ


រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

មន្រ្តី​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជុំវិញ​ការ​ប្រើប្រាស់​វិធាន​ការ​សុខាភិបាល​នា​ពេល​ថ្មីៗ​នេះ ​ដែល​ក្នុង​នោះ​យក​ច្បាប់​ស្តីពី​ជំងឺ​កូវីដ១៩​ មក​ចោទ​ប្រកាន់​លើ​អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ ​ដូច​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជាដើម។​

កាល​ពី​សប្តាហ៍​មុន​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​វិធានការ​សុខាភិបាល​ពាក់ព័ន្ធ​នឹង​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​មក​លើ​ក្រុម​កូដករ​ ដែល​ជា​បុគ្គលិក​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ក្រោយ​ពី​រក​ឃើញ​ថា​ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ​នៅ​ក្នុង​ចំណោម​ពួក​គេ។​អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​ពួក​គេ​បញ្ឈប់​ការ​តវ៉ា​ដែល​អូស​បន្លាយ​ជាង​មួយ​ខែ​មក​ហើយ។ ​ មិន​តែ​ប៉ុណ្ណោះ ​មនុស្ស​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​អាជ្ញាធរ​កំពុង​តាម​ចាប់​ខ្លួន​អ្នក​ផ្សេង​ទៀត។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នកស្រី ​ចក់ សុភាព ​បាន​បង្ហាញ​ក្តី​បារម្ភ​លើ​ចំណាត់​ការ​ពី​សំណាក់​អាជ្ញាធរ​ដែល​ឈាន​ដល់​មាន​ការ​ចាប់​ខ្លួន​បើ​ទោះ​បី​ក្រុម​កូដករ​បង្ហាញ​ការ​ស្ម័គ្រចិត្ត​ចូលរួម​នៅ​ក្នុង​ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​ក៏​ដោយ។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ ​«ខ្ញុំ​ឃើញ​ថា​សម្រាប់​កូដករ​ហ្នឹង ​គឺ​គាត់​បាន​បង្ហាញ​នូវ​ឆន្ទៈ​នៅ​ក្នុង​ការ​ចូលរួម​សហការ​តាំង​ពី​ដំបូង។ ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​ចំណាត់​ការ​ពី​សាលាក្រុង​ ពី​អាជ្ញាធរ​ ជា​បន្ត​បន្ទាប់​ហ្នឹង​ គឺ​មាន​ការ​ចោទ​ប្រកាន់​ដោយ​ថា​កូដករ​គាត់​បាន​គេច​វេះ​ ហើយ​ប្រើ​នូវ​វិធាន​ច្បាប់​ទប់​ស្កាត់​កូវីដ​អី​ជា​ដើម​ហ្នឹង។​នេះ​ខ្ញុំ​មើល​ទៅ​ជា​ការ​អនុវត្ត​ច្បាប់​មួយ​ដែល​មាន​ស្តង់ដារ​ច្រើន​មែន​ទែន ​ហើយ​ដែល​ដៅ​មុខ​សញ្ញា​ចំពោះ​កូដករ​ទៅ​ទៀត»។​

