ចំនួនអ្នករៀនបើកបរ និងស្នើសុំបណ្ណបើកបរឡើងវិញមានការកើនឡើងខ្លាំង ក្រោយការប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីក្នុងឆ្នាំ២០១៦។ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបង្ហាញការសាទរចំពោះការអនុវត្តច្បាប់ តែស្នើសុំឲ្យមានការអប់រំ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីច្បាប់នេះ។ រីឯមន្រ្តីសង្គមស៊ីវិលចង់ឲ្យការអនុវត្តច្បាប់នេះធ្វើឡើងជាដំណាក់កាលៗ ដើម្បីឲ្យប្រជាជនមួយភាគធំអាចសម្របខ្លួនទៅនឹងច្បាប់ថ្មីនេះ។
មួយរយៈក្រោយការប្រកាសការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មីកម្ពុជា ដែលមានកម្រិតពិន័យធ្ងន់ជាងច្បាប់ចាស់កាលពីចុងឆ្នាំ២០១៥នោះ ប្រជាជនកម្ពុជាកាន់តែច្រើនចាប់ផ្តើមចុះឈ្មោះចូលរៀនវគ្គបើកបរ និងធ្វើការស្នើសុំបណ្ណបើកបរឡើងវិញ។ នេះបើតាមការឲ្យដឹងពីកញ្ញាចំរើន ច័ន្ទណារ៉ូ ជាអ្នកគ្រប់គ្រងទូទៅនៃសាលាបង្រៀនបើកបរមួយក្នុងរាជធានីភ្នំពេញ។
«ចំពោះច្បាប់ចរាចរណ៍ថ្មី ដែលមានការតឹងជាងមុនអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋគាត់យល់ដឹងច្រើជាងមុន។ គាត់ងាកមកគោរពច្បាប់ចរាចរណ៍។ អញ្ចឹងអត្រានៃការចុះឈ្មោះនៅសាលា២៣តុលាមានការកើនឡើងខ្លាំង។ មិនមែនថា គាត់មកចុះឈ្មោះចូលរៀន ហើយគាត់អត់បានរៀនច្បាប់ចរាចរណ៍ទេ។ គាត់រៀនទាំងបច្ចេកទេសនៃការបើកបរ និងច្បាប់ចរាចរណ៍ថ្មី»។
អ្នកគ្រប់គ្រងទូទៅនៃសាលាបង្រៀនបើកបរ២៣តុលានេះឲ្យដឹងទៀតដែរថា ការរឹតបន្តឹងការអនុវត្តច្បាប់ថ្មីនេះគឺជាការក្រើនរំឭកប្រាប់ប្រជាពលរដ្ឋថា ការគោរពច្បាប់គឺជាកាតព្វកិច្ចពលរដ្ឋ។
«កត្តាចម្បងគឺការដែលពួកគាត់ត្រូវគោរពច្បាប់ចរាចរណ៍ ហើយនិងបំពេញតួនាទីជាពលរដ្ឋល្អហ្នឹងឯង។ គួបផ្សំផងដែរនឹងការរឹតបន្តឹងច្បាប់កាន់តែខ្លាំង ធ្វើឲ្យគាត់មានអារម្មណ៍ថា ខ្លាច»។
ក្រោយពីបានចតម៉ូតូនៅមុខសាលារៀនបើកបរមួយ កញ្ញាឆាយ ឡាំង វ័យ២៣ឆ្នាំ និងជានិស្សិតសាកលវិទ្យាល័យចេនឡា បាននិយាយថា កញ្ញាមានការពេញចិត្តចំពោះការរឹតបន្តឹងច្បាប់ថ្មីនេះ ដោយរំពឹងថា វាអាចជាចំណុចរបត់ជាវិជ្ជមានមួយសម្រាប់ការបើកបរក្នុងប្រទេសកម្ពុជា។ កញ្ញាឆាយ ឡាំងបានចូលរៀនវគ្គបើកបរឡាន បន្ទាប់ពីមានការរឹតបន្តឹងច្បាប់នេះ។
«ខ្ញុំយល់ថា ល្អ ព្រោះអីវាជួយឲ្យប្រជាជនយល់ដឹងច្រើនអំពីច្បាប់ចរាចរណ៍ និងគោរពច្បាប់។ ការផាកពិន័យ ប្រសិនបើប្រជាជនខ្លះគាត់ជាអ្នករត់ម៉ូតូឌុប ភាគច្រើនគាត់មិនសូវយល់ដឹង វាអាចធ្ងន់ធ្ងរចំពោះគាត់ ព្រោះមួយថ្ងៃគាត់រកបានត្រឹម២ ទៅ៣ម៉ឺនអីហ្នឹង! ឧទាហរណ៍បើផាក៦ម៉ឺនអាចលើសកម្រៃដែលគាត់រក»។
ក៏ប៉ុន្តែ កញ្ញា ឆាយ ឡាំងចង់ឃើញមានការអប់រំ និងការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍នេះឲ្យបានទូលំទូលាយជាងពេលនេះ។
លោកង៉ូវ គឹមអឿន វ័យ៣៦ឆ្នាំ ជាអ្នករត់ម៉ូតូកង់៣មួយរូបក្នុងរាជធានីភ្នំពេញ។ លោកបានចូលរៀនច្បាប់ចរាចរណ៍ក្នុងសាលាបង្រៀនបើកបរ ដើម្បីទទួលបានប័ណ្ណបើកបរម៉ូតូ។ លោកឲ្យនិយាយថា បន្ទាប់ពីការចូលរៀន លោកបានយល់ច្បាស់ជាងមុនអំពីច្បាប់ចរាចរណ៍ថ្មីនេះ។
«ខ្ញុំគិតថា មានសណ្តាប់ធ្នាប់ល្អនៅក្នុងសង្គម ព្រោះថា ពេលយើងដឹងច្បាប់ទៅ ពេលមានបញ្ហាយើងដឹងថា យើងខុស ឬត្រូវ។ មានការផ្លាស់ប្តូរច្រើន លែងហ៊ានលឿន ពេលបើក អត់មានមួក អត់កញ្ចក់លែងហ៊ាន»។
លោករុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់បញ្ជាក់ប្រាប់ VOA ថា ដើម្បីឲ្យការអនុវត្តច្បាប់ និងសណ្តាប់ធ្នាប់ចរាចរណ៍មានប្រសិទ្ធិភាព ការអប់រំដល់ប្រជាជនបន្ថែមនិងការផាកពិន័យចាំបាច់ត្រូវតែដើរទន្ទឹមគ្នា។
«ពេលខ្លះការផាកពិន័យគួបផ្សំនឹងការអប់រំដែរ។ បងប្អូនយើងមួយចំនួននៅទម្លាប់ចាស់នៅឡើយ ត្រូវទាមទារឲ្យពួកគាត់យល់ច្រើនតិចទៀត។ គ្រាន់តែថា យើងមិនអាចអូសបន្លាយទៀតទេ។ បើយើងមិនអនុវត្ត មិនមែនគាត់ខំប្រឹងគោរពច្បាប់ទេ។ រាល់ថ្ងៃទៅទិញមួកធ្វើស្លាកលេខ បានន័យថា គាត់បានដឹង បានចូលរួម»។
ការអនុវត្តច្បាប់ថ្មីនេះមានការកែសម្រួលជាបន្តបន្ទាប់ ជាពិសេសគឺភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែនប្រកាសឲ្យមានការកែសម្រួល។ ដូចជា ការពន្យារពេល៣ខែក្នុងការផាកពិន័យបណ្ណបើកបរម៉ូតូ និងការបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរជាដើម។
ថ្លែងនៅក្នុងពិធីសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសបន្ថយតម្លៃធ្វើប័ណ្ណបើកបរពី៦ម៉ឺនរៀលមកត្រឹម២ម៉ឺន៥ពាន់រៀល និងឥតគិតថ្លៃចំពោះការប្រឡងយកប័ណ្ណបើកបរឡើងវិញ។ លោកនាយករដ្ឋមន្ត្រីលើកឡើងថា ការរឹតបន្តឹងច្បាប់នៅតែត្រូវធ្វើឡើង តែក៏នឹងមានការកែសម្រួលជាបណ្តើរៗផងដែរ។
«មានសំណូមពរថា សូមពន្យារពេល...ពន្យារមិនដឹងប៉ុន្មានឆ្នាំហើយ! អញ្ចឹងអនុវត្តនៅបន្តអនុវត្ត ក៏ប៉ុន្តែការសម្រួលកន្លែងណាហ្នឹងសម្តេចក្រឡាហោម ស ខេងនឹងដឹកនាំការប្រជុំហើយកែសម្រួល»។
ក្នុងអំឡុងពេលជិតមួយសប្តាហ៍នៃការអនុវត្តច្បាប់ចរាចរណ៍ថ្មី មានការពិភាក្សាជាច្រើនក្នុងចំណោមសាធារណជននៅលើបណ្តាញសង្គម ដោយបង្ហាញពីក្តីបារម្ភ និងការមន្ទិលជុំវិញច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ រួមមាន ការផាកពិន័យតម្លៃខ្ពស់ និងអាចជាប់ពន្ធនាគារ និងករណីតម្រូវឱ្យម្ចាស់យានយន្តដាក់ឯកសារស្របច្បាប់ និងប័ណ្ណសម្គាល់យានយន្ត ឬកាតគ្រីច្បាប់ដើមតាមខ្លួន។
នៅក្នុងសន្និសីទព័ត៌មានស្តីពីលទ្ធផលនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី លោករុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ឲ្យដឹងថា ប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់យានយន្តដែលមានការបញ្ជាក់សេចក្តីចម្លងពីអាជ្ញាធរថ្នាក់មូលដ្ឋានអាចប្រើប្រាស់ជំនួសឯកសារច្បាប់ដើមបាន។
«យើងឃើញហើយថា បណ្តាញសង្គមហ្វេសប៊ុកតែងតែលើកបញ្ហាថា ការខ្ចីម៉ូតូរវាងក្រុមគ្រួសារមិនបាន។ តាមពិតគាត់មានការយល់ច្រឡំរវាងប័ណ្ណបើកបរ និងប័ណ្ណសម្គាល់យាន។ ប័ណ្ណបើកបរទាល់តែអ្នកបើកបរខ្លួនឯង ត្រូវមានដោយខ្លួនឯងផ្ទាល់។ ប៉ុន្តែប័ណ្ណសម្គាល់យាននេះមិនចាំបាច់មានទាំងអស់គ្នានោះទេ។ អញ្ចឹងក្នុងក្រុមគ្រួសារអាចយកប័ណ្ណសម្គាល់យាននេះទៅចម្លងតាមច្បាប់ដើម។ ប៉ូលិសចរាចរណ៍មិនធ្វើការផាកពិន័យទេ»។
ចំពោះវិធានការនៃការផាកពិន័យ លោករុន រ័ត្នវាសនាមានប្រសាសន៍ថាចំនួនទឹកប្រាក់ពិន័យនឹងមានការកើនឡើង ប្រសិនបើអ្នកធ្វើដំណើរមិនព្រមធ្វើការបង់ប្រាក់ពិន័យតាមកាលកំណត់នោះ។
«បងប្អូនដែលគាត់បានទទួលប័ណ្ណបង្កាន់ដៃពិន័យពីសមត្ថកិច្ចខ្ញុំនេះ ទី១ក្នុងរយៈពេល៣០ថ្ងៃបើគាត់មិនមកបង់ប្រាក់ពិន័យនេះទេ គាត់ត្រូវគុណនឹង២ដង។ ហើយក្នុងរយៈពេល៦០ថ្ងៃត្រូវគុណនឹង៣ដង។ ៦០ថ្ងៃហើយគាត់មិនមកទៀត ដល់៩០ថ្ងៃគាត់នឹងប្រឈមនឹងតុលាការផ្តន្ទាទោសតាមច្បាប់»។
កាលពីថ្ងៃច័ន្ទកន្លងទៅ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយបានរៀបចំសន្និសីទក្រោមប្រធានបទ«សំឡេងជនរងគ្រោះ»ដើម្បីផ្សព្វផ្សាយ និងជូនដំណឹងដល់សាធារណជនអំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
លោកណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយលើកឡើងថា សង្គមស៊ីវិលមានការពេញចិត្តចំពោះការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ ក៏ប៉ុន្តែលោកសង្ឃឹមថា ការអនុវត្តច្បាប់នេះនឹងធ្វើឡើងជាដំណាក់កាលៗ។
«យើងមិនចង់ឲ្យការអនុវត្តនឹងមានការចាប់បង្ខំក្នុងពេលតែមួយទេ មានន័យថា ការអនុវត្តគួរតែមានជំហានបន្តបន្ទាប់។ ហើយជំហានដំបូងគួរតែផ្តោតការយកចិត្តទុកដាក់ទៅលើការបើកហួសល្បឿនកំណត់ បើកបរក្រោយឥទ្ធិពលស្រវឹង បើកបរមិនពាក់មួកសុវត្ថិភាព ហើយដែលធ្វើដំណើរមិនគោរពស្លាកសញ្ញា»។
រីឯជំហានបន្តបន្ទាប់ដែលលោកលើកឡើងគឺការត្រួតពិនិត្យទៅលើប័ណ្ណបើកបរឬ ប័ណ្ណសម្គាល់យានយន្ត។ លោកថា ការធ្វើបែបនេះអាចជួយសម្រាលការលំបាករបស់ប្រជាជនក្រីក្រ និងកាត់បន្ថយប្រតិកម្មអវិជ្ជមានពីសាធារណជន ព្រមទាំងអាចបន្ស៊ាំឲ្យប្រជាជនយល់ពីច្បាប់ថ្មីនេះជាបណ្តើរៗ។
ក្នុងរយៈពេល៥ថ្ងៃដំបូងនៃការរឹតបន្តឹងច្បាប់ថ្មីនេះ មន្ត្រីនគរបាលចរាចរណ៍បានឃាត់យានយន្តសរុបចំនួន១១ម៉ឺនគ្រឿង។ ក្នុងនោះយានយន្តចំនួន៣ម៉ឺនគ្រឿងត្រូវបានផាកពិន័យ គិតជាទឹកប្រាក់ចំនួន៣០០លានរៀល។ ក្នុងនោះ៧០%នៃប្រាក់ផាកពិន័យនឹងបានទៅនគរបាលចរាចរណ៍ដែលបំពេញភារកិច្ចនៅនឹងកន្លែង។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំពី២០១៥មានជាង២២០០នាក់គឺកើនឡើង៥ភាគរយធៀបនឹងឆ្នាំ២០១៤។
ច្បាប់ចរាចរណ៍ដីគោកថ្មីនេះបានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ និងផ្សព្វផ្សាយក្នុងឆ្នាំ២០១៥។ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នេះត្រូវបានធ្វើឡើងដើម្បីធានានូវសណ្តាប់ធ្នាប់ចរាចរណ៍លើដងផ្លូវ និងឈានដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា៕