អ្នកស្រី​បន្ថែម​ថា​ ប្រសិន​បើ​អាជ្ញាធរ​មាន​ចេតនា​មិន​ឲ្យ​មាន​ការ​ជួបជុំ​ដោយ​សន្តិវិធី ​ ច្បាប់​ស្តីពី​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ ​ក៏​អាច ត្រូវ​«ប្រើប្រាស់​ជា​ឧបករណ៍»​ នៅ​ក្នុង​ការ​បំបិទ​ការ​ប្រមូល​ផ្តុំ​ផង​ដែរ។​ អ្នកស្រី​អំពាវនាវ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ដោយ​ធានា​លើ​សិទ្ធិ​ស្មើភាព​គ្នា ​និង​គោល​ការណ៍​សិទ្ធិ​មនុស្ស​ និង​ជា​ពិសេស ​មិន​ប្រើប្រាស់​ច្បាប់​ស្តីពី​ជំងឺ​កូវីដ១៩​ ដើម្បី​កំណត់​មុខ​សញ្ញា​មក​លើ​ក្រុម​ពលរដ្ឋ​ ដែល​តវ៉ា​ស្នើ​សុំ​ដំណោះ​ស្រាយ​លើ​បញ្ហា​អ្វី​មួយ​ឡើយ។​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​លោក ​អំ សំអាត ​និយាយ​ថា​ ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​ពី​សំណាក់​អាជ្ញាធរ​មក​លើ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ត្រូវ​បាន​ធ្វើ​ឡើងដោយ​ផ្តោត​លើ​គោល​ដៅ​ការពារ​សុខភាព​ក៏​ពិត​មែន​ក៏​ប៉ុន្តែ​បាន​បង្ក​ការ​ប៉ះពាល់​មក​លើ​ក្រុម​អ្នក​តវ៉ា​ទាមទារ​ ដោយ​ធ្វើ​ឲ្យ​ជម្លោះ​នៅ​បន្ត​អូស​បន្លាយ​ពេល​ ស្រប​ពេល​កូដកម្ម​ត្រូវ​បង្ខំ​ឲ្យ​រំសោយ​ចោល។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា​ អាហ្នឹង​វា​អាច​នឹង​អនុវត្ត​ជា​ទូទៅ​ ពីព្រោះ​ឃើញ​ថា​ ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​នេះ​ គេ​អាច​នឹង​រក​ឃើញ​ទាក់​ទង​នឹង​អ្នក​មាន​កូវីដ១៩ ​នៅ​ក្នុង​ក្រុម​កូដករ​អ៊ីចឹង។ ​ អ៊ីចឹង​ការ​ជួប​ជុំ​ផ្សេងៗ​ទៀត​ ហើយ​បើ​សិន​ជា​មាន​ខាង​ក្រុម​អ្នក​ជួប​ជុំ​ណា​មួយ​ដែល​គេ​រក​ឃើញ​ទៅ​ថា​ មាន​ជំងឺ​កូវីដ១៩ ​ គេ​នឹង​អនុវត្ត​វិធាន​ការ​សុខាភិបាល​ដូច​គ្នា​នេះ»។​

លោក​បន្ត​ថា៖​«ចំណុច​ដែល​កុំ​ឲ្យ​កើត​មាន​រឿង​ហ្នឹង​គឺ​ការ​ស្វែងរក​ដំណោះ​ស្រាយ​នៅ​ពេល​ដែល​ពលរដ្ឋ ​ឬ​ក៏​កម្មករ​ ដូចជា​បុគ្គលិក​ណាហ្គាវើលដ៍​អី​ដែល​គាត់​មាន​បញ្ហា​ហ្នឹង។​ឫស​គល់​គឺ​ដោះ​រឿង​ហ្នឹង​កុំ​ឲ្យ​រហូត​ទៅ​ដល់​មាន​ការ​ធ្វើ​កូដកម្ម​ ឬ​ការ​តវ៉ា​នោះ»។​

លោក​ អំ សំអាត​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​កន្លង​មក​ គេ​ឃើញ​អាជ្ញាធរ​បាន​អនុវត្ត​ច្បាប់​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ ​នៅ​ក្នុង​ករណី​សហគមន៍​ដីធ្លី​ដែល​បាន​តវ៉ា​ផង​ដែរ។​

នៅ​ពេល​មាន​ការ​ដាក់​ចេញ​នូវ​ច្បាប់​ស្តីពី​វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត»​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ខែ​មីនា​ ឆ្នាំ​មុន​សង្គម​ស៊ីវិល​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​វិសាលភាព​នៃ​ច្បាប់​នេះ​ដែល​អាច​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ សហជីព​ ឬ​សហគមន៍​នានា។​

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch ​បាន​បរិហារ​ច្បាប់​នេះ​ថាមាន​ចរិត​ «រំលោភ​បំពាន» ​និង​ «បញ្ញត្តិ​ទោស​ធ្ងន់​ធ្ងរ​ហួស​ហេតុ»។​

លោក ​Phil Robertson​ នាយក​រង​ផ្នែក​តំបន់​អាស៊ី​របស់​អង្គការ​នេះ​បាន​មាន​ប្រតិម្ម​ប្រាប់​វីអូអេ​តាម​អ៊ីមែល​ថា ​នេះ​ជា​ការ​តាម​ប្រមាញ់​ផ្នែក​នយោបាយ​ប្រឆាំង​សហជីព ​និង​កម្មករ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​វិធានការ​សុខភាព​សាធារណៈ​ជា​លេស។​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​រដ្ឋាភិបាល​របស់​លោក​បាន​ធ្លាក់​ដល់​កម្រិតទាប​ថ្មី​មួយ​ក្នុង​ការ​រំលោភ​បំពាន​លើ​វិធាន​ការ​សុខភាព​សាធារណៈ​ដើម្បី​គាប​សង្កត់​សិទ្ធិមនុស្ស ​ហើយ​អង្គការ​សហ​ប្រជាជាតិ​ និង​អង្គការ​សុខភាព​ពិភពលោក​គួរ​ប្រឆាំង​ក្នុង​រឿងនេះ។​ អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​បាន​គូស​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​គំរាម​កំហែង​ដោយ​ប្រើ​ច្បាប់​កូវីដ១៩​របស់​រដ្ឋាភិបាល​លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ច្បាប់​នេះ​បាន​ផ្តល់​ឧបករណ៍​បន្ថែម​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​សិទ្ធិ​សកម្មជន ​អ្នក​រិះគន់​រដ្ឋាភិបាល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដូច្នេះ​ការ​ចាប់​ខ្លួន​ដោយ​ផ្អែក​លើ​វិធាន​ការ​សុខភាព​ដែល​ចោទ​ប្រកាន់​លើ​កម្មករ​ណាហ្គាវើលដ៍​ដែល​ធ្វើ​កូដកម្ម​នេះ ​គឺ​ជា​បញ្ហា​គួរឱ្យ​ខឹង​សម្បារ ​និង​មិន​អាច​ទទួល​យក​បានទេ។ ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ​ វា​មិនមែន​ជា​រឿង​ចម្លែក​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។​

មាត្រា​១១​នៃ​ច្បាប់​កូវីដ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ចោទ​ប្រកាន់​លើ​កូដករ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ចែង​ថា​ អំពើ​រារាំង ​ឬ​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​ការ​អនុវត្ត​វិធានការ​ដែល​បាន​ចេញ​ស្រប​តាម​ច្បាប់​នេះ ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ដល់​១០​លាន​រៀល។

អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​លោក ​សាន សុខសីហា ​ឆ្លើយ​សំណួរ​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ ​ដោយ​បាន​ច្រាន​ចោល​ការ​រិះគន់​របស់​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​ដោយ​អាជ្ញាធរ​ និង​ស្នើ​ឲ្យ​មាន​ការ​ពិចារណា​ឡើង​វិញ។​លោក​ការពារ​ថា​គោល​ដៅ​ចម្បង​របស់​អាជ្ញាធរ​ និង​មន្រ្តី​ពាក់ព័ន្ធ​ គឺ​ព្យាយាម​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​ទ្រង់​ទ្រាយ​ធំ ​ ទើប​មាន​ការ​ដាក់​ចេញ​នូវ​វិធានការ​សុខាភិបាល​ខាង​លើ​នេះ។​

លោក​បញ្ជាក់​ថា៖​ «យើង​ឃើញ​ហើយ​ថា​ ដំណាក់​កាល​ចុង​ក្រោយ​ដែល​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ពី​រាជ​រដ្ឋាភិបាល​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ សាលា​រាជធានី​ភ្នំពេញ​ក៏ដូច​ជា​ស្នងការ​រាជធានី​ភ្នំពេញ​ថា​ តើ​យើង​ប្រើ​ប្រាស់​កម្លាំង​របៀប​ណា​ ដើម្បី​ធ្វើ​ការ​បង្ការ​ទប់​ស្កាត់​ហ្នឹង​ ស្រប​ពេល​ដែល​រីក​រាលដាល​នៅ​ឆ្នាំ​២០២០-២១​ ដែល​យើង​បិទ​ខ្ទប់​នោះ​ថា​ ​វា​មាន​ផល​ប៉ះ​ពាល់​អី​ខ្លះ។​ អា​នេះ​គឺ​ដូចគ្នា​ដែរ​ណា៎»។​

លោក​ សាន សុខសីហា ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថានៅ​ក្នុង​ករណី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ ភ្លាម​នៅ​ក្នុង​ចំណោម​កូដករ​ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ សាលា​រាជធានី​ភ្នំពេញ​និង​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ភ្លាម ​ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​មិន​ស្តាប់ ​និង​មិន​អនុវត្ត​តាម។​

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០២១ ​ បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​តាម​ច្បាប់​បង្ការ​ជំងឺ​កូវីដ១៩​ ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​លើ​បណ្ដាញ​សង្គម​ កុំ​ឲ្យ​កម្មករ​រោងចក្រ​ ចាក់​វ៉ាក់សាំង​របស់​ចិន។ ​ មនុស្ស​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ឃុំ​ខ្លួន ​ពាក់ព័ន្ធ​នឹង​ការ​បំពាន​វិធានការ​សុខាភិបាល​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ ​ក្នុង​នោះ​មាន​ការ​បន្ត​ប្រមូល​ផ្តុំ ​ផ្ទុយ​ពី​វិធាន​ការ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